រឿងរន្ធត់ខ្លី «យប់ខែអស្សុជ»
#តើវាជាអំពើ ឬជាឃាតកម្ម?
••••
គ.ស1955 យប់ខែអស្សុជ
ក្ឌាំងៗ...
សំឡេងផ្គរបានបន្លាន់ឮឡើងមកយ៉ាងរងំសំឡេង ខ្ទរសឹងអស់ព្រៃប្រឹក្សា។ ពន្លឺផ្លេកបន្ទោរបានប្រដេញពន្លឺគ្នាមកព្រៀកៗបន្តគ្នាចាំងពុះឆែកពាសពេញផ្ទៃមេឃានាយប់យន់ស្រយន់ស្ងាត់បាត់សំឡេងធម្មជាតិ។
ផាំង!
ស្នូរសំឡេងស្រាប់តែលាន់ឮមកយ៉ាងខ្លាំង រហូតតម្រូវធ្វើឲ្យក្មេងប្រុសអាយុប្រហែលជាក្នុង១៧ឆ្នាំម្នាក់បានស្ទុះប់កភ្នែកកាត់ដំណេកកណ្ដាលរាត្រីមកយ៉ាងស្លន់ស្លោ។
តើវាជាសំឡេងអ្វីទៅ?
គេបែកញើសដាបថ្ងាស ជាមួយអារម្មណ៍មិននឹងនរ។ នរៈរូបស្រស់ក្នុងឈុតគេងថ្មីមួយ បានរហ័សដាក់ជើងចុះពីគ្រែទាំងក្នុងដៃមានកាន់ចង្កៀងប្រេងកាតដែលចាំងពន្លឺចោលមកព្រឹមៗឃើញតែស្រមោលរូបភាពចុងភ្នែក។ គេបោះជំហានដើរចេញមកក្រៅបន្ទប់ដែលគ្មានពន្លឺមកទាំងក្នុងចិត្តភិតភ័យរកថាមិនត្រូវ។ គេដើរចុះមកខាងក្រោម នៃបរិវេណផ្ទះធំដ៏ស្កឹមស្កៃ តែពេលនេះហាក់មិនអាចឲ្យយើងបានមើលឃើញរូបភាពអ្វីពីសភាពផ្ទៃផ្ទះមួយនេះបានឡើយខណៈបើកម្លាំងអន្ធិកាបានកំពុងតែឡោមព័ទ្ធយ៉ាងជុំជិតទៅហើយ។
វេលាពេលនេះវាស្ងាត់ណាស់! ស្ងាត់រហូតអាចធ្វើឲ្យយើងបានឮស្នូរដកដង្ហើមមកវែងៗរបស់ក្មេងប្រុសដែលកំពុងតែដើរចុះមកក្រោមផ្ទះទាំងកាន់ចង្កៀងប្រេងកាតមកជាមួយនេះ។ គេរេកែវភ្នែកក្រឡឹងជុំផ្ទះ រួចក៏មើលសព្វទៅគ្របផ្នែក។ ពន្លឺចង្កៀង រមែងរេពន្លឺទៅតាមការធ្វើចលនារបស់ដៃគេមិនឈប់។
លុះគេមិនបានមើលឃើញអ្វីដែលមិនមែនជាភាពប្រក្រតីដូចមុននេះហើយ ទើបក្មេងប្រុសម្នាក់នេះក៏បានបម្រុងបែរក្រោយជាមួយការរកបោះដំណើរដើរត្រលប់ទៅរកបន្ទប់របស់ខ្លូនវិញទៅហើយ។
ប្រូស!
អ្វីម្យ៉ាងក៏ស្រាប់តែធ្លាក់មកចំពីមុខក្បែរជើងរបស់គេ។ គេឱនមុខចុះក្រោម ទាំងរេពន្លឺចង្កៀងចុះទៅជាមួយ រួចភ្លាមវាក៏តម្រូវឲ្យក្មេងប្រុសម្នាក់នេះ រហ័សបោះចង្កៀងចេញពីដៃអមដោយដួលអស់លំនឹងអុកគូទទៅលើឥដ្ឋ។
ឈាមក្រហមខាប់អន្ធិលដូចជាទឹក បានហូរស្រក់ចុះមកដដឹកគ្នាសាចពេញឥដ្ឋរហូតប៉ះប្រឡាក់ទៅលើអាវរបស់ក្មេងប្រុសដែលកំពុងតែមើលសម្លឹងទៅរូបដ៏អសោចចំពោះមុខយ៉ាងញ័រខ្លួនប្រាណតញ្ជួយអស់ចង្វាក់បេះដូង។
"ម៉ែ....ម៉ែ...'' គេឧទានសំឡេងរួចក៏យំមកខ្សឹកខ្សួល។ ក្បាលមនុស្សស្រីចំណាស់ដាច់ចេញពីស្មា រមៀលមកទើឈប់ត្រឹមពីមុខកូនប្រុសរបស់នាងគឺ អក្ខរា។ ភ្នែកសស្លែតដែលបើកចំហមកសម្លឹងមុខអក្ខរា មាត់បិទមិនជិត អក្ខរាយំញ័រខ្លួន រួចក៏ស្ទុះវឹងទៅក្រសោបយកក្បាលម្ដាយជាទីស្រឡាញ់មកឱបជាប់ប្រាណ។
"នរណាសម្លាប់ម៉ែ? ហ៊ឺៗ!'' អក្ខរាយំឱបក្បាលម្ដាយ ទាំងស្រែកយំមកពេញដោយក្ដីឈឺចាប់ក្រោមផ្ទះដំធំចង្រ្គុកចាក់ស្រេសពេញដោយភាពងងឹតខ្មួលខ្មាញ់។
ទិប ទិប ទិប!
រំពេចនោះ សំឡេងសម្រិបជើងរបស់នរណាក៏បានបន្លឺឡើងមកលាន់ខ្ទរពេញផ្ទះ។ អក្ខរាខ្លួនប្រាណប្រឡាក់ស្រោបដោយឈាម យំអណ្ដឺតអណ្ដក់ក៏បានងើយមុខចោលភ្នែកសម្លឹងទៅរកប្រភពសំឡេងនៃដំណើររបស់មនុស្សណាម្នាក់ដែលកំពុងដើរសំដៅមករកខ្លួន។
ភាពងងឹតនៅតែជាចំណុចឧបសគ្គសម្រាប់គេ តែអក្ខរាក៏នៅតែអាចចំណាំរូបរាង ភិនភាគរបស់អ្នកដែលដើរចូលមករកគេបាន។ ពេលភ្នែកប្រសព្វចំ ចិត្តក៏ស្មានដឹង អក្ខរាឧទានសំឡេងជាថ្មីឡើង។
"លោកពុក!''
មែនហើយ! លោកពុក បុរសក្នុងឈុតគេងយប់បានកំពុងតែដើរមករកអក្ខរាទាំងក្នុងដៃមានទាញយកមកនៅរាងកាយនរណាម្នាក់តាមពីក្រោយ។ ឈាមប្រឡាក់ដាបចេញជាខ្សែ រាងកាយមនុស្សស្រីដែលរឹងកំប្រឹង ដាច់ក្បាលពីស្មាក៏ត្រូវបានលោកសក្ខី ដែលជាឪពុកអក្ខរា បានទាញទៅបោះនៅចំពីមុខអក្ខរា។ អក្ខរាចោលភ្នែកមើលទៅសាកសពគ្មានក្បាល រួចក៏មើលមករកក្បាលរបស់ម្ដាយ។
ឱព្រះអើយ! នេះជារាងកាយរបស់ម្ដាយអក្ខរាទេតើ!
"ពុក! នេះពុកកំពុងធ្វើអី?'' អក្ខរាយំញ័រមាត់ គេមើលទៅមុខឪពុកដែលពេលនេះហាក់មិនដូចជាឪពុកគេនោះឡើយ។ លោកសក្ខី ភ្នែកខ្មៅងងឹតបាត់ប្រសី គិតតែពីឈរសម្លឹងទាំងញញឹមហាមាត់វែងៗមកកាន់អក្ខរា។
បន្តិច លោកសក្ខីក៏ស្រាប់តែកាច់ដៃ រួចក៏កាច់ជើង កាច់ក រួចក៏លើកដៃមកចង្អុលមកកាន់អក្ខរា។
"ពុក?'' អក្ខរាលើកនេះឆ្ងល់មកជាខ្លាំង តែនរៈក៏នៅតែអង្គុយមិនហ៊ានកម្រើកកាយរត់ទៅណាដែរ។
"ឯងងាប់!''
លោកសក្ខី លាន់សំឡេងមកយ៉ាងកាច។ គាត់ក៏បាមស្ទុះវឹងមកយកអក្ខរា រួចលោកសក្ខីក៏ចាប់បោចសក់កូនប្រុសរបស់លោកយ៉ាងខ្លាំង។
"ពុក! អូយ៎...ឈឺណាស់!'' អក្ខរាយំទាំងស្រែកលាយក្ដីឈឺចាប់។ ដៃបានខំប្រឹងចាប់ទាញដៃឪពុកចេញពីក្បាលខ្លួន ប៉ុន្តែក៏នៅតែមិនអាចយកឈ្នះបាន។ លោកសក្ខីបោចសក់អក្ខរា អូសយកកាយកូនប្រុសទៅក្រៅផ្ទះ។
ក្ឌាំង!
