២ថ្ងៃកន្លង
ថ្ងៃនេះជាថ្ងៃអាទិត្យ អ៊ីចឹងហើយ ហេរីនមិនទៅសាលានោះទេ នាងទំនេរនៅផ្ទះពេញមួយថ្ងៃ ទើបថ្ងៃនេះ នាងឡើងពីព្រលឹម ដើម្បីរៀបចំហាងផ្ការបស់នាង ក៏ដូចជាផ្ទះរបស់នាងផងដែរ។បើកភ្នែកឡើងភ្លាម នាងក៏ចាប់ផ្ដើមពីការសម្អាតបន្ទប់គេងរបស់នាងមុន ប្ដូរកម្រាលពូកថ្មី បោកភួយ ខ្នើយ ខោអាវរបស់នាង និងរបស់ដូយ៉ុន ។រៀបបន្ទប់គេងស្អាតបាតហើយ នាងក៏ចាប់រៀបនៅបន្ទប់ទទួលភ្ញៀវម្ដង តែនៅទីនេះដូយ៉ុន ក៏ចូលមកជួយធ្វើច្រើន ព្រោះត្រូវការលើកតុ ទូ អ៊ីចឹង ទាល់តែឲ្យដូយ៉ុន ជាអ្នកលើកទើបបាន។
កន្លងទៅចង់២ម៉ោង ទើបពួកនាងរៀបចំផ្ទះរបស់ពួកគេរួចរាល់ គិតទៅការងាររៀបចំផ្ទះទៅវាមិនមែនជាការងារធំដុំ តែក៏ត្រូវចំណាយកម្លាំង យូរគួរសមដែរ ដើម្បីធ្វើ មិនមែនដូចសម្ដី ដែលគេតែងតែនិយាយ ថាការងារតូចតាចឡើយ។
"លោកប្ដី មកញ៉ាំបបរ" ហេរីន កាន់ចានបបរពីរចាន ដាក់លើតុបាយ ព្រមទាំងបង្ហើរសំនៀងហៅស្វាមីរបស់ខ្លួន ដែលកំពុងធ្វើអីមិនដឹងនៅម្ដុំកូនផ្កាឯណោះ ខណៈដូយ៉ុនឮហើយ ក៏រហ័សតប
"បាទ បងទៅឥឡូវហើយ" ដូយ៉ុន ឆ្លើយតប រហ័សបង្ហើយការងាររបស់ខ្លួន រួចងើបសម្ដៅទៅក្នុងផ្ទះដើម្បីញ៉ាំបបរ។
ពួកគេអង្គុយញ៉ាំបបរជាមួយគ្នា និយាយគ្នាលេងបណ្ដើរ ញ៉ាំបណ្ដើរ ញ៉ាំអស់ ដូយ៉ុន ក៏ប្រមូលយកទៅលាង ខណៈហេរីន ក៏រៀបចំតុបាយឲ្យស្អាតបាត។
ម៉ោង១រសៀល
ថ្ងៃនេះ ម៉ោង១រសៀលរៀងស្ងាត់ មិនសូវមានមនុស្សច្រើន ប៉ុន្មាន តែបន្តិចក្រោយមកក៏មានមនុស្សម្នាក់ដើរចូលមក។
"សូមស្វាគមន៍ចាស៎"ហេរីននិយាយគួរសមទៅកាន់អ្នកដែលទើបតែដើរចូលឯណោះ ខណៈពេលហេរីនបានឃើញមុខអ្នកជាភ្ញៀវហើយបានតែញញឹម។
"គឺលោកទេហេស៎?" លោកដែលនាងសម្ដៅដល់នោះ គឺជាអ្នកកម្លោះដែលធ្លាប់មកទិញផ្កាកូឡាបពណ៌ស្វាយពីហាងរបស់នាងនោះឯង គេមកទិញជារៀងរាល់ថ្ងៃ ឡើងកើតជាម៉ូយរបស់នាងទៅហើយ ថ្ងៃខ្លះក៏ទិញតិច ថ្ងៃខ្លះក៏ទិញច្រើន ប៉ុន្តែក៏តែងតែចូលមកទិញជារៀងរាល់ថ្ងៃ។
