៦ឆ្នាំក្រោយមក
៦ឆ្នាំកន្លងផុតទៅអ្វីជាច្រើនបានប្រែប្រួលមិនតិចទេ សូម្បីតែហាងផ្កាសាមញ្ញរបស់ដូយ៉ុនកាលពីមុន ពេលនេះក៏ក្លាយជាធំជាងមុនឆ្ងាយណាស់ ពេលនេះក៏មានបុក្គលិកប៉ុន្មាននាក់ដែលធ្វើការនៅហាងរបស់គេ ហេរីនឯណោះ ពេលនេះក៏មិនមែនត្រឹមតែនៅមើលហាងផ្កានាងក៏ធ្វើការនៅក្រុមហ៊ុនមួយដែរបន្ទាប់ពីបញ្ចប់ការសិក្សារួចរាល់ ដូយ៉ុនឃាត់នាងដែរ ថាត្រឹមតែហាងផ្ការបស់ពួកគេក៏អាចចិញ្ចឹមពួកគេ និងកូនៗឲ្យរស់ស្រួល តែនាងមិនព្រម នាងស្ដាយចំណេះដឹងរបស់នាង ទើបចង់ទៅធ្វើការបន្ថែម។
"ប៉ាៗ អាប៉ងដូហេ ធ្វើបាបកូនទៀតហើយ" ក្មេងតូច ចងសក់ទីទុយ ភ្នែកមូលៗ រត់ទៅរកដូយ៉ុនដែលកំពុងតែអង្គុយនៅលើសាឡុងឯណោះ ទាំងញញិមញញែម។
"ប៉ាៗ កុំជឿអូន កូនមិនបានធ្វើបាបអូនដូហាទេ" បន្តិចក្រោយ ម្នាក់ទៀតក៏រត់មក មានមុខមាត់ដូចគ្នាបេះបិត ជាមួយ ក្មេងតូចច្រមិចអម្បាញ់មិញ ពួកគេជាបងប្អូនភ្លោះនឹងគ្នា កាលហេរីនពពោះកាលនោះនាងមានកូនភ្លោះប្រុសម្នាក់ស្រីម្នាក់ ពេលនេះពួកគេមានវ័យ៥ឆ្នាំហើយ។
"ដូហា នេះកូនរករឿងបងទៀតហើយ?" ដូយ៉ុនដែលយល់ស្ថានការណ៍ ក៏សួរទៅកាយតូចច្រលឹងរបស់កូនស្រី ដែលមកអង្គុយលើភ្លៅគេឯណោះ។ឈ្លោះគ្នាមិនឈប់ តែបើមានរឿងអីវិញ និយាយពីថាការពារគ្នាណាស់ ត្បិតតែឃើញនៅក្មេងបែបនេះពិតមែន។
"ហិហិ អូនឃាន់តែធើលេងជាមួយអាបងតើ"
"ចុះដូហេ?"
"ហិហិ ពួកកូនធើលេងហ្នឹងណា៎ ចង់ឲ្យប៉ាៗសើច" កម្លោះតូចនិយាយចប់ ក៏ឡើងទៅលើភ្លៅដូយ៉ុនដែរ ពីរនាក់បងប្អូននេះ ស្រឡាញ់គ្នាណាស់ បើដូហេវិញ ទោះគេបងដូហា តែប៉ុន្មាននាទី តែចរិតចេញមកជាបងគ្មានខុស។គ្រាន់តែកម្លោះតូចឡើងទៅលើភ្លៅដូយ៉ុនបានសម្រេចហើយ ទើបពួកគេទាំងបីសើចឡើងព្រមគ្នា បងប្អូនគេនេះលេងតែបែបហ្នឹង ពិសេសច្រម៉ក់កូនស្រីគេនេះ រករឿងបងរហូត អាងតែបងស្រឡាញ់ បងមិនថា បានដៃសម្បើមណាស់។