ផ្គរគ្រហឹមមកពេញដោយអំណាច។ សន្ធឹកខ្យល់ក៏ធ្លាក់ប្រសាចកម្លាំងមកពីគ្រប់ទិសទី។ លោកសក្ខី នៅពេលដែលបោចសក់កូនប្រុសមកដល់ខាងក្រៅផ្ទះរួច លោកក៏បានទាញពូថៅដែលនៅកៀននោះ យកមករួចលោកល៏បានលើកមកកាប់ចំក្បាលរបស់អក្ខរា។ លលាដ៏ក្បាលបានប្រេះបែកជាពីរ ធ្លាយខួរមកក្រៅ។ អក្ខរាប្រកាច់ដៃ ក្រញង់ជើង រួចក៏ប្រកាច់ស្លាប់នៅនឹងកន្លែង។ លោកសក្ខីសើចមកអស់ពីពោះ សឹងតែបែកផ្ទៃអាកាស។ ក្រោយមកទើបលោកក៏បានយកពូថៅដ៏មុតស្រួចនោះ ហើយក៏កាប់ចំបំពង់កអក្ខរា។ មួយពូថៅមិនដាច់កនោះទេ ធ្លាយរហូតដល់ទៅពីរពូថៅ ទើបករបស់អក្ខរាក៏របេះចេញពីស្មា។ ឈាមបាញ់មកដូចទឹកបាក់ទំនប់ លោកសក្ខីចាប់ទាញក្បាលដែលធ្លាយខួរយកកាន់ជាប់ដៃ។ លោកបើកភ្នែកក្រឡោតឃើញមានតែឈាម រួចក៏ទាញយកខួរដែលនៅជាប់ក្បាលយកមកហូបដូចមនុស្សដាច់បាយជាយូរ។
រូបភាពដ៏អសោច នៃលោកសក្ខីឈរស៊ីខួរកូនប្រុស បានកំពុងតែក្លាយជារឿងដ៏រន្ធត់ដ៏ពិបាកទទួលយកបាន។ បន្ទាប់មក លោកក៏បានកាន់ក្បាលអក្ខរា រួចក៏យកទៅបោះចូលទឹកបឹងដែលនៅក្បែរផ្ទះ ហើយរាងកាយក៏យកទៅដុតចោលជាមួយសពម្ដាយខ្លួន និងអ្នកដទៃទៀតដែលជាសមាជិកនៅក្នុងគ្រួសារនេះ។ លោកសក្ខី ឈរមុខភ្លើងទាំងសើចកិល គាត់ប្រៀបដូចជាមនុស្សត្រូវខ្មោចចូលមិនខុស។ មួយស្រឡេត បន្ទាប់ពីភ្លើងបានដុតសាកសពអ្នកទាំងប៉ុន្មានរួចរាល់ សឹមលោកសក្ខី គាត់កីបានដើរចូលទៅក្នុងផ្ទះវិញទាំងទាញទ្វារចាក់គន្លឹះជិត។
លោលដើរទៅអង្គុយលើសាឡុងទន់ល្មើយ រួចក៏ចាក់ស្រាមកក្រេបទៅមកបន្តិច។ ក្នុងផ្ទះដែលងងឹត ពេលនេះក្រៅពីស្រមោលខ្មៅស្ទង់ៗរបស់លោក គឺយើងហាក់មើលមិនឃើញអ្វីទៀតនោះឡើយ។ លោកក្រេបស្រារួចរាល់ ទើបលោកសក្ខីក៏ផ្ដើមទាញយកកាំភ្លើងខ្លីមួយដើមដែលនៅលើតុ។ កៃកាំភ្លើងត្រូវបានកេះឡើងមក រួចក៏ភ្ជុងមកចំថ្ងាសរបស់លោក។
លោកញញឹម ហើយបិទភ្នែករួចមិនយូរមិនឆាប់ ភ្លាមៗលោកក៏....
ផាំង!
មួយគ្រាប់កាំភ្លើងត្រូវបានបាញ់ដោយដៃលោកផ្ទាល់បុកទម្លុះក្បាលខ្ទាតខួរមកក្រៅ។ លោកស្លាប់ភ្លាមៗនៅនឹងកន្លែងទាំងបិទភ្នែកមិនជិត។
យប់អធ្រាត្រដ៏សែនស្ងប់ស្ងាត់ ក្នុងផ្ទះថ្មីធំទូលាយ តែពេលនេះប្រែមកជាទីកន្លែងដ៏គួរឲ្យសង្វេគ និងព្រឺរអាមកជាខ្លាំង។ ភ្លើងនៅតែឆេះមកខាងក្រៅផ្ទះ ស្ងៀមក្លិនសពមកណែនពេញឃានវិញ្ញាណ។ ជាពិសេសឈាមក្រហមរបស់លោកសក្ខីដែលនៅតែហូរចុះមកពីក្បាល ឆ្អាបក្លិនមកយ៉ាងពិបាកទ្រាំ។
ឱព្រះអើយ តើនេះជារឿងដ៏រអាអ្វីទៅ?
••••
១០ឆ្នាំក្រោយមក គ.ស1965
ភូមិជើងព្រៃ
យប់ម៉ោង៧
សំឡេងតន្រ្តីបានបន្លឺឡើងមកយ៉ាងលាន់រងំពេញផ្ទៃពិធីឡើងគេហដ្ឋានថ្មីមួយ ដំធំគគ្រឹកគគ្រឹងរបស់លោកសិទ្ធិដែលជាអ្នកជំនួញដ៏ជោគជ័យមួយនៅក្នុងប្រទេស។ វត្តមានរបស់អ្នកមានមុខមានមាត់នៅក្នុងសង្គម ត្រូវបានកំពុងតែដើរចូលមកជាភ្ញៀវកិត្តិយសជាមួយសម្លៀកបំពាក់សមរម្យនិងថ្នៃថ្នូរមកយ៉ាងទាក់ភ្នែក។ ភ្លេងតន្រ្តីដែលបន្លឺចេញពីវីយូឡុងបានកូដឡើងមកយ៉ាងពិរោះរណ្ដំ គួចអារម្មណ៍ឲ្យរេរាចូលទៅក្នុងប្រលោមបទភ្លេងមកយ៉ាងសែនអណ្ដែតអណ្ដូង។
សួស្ដី! ខ្ញុំរវល់តែភ្លឹករៀបរាប់ពីរូបភាពទាំងប៉ុន្មាន បិះតែនឹងភ្លេចណែនាំខ្លួនឯងទៅហើយ។ ខ្ញុំមានឈ្មោះថា ណាវីត ត្រូវជាកូនច្បងរបស់លោកសិទ្ធីដែលជាលោកពុករបស់ខ្ញុំម្ចាស់កម្មវិធីនារាត្រីនេះ។ បើគ្រប់គ្នាក្រឡេកភ្នែកទៅមួយជ្រុងនៃពិធី នោះគ្រប់គ្នានឹងបានឃើញនូវអ្នកម្ដាយជាទីស្រលាញ់របស់ខ្ញុំហើយដែលគាត់មានឈ្មោះថា លោកស្រីណារី។ ចំណែកចុងក្រោយបង្អស់ គឺប្អូនស្រីរបស់ខ្ញុំ នាងមានឈ្មោះសុធាវី កំពុងតែឈរទទួលភ្ញៀវក្បែរលោកពុករំលេចស្នាមញញឹមទាក់ចិត្តបុរសៗដែលចូលរួមមិនឲ្យមិនសម្លឹងមុខនាងនោះឡើយ។
ឃើញហើយសឹងតែទៅក្របួចកអាវ រួចប្រាប់ថាមិនឲ្យមើលប្អូនខ្ញុំបែបនេះទេ!
មើលទៅយប់នេះគឺជាយប់សម្បូរសប្បាយពិតមែនហើយ។ ខ្ញុំចាំបានថា លោកពុកកាលពី១០ឆ្នាំមុន គ្រួសារមិនបានដើរមកដល់ចំណុចនេះនោះទេ ដ្បិតបើគ្រានោះគ្រួសារយើងក្រ និងមិនមានសូម្បីតែផ្ទះជាជម្រករបស់ខ្លួន។ លោកពុកតស៊ូបង្កើតជំនួញកង់រថយន្តពីបាតដៃទទេរ ពីក្រុមហ៊ុនតូចតាច ប្ដូរមកជាក្រុមហ៊ុនធំនិងឈានមុខគេនៅក្នុងស្រុកខ្មែរខាងនាំចេញសំបកកង់រថយន្តគ្រប់ធន់។ ពីមួយថ្ងៃទៅមួយថ្ងៃជំនួញពុកក៏កាន់តែរីកចម្រើន ខ្ញុំបន្ទាប់ពីបញ្ចប់ការសិក្សា ក៏បានចូលមកជួយលោកពុកក្នុងការគ្រប់គ្រងក្រុមហ៊ុន ថើម្បីឲ្យក្រុមហ៊ុនកាន់តែដើរទៅមុខមួយកម្រិតទៀត។
អស់ប្រហែលជា៥ឆ្នាំ ទីបំផុតលោកពុកក៏បានសម្រេចបំណងដោយការទិញវីឡាដ័ចំណាស់មួយពីមិត្តរបស់គាត់។ វាជាវីឡាដែលបានសង់ឡើងនៅក្នុងសម័យបារាំងកាលពីយូរឆ្នាំមកហើយ។ វីឡានេះសង់ឡើងក្នុងទម្រង់ម៉ូតរចនាបទខ្មែរ លាយសិល្បៈដែលយកស្ថាបត្យកម្មបារាំងមកសាងសង់។ ផ្ទៃវីឡាទាំងមូលត្រូវបានលាបពណ៌លឿងសុទ្ធ និងប្រដាប់ពេញដោយវត្ថុបុរាណៗសែនមានតម្លៃផងដែរ។ ខ្ញុំមិនគិតឡើយថា នឹងមានវាសនាបានរស់នៅក្នុងវីឡាបារាំងមានតម្លៃថ្លៃបែបនេះឡើយ។
អស់ពីមួយម៉ោងទៅមួយម៉ោង ពិធីក៏ដំណើរការទៅមុខយ៉ាងរលូន។ រហូតប្រហែលជាចូលម៉ោង១១យប់ ទើបៈិធីត្រូវបានបញ្ចប់ដោយភ្ញៀវដែលចូលរួមក៏នាំគ្នាលាត្រលប់ទៅគេហដ្ឋានវិញផងដែរ។
លោកពុក និងអ្នកម៉ែក្រោយពីទទួលភ្ញៀវ និងសំណេះសំណាលជាអ្នកជំនួញផ្សេងៗមកជាយូរ ពួលគាត់អស់កម្លាំងក៏នាំគ្នាចូលសម្រាន្តអស់ទៅ។ នៅឡើយតែខ្ញុំ ដែលពេលនេះកំពុងតែអង្គុយនៅក្នុងបន្ទប់គេង ជាមួយដៃកាន់សៀវភៅអានមុខកូនអំពូលតូចមួយដែលតាំងនៅលើតុចោលពន្លឺមកព្រឹមៗល្មមអាចឲ្យខ្ញុំមើលឃើញបានពីអក្សរតូចៗដែលនៅក្នុងសៀវភៅបារាំងមួយក្បាលនេះ។
ចំណាយពេលអានអស់ប្រហែលជាមួយម៉ោង ទីបំផុតសំឡេងនាឡិកាក៏រោទិ៍ឡើងជាការបញ្ជាក់ថាពេលនេះ គឺចូលម៉ោង១២កណ្ដាលអធ្រាត្រទៅហើយ។ ខ្ញុំបិទសៀវភៅ ទាំងទាញវ៉ែនតាចេញអមដោយការយកដៃញីភ្នែកដែលផ្ដើមងងុយមកដូចគ្នា។
មិនយូរ ខ្ញុំក៏បិទសៀវភៅរួចក៏ដើរសំដៅទៅរកគហរែគេងដែលធំមួយនៅកណ្ដាលបន្ទប់។ ខ្ញុំទម្រេតក្បាកនឹងខ្នើយទន់ល្មើយ រួចក៏ស្រង់ក្លិនក្រអូបនៃក្លិនខ្នើយមកយ៉ាងរីករាយ ដ្បិតថាយប់នេះគឺជាយប់ដំបូងហើយដែលខ្ញុំបានគេងនៅក្នុងបន្ទប់នៃវីឡាបារាំងមួយខ្នងនេះ។
ញញឹមចុះញញឹមឡើង ទីបំផុតខ្ញុំក៏ស្រាប់តែគេងលក់ទៅយ៉ាងស្កប់ស្កល់ក្រោមយប់រាត្រីមួយនេះទាំងលែងដឹងខ្លូន។
វឹប!