"ផ្កាកូឡាបពណ៌ស្វាយមួយទងឬ?" មិនចាំសួរទៅភ្ញៀវថាត្រូវការអ្វី ហេរីនក៏និយាយតែម្ដង ព្រោះចង់មួយខែហើយ ដែលកម្លោះរូបនេះទិញផ្កាកូឡាបពណ៌ស្វាយជារៀងរាល់ថ្ងៃនោះ។ខណៈអ្នកកម្លោះដែលឮហើយបានតែញញិម។
"ហាសហា បាទ" កម្លោះរូបសង្ហា បើតាមមើលមានវ័យប្រហែលខ្ទង់២០ក្រាស ឆ្លើយទៅកាន់នាងតូចហេរីន ទាំងសើច ខណៈហេរីនឯណោះក៏ទៅរៀបចំផ្កាឲ្យគេ។
រៀបចំរួចរាល់ ហេរីនក៏ហុចវាទៅឲ្យអ្នកកម្លោះ ព្រមទាំងនិយាយសួរនាំបន្តិច
"លោកយាយរបស់លោកមិនទាន់ធូរស្បើយទៀតឬ?" ហេរីនសួរទៅកម្លោះសង្ហា ព្រោះចាំអ្វីដែលគេធ្លាប់ប្រាប់ជារឿយៗ ថាទិញវាទៅឲ្យលោកយាយនៅមន្ទីរពេទ្យដោយសារតែយាយរបស់គេឈឺ។
"បាទ អរគុណដែលអ្នកនាងសួរសុខទុក្ខ លោកយាយរបស់ខ្ញុំចេញពីពេទ្យហើយ"
"អូហ៍ បើអ៊ីចឹងប្រសើរណាស់" ហេរីនតប
"អ្នកនាងហេរីន...." រំលងទៅមិនប៉ុន្មានវិនាទី កម្លោះរូបស្រស់ក៏ហៅឈ្មោះរបស់នាង ដោយហេតុថាជាម៉ូយប្រចាំ មករាល់ថ្ងៃ ទើបស្ទើរតែក្លាយជាមិត្តភក្ដិនឹងគ្នាទៅហើយ អ៊ីចឹងហើយមិនចម្លែកទេដែលពួកគេស្គាល់ឈ្មោះគ្នានោះ។
"ចាស៎?"
"អ្នកនាងធ្លាប់និយាយថា ផ្កាកូឡាបពណ៌ស្វាយតំណាងឲ្យស្នេហាគ្រាដំបូងត្រូវទេ?"
"ចាសពិតមែនហើយ"
"អ្នកនាងដឹងទេ ថ្ងៃនេះខ្ញុំមិនបានទិញវាជូនលោកយាយខ្ញុំឡើយ គឺខ្ញុំទិញវាជូនមនុស្សស្រីដែលជាស្នេហាគ្រាដំបូងរបស់ខ្ញុំ" កម្លោះនិយាយរៀបរាប់ទាំងញញិមជាប់នឹងថ្ពាល់ ទៅកាន់ហេរីន
"ពិតមែនឬ?មនុស្សស្រីដែលជាស្នេហាគ្រាដំបូងរបស់លោក ប្រាកដជាស្រីស្អាតណាស់ហើយ ហិហិ " ហេរីននិយាយសើចធម្មតាៗ ទៅកាន់អ្នកកម្លោះ ខណៈកម្លោះឮហើយ បានតែអៀនតិចៗ។
"មែនហើយនាងស្រស់ស្អាតណាស់ ស្អាតដូចជាផ្កាកូឡាបមួយទងនេះអ៊ីចឹង...."