"ហ៊ីយ៉ា..ប៉ាកូនគេសប្បាយរីករាយណាស់ហ្ន៎" បន្តិចក្រោយ សម្លេងតូចស្រួសស្រឹបក៏បន្លឺឡើង ដូហាឯណោះគ្រាន់តែឃើញក៏ប្រញាប់រត់ទៅភ្លាម។
"ម៉ាក់ម៉ាក់" ក្រមុំតូចរត់ទៅឈរក្បែរហេរីន ឈោងដៃទៅឲ្យហេរីនពរ ហេរីនឯណោះឃើញហើយក៏លើកឡើងពរ រួចដើរទៅក្បែរដូយ៉ុន និងដូហេ។
"ម៉ាក់ៗហត់ទេ?" ដូហេឯណោះ ក៏ចុះពីភ្លៅប៉ា ពោលសួរម៉ាក់
"ម៉ាក់មិនហត់អ្វីទេ គ្រាន់តែបានឃើញកូនៗ ម៉ាក់ៗក៏មានកម្លាំងវិញបាត់ទៅហើយ" ហេរីនិយាយឡើង អម្បាញ់មិញនាងហត់ពិតមែន តែគ្រាន់តែបានឃើញប្ដី និងកូនៗរបស់នាងបែបនេះ នាងក៏សប្បាយចិត្ត។
យប់ឡើង
ពេលនេះដូហេ និងដូហា គេងលក់អស់ហើយ ហេរីនឯណោះនាងទើបតែចេញពីបន្ទប់ទឹកមក មកដល់នាងក៏អង្គុយនៅមុខតុសម្អាងរបស់នាង ដើម្បីលាបស្គីនឃែរ(Skin Care)មុនចូលគេង។
"លោកប្ដី.." ហេរីនពោលតិចៗ ពេលដូយ៉ុនមកឈរឱបនាងពីក្រោយ
"អូនធ្វើបន្តទៅ បងគ្រាន់តែចង់ឱបអូន" ដូយ៉ុននិយាយបណ្ដើរ កែវភ្នែកសម្លឹងមើលទៅហេរីនតាមក្នុងកញ្ចក់
"បងកើតអីឬ?" ហេរីនពោលសួរបន្តិចពេលឃើញកែវភ្នែកដូយ៉ុនដូចជាមានរឿងអី។
"បងអត់មានកើតអីទេ បងគ្រាន់តែសប្បាយចិត្ត"
"..."
"បងអរគុណអូនហើយប្រពន្ធសម្លាញ់ អរគុណអូនដែលព្រមរៀបការជាមួយបង ព្រមបង្កើតកូនៗដែលគួរឲ្យស្រឡាញ់ឲ្យបង បងមិនរំពឹងថាខ្លួនឯងពិតជាអាចមានថ្ងៃនេះទេ" ដូយ៉ុននិយាយខ្សោយៗ កែវភ្នែកសម្លឹងមើលខ្សែភ្នែករបស់ហេរីនតាមកញ្ចក់
"អូនក៏ដូចគ្នា អូនអរគុណបងដែលចូលមកជិវិតអូន អរគុណបងដែលស្រឡាញ់អូន អរគុណគ្រប់យ៉ាងដែលបងផ្ដល់ឲ្យអូន" នាងពិតជាអរគុណគេណាស់ គេជាគ្រប់យ៉ាងរបស់នាង។
និយាយចប់ដូយ៉ុនក៏ទម្លាក់មាត់ទៅជញ្ជក់ជាមួយបបូរមាត់ទន់របស់ហេរីនតិចៗ លាន់សម្លេងជីបជុប៎ៗ ស្នាមថើបដែលពោរពេញទៅដោយសេចក្ដីស្នេហា ពេញបេះដូង។
ស្អែកឡើង
ម៉ោង១០ព្រឹក
