ភាគ១១: គ្រប់យ៉ាងនឹងប្រសើរជាងនេះ បើលោកមិនមកទីនេះ

445 52 3
                                    

   ណាមជុនបណ្តើរកង់ត្រឡប់ទៅកន្លែងស្នាក់នៅ ដែលឆ្ងាយដាច់ពីគេ។ នៅតាមផ្លូវស្ងាត់ជ្រងំ កម្រមានមនុស្សឆ្លងកាត់ម្តុំនេះណាស់។ ជីវិតរបស់គេគឺបែបនេះហើយ ចូលចិត្តភាពស្ងប់ស្ងាត់ រស់នៅដាច់ដោយឡែកពីគេ។ ដើរកាន់តែយូរទៅ ណាមជុនមានអារម្មណ៍ថា កំពុងតែមានអ្នកដើរតាមពីក្រោយគេ តែនៅពេលដែលងាកក្រោយគឺមានតែភាពងងឹត។ ណាមជុនបន្តដំណើរទៅមុខទៀត តែអារម្មណ៍បានប្រាប់គេថា ពិតជាមានមនុស្សដើរតាមពីក្រោយគេមែន។ គេក៏ដើរឈ្ងោក នៅពេលដែលហួសដើមឈើ ក៏បង្ហាញអោយឃើញពីស្រមោល ដែលដើរតាមពីក្រោយគេ។
     ស្រមោលនោះក៏កំពុងតែបង្ហាញពីកាយវិកាលើកដៃឡើងបម្រុងធ្វើអ្វីមួយមកលើគេ ណាមជុនផ្តួលកង់ទៅម្ខាង រួចងាកទៅចាប់កដៃ មួយនោះជាប់។ កម្លាំងរបស់គេក៏ខ្លាំងមិនធម្មតាអាចទប់ទល់ជាមួយកម្លាំងជនបិទមុខម្នាក់នេះបាន។
« ឯងត្រូវការអី? » សំឡេងរឹងៗរបស់ណាមជុនសួរទៅកាន់ ជនបិទមុខ ដែលស្ទើតែមើលមិនឃើញភ្នែក។ ណាមជុនប្រើដៃម្ខាង បម្រុងទាញម៉ាស់វាចេញ តែក៏ត្រូវវាចាប់ដៃជាប់ រួចចាប់កាន់ដៃរបស់គេ។
« អ្ហា៎! » ណាមជុនប្រើក្បាលទៅបុកជាមួយក្បាលវា មួយទំហឹង បណ្តាលអោយវាដកថយមួយជំហាន។ ណាមជុនអោនទៅរើសវែនតាដែលជ្រុះ តែមិនទាន់ទាំងបានរើសផង អាម្នាក់ដែលនៅចំពោះមុខគេ ក៏បញ្ជេញខ្មៅដៃវាឡើង ដែលធ្វើអោយណាមជុនដឹងភ្លាមថាវាម្នាក់នេះហើយគឺជាឃាតករដែលគេស្វែងរក។ ឃាតករស្ទុះចូលមកចាប់ច្របាច់ថ្គាមណាមជុនមួយទំហឹង តែមើលស្រាលកម្លាំងណាមជុនពេកហើយ។ ណាមជុនម៉ាត់វាមួយដៃចំថ្គាម ស្ទើតែធ្វើអោយវាដួល។ វាទប់លំនឹង ដៃក្តាប់ខ្មៅដៃយ៉ាងណែន ស្ទើតែធ្វើអោយខ្មៅដៃបាក់ជាពីរ។ ម្តងនេះវាសម្រុកចូលយ៉ាងរហ័ស ដែលធ្វើអោយណាមជុន គេចខ្លួនមិនទាន់ បណ្តាលអោយ ខ្មៅដៃចាក់ទម្លុះទៅលើ កគេ ច្រាលឈាមមក ណាមជុនក៏បានលើកជើងធាក់ជើងវាអោយដួល។
    ប្រូស!ជនបិទមុខដួលប្រូសទៅលើដីតាមកម្លាំងជើងរបស់ណាមជុន។ តាមការឃើញជាក់ស្តែង ពួកគេទាំងពីរមានកម្លាំងស្មើៗគ្នា ដូច្នោះអាចពិបាកបន្តិចក្នុងការកំចាត់គ្នាទៅវិញទៅមក។ ណាមជុនលើកដៃស្ទាបក ឃើញថាឈាមប្រលាក់ពេញដៃរបស់គេ គេសម្លឹងមើលទៅកាន់ឃាតករដោយក្រសែភ្នែកមុតស្រួច ហើយគេក៏មិនអោយអាម្នាក់នេះរួចខ្លួនដាច់ខាត។  ណាមជុនបញ្ជានាឡិកាដៃរបស់គេអោយម្លែងទៅជា កាំបិត រួចស្ទុះចូលមកចាក់ជនបិទមុខ តែក៏ត្រូវបានវា ច្របាច់កគេជាប់។
     ដង្ហើមរបស់គេកាន់តែខ្សោយទៅៗ តែក៏ខំប្រឹងប្រើកម្លាំងចុងក្រោយ លើកកាំបិទឡើងចាក់ឃាតករ។
   ជ្រិប!