ខ្ញុំស្ទុះបើកភ្នែកឡើងមកទាំងស្លន់ ជាមួយអារម្មណ៍ដ៏តក្កមា។ កំពុងតែគេលក់សុខៗ ខ្ញុំក៏ស្រាប់តែកន្រ្តាក់កាយឡើងមកហាក់ដូចជាមាននរណាចាប់ទាញជើងខ្ញុំចុះដូច្នោះដែរ។ ខ្ញុំរហ័សចោលភ្នែកមើលសម្លឹងទៅសព្វកន្លែង រួចខ្ញុំក៏ប្រែមកជាភ្ញាក់ផ្អើលភាំងមកជាខ្លាំង។
នេះមិនមែនជាបន្ទប់ខ្ញុំគេងមុនឡើយ! តែវាជា..វាជាសាឡុងពណ៌ត្នោតចាស់ដែលនៅជាន់ខាងក្រោមនាបន្ទប់ទទួលភ្ញៀវ។ ហើយខ្ញុំមកគេងលើសាឡុងដោយរបៀបណា?
ខ្ញុំឆ្ងល់ឡើងមកពេញក្នុងចិត្ត ហាក់មិនអាចបកស្រាយបានពីចម្ងល់ដែលមាននេះឡើយ។ បន្ទប់គេងខ្ញុំគឺនៅជាន់ទីពីរ វានឹងគ្មានផ្លូវទេដែលខ្ញុំមមើដើរមកគេងលើសាឡុងជាន់ក្រោមបែបនេះនោះ។
ខ្ញុំគិតរួចក៏ឈឺក្បាល ហើយក៏ងងុយឡើងមកថែម។ មិនចង់គិតត ទើបខ្ញុំក៏ដើរឡើងជណ្ដើរសំដៅទៅរកបន្ទប់ខ្លួនវិញទៅ។
.....
ព្រឹកថ្ងៃថ្មី
ពន្លឺព្រះអាទិត្យបានរះឡើងមកបំភ្លឺផ្ទៃវេហាស៍ទាំងមូលជាមួយកម្ដៅក្ដៅតិចៗ អមដោយជំនោតវាយោដែលរសាត់ធ្លាក់មកត្រសៀក ហាក់ញាំងបរិយាកាសព្រឹកមួយនេះកាន់តែស្រស់ស្រាយជាខ្លាំង។
នៅក្នុងបន្ទប់អាហារ ពេលនេះលោកពុកគាត់បានហួបកាហ្វេតែមួយពែង រួចគាត់ក៏បានឲ្យអ៊ំចន្ទដែលជាសូហ្វ័រឡានបើកជូនគាត់ទៅក្រុមហ៊ុនបាត់ទៅ។ នៅឡើយតែខ្ញុំ និងសុធាវី កំពុងតែអង្គុតទទួលទានអាហារពេលព្រឹកទាំងល្វត់ល្វើយពេញរាងកាយ។
"បងវីត យប់មិញនេះបងមកគោះទ្វារបន្ទប់ហៅខ្ញុំធ្វើអីបង?''
សំណួរសុធាវីត្រូវបានឲ្យខ្ញុំរហ័សផ្ដាច់ពីការទទួលទានអាហាររួចក៏ងើយសម្លឹងមុខប្អូនស្រីទាំងមិនយល់។
"បងឬ? យប់មិញនេះបងមិនបានទៅគោះទ្វារបន្ទប់អូនឯណា!'' ខ្ញុំតបសុធាវីទាំងបដិសេធមិនទទួល។ សុធាវីជ្រួញចិញ្ចើម នាងសើចមកមិនសម តបខ្ញុំមិនជឿសម្ដីខ្ញុំ។
"មិនមកយ៉ាងម៉េច បើខ្ញុំបើកទ្វារនិយាយជាមួយបងយ៉ាងយូរ! តែថាពេលនោះ បងដូចជាមិនមែនបងទេ និយាយមិនឮ ហើយធ្វើមុខមិនរីកសោះ!''
សម្ដីសុធាវីលើកនេះ កាន់តែធ្វើឲ្យខ្ញុំសឹងតែគាំងនិយាយអ្វីលែងចេញ។ នាងមិនត្រឹមតែឮ តែនាងបែតជាបាននិយាយជាមួយខ្ញុំទៀតអ៊ីចឹងឬ?
ខ្ញុំមិនតបអ្វីទៅសុធាវីវិញទេ បានត្រឹមតែយល់ស្របឲ្យប្អូនគិតថាជាខ្ញុំទៅចុះ ដ្បិតបើខ្ញុំក៏មិនចង់ឲ្យនាងមានអារម្មណ៍មិនល្អនោះដែរ។ ប៉ុន្តែ ខ្ញុំឯណេះទេដែលកំពុងតែនៅមិនសុខ ហើយមានអារម្មណ៍មិនស្រួលកាលបើត្រឹមតែមួយយប់ខ្ញុំបែរជាទទួលបានរឿងចម្លែកដល់ទៅពីរទៅហើយ។
......
ល្ងាចថ្ងៃជ្រេ
ក្រោយពីវិលត្រលប់មកពីធ្វើការវិញ ខ្ញុំគិតតែពីអង្គុយសំងំនៅក្នុងបន្ទប់ទាំងនឹកគិតទៅដល់រឿងយប់មិញ និងសម្ដីសុធាវីមិនឈប់។ ខ្ញុំមិនចង់គិត ឬមានអារម្មណ៍មិនល្អទៅលើវីឡាមួយខ្នងនេះឡើយ តែបើទោះបីជាខ្ញុំព្យាយាមបន្លប់អារម្មណ៍បែបណា ក៏មិនអាចមិនឲ្យខ្ញុំគិតបានដដែល។
ហ៊ឹម!
គិតរួចក៏ឈឺក្បាល ហើយក៏ធប់អារម្មណ៍។ ចុងក្រោយទើបខ្ញុំក៏បានទម្រេតក្បាលនឹងខ្នើយ រួចក៏សំងំគេងទៅដ្បិតបើពេលនេះ ខ្ញុំហាក់មានរឿងជាច្រើនដែលវិលៗនៅក្នុងអារម្មណ៍ជាខ្លាំង។
ប្រូស!
"អូយ៎!'' ខ្ញុំលាន់មាត់មកទាំងស្រែកមកឈឺនឹងក្បាលដែលបានបុកទង្គិចនឹងឥដ្ឋខ្លាំងៗ កាលបើខ្លួនប្រាណទាំងមូលរបស់ខ្ញុំបែរជាដួលធ្លាក់ទៅក្រោមមួយទំហឹង។ ខ្ញុំយកដៃប៉ះក្បាលតិចៗ ស្ទាបមើលថាពកឬអត់ រួចសឹមខ្ញុំផ្ដើមចោលភ្នែកសម្លឹងមើលសព្វកន្លែងដែលខ្ញុំកំពុងតែនៅនេះ។
សាឡុងទៀតហើយ! ខ្ញុំលាន់មាត់និយាយមកទាំងក្នុងចិត្ត រួចក៏ភ្ញាក់មកទាំងចម្ងល់។ នេះខ្ញុំមកដេកលើសាឡុងនៃបន្ទប់ទទួលភ្ញៀវដូចមុនទៀតហើយ។ លើកនេះ វាលែងជារឿងធម្មតាសម្រាប់ខ្ញុំតទៅទៀតហើយ។
ខ្ញុំក្រោកឈរទាំងធីងធោង រួចក៏មើលទៅទ្រនឹចនាឡិកាហើយក៏ដឹងថាវេលាថ្មើរនេះគឺវាឈានចូលយប់កណ្ដាលអធ្រាត្របាត់ទៅហើយ។ ភាពស្ងប់ស្ងាត់បានវាយទន្រ្ទាញមកពេញវីឡាដែលងងឹតស្លុបចាក់ភ្នែកមិនធ្លុះ។ ខ្ញុំផ្ដើមបោះជំហានឈានជើងដើរចេញពីបន្ទប់ទទួលភ្ញៀវ រួចក៏បម្រុងបោះជំហានដើរឡើងជណ្ដើរទៅរកបន្ទប់ខ្លួនវិញ។
ប៉ុន្តែ....