ថ្ងៃនេះជាថ្ងៃអាទិត្យ ដូច្នេះហេរីននាងមិនទៅធ្វើការនៅក្រុមហ៊ុនរបស់នាងឡើយ នាងនៅផ្ទះ ជួយលក់ផ្កានៅក្នុងហាងរបស់នាង ខណៈកូនៗរបស់នាងកំពុងលេងនៅខាងក្នុងជាមួយប៉ាៗរបស់គេឯណោះ។
"សួស្ដីអ្នកលក់" បន្តិចក្រោយ សម្លេងគ្រលររបស់មនុស្សប្រុសក៏បន្លឺឡើង ដាស់អ្នកដែលកំពុងតែឈរនៅកន្លែងរៀបចំផ្កាឯណោះឲ្យងាកមើល។
"អា៎ លោកហេស៊ុង" ហេរីនដែលគ្រាន់តែឃើញឯណោះ ក៏រហ័សពោលឡើងទាំងញញិម ពេលជួបអតីតមិត្តរបស់នាង ដែលខានជួបជិត៦ឆ្នាំទៅហើយ។
"បាទ សប្បាយចិត្តណាស់ដែលហេរីនចំណាំខ្ញុំបាន ហើយយ៉ាងម៉េចដែរប៉ុន្មានឆ្នាំនេះសុខសប្បាយទេ?" កម្លោះសង្ហាពោលទាំងញញិម ពេលដែលហេរីននៅចំណាំគេបាន។
"ចាសសុខសប្បាយទេ ចុះលោក?លោកបាត់ទៅណាប៉ុន្មានឆ្នាំនេះ?" ហេរីននាំហេស៊ុងទៅអង្គុយនៅកៅអី រួលាន់មាត់សួរ ព្រោះខានជួបយូរ។
"សុខនិងទុក្ខវាមកទន្ទឹមតែគ្នាហ្នឹងហេរីន ហើយប៉ុន្មានឆ្នាំដែលខ្ញុំមិនបានម៉ោនេះ គឺខ្ញុំទៅធ្វើការនៅឯក្រៅប្រទេស ណាមួយពេលនោះមិនទាន់កាត់ចិត្តពីហេរីនបាន ទើបចង់ទៅកាត់ចិត្តនៅទីនោះតែម្ដង" ហេស៊ុងពោលឡើងតបទៅហេរីនទាំងសើច ពីជិវិតរបស់គេប៉ុន្មានឆ្នាំមកនេះ ទៅធ្វើការជារឿងមួយ ទៅកាត់ចិត្តក៏ជារឿងមួយ។
"ហាសហា ហើយឥឡូវយ៉ាងម៉េចដែរកាត់ចិត្តបានហើយហេស៎?"
"បាទ បានហើយ អ៊ីចឹងហើយទើបរហ័សមករកពាក្យសន្យាដែលហេរីនសន្យាជាមួយខ្ញុំនោះអី"
"អូខេៗ ខ្ញុំមិនធ្លាប់ភ្លេចឡើយ" ហេរីនមិនធ្លាប់ភ្លេចសន្យាដែលនាងនិយាយជាមួយគេកាលពីមុន ថានៅពេលដែលគេកាត់ចិត្តពីនាងហើយនាងនឹងជូន ផ្កាមួយបាច់ទៅគេ ហើយធ្វើអារហារមួយពេលដែរ។
"ហើយចុះពេលនេះ រកបានមនុស្សស្រីដែលស្រឡាញ់បានឬនៅ?" និយាយចប់ ហេរីនក៏និយាយបន្ត
"បាទរកបានហើយ នាងជាជនជាតិបរទេស" ហេស៊ុងតប
"អ៊ីយ៉ា បើបែបនោះ ប្រហែលមិនមែនគ្រាន់តែមកទាមទារសន្យារបស់ខ្ញុំទេដឹង?" ហេរីន ដៀងភ្នែកញញិមបន្តិចដាក់ហេស៊ុង ហេស៊ុងឯណោះបានតែអៀនតិចៗ។