"ហេរីន..!.ខ្ញុំស្រឡាញ់នាង...." កម្លោះពោលទាំងហុចផ្កាមួយទងនោះទៅឲ្យហេរីន ខណៈហេរីនដែលឮឯណោះ បានតែគាំង នេះគេស្រឡាញ់នាងឬ?
ហើយមិនមែនត្រឹមតែនាងទេដែលគាំង សូម្បីតែដូយ៉ុន ដែលអង្គុយក្បែរនោះក៏ភាំងដែរ ពេលឮប្រុសដទៃនិយាយថាស្រឡាញ់ប្រពន្ធខ្លួនបែបនេះ។
"លោកនិយាយលេងសើចមែនទេ..." ហេរីនមិនជឿទាំងស្រុង គិតថាគេនិយាយលេងសើច
"ខ្ញុំមិនបាននិយាយលេងសើចទេ ខ្ញុំស្រឡាញ់អ្នកនាង អ្នកនាងជាស្នេហាគ្រាដំបូងរបស់ខ្ញុំ ខ្ញុំកើតមកជាង២០ឆ្នាំហើយ មិនធ្លាប់បានលង់ស្រឡាញ់ស្រីណាម្នាក់នោះទេ ប៉ុន្តែចំពោះអ្នកនាងវិញ គ្រាន់តែខ្ញុំបានជួបតែមួយដងសោះ ក៏យល់ថាមាននិស្ស័យបាត់ទៅហើយ...តើបានទេ?អាចផ្ដល់ឱកាសឲ្យខ្ញុំបានទេ?ព្រមធ្វើជាសង្សាររបស់ខ្ញុំបានទេ?" កម្លោះរូបសង្ហានិយាយច្បាស់ៗ ព្រមទាំងហុចផ្កាកូឡាបដែលគេទើបនឹងទិញមុននេះ ទៅឲ្យហេរីន។
"សុំទោសផង ខ្ញុំមិនអាចធ្វើជាសង្សាររបស់លោកបានទេ..."
"ហេតុអីទៅ..?" គេពោលសួរទាំងស្រងូតស្រងាត់បន្តិច
"ព្រោះខ្ញុំមានប្ដីហើយ!" ហេរីននិយាយច្បាស់ៗ ដល់ថ្នាក់កម្លោះសង្ហា ត្រូវធ្វើមុខភ្ញាក់ផ្អើល ពេលឮសម្ដីរបស់នាង ម៉េចនឹងអាចទៅ មានទាំងនៅក្មេងយ៉ាងនេះ?
"ហេរីនចង់បដិសេធខ្ញុំ ទើបកុហកខ្ញុំបែបនេះមែនទេ?"គេមិនជឿ
"ខ្ញុំទៅកុហកលោកធ្វើអី ខ្ញុំរៀបការជិតកន្លះឆ្នាំហើយ"
"តែហេរីន ហេរីននៅក្មេងយ៉ាងនេះ វាម៉េចនឹងអាចទៅរួច?" គេមិនជឿ គេដឹងថានាងនៅរៀនវិទ្យាល័យនៅឡើយទេ
"ខ្ញុំមិនបានកុហកលោកទេណា៎ លោកឧស្សាហ៍មកទីនេះណាស់ គួរតែធ្លាប់បានឃើញស្វាមីរបស់ខ្ញុំហើយ"
"...." គេបានតែស្ងាត់ ពេលខួរក្បាលនឹកឃើញដល់បុរសម្នាក់ដែលគេធ្លាប់ជួបម្ដងពេលមកទិញផ្កានៅទីនេះ ពេលនោះនាងទៅសាលាទើបគេមិនបានជួបនាង។
"ទោះពួកយើងមិនអាចធ្វើជាសង្សារនឹងគ្នា ប៉ុន្តែដូចលោកនិយាយអ៊ីចឹង ពួកយើងទាំងពីរគឺមាននិស្ស័យជាមួយគ្នា សូម្បីតែខ្ញុំក៏គិតបែបនោះដែរ ប៉ុន្តែ និស្ស័យរបស់ពួកយើងទាំងពីរ គឺត្រឹមតែជាមិត្តប៉ុណ្ណោះ អ៊ីចឹងហើយពួកយើងនៅតែអាចធ្វើជាមិត្តនឹងគ្នាបានដដែល"ហេរីន ឆ្លើយតបទាំងញញិមទៅកាន់អ្នកកម្លោះ ខណៈអ្នកម្លោះឮហើយបានតែសើចតិចៗ មនុស្សស្រីដែលគេស្រឡាញ់គឺបែបនេះ ចិត្តល្អ ស្រស់ស្អាត។
"បាទ ប៉ុន្តែខ្ញុំប្រហែលមិនងាយកាត់ចិត្តបាននោះទេ..."