វិនាទីនោះ ខ្ញុំក៏ត្រូវទច់ដំណើរឈប់ង៉ក់នៅមួយកន្លែង ខណៈបើខ្ញុំបានមើលឃើញនៅស្រមោលខ្មៅស្ទង់ៗរបស់បុរសម្នាក់កំពុងតែអង្គុយសំយ៉ុងជើងចុះក្រោមលើសាឡុងដែលខ្ញុំបានគេងលើមុននេះ។
កែវភ្នែកក្រហមស្ទុងៗមើលត្របាញ់ចំមុខខ្ញុំមិនខ្ចីដាក់ប្រសី។ គេនៅស្ងៀមមិនខ្ចីកម្រើក ប្រៀបដូចជារូបចម្លាក់។ ខ្ញុំឈរទាំងញ័រខ្លួន តែក៏ខំប្រឹងទប់លំនឹង។ ខ្ញុំលេបទឹកមាត់សម្រួលអារម្មណ៍មកបន្តិច ទើបលើកវាចាឡើងមកទាំងញ័រសំឡេង។
"លោកជានរណា? ហេតុ...អ្វីក៏មកនៅក្នុងផ្ទះខ្ញុំបាន?''
"....." ស្ងាត់! គ្មានឡើយសូម្បីតែសម្ដីតបត។ បុរសនោះ នៅតែអង្គុយមិនកម្រើក ឬនិយាយអ្វីមកខ្ញុំឡើយ។
ខ្ញុំផ្ដើមមិនស្រួលក្នុងចិត្ត តែក៏ព្យាយាមបន្លប់អារម្មណ៍ភ័យខ្លាច។ រួចសំណួរថ្មីក៏បោះទៅរកបុរសនោះជាថ្មី។
"លោក! លោកឮខ្ញុំសួរទេ?''
ផាំង!
"ចេញពីផ្ទះយើង!''
សំឡេងស្រែកមកយ៉ាងខ្លាំង លាន់រហូតបែកអំពូលភ្កើងធ្លាក់រប៉ាត់រប៉ាយមកពេញឥដ្ឋ។ បុរសនោះស្ទុះងើបពីសាឡុង រួចក៏រត់មករកខ្ញុំយ៉ាងលឿន។ ខ្ញុំកាលបើឃើញបែបនេះ អារម្មណ៍ក៏បុកមកភ័យលស់ព្រលឹង រួចជើងទាំងគូក៏ផ្ដើមបោះជំហានរត់សំដៅឡើងជណ្ដើរទៅរកបន្ទប់ខ្លួនយ៉ាងលឿន។
ក្ឌាំង!
ទ្វារត្រូវបានបិទយ៉ាងមួយអស់កម្លាំងដោយសាតែកម្លាំងដៃខ្ញុំ។ ខ្ញុំដកដង្ហើមសឹងមិមដល់គ្នា ញើសបែបជោកខ្លួន នើទោះជាយប់រាត្រីនេះត្រជាក់មកយ៉ាងណាក៏ដោយ។
ទ្វារត្រូវបានបិទ រួចក៏ស្ងាត់ហាក់មិនឮសំឡេងអ្វីបន្លឺពីខាងក្រៅឡើយ។ ខ្ញុំដោយហេតុចង់ដឹង ទើបក៏បោះជំហានទៅអើតតាមប្រឡោះទ្វារតូចមួយដែលនៅចំកណ្ដាល មើលសម្លឹងទៅសភាពខាងក្រៅបន្ទប់។
ទទេរស្អាត់! វាគឺជាអ្វីដែលខ្ញុំទទួលបាន។
ខ្ញុំឃើញដូចនេះក៏ថយជំហានមកក្រោយ ហើយក៏ដាក់គូទអង្គុយលើពូកទាំងយកដៃជូតញើសដែលហូរចុះមកដាបថ្ងាសសើៗ។ នេះជាលើកទីមួយក្នុងជីវិតរបស់ខ្ញុំហើយ ដែលទទួលដឹងឮពីរឿងបែបនេះ។ ពេលនេះ ខ្ញុំផ្ដើមសង្ស័យទៅលើផ្ទះមួយខ្នងនេះហើយ រួចក៏ផ្ដើមមានអារម្មណ៍មិនស្រួលដូចគ្នាទៅលើផ្ទះមួយនេះ។ ដាច់ខាត ខ្ញុំមិនអាចបន្តឲ្យមានរឿងនេះកើតឡើងបានទៀតនោះឡើយ ខ្ញុំត្រូវតែស្វែងអ្វីម្យ៉ាងចេញពីវីឡាដែលលោកប៉ាបានទិញមកនេះ។
......
នារសៀលថ្ងៃថ្មី ពេលនេះខ្ញុំបានកំពុងតែអង្គុយស្ដាប់លោកសូត្រមន្តមកយ៉ាងស្ងៀមស្ងាត់។ លោកសង្ឃនិមន្តមកពីវត្តជើងព្រៃក្នុងភូមិជើងព្រៃ បានកំពុងតែអង្គុយបាំងភ្លិតសូត្រមន្តលាន់សំឡេងមកយ៉ាងរងំពេញវីឡា។
ខ្ញុំ សុធាវី អ្នកម៉ែ បានព្រមព្រៀងគ្នាអញ្ជើញលោកមកសូត្រមន្តសូមសេរីសួស្ដីក្រោយពេលដែលខ្ញុំបានរៀបរាប់ប្រាប់ពីរឿងទាំងប៉ុន្មានដែលបានកើតឡើង។ អ្វីដែលកាន់តែចម្លែក និងធ្វើឲ្យខ្ញុំភ្ញាក់មកជាខ្លាំង ខណៈបើអ្នកម៉ែទើបតែដាច់ចិត្តប្រាប់ខ្ញុំដូចគ្នា ថាកាលពីយប់ថ្ងៃដំបូង អ្នកម៉ែគាត់ក៏បានឃើញខ្ញុំកកគោះទ្វារបន្ទប់គាត់ដូចគ្នា។
លោកពុក បានទៅបំពេញការងារហើយក៏មិនទាន់ដឹងពីរឿងទាំងនេះដែរ។ ថ្ងៃនេះខ្ញុំសម្រេចចិត្តថានឹងធ្វើពិធីសូត្រមន្តរំដោះគ្រោះ រួចក៏ចង់ផ្សាយមេត្តាធម៌ទៅកាន់ម្ចាស់កម្មពៀរទាំងអម្បាលមាណផងដែរ។
អស់ប្រហែលជាមួយម៉ោង លោកក៏សូត្ររួចរាល់។ ខ្ញុំ និងអ្នកម៉ែរួមទាំងប្អូនក៏បានជូននៅស្លាដក និងអ្វីផ្សេងៗទៅដល់ព្រះសង្ឃជាកិច្ចបញ្ចប់ពិធី។
កំឡុងពេលដែលខ្ញុំរៀបចំជូនព្រះសង្ឃ ខ្ញុំតែងតែសង្កេតឃើញលោកសង្ឃគ្រប់អង្គ គិតតែពីសម្លេងមើលទៅសាឡុង ខ្លះក៏មើលទៅមាត់ទ្វារ រួចក៏កេះគាវខ្សឹបខ្សាវជាមួយឫកពាចម្លែកជាខ្លាំង។ ខ្ញុំសង្កេតឃើញដូចនេះ ក៏កេះទៅសុធាវីចោទសូរប្អូន ចង់ដឹងថានាងគិតដូចខ្ញុំឬអត់។
"ធាវី! អូនគិតដូចបងដែរមែនទេ?''
ធាវីងក់ក្បាល ជំនួសសម្ដីបញ្ជាក់ឲ្យខ្ញុំដឹងថានាងក៏មានការគិតនិងឃើញដូចខ្ញុំដែរ។ ដោយចង់ដឹង ទើបខ្ញុំក៏ដាច់ចិត្តលើកសំណួរទៅសួរព្រះតេជគុណមួយអង្គដែលនៅក្បែរខ្ញុំទាំងលំទោនវាចា។
"សូមអភ័យទោសផងគុណម្ចាស់! តើព្រះអង្គកំពុងតែមើលអ្វីឬគុណម្ចាស់?''
លោកសង្ឃមួយអង្គនេះ លោកហាក់មិនហ៊ានមានសង្ឃដីការអ្វីនោះទេ តែដោយសារតែឃើញពីភាពចង់ដឹងរបស់ខ្ញុំពេកទើបលោកល៏ដាច់ចិត្តលើកសង្ឃដីការឡើងមក។
"ញោមឃើញសាឡុងនោះទេញោម?''
ព្រះអង្គលើកសង្ឃដីការរួចក៏លើកដៃចង្អុលទៅសាឡុងចាស់ក្រោយខ្នងខ្ញុំ។ ខ្ញុំងាកទៅតាមដៃព្រះសង្ឃ រួចក៏ងក់ក្បាលតបឆ្លើយ។
"ករុណាព្រះតេជគុណ! ខ្ញុំករុណាមើលឃើញព្រះអង្គ! តើវាមានអ្វីជាមួយសាឡុងហ្នឹងឬគុណម្ចាស់?''