"គឺមែនហើយ ខ្ញុំក៏ចង់មកអញ្ជើញហេរីនទៅចូលរួមពិធីមង្គលការរបស់ខ្ញុំដែរ សង្ឃឹមថា ហេរីនមិនបដិសេធណា៎" ហេស៊ុងដកសំបុត្រអាពាពិពាហ៍ ចេញពីក្នុងអាវរបស់គេហុចមកឲ្យហេរីន ហេរីនឯណោះ ញញិមទទួល
"ច្បាស់ហើយ ខ្ញុំប្រាកដជាទៅមិនឲ្យខកខានទេ"
"ម៉ាក់ៗ" បន្តិចក្រោយ សម្លេងតូចស្រួយៗ របស់ក្រមុំតូចដូហាឯណោះ លាន់ឡើង ហេស៊ុងឯណោះគេក៏ភ្ញាក់ ព្រោះមិនរំពឹងថា ហេរីនកូនធំប៉ុណ្ណេះទៅហើយ។
"ម៉ាក់ៗ អ៊ំៗនេះជានរណា?" ឡើងមកអង្គុយលើភ្លៅម្ដាយហើយ ក៏សួរទៅម្ដាយ
"គាត់ជាមិត្តរបស់ម៉ាក់ៗ ជម្រាបសួរអ៊ំទៅកូន" ហេរីនពោលប្រាប់កូនតូចដែលនៅលើភ្លៅរបស់ខ្លួន។
"ជម្រាបសួរអ៊ំៗ" ដូហាដៀងក លើកដៃជម្រាបសួរទៅកាន់ហេស៊ុង ហេស៊ុងឯណោះក៏ញញិមទទួល។
"ក្មេងតូចនេះជាកូនហេរីនឬ?អាយុប៉ុន្មានហើយ?" ហេស៊ុងឃើញដូហាគួរឲ្យស្រឡាញ់ មើលចុះភ្នែកមូលៗ ចងសក់ទីទុយទៀត ផ្ទៃមុខវិញមានថ្ពាល់ទន់ៗគួរឲ្យចង់ថើបតែម្ដង ទើបហេស៊ុងក៏ញញិមសួរទៅហេរីន ហេរីនបម្រុងនឹងឆ្លើយទៅហើយ តែដូហាក៏និយាយកាត់
"អូន អាយុ៥ឆ្នាំហើយ អ៊ំៗ" ដូហាលើកម្រាមដៃបង្ហាញ កម្លោះហេស៊ុង
"ម៉ាក់ៗ" ហេស៊ុងមិនទាន់ទាំងបានតបទៅក្រមុំតូចដូហាវិញផង ក៏ឃើញកម្លោះតូចរត់មកម្នាក់ទៀត។
"នេះហេរីនមានកូនភ្លោះផងឬ...?" ហេស៊ុងពោលសួរទាំងភ្ញាក់ផ្អើល មើលចុះមុខដូចគ្នាបេះបិត គួរឲ្យស្រឡាញ់ទាំងពីរ។
"ហិហិ មែនហើយ គេឈ្មោះដូហេ"ទាញកូនមកអង្គុយក្បែរ ហើយក៏ឆ្លើយប្រាប់ហេស៊ុង។
"ម៉ាក់នេះជា.."
"អ៊ំជាមិត្តម៉ាក់ក្មួយ" ដឹងថាកម្លោះតូចចង់សួរអី ទើបហេស៊ុងពោលប្រាប់តែម្ដង។
ប៉ុន្មាននាទីក្រោយមក បន្ទាប់ពីនិយាយគ្នាមួយសន្ទុះ ដូហា និង ដូហេ ក៏៏ដូចជាចូលចិត្តហេស៊ុង ទើបច្រម៉ក់តូចៗទាំងពីរ លេងសើចជាមួយហេស៊ុង សើចសប្បាយ ធ្វើដូចមនុស្សស្គាល់គ្នារាប់ឆ្នាំ។
ក្រឡេកមកមើលដូយ៉ុនឯណោះ ឮកូនសើចដូចជាសប្បាយណាស់ ទើបដូយ៉ុនចេញមកមើល ចង់ដឹងថាកូនរបស់គេសប្បាយចិត្តរឿងអី?
