ភាគទី13: បំភ្លេច

405 36 2
                                    

គ្រួសារគីម

បន្ទាប់ពីសួរសុខទុក្ខជីមីន និងសំណេះ សំណាលជាមួយមិត្តរបស់ជីមីនរួចលោកទាំងពីរពុំបាននៅយូរឡើយទើបចាកចេញមុនដោយទុកឲ្យក្មេងៗនៅថែរក្សាគ្នា។ ណាមួយកាលដែលនៅកាន់តែយូរកាន់តែធ្វើឲ្យអ្នកស្រីគីមឈឺក្បាលវិលមុខរកថាមិនត្រូវ អាកប្បកិរិយាដូចមនុស្សត្រូវថ្នាំសណ្តំប៉ុន្តែពុំហ៊ានមាត់ឲ្យនរណាដឹងឮឡើយ។ លោកទាំងពីរលបៗស្ងាត់ៗទៅកាន់បន្ទប់សៀវភៅដែលពួកគាត់និយមចូលចិត្ត ហើយក៏ជាបន្ទប់អាថ៍កំបាំងនៃគ្រួសារផង។

«អូននៅចាំកូនប្រុសរបស់យើងទេ?» លោកគីមចូលមកដល់ខាងក្នុងចាក់ទឹកលើកក្រេបមួយដង្ហើមឲ្យបាត់ស្អកករួចទើបនិយាយទៅកាន់ប្រពន្ធ។ គាត់លើកពីកូនប្រុសមកធ្វើជាប្រធានបទ ឬគាត់មានអ្វីទាក់ទងជាមួយថេយ៉ុងឬយ៉ាងណា?

«ហ្ហឹក! ឬបងគិតថាក្មេងនៅលើគ្រែពេទ្យនោះជាកូនប្រុសពៅរបស់យើង?» អ្នកស្រីគីមសួរស្វាមី ចំណែកកែវភ្នែកក៏ដក់ពេញទៅដោយទឹកសន្សើមថ្លាៗស្រក់កាត់ផែនថ្ពាល់ស្ត្រីចំណាស់រៀងរាល់ពេលនិយាយរំឭកដល់កូនប្រុសជាទីស្រឡាញ់។ សូម្បីតែពេលស្វាមីបង្ហើបមិនទាំងបញ្ចេញឈ្មោះផងក៏គាត់នៅតែអាចប៉ាន់ដឹងថាប្តីចង់និយាយសម្តៅលើអ្នកណា។

«ជាការពិតបងមានអារម្មណ៍ដឹង តាំងពីដូនតាមកបើចង់ប្តូរវិញ្ញាណជាមួយនរណាគឺមិនត្រូវធ្វើក្នុងពិធីរៀបការទេវាមិនអាចទៅរួចឡើយ លុះត្រាតែប្តូរជាមួយបងប្អូនបង្កើត តែមើលចុះក្មេងនេះប្តូរជាមួយកូនយើងបានយ៉ាងដូចម្តេចបើគេពុំមែនជាកូនយើងនោះ?»

«ប៉ុន្តែស្ត្រីចំណាស់នោះយកកូនប្រុសយើងទៅអស់ពេលជាយូរហើយ»

«អូនក៏ដឹងថាបើសៀវភៅនោះនៅមានន័យថាកូនយើងនៅដូចគ្នាបងនឹងរកពីការពិតទាំងមូលនៃរឿងនេះ» លោកគីមសង្កត់ពាក្យសញ្ជឹងទៅដល់កូនប្រុសដែលបែកអស់ពេលជាងដប់ឆ្នាំមកហើយ។ ចំណែកបេះដូងអ្នកជាឪពុកក៏ឈឺឆ្កៀបៗពេលនឹកដល់ភាពលំបាកនៃកូនដែលបាត់អស់ពេលជាយូរខែឆ្នាំមកនេះសូម្បីតែដំណឹងបន្តិចក៏មិនដឹង។

«អូនជឿលើបង ប៉ុន្តែសូមមេត្តារកវិធីឲ្យគេដឹងខ្លួនផងចុះ នេះថេយ៉ុងនៅមើលថែគេរាល់ថ្ងៃអូនបារម្ភសុខភាពកូនយើងណាស់»

I'll Change For You (ចប់)Where stories live. Discover now