ព្រះអង្គស្រាប់តែបែកញើស រួចក៏រហ័សរេភ្នែកមកខ្ញុំទាំងស្លន់។ ឃើញអាការព្រញអង្គបែបនេះ ខ្ញុំឯណេះឆ្ងល់មកកាន់តែខ្លាំង។
"ខែអស្សុជមកដល់យប់នេញហើយ អាត្មាចង់ឲ្យញោមប្រុសគួរតែចេញពីវីឡាមួយនេះមុនយប់អស្សុជមកដល់! ម្ចាស់សាឡុងនៃវីឡាមួយនេះ គេហួងហែងគេមិនចង់ឲ្យនរណាមករស់នៅវីឡានេះទេ! គេមើលគ្រួសារញោមពេញដោយកំហឹង និងក្ដីចងអាឃាត គឺមិនមែនជាវិញ្ញាណល្អទេ តែជាវិញ្ញាណតាយហោងណាញោមប្រុស! យល់ល្អ ឆាប់រើចេញទៅ បើមិនចង់មានបញ្ហាដល់អាយុជីវិត!''
ខ្ញុំទន់ខ្លួនស្ទើរតែដួលប្រូសទៅលើឥដ្ឋក្រោយពីឮសង្ឃដីការទាំងប៉ុន្មានរបស់ព្រះអង្គ។ ខ្ញុំមិនមាត់អ្វីទេ តែក៏ព្យាយាមប្រគេនស្លាដក និងវត្ថុផ្សេងៗរួចក៏រៀបចំឲ្យសូហ្វ័រឡានជូនដំណើរព្រះអង្គត្រលប់ទៅវត្តវិញកាលបើមេឃផ្ដើមងងឹតព្រាលៗទៅហើយ។
ចប់ពិធី ម៉ោងក៏ឈានចូល៩យប់ ដែលវេលាថ្មើរនេះវីឡាក៏ផ្ដើមប្រែជាស្ងប់ស្ងាត់រកថាមិនត្រូវ។ អ្នកម៉ែ និងប្អូនស្រីក៏នាំគ្នាចូលបន្ទប់គេងកាលបើអស់កម្លាំងពេញមួយថ្ងៃទៅហើយដែរ។ នៅឡើយតែខ្ញុំ ដែលកំពុងតែអង្គុយរង់ចាំនៅការវិលត្រលប់មកវិញរបស់លោកពុក ដើម្បីលើកយករឿងនេះមកប្រាប់គាត់។ មិនមែនថាខ្ញុំជឿទាំងស្រុងនឹងសង្ឃដីការដែលព្រះសង្ឃលើកឡើងពីល្ងាចមិញនោះទេ ប៉ុន្តែឆ្លងកាត់តាមេយៈរឿងដែលខ្ញុំបានជួប វាពិតមិនឲ្យខ្ញុំមិនជឿមិនបានមែន។
នៅបន្ទប់ទទួលភ្ញៀវពេលនេះ ស្ងាត់ណាស់គឺមានតែពន្លឺភ្លើងបើកចោលមកព្រឹមៗតែប៉ុណ្ណោះ។ ខ្ញុំអង្គុយផឹកតែ លើសាឡុងរួចក៏ឆ្លៀតរេភ្នែកមើលទៅម៉ោង ហើយក៏ឃើញថាម៉ោងឈានចូល១១យប់ទៅហើយក្ដី។ រង់ចាំសឹងតែ២ម៉ោង ក៏ខ្ញុំនៅមិនទាន់ឃើញលោកពុកវិលមកវិញដដែល។
គ្រិចក្រាក់ៗ!
ស្ងាត់មកសុខៗ ស្រាប់តែសំឡេងសាឡុងរង្គើក៏បន្លឺឡើងមក។ ខ្ញុំទម្លាក់ពែងតែទុកលើតុ រួចក៏ចោលភ្នែកមើលទៅសាឡុងដែលនៅក្បែរខ្ញុំនេះ។ សាឡុងចាស់ពណ៌ត្នោតក្រម៉ៅ ដែលរមែងជាសាឡុងខ្ញុំដឹងខ្លួនឡើងមកគេងលើរាល់យប់ ហើយក៏ជាសាឡុងដែលព្រះសង្ឃសម្លឹងមើលមិនដាច់កាលពីល្ងាចមិញដូចគ្នា។
ខ្ញុំនៅតែមិនអស់ចិត្ត រួចក៏ងើបឈរអស់កម្ពស់ហើយក៏ដើរទៅជិតសាឡុងមួយហ្នឹង។ នៅពីមុខសាឡុង គឺខ្ញុំមើលឃើញគ្មានអ្វីចម្លែកនោះទេ។ វាគ្រាន់តែជាសាឡុងធម្មតាតែប៉ុណ្ណឹង។
ភឹប!
សុខៗភ្លើងស្រាប់តែរលត់ពន្លឺសព្វទិសទី។ ភាពងងឹតបានបុកចូលមក រួចភ្លាមៗខ្ញុំក៏ផ្ដើមត្រជាក់ឆ្អឹងខ្នងមករកថាមិនត្រូវ។
គ្រីកក្រាកៗ!
សាឡុងដែលនៅចំពោះមុខខ្ញុំតែងតែមិនមានចលនា តែពេលនេះបែរជាកម្រើករង្គើទៅមកៗតែឯកឯង។ ខ្ញុំថយជំហានមក្រោយ ទាំងភ័យស្លន់។ រួចខណៈនោះក្លិនអ្វីម្យ៉ាងវាក៏ឆួលឡើងមក ធុំស្អុយគំរង់យ៉ាងពិបាកទ្រាំ។
"ហឹសៗ!''
សំឡេងសើចៗកាចៗ ស្រាប់តែលាន់ឡើងមកពីក្រផយខ្នងខ្ញុំ។ ខ្ញុំរហ័សបែរខ្នងមើលទៅតាមប្រភពសំឡេងហើយក៏បានឃើញថា សុធាវីប្អូនស្រីរបស់ខ្ញុំសកថិតក្នុងឈុតគេងរ៉ូបសាច់ពណ៌ស បានកំពុងតែឈរទាំងឱនក្បាលចុះក្រោមបាំងសក់ខ្មៅវែងជិតមុខ។
"ធាវីអូន! នេះអូនកើតអី?'' ខ្ញុំជ្រួញចិញ្ចើម បេះដូងលោតមកឌុកដាក់ សួរធាវីទាំងញ័រមាត់។
សុធាវីមិនមាត់ តែនាងក៏ងើយមកមុខជាមួយភ្នែកសស្លែតគ្មានប្រសីភ្នែក ញញឹមយ៉ាងរអាមកកាន់ខ្ញុំ។ នាងដើរមួយៗ រហូតមកជិតសាឡុងរួចក៏បន្ទន់ខ្លួនអង្គុយចុះលើសាឡុង។
សុធាវីឱនក្បាលចុះក្រោម ដៃនាងឡើងស្វាយមានឈាមតិចៗនៅជាប់ក្រចកគ្រប់ម្រាម។
"ធាវី!'' ខ្ញុំញ័រសំឡេង តែក៏ព្យាយាមបោះជំហានទៅរកប្អូនទាំងបារម្ភ។
"យើងនឹងយកវាទៅនៅយប់នេះ! ហាហាហាហា!''
សំឡេងគ្រ-លរបស់បុរសចំណាស់មានសំឡេងធ្ងន់ខ្លាំង បានលាន់ចេញមកពីមាត់របស់សុធាវី។ ខ្ញុំប្រាកដច្បាស់ហើយថា នៅពេលនេះសុធាវីកំពុងតែត្រូវខ្មោចមនុស្សប្រុសចំណាស់ដែលលងខ្ញុំយប់មុននោះចូលនាងមិនខាន។
"ឯងចង់បានអ្វី? កុំប៉ះពាល់ប្អូនយើង!'' ខ្ញុំបន្លឺវាចាម៉ឺងម៉ាត់ ទាំងទប់ស្មារតី។
"ហាហាហា!'' បុរសចំណាស់នោះសើចមករលាក់រាងកាយសុធាវីខ្លាំងៗ។
"ចង់នៅផ្ទះនេះណាស់មែនទេហ្ហាឯង! ហាហាហា ទីបំផុត ពួកឯងក៏វិលមករកយើង! លើកនេះ ទុកឲ្យយើងជាអ្នកយកពួកឯងវិញម្ដង!''
បុរសនោះនិយាយសម្ដីមកប្លែកៗ រហូតធ្វើឲ្យខ្ញុំឆ្ងល់មកជាខ្លាំង។
"ខ្ញុំមិនយល់ទេ! លោកចង់បានន័យថាម៉េច? បើលោកមិនចង់ឲ្យពួកខ្ញុំនៅ ពួកខ្ញុំនឹងចេញ! ឆាប់ចេញពីប្អូនខ្ញុំទៅ!''
"យើងមិនចេញ! ហាហា! បើឯងចង់ដឹងយើងជានរណា ឯងទៅសួរឪពុកឯងទៅ!''
"ពុក? ពុកខ្ញុំដឹងអ្វី?'' លើកនេះ ខ្ញុំត្រូវបង្កប់ចម្ងល់មកសារជាថ្មី។ តើលោកពុកទៅពាក់ព័ន្ធអ្វីដែលទៅ?
"យប់ខែអស្សុជ! ពុកឯងចាំច្បាស់ណាស់! ពេលនេះ ពួកឯងក៏នឹងងាប់ជំនួសកន្លែងយើងហើយ! ចាប់ផ្ដើមពីនាងម្នាក់នេះមុនគេ ល្អទេ?''