"ហាសហា...កាត់ចិត្តបានពេលណាកុំភ្លេចមកប្រាប់ខ្ញុំផងឮទេ?ខ្ញុំនឹងជូនផ្កាលោកមួយបាច់ជាកាដូ..ព្រមទាំងចម្អិនម្ហូបឲ្យលោកញ៉ាំមួយពេលផងដែរ" ហេរីននៅតែរក្សាស្នាមញញិមជាប់នឹងថ្ពាល់ដដែល។
"អ៊ីចឹង មានតែខ្ញុំត្រូវប្រញាប់កាត់ចិត្តពីហេរីនហើយ ដើម្បីរហ័សបានញ៉ាំអារហារមួយពេលនោះ"
"ហាសហា ចាស!"
"ប៉ុន្តែហេរីន ហេរីនអាចទទួលផ្ការបស់ខ្ញុំបានទេ ទោះហេរីនមិនព្រមធ្វើជាសង្សាររបស់ខ្ញុំ តែហេរីននៅតែជាស្នេហាគ្រាដំបូងរបស់ខ្ញុំ ស្នេហាដំបូងសម្រាប់មនុស្សម្នាក់គឺមានតែម្ដងប៉ុណ្ណោះ ដូច្នេះហើយ ខ្ញុំចង់ឲ្យខ្លួនឯងចងចាំថា ទោះស្នេហាគ្រាដំបូងរបស់ខ្ញុំ មិនព្រមទទួលយកខ្ញុំ ប៉ុន្តែនាងក៏ព្រមទទួលយកការសារភាព និងផ្កាដែលខ្ញុំតាំងចិត្តប្រគល់ឲ្យនាងដែរ"
ខណៈដែលហេរីនឮហើយ គិតបន្តិចរួចក៏និយាយឡើង
"ខ្ញុំទទួលយកក៏បាន..." ហេរីនឈោងដៃទៅទទួលផ្កា ដែលនាងទើបនឹងហុចឲ្យគេមុននេះ កម្លោះរូបស្រស់ឯណោះ ញញិមតិចៗ យ៉ាងណាក៏នាងព្រមទទួលយកផ្កា ដែលគេតាំងចិត្តប្រគល់ឲ្យនាងដែរ។
"អរគុណហើយហេរីន ដែលព្រមទទួលយកវា ខ្ញុំទៅសិនហើយណា៎ ជួបគ្នាថ្ងៃក្រោយទៀត"
"ចាស"
"......"បានឮចម្លើយពីបបូរមាត់តូចស្អាតហើយ កម្លោះរូបសង្ហាក៏បែរខ្លួន ដើរចេញពីហាង ប៉ុន្តែពេលគេដើរជិតដល់មាត់ទ្វារចេញ គេក៏ឃើញបុរសម្នាក់កំពុងតែឈរសម្លឹងមើលមកខ្លួន ហើយទោះមិនប្រាប់ក៏គេដឹងដែរ ថាបុរសម្នាក់នេះជានរណា ទើបគេញញិមបន្តិច ដាក់ទៅកាន់រាងខ្ពស់របស់បុរសម្នាក់នោះ។វាធ្វើឲ្យគេមានអារម្មណ៍ថាអាម៉ាស