« អ្ហាក៎ » សំឡេងស្រែកពេលដែលមុខកាំបិតចាក់ទម្លុះមុខរបស់គេ។ ប្រូស! ណាមជុនដួលទៅម្ខាង រីឯឃាតករក៏បានដួលទៅម្ខាងដូចគ្នា។     
« ខិក! ខិក! » ណាមជុនក្អកខិកៗ លើកដៃស្ទាបកដែលវាកាន់តែហូរឈាមខ្លាំងឡើង ព្រោះតែកម្លាំងដៃច្របាច់របស់វា។ តែមិនថ្វីឡើយព្រោះមុននេះគេបានធ្វើអោយមុខរបស់វាមានរបួសដូចគ្នា។ ម៉ាសរបស់វាបានដាច់ហើយ តែគេមិនអាចមើលឃើញមុខវាឡើយព្រោះតែវាអោនមុខចុះ លើកដៃបិទមុខព្យាយាមក្រោកឡើង។
   ពួកគេទាំងពីរខ្សោយកម្លាំងរៀងខ្លួន ព្រោះតែតតាំងជាមួយគ្នាមុននេះ បញ្ជេញកម្លាំងអស់ជាច្រើន។ ណាមជុនក្រឡេកឃើញកាំបិទក្បែរជើងរបស់គេ ក៏ប្រើជើងទាញវាមក រួចចាប់កាន់ ក្រោកឈរឡើយអស់កម្ពស់ តម្រង់មកកាន់ឃាតករ ដែលកំពុងតែខ្ទប់មុខ ឈាមហូរប្រលាក់ពេញដៃ បញ្ជាក់ថាកម្លាំងដៃដែលគេចាក់ទៅលើមុខវាមុននេះ ជ្រៅខ្លាំងគួរសម។
បម្រុងផ្តាច់ជីវីតវាទៅហើយ ស្រាប់តែភ្លើងហ្វាឡានបញ្ជាំងឡើង ធ្វើអោយគេចាំងភ្នែកមើលអ្វីលែងឃើញ។ ណាមជុនលើកដៃបាំងភ្នែកពីភ្លើងរថយន្ត នៅពេលដែលភ្លើងហ្វារលត់ ក្រឡេកមកមើលឃាតករក៏បានបាត់ខ្លួនទៅហើយ បន្សល់ទុកត្រឹមតែខ្មៅដៃមួយដើម។ ណាមជុនអោនរើសខ្មៅដៃ មកកាន់ក្តាប់វាយ៉ាងណែន។ ត្រឹមតែមួយប៉ប្រិចភ្នែក ឃាតករក៏បានគេចខ្លួនបាត់ ដែលធ្វើអោយគេខឹងជាខ្លាំង ខ្វះតែបន្តិចទៀតគេអាចបកស្បែកមុខឃាតកតបានបាត់ទៅហើយ។ មុននេះប្រសិនជាមានកាំភ្លើងគេនឹងបាញ់បំបែកក្បាលវាជាមិនខាននិងកាត់ដៃរបស់វាយកទៅកំរដផ្នូរលោកអ៊ំគីម។
អ្នកដែលបើកឡានមកកាត់ចង្វាក់មុននេះ ក៏បានចុះមកដោយទឹកមុខស្លន់ស្លោ ព្រមទាំងចោទសួរណាមជុនឡើង ដោយសំឡេងភិតភ័យ៖
« តើលោកយ៉ាងម៉េចហើយណាមជុន? » ណាមជុន មើលមកកាន់អ្នកដែលមានកម្ពស់ប្រហាក់ប្រហែលគេ ដោយកែវភ្នែកនឹងថ្កល់។
« គ្រប់យ៉ាងនឹងប្រសើរជាងនេះ បើលោកមិនមកទីនេះ គីម ស៊ុកជីន! »
*****
ក្នុងបន្ទប់តូចមួយ ដែលមានត្រឹមតែពន្លឺព្រឹមៗ ព្រោះតែម្ចាស់បន្ទប់មិនចូលចិត្ត ពន្លឺភ្លើងដែលភ្លឺខ្លាំងពេក។ ណាមជុនគេងទៅលើគ្រែ ដោយមានជីនដែលជាពេទ្យចិត្តវិទ្យាផ្ទាល់ខ្លួនរបស់គេកំពុងតែធ្វើការលាងរបួសអោយគេ។
« រួចរាល់ហើយ » ជីនបន្លឺសំឡេងស្រាលៗបែបស្រទន់ ជាមួយកែវភ្នែកមានពន្លឺមើលមកកាន់ណាមជុន។ ណាមជុនផ្អែកខ្នងនឹងក្បាលគ្រែ ដៃរបស់គេនៅតែក្តាប់ខ្មៅដៃមួយដើមនឹងជាប់ ប្រសិនជាបានជួបវាម្តងទៀត គេនឹងយកខ្មៅដៃមួយដើមនេះសម្លាប់វាដោយផ្ទាល់ដៃរបស់គេ។