បុរសនោះនិយាយចប់ គេក៏បានប្រើរាងកាយប្អូនស្រីខ្ញុំឲ្យកាចដៃកាច់ជើងទៅមកយ៉ាងសាហាវ។ ខ្ញុំស្រែកភ្លាត់មាត់ រួចក៏ស្រែកហៅអ្នកម៉ែឲ្យចុះមកក្រោម។ សុធាវី កាច់ក កាច់ដៃ កាច់ជើង បាក់ឆ្អឹងឮសូរតែផឹសៗ។ ខ្ញុំក្រសោបកាយប្អូន តែក៏ត្រូវអំណាចវិញ្ញាណបុរសនោះរុញខ្ញុំមួយទំហឹងទៅបុកតុរហូតចុកមកយ៉ាងខ្លាំង។
"កូនវីត! មានរឿងអីកូន?''
អ្នកម៉ែរត់ចុះមកទាំងស្លន់ស្លោ ត្រកងខ្ញុំដែលកំពុងតែចុកឆ្អល់មកជាខ្លាំង។
"ម៉ែ! ជួយ...ជួយប្អូនផងម៉ែ!''
ខ្ញុំលើកដៃទាំងចង្អុលទៅសុធាវី។ អ្នកម៉ែផ្ដាច់ពីខ្ញុំរួចក៏មើលសម្លឹងទៅសុធាវី ហើយអ្នកម៉ែក៏ស្រែកមកយ៉ាងភ្លាត់មាត់។ រាងកាយសុធាវី ហោះឡើងទៅលើទាំងសើចលាយឈាម មើលមកខ្ញុំ និងអ្នកម៉ែទាំងកាចៗ។
"ស្រឡាញ់វាណាស់មែនទេ? ហាហា!''
វិញ្ញាណបុរសចំណាស់នោះនិយាយឡើងមកទាំងសើចខ្លាំងៗ រួចភ្លាមៗរាងកាយសុធាវីក៏ផ្ដើមកាច់ដៃ កាច់កទៅក្រោយខ្លាំងៗ។ ខ្ញុំសម្រក់ទឹកភ្នែក ស្ទុះទៅចាប់ទាញប្អូនបើទោះជាពេលនេះខ្ញុំឈឺយ៉ាងណាក៏ដោយ។ ធាវីធ្លាក់មកក្រោមក្អួតឈាមមកយ៉ាងដូចទឹកបាក់ទំនប់។
"ធាវីអូន! ហ៊ឺៗ!'' ខ្ញុំត្រគងរាងកាយប្អូនដែលទន់បាក់ឆ្អឹងគ្មានសល់។ ធាវីបើកភ្នែកសន្សឹមៗមើលមកខ្ញុំ រួចសម្រក់ទឹកភ្នែកមកយ៉ាងសង្វេគ។ ចុងក្រោយ ទើបនាងក៏បិទភ្នែកជាមួយដង្ហើមដែលដាច់ស្លាប់នៅនឹងកន្លែងចាកចោលខ្ញុំទៅ។
ខ្ញុំយំស្រែកឱបសពប្អូនទាំងខូចចិត្តដ្បិតមិនអាចទទួលយករឿងមួយនេះបាននោះឡើយ។ អ្នកម៉ែស្លុតស្មារតី រួចក៏សន្លប់នៅនឹងនៅកន្លែងភ្លាមៗ។ ខ្ញុំនៅឡើយតែអង្គុយក្រសោបសពប្អូន សម្រក់ទឹកភ្នែកមិនដាច់។ ប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំ បែរជាត្រូវស្លាប់យ៉ាងវេទនាព្រោះតែវិញ្ញាណអប្បលក្ខណ៍នៅក្នុងវីឡាមួយនេះទៅវិញ។
.......
៧ថ្ងៃក្រោយ
ក្រោយពីបញ្ចប់ពិធីបុណ្យសពរបស់សុធាវីរួចរាល់ ខ្ញុំក៏បានមករៀបចំឥវ៉ាន់ទាំងអស់ដើម្បីចាកចេញពីវីឡាមួយខ្នងនេះ។
ពេលនេះ ខ្ញុំប្រៀបដូចជាមនុស្សគ្មានវិញ្ញាណហាក់មិនដឹងថាត្រូវដើរទៅផ្លូវណាទៀតនោះឡើយ។ លោកពុកក្រោយពីទទួលបានដំណឹងពីការស្លាប់របស់ប្អូន គាត់ក៏ប្រៀបដូចជាមនុស្សបាត់បង់ស្មារតីដូចគ្នា។ ជំនួញ ក៏ត្រូវដួលរលំព្រោះតែពេលនេះមានវិបត្តិនៅខាងក្រៅ មិនអាចនាំចេញបាននៅផលិតផលទៅក្រៅស្រុក ហើយលោកពុកក៏ខាតទន់មកសឹងតែអស់ពីខ្លួន។ អ្នកម៉ាក់វិញ គិតតែពីសំងំក្នុងបន្ទប់លាក់ភាពឈឺចាប់ ការបាត់បង់ប្អូនស្រីលើកនេះ វាគឺជាការបាត់បង់មួយដ៏ធំដែលខ្ញុំនិងគ្រួសារទាំងមូលហាក់មិនអាចទទួលយកបាននោះឡើយ។
ក្រាក!
សំឡេងទ្វារក៏បន្លឺឡើងមក ជាមួយវត្តមានរបស់លោកពុកដែលបានដើរចូលមករកខ្ញុំ។ គាត់ដើរមកទាំងដាក់គូទអង្គុយលើគ្រែក្បែរខ្ញុំ ដោយហុចនៅស្រោមសំបុត្រពីរមកឲ្យខ្ញុំ។
"នេះសំបុត្រយន្តហោះទៅអង់គ្លេស! កូននាំម៉ែទៅរស់នៅទីនោះទៅណាកូន!''
លោកពុកនិយាយទាំងស្រងូតស្រងាត់ គាត់ហាក់មិនហ៊ានសម្លឹងមុខខ្ញុំចំនោះឡើយ។ ខ្ញុំទម្លាក់សំបុត្រចុះ រួចក៏លើកចិញ្ចើមមិនយល់ពីគាត់។
"ហេតុអីឬលោកពុក? លោកពុកមិនទៅទេឬ?''
"ពុកទៅមិនបានទេ! ពុកនឹងនៅទីនេះ! កូនឆាប់នាំម៉ែចេញទៅស្អែកព្រឹកនេះទៅណាកូន!''
គាត់និយាយរួចក៏សម្រក់ទឹកភ្នែក រួចក៏ចាប់រាងកាយខ្ញុំមកឱបជាប់ណែន។ ខ្ញុំគិតតែពីមិនយល់ពីលោលពុក ដ្បិតបើអាកប្បកិរិយាគាត់នៅពេលនេះគឺបង្គុំពេញទៅដោយចម្ងល់ជាច្រើននៅក្នុងចិត្ត។ មួយរំពេច ភ្លាមនោះទើបខ្ញុំក៏ស្រាប់តែនឹកឃើញទៅដល់រឿងកាលពីយប់មុន នៅពេលដែលដួងវិញ្ញាណមួយដួងរបស់បុរសចំណាស់នោះបាននិយាយទាក់ទងនឹងលោកពុក។
ខ្ញុំរហ័សទាញកាយគាត់ចេញ រួចទើបខ្ញុំប្រើកែវភ្នែកមុតជ្រៅសម្លឹងគាត់។
"លោកពុកប្រាប់ខ្ញុំបានទេ ថាពុកបានទិញវីឡានេះមកពីនរណា? ហើយម្ចាស់មុន តើគេជានរណា?''
លោកពុកមើលខ្ញុំទាំងលើកចិញ្ចើម៖
"តើកូនចង់និយាយពីអ្វី?''
"ខ្ញុំដឹងថាលោកពុកដឹង! លោកពុកប្រាប់កូនមក ថាតើវិញ្ញាណបុរសចំណាស់នៅក្នុងវីឡាមួយនេះ គាត់ជានរណា? ហេតុអីក៏មកយាយីពួកយើងបែបនេះ!''
លោកពុកទម្លាក់ទឹកមុខចុះទាំងស្រងូតស្រងាត់ រួចភ្លាមៗគាត់ក៏យំរលាក់មកសព្វកាយា។ ខ្ញុំផ្ដើមភាំងឡើងមកទាំងភ្ញាក់ពីអាការលោកពុក។
"បើលោកពុកមិនចង់និយាយអ្វី ក៏មិនអីដែរ! កូនមិនដេញដោកទៀតទេ!''
ដោយមិនចង់សួរនាំច្រើននាំឲ្យតែលោកពុកកាន់តែពិបាកទើបខ្ញុំក៏មិនបានសួរនាំអ្វីគាត់ទៀតដែរ។ ពុកជូតទឹកភ្នែក រួចគាត់ក៏និយាយពាក្យលាប៉ុន្មានម៉ាត់មុននឹងគាត់បោះជំហានដើរចាកចេញទៅ។
"មើលថែរក្សាខ្លួន និងម៉ែឲ្យល្អណាកូន!''
គាត់និយាយចប់រួចក៏ចាកចេញទៅទាំងបន្សល់អារម្មណ៍ស្រងេះស្រងោចមកឲ្យខ្ញុំជាអនេក។ គ្រប់យ៉ាងខ្ញុំកាន់តែរសាប់រសល់ ហើយរឹតតែមិនអាចរកអ្វីមកបកស្រាយនៅអារម្មណ៍ដែលមាននៅពេលនេះបាននោះឡើយ។
ប្រហែលជាកន្លះម៉ោងក្រោយ រៀបចំរបស់របររួច ទើបខ្ញុំក៏បានទម្រេតខ្លួនគេងនៅលើគ្រែទាំងល្ហិតល្ហៃខ្លួនប្រាណ លង់លក់ទៅយ៉ាងស្កប់ស្កល់ហាក់ដូចជាត្រូវថ្នាំសណ្ដំដូច្នេះដែរ។
.......