មកដល់ខាងក្រៅ ដូយ៉ុននៅឈរស្ងៀមមិនដើរទៅមុខបន្ត ពេលឃើញកូនរបស់គេកំពុងលេងសើចសប្បាយជាមួយបុរសម្នាក់ បុរសម្នាក់នោះទោះយូរប៉ុណ្ណាក៏គេចំណាំដែរ បុរសដែលសារភាពស្នេហ៍ដាក់ប្រពន្ធគេនោះឯង។
"យ៉ុនបងនៅឈរទីនោះធ្វើអី?" ហេរីនងាកទៅក៏ឃើញ ដូយ៉ុននៅឈរកៀនទ្វារ ដូយ៉ុនឮហើយ មិននិយាយតបទេតែក៏ឈានជើងដើរមករកពួកនាង
"លោកមិនបាច់មិនសប្បាយចិត្តទេ ខ្ញុំមកនេះមិនមែនមកញ៉ែប្រពន្ធលោកឯណា" ហេស៊ុងឃើញស្ថានការណ៍ ដឹងថាដូយ៉ុនគិតអីទើបនិយាយប្រាប់មុន ពេលនេះគេមានមនុស្សស្រីដែលគេស្រឡាញ់ហើយ។ហើយបើពេលនោះវិញមកពីគេមិនដឹងថាហេរីនមានប្ដី ទើបគេសារភាពប្រាប់នាង នរណាទៅដឹងថាគេទៅសារភាពមុខស្វាមីរបស់គេនោះ នឹកដល់ពេលនោះពេលណាក៏យល់ថាអាម៉ាស់ដែរ។
"បើអ៊ីចឹងមែន ក៏ល្អហើយ កុំឲ្យតែដូចលើកមុនទៀតទៅចុះ" ដូយ៉ុនមកដាក់ខ្លួនអង្គុយជិតហេរីន ពោលទាំងឌឺដង ទៅកាន់ហេស៊ុង លើកនេះគេលែងខ្លាចទៀតហើយ លើកមុនគេទ្រាំនៅឈរមើល តែលើកនេះគេមិននៅឈរទៀតឡើយ។
"យ៉ុន បងកុំហួសហេតុពេក" ហេរីនឃើញដូយ៉ុនដូចជាចង់រករឿងហេស៊ុងទើបហេរីនពោលថាឲ្យអ្នកដែលអង្គុយជិត។
ខណៈដូយ៉ុនឯណោះ ឮហើយក៏បានតែញញិមព្រោះគេពិតជាចង់ឌឺមែន សង់សងសឹកកាលពីលើកមុន ដែលគេមិនបានចូលទៅថាឲ្យនោះ។
"មែនហ្នឹងប៉ាៗហួសហេតុ" ក្មេងតូចដូហាឯណោះ ទ្រាំំមិននិយាយមិនបានទើបពោលថាឲ្យប៉ាៗមិនទុកមុខ។
"ដូហានេះកូន..."
"ដូហា និយាយមិនខុសទេ ប៉ាៗ ហួសហេតុមែនហ្នឹង" មិនឲ្យដូយ៉ុននិយាយចប់ទាន់ ទើបដូហេឯណោះក៏ពោលឡើងដែរ គ្រាន់តែអ៊ំៗមកលេង ធម្មតា និយាយជាមួយម៉ាក់ៗធ្មតាសោះ ក៏និយាយឌឺដងដាក់គាត់ដែរ ខ្សែភ្នែក និងទឹកមុខគឺឌឺអ៊ំៗរបស់គេមួយទំហឹង។
"នេះ កូនៗ មិនជួយនិយាយកាន់ជើងប៉ាៗហើយ នៅនិយាយកាន់ជើងអ្នកដទៃទៀត..."ដូយ៉ុនស្ទុះងើបឡើង ដើរទៅរកដូហេ និងដូហា ដែលនៅអង្គុយលេងជាមួយហេស៊ុងឯណោះ
"ហាសហា ប៉ាៗ កុំវ៉ៃអូន" ដូហេ និងដូហា ឃើញដូយ៉ុនដើរមករក ក៏ហក់ចុះពីសាឡុងរត់ពេញផ្ទះ ដើម្បីកុំឲ្យប៉ាៗចាប់បាន ពួកគេនិយាយបណ្ដើរ សើចបណ្ដើរ រត់បណ្ដើរ ពេញផ្ទះ ដូយ៉ុនឯណោះរត់ដេញតាមដូហេ និងដូហា គោលបំណងយកមកដាស់ទោស។ខណៈឯហេរីន និងហេស៊ុងឯណោះក៏សើចឡើង ជាពិសេសគឺហេរីន សើចក៏សើច ហួសចិត្តក៏ហួសចិត្ត មើលចុះដូយ៉ុនចាស់់អាយុប៉ុណ្ណេះហើយ នៅរត់ដេញកូនៗពេញផ្ទះទៀត។~ចប់ដោយបរិបូរណ៍~
Thank you ណា៎ចា៎ ដែលបានចូលមកអានរឿងរបស់អេដមីន💋
ហើយអ្នកអានណាដែលធ្លាប់បានអានរឿងជម្រៅបេះដូងនៅក្នុងអាខោន jinaa អេដមីននឹងយកមកផុសម្ដងទៀតនៅក្នុងអាខោននេះ ព្រោះអាខោនចាស់អេដមីនចូលអត់កើត ចឹងកុំភ្លេចចាំជួយចូលអានហើយឲ្យបេះដូងឲ្យអេដមីនផងណា៎😪💋