« សំណាងហើយដែលខ្ញុំមកទាន់ » ជីននិយាយព្រមទាំងទាញកៅអ៊ីមកអង្គុយក្បែរគ្រែណាមជុន។ ណាមជុនមើលមកកាន់ជីនដោយកែវភ្នែកពិបាកស្មាន ហើយគេកំពុងតែគិតថា មិនដឹងជាសំណាងល្អ ឬជាសំណាងអាក្រក់អោយប្រាកដដែលជីនបង្ហាញខ្លួនឡើង នៅពេលដែលគេបិះនឹងបានបកស្បែកមុខឃាតករទៅហើយនោះ។
« តើមុននេះ ជាអ្នកណា លោកកំពុងតែចង់សម្លាប់មនុស្សបែបទេ? ខ្ញុំឃើញលោកកាន់កូនកាំបិតបម្រុងចាក់សម្លាប់មនុស្សម្នាក់! » ជីនជម្រិតរកចម្លើយដែលគេឆ្ងល់តាំងពីឈប់ឡាន។
« លោកមកម្តុំនេះធ្វើអី? » ណាមជុនមិនឆ្លើយបែរជាសួរបកមកកាន់ជីនវិញដោយសំឡេងរឹងៗ បែបការមិនពេញ។
« ក៏មករកលោកហ្នឹងហើយ! ហេតុអ្វីមួយរយះនេះលោកមិនទៅបើកថ្នាំ...»
ក្រាក! សំឡេងបើកទ្វារបានកាត់ការសន្ទនារបស់ពួកគេទាំងពីរ។ ណាមជុនព្រមទាំងជីន មើលមកកាន់ទ្វារដោយចំណុចតែមួយ តែភ្លាមនោះរូបរាងដែលយើងបានឃើញគឺជាថេយ៉ុង ដែលធ្វើអោយជីនដកដង្ហើមធូរទ្រូងបន្តិច នឹកស្មានប្រុសម្នាក់ដែលណាមជុនប្រុងសម្លាប់មកតាមសងសឹកភ្លាមៗដល់បន្ទប់។
ក្រោយពីទទួលដំណឹងពីជីនថា ណាមជុនទទួលរងរបួស ថេយ៉ុងប្រញាប់មកយ៉ាងលឿន។ ថេយ៉ុងអង្គុយលើពូកក្បែរណាមជុន ទឹកមុខបង្ហាញមកយ៉ាងច្បាស់ថាបារម្ភកម្រិតណា។
« បងយ៉ាងម៉េចហើយ? » ថេយ៉ុងរន្ថាន់សួរឡើងទាំងមិនទាន់ដកដង្ហើមបានស្រួលបួល។
« មិនអីទេ » នៅពេលដែលណាមជុនអាចបញ្ជេញសំឡេងតបមកកាន់គេវិញបាន ថេយ៉ុងពិតជាសប្បាយចិត្តខ្លាំងណាស់។ វាប្រសើរណាស់ដែលឃាតករមិនបានចាក់ចំបំពង់កណាមជុន វាគ្រាន់តែបញ្ជិតក។
« បងឈឺខ្លាំងទេ? » ថេយ៉ុងស្ទាបទៅលើរបួសណាមជុន។ ណាមជុនគ្រវីក្បាលរួចចាប់ដៃថេយ៉ុងជាប់ ទើបនិយាយឡើង៖
« បងបានធ្វើអោយមុខរបួសវាមានរបួស បងបិះឃើញមុខវាទៅហើយតែ... » គេស្ងាត់មាត់បន្តិចហើយងាកទៅមើលជីន ដែលអង្គុយបើកភ្នែកភ្លឹះៗមកកាន់គេ។
« តែអី.... »
« គ្មានអីទេ » ស្រដីចប់ណាមជុនក៏បានលើកខ្មៅដៃដែលគេក្តាប់ជាប់បង្ហាញអោយថេយ៉ុងមើល។ ខ្មៅដៃមួយដើមនេះវាមានពណ៌ខ្មៅ នៅលើខ្មៅដៃបានបញ្ជាក់ថាផលិតនៅជប៉ុន មាំនិងស្វិតដែលសិស្សសាលានៅជប៉ុននិយមប្រើខ្មៅដៃប្រភេទនេះសម្រាប់សសេរ តែបែរជាលេចរូបរាងឡើងនៅប្រទេសកូរ៉េ ដើម្បីសម្លាប់មនុស្សទៅវិញ។

To be continued

បេសកកម្មតាមប្រមាញ់ឃាតករ⛓Tempat cerita menjadi hidup. Temukan sekarang