ក្ឌាំង!
សំឡេងផ្គរបានគ្រហឹមឡើងមក រួចបែរជាផ្ដើមបំភ័យដាស់ខ្ញុំឲ្យភ្ញាក់ឡើងទាំងស្លន់ស្លោ។ ខ្ញុំបើកភ្នែកមកសន្សឹមៗ រួចក៏ស្ទុះមើលទៅម៉ោងដោយពេលនេះ ម៉ោង១២រំលងអធ្រាត្របាត់ទៅហើយ។ នេះ ខ្ញុំលក់ទៅដល់រាប់ម៉ោងបែបនេះផងឬ?
ផាំង!
សុខៗស្រាប់តែសំឡេងអ្វីម្យ៉ាង វាក៏បានបន្លាន់ឮមកយ៉ាងខ្លាំងពីក្រៅបន្ទប់គេង។ ខ្ញុំរហ័សស្ទុះងើបចេញពីគ្រែរួចក៏បើកទ្វាររត់ទៅខាងក្រៅ។
តំណក់ទឹកភ្លៀងបានធ្លាក់ប្រសាចមកយ៉ាងខ្លាំងក្លាហាក់ដូចជាខឹងសម្ប៉ារនឹងនរណាម្នាក់មិនខុស។ ខ្ញុំបោះជំហានបណ្ដើរ រួចក៏ប្រឹងសម្លឹងមើលទៅផ្ទៃវីឡាទាំងមូលដែលងងឹតសូន្យសុងនេះទាំងពិបាកបណ្ដើរ។
ព្រៀកៗ!
ផ្លេកបន្ទោរប្រដេញពន្លឺមកតកន្ទុយគ្នា រួចក៏ផ្លាតចូលមកក្នុងវីឡាម្ដងម្កាលៗយ៉ាងរអា។ ខ្ញុំដើរមួយៗ សំដៅទៅប្រភពសំឡេង ដែលកំពុងតែបន្លឺឡើងមកនៅបន្ទប់គេងរបស់អ្នកម៉ែ។
តើមានរឿងអ្វីកើតឡើងលើអ្នកម៉ែទៅ?
មួយស្រឡេត ខ្ញុំក៏បានដើរមកដល់មុខបន្ទប់អ្នកម៉ែ។ ខ្ញុំឈរមុខទ្វារទាំងព្យាយាមមូលគន្លឹះបើកទុវារចូលទៅក្នុង។ ប៉ុន្តែបើទោះជាខ្ញុំខំប្រឹងបើកមកយ៉ាងណា ក៏ខ្ញុំមិនអាចបើកឡើងមកបានដែរ។
"ហាហាហា!''
សំឡេងសើចរបស់បុរសចំណាស់នោះទៀតហើយ! ខ្ញុំបានឮសំឡេងរបស់វិញ្ញាណខ្មោចនោះមករងំពេញត្រចៀក។ ពេលនេះក្ដីបារម្ភក៏កើនមកយ៉ាងណែនពេញក្នុងចិត្ត។ អ្នកម៉ែនៅខាងក្នុងបន្ទប់ មិនដឹងជាមានរឿងអ្វីកើតឡើងមកលើគាត់នោះឡើយ។
"អ្នកម៉ែ! បើកទ្វារ!'' ខ្ញុំស្រែកមួយអស់សំឡេង រួចយកដៃគោះទ្វារមកខ្លាំងៗលែងខ្វល់ពីអ្វីទាំងអស់ទៀតហើយ។
កាលបើទ្វារបើកលែងកើត ទីបំផុតខ្ញុំក៏ប្រើកម្លាំងទាំងប៉ុន្មានរួចក៏ទម្លុះទ្វារចូលទៅមួយទំហឹង។
ក្ឌាំង!
ទ្វាររបើកដួលទៅឮសូរតែក្ឌាំង។ ខ្ញុំចោលភ្នែកមើលទៅក្នុងបន្ទប់ រួចភ្លាមខ្ញុំក៏ត្រូវទន់ខ្លួនមកសឹងតែបាត់ស្មារតី។ ខ្ញុំរន្ថាន់សំឡេងមកញ័រចំប្រប់ មើលសម្លឹងទាំងយំទៅបុរសម្នាក់ដែលខ្ញុំរមែងតែតែគោរពស្រលាញ់។
"លោកពុក! លោកពុកកំពុងតែធ្វើអ្វី?''
ត្រូវហើយ! គាត់គឺជាលោកពុករបស់ខ្ញុំ។ គាត់ឈរទាំងក្ដោបពូថៅជាប់ដៃ រួចម្ខាងទៀតក្រសោបបោចសក់ក្បាលអ្នកម៉ែដែលហ៊ុមពេញដោយឈាម។ ក្បាលអ្នកម៉ែបានដាច់ចេញពីស្មា កាន់ជាប់ដោយដៃលោកពុក។ លោកពុកឈរសម្លឹងទាំងញញឹមសម្លក់ខ្ញុំ រួចគាត់ក៏លើកពូថៅ មកកាប់ក្បាលអ្នកម៉ែរហូតធ្លាយខួរចេញមកក្រៅខ្ទាតពេញពូក។
ខ្ញុំញ័រដូចកូនសត្វ សឹងមិនជឿនឹងភ្នែកថាលោកពុកប្រព្រឹត្តិរឿងបែបនេះសោះឡើយ។
គាត់បោះចោលក្បាលដែលខ្ទិចរបស់អ្នកម៉ែទៅមួយឡែក រួចលោលពុកក៏ដើរសំដៅមករកខ្ញុំមួយៗ។ ខ្ញុំរំកិលគូទថយក្រោយ ទាំងយំតែក៏ខំប្រឹងងើបឈររួចក៏ស្ទុះវឹងរត់ចេញទៅក្រៅបន្ទប់ចុះជណ្ដើរទៅជាន់ក្រោម។
ភ្លៀងធ្លាក់មកខ្លាំងៗ។ យប់ខែអស្សុជ នៃខែងងឹតសូន្យសុង ពេលនេះក្នុងវីឡាសាកសពអ្នកបម្រើត្រូវបានស្លាប់ដាច់ក្បាល ដាច់ដៃពីខ្លួនរាយសពពេញវីឡាយ៉ាងរអា។ ខ្ញុំរត់មកដល់ជាន់ក្រោម រួចក៏បម្រុងស្ទុះចេញទៅរកទ្វារចេញដែលកំពុងតែបើកចំហចោលប្លុងៗនោះ។
"ឯងត្រូវតែងាប់! គ្រួសារឯងត្រូវតែសងយើងវិញ!''
សំឡេងគ្រ-លធ្ងន់ៗ ដែលខ្ញុំរមែងចាំបានថានោះជាសំឡេងរបស់វិញ្ញាណបុរសចំណាស់ដែលនៅក្នុងវីឡានេះបានបន្លឺចេញមកយ៉ាងកាចៗ។ ខ្ញុំលែងខ្វល់ពីអ្វីទៀតហើយ ធ្វើយ៉ាងណាត្រូវតែរត់ចេញពីវីឡានេះឲ្យបាន។
ប៉ុន្តែ...
ក្រិប!
ទ្វារវីឡាក៏បិទមកមួយទំហឹង រួចជើងរបស់ខ្ញុំក៏ត្រូវនរណាទាក់រហូតដួលប្រូសទៅលើឥដ្ឋបោលក្បាលនឹងជើងតុបែកក្បាលហូរឺាមដូចទឹក។ ខ្ញុំផ្ដើមស្រវីស្រវាំងមើលអ្វីលែងឃើញតទៅទៀតហើយ ដោយក្បាលគិតតែពីចុកនិងឈឺមកយ៉ាងខ្លាំង។ ឈាមហូរស្រក់ចុះចេញពីក្បាលខ្ញុំដូចទឹក តែខ្ញុំក៏ព្យាយាមងើបឈរដើម្បីយករួចខ្លួនមិមចុះចាញ់ដែរ។
"ឯងរត់មិនរួចទេអាណាវីត! ឯងត្រូវតែស្លាប់ទាំងពូជ ដូចជាឪឯងដាក់អំពើមកលើយើងឲ្យសម្លាប់កូនប្រពន្ធយើងកាលពី១០ឆ្នាំមុន!''
វិញ្ញាណបុរសនោះបន្លឺមកប៉ុន្មានម៉ាត់ វាក៏ស្រាប់តែធ្វើឲ្យខ្ញុំភ្ញាក់បើកភ្នែកមកធំៗជាខ្លាំង។ លោកពុកដាក់អំពើ នរណា? នេះតើជារឿងអ្វីទៅ?
ហ៊ឹស!
"លោកចង់បានន័យថាម៉េច?'' ខ្ញុំព្យាយាឦហើបមាត់សួរបក រួចក៏រេភ្នែកមើលសម្លឹងទៅលោលពុកដែលកំពុងតែឈរកាន់ពូថៅធំនៅមុខខ្ញុំ។
តាមពិត លោកពុកត្រូវខ្មោចបុរសនោះចូលទេតើ!
"ព្រោះតែភាពច្រណែន! យើងរាប់វាដូចមិត្តសម្លាញ់! តែវាបែរជាដាក់អំពើយើង ហើយឲ្យយើងសម្លាប់កូនប្រពម្ធយើងយ៉ាងសាហាវ! វាបានប្រមូលលុយ និងឯកសារទៅបង្កើតក្រុមហ៊ុនដែលវាជារបស់យើង! ហ៊ឹសៗ! សឹងមិនជឿថា ទីបំផុតវាក៏វិលមករកវីឡានេះវិញ ព្រោះតែភាពលោទលន់របស់វា!''
ការបកស្រាយទាំងប៉ុន្មានវាក៏ត្រូវបានលាតត្រដាងឡើងមក។ ខ្ញុំសម្រក់ទឹកភ្នែក ហាក់សឹងមិនជឿទៅលើរឿងដែលបានស្ដាប់ឮឡើយ។ លោកពុកដែលខ្ញុំរមែងតែគិតថាជាមនុស្សល្អ បែរជាមនុស្សដែលហ៊ានធ្វើសូម្បីតែរឿងអាក្រក់បែបនេះ ព្រោះតែភាពច្រណែន លោទអ៊ីចឹងឬ?
ប្អូនស្រី អ្នកម៉ែ ខ្ញុំ ក៏ត្រូវប្រែមកជាក្លាយជាជនរងគ្រោះមកទាំងមិនបានសាងអ្វី។ ខ្ញុំយំកាន់តែខ្លាំង រួចក៏លែងចង់ទទួលដឹងនៅរឿងដែលកើតមានមកនៅពេលនេះទៀតហើយ។ បើស្លាប់សងបំណុលកម្មឲ្យផុតៗ វាក៏ប្រហែលជាល្អដែរ មិនចាំបាច់ខំរស់បៀមទុក្ខបែបនេះឡើយ។
"ឯងដឹងហើយមែនទេថា ហេតុអីគ្រួសារឯងសមតែស្លាប់?''
"សម្លាប់យើងទៅ! យើងលែងចង់រស់ហើយ! បើឯងចង់បានជីវិតយើងណាស់ក៏ចូលមកយកមក!'' ខ្ញុំស្រែកភ្លាត់សំឡេង ប្រៀបដូចជាមនុស្សបាត់ស្មារតី។ ខណៈនេះ ខ្ញុំគ្មានអ្វីត្រូវឲ្យសោកស្ដាយទៀតឡើយ។
ហាហាហា!
វិញ្ញាណបុរសនោះសើចមកមួយអស់សំឡេង។ របស់របរនៅក្នុងវីឡាក៏ផ្ដើមហោះប៉ើងរសាត់ទៅមករ៉ាយប៉ាយពេញវីឡា។ កម្លាំងខ្យល់ក៏បាចសាចចូលមកពេញផ្ទៃវីឡា ប៉ើងសឹងតែយករាងកាយខ្ញុំទៅជាមួយ។
លោកពុក ដើរទាំងអូសពូថៅមកជិតខ្ញុំ។ គាត់លែងជាគាត់ហើយ ពេលនេះលោកពុកត្រូវបានវិញ្ញាណកំណាចនោះគ្រប់គ្រងពេញទាំងអស់ទៅហើយ។
ខ្ញុំលែងកម្រើករាងកាយ អង្គុយធ្មឹងមួយកន្លែង យល់ព្រមទទួលយករឿងគ្រប់យ៉ាងដែលបម្រុងនឹងកើតឡើង។ ហើយទីបំផុត នៅខណៈពេលដែលោកពុកដើរមកជិតខ្ញុំហើយនោះ លោកពុកក៏បានយាពូថៅឡើងមកលើអស់មួយទំហឹង។
ជ្រិប!
ពូថៅស្រាប់តែយាទៅកាត់ក្បាលរបស់លោកពុក រហូតរមៀលធ្លាក់មកដល់ដី បាចឈាមដូចទឹកភ្លៀង។ ខ្ញុំបើកភ្នែកទាំងសម្លឹងមើលទៅសាកសពលោកពុកដែលដេកស្លាប់ទាំងដាច់ក្បាលពីស្មា រួចក្បាលរបស់គាត់កំពុងតែរមៀលមកជិតរាងកាយខ្ញុំ។
ខ្ញុំយំទាំងទាញយកក្បាលពុកមកឱបជាប់ទ្រូង។ ខ្ញុំមិននឹកស្មានឡើយថា ត្រឹមតែមួយប៉ព្រិចភ្នែក ខ្ញុំបែរជាត្រូវបាត់បង់មនុស្សសំខាន់ដល់ទៅបីនាក់ចេញពីជីវិតខ្ញុំបែបនេះ។
"ពេលនេះ យើងទូទាត់រួចរាល់ហើយ! ឯងឆាប់ចេញពីវីឡាយើងចុះ! យើងនឹងមិនយកទោសពៃអីឯងឡើយ!''
ខ្ញុំលែងខ្វល់ គិតតែពីយំទាំងបាត់អសតិ។ ក្បាលលោលពុក ត្រូវបានទើត្រឹមលើខ្លួនរបស់ខ្ញុំ។ ខ្ញុំអង្គុយស្ងៀមស្ងាត់ហាក់លែងចង់ដឹងឮអ្វីមកតទៅទៀតហើយ។
ពីមួយម៉ោងទៅមួយម៉ោង ទីបំផុតពន្លឺព្រះអាទិត្យក៏រះឡើងមកបំភ្លឺពេញផ្ទៃវីឡា។ សាកសពជាច្រើនត្រូវបានស្លាប់រង្គាលយ៉ាងអសោច។ ខ្ញុំនៅតែអង្គុយកាន់ក្បាលលោលពុក រួចក៏ចោលភ្នែកមើលទៅសាឡុងពណ៌ត្នោតទាំងមិនដាក់ភ្នែក។
កំហឹងក៏កើតចេញពីចិត្តខ្ញុំមកភ្លាមៗ។ ខ្ញុំស្ទុះវឹងរត់ទៅចាប់ទាញពូថៅ រួចក៏កាន់យកទៅកាប់សាឡុងរហូតខ្ទេចគ្មានសល់។ ខ្ញុំស្រែក ខ្ញុំជេរអស់ពីចិត្ត ខ្ញុំមិនខុសអីពីមនុស្សឆ្កួតនោះឡើយ។
"ឆាប់លើកដៃភ្លាម!''
រំពេចនោះ សំឡេងប៉ូលិសក៏បានស្រែកឡើងមកទាំងមានកាំភ្លើងលើកភ្ជុងមករកខ្ញុំ។ ខ្ញុំសើចកិលដូចមនុស្សឆ្កួត ហាក់មិនខ្ចីខ្លាចសូម្បីតែប៉ូលិស។ ខ្ញុំទម្លាក់ពូថៅចុះលើឥដ្ឋលាន់សំឡេងខ្លាំងៗ។ មិនបង្អង់ប៉ូលិសក៏បានចូលមកចាប់វាយខ្នោះដៃខ្ញុំប្រៀបដូចខ្ញុំជាជនឧក្រិដ្ឋ។
មនុស្សម្នាជាច្រើន បានស្ទុះមកមើលរួចក៏ត្រូវរត់ចេញទៅក្អួតនៅខាងក្រៅគ្រប់ៗគ្នា។ ប៉ូលិសរុញខ្ញុំដើរទៅចូលក្នុងឡាន តែខ្ញុំក៏អាចឮនៅសំឡេងនានាខ្សឹបខ្សាវរបស់ហ្វូងមនុស្សទាំងនោះដែលមើលសម្លឹងមកខ្ញុំទាំងនិយាយតិចៗថា...
"ហ្នឹងឬអាឃាតកសម្លាប់ម្ដាយ ឪពុកឯង! ពិតជាតិរច្ឆានមែន!''
ពាក្យឃាតក! តិរច្ឆាន! ខ្ញុំស្ដាប់ឮមកយ៉ាងពេញៗ។ គ្រប់គ្នាកំពុងតែគិតខុសមកលើខ្ញុំទៅហើយថាខ្ញុំជាឃាតក ជាមនុស្សអាក្រក់ក្នុងក្រសែភ្នែកគ្រប់គ្នា។ ប៉ុន្តែពេលនេះ ខ្ញុំក៏គ្មានអ្វីត្រូវបកស្រាយទៀតដែរ! បើទោះជាខ្ញុំសារភាពថាខ្មោចជាអ្នកសម្លាប់ក៏នៅតែគ្មានអ្នកជឿដូចតែគ្នាទេ។
បើបំណាច់តែជីវិតខ្ញុំធ្លាក់សូន្យបែបនេះហើយ ក៏បណ្ដោយឲ្យវារលាយរហូតទៅចុះ។
ចាប់ពីយប់ខែអស្សុជមួយនោះមក ខ្ញុំណាវីត ក៏ប្រែក្លាយជាជនល្បីឈ្មោះពេញក្នុងប្រទេស។
«រឿងរ៉ាវសោកនាដកម្មដ៏រន្ធត់ ដែលកើតឡើងនាភូមិជើងព្រៃ ក្នុងឆ្នាំ1965 ដោយកូនប្រុសច្បងនៃគ្រួសារជំនួញក្ស័យធន់ បានប្រែក្លាយជាឃាតកសម្លាប់អ្នកផ្ទះ ព្រោះតែគេជឿថាត្រូវអំពើធ្មប់! រឿងនេះក៏ប្រែក្លាយជារឿងឃាតកម្មដ៏ល្បីបំផុតពេញភូមិជើងព្រៃ និងផ្ទៃប្រទេសទាំងមូល។ វីឡាមួយខ្នងនោះ ក៏ត្រូវបានបិទចោល រួចក៏គ្មាននរណាហ៊ានចូលទៅក្នុងវីឡានោះទៀតដែរ ដោយអ្នកភូមិជើងព្រៃតែងតែនិយាយមកថា ខ្មោចតាយហោងនៅក្នុងវីឡានោះលងសាហាវក្រៃលែង។»
យប់ខែអស្សុជ
ចប់!
STAI LEGGENDO
ព្រេងនិទានខ្មោច-សៀវភៅទី1
Horrorនេះជាសៀវភៅរឿងសម្រាប់អ្នកដែលចូលចិត្តអាននូវប្រភេទរឿងខ្មោចណា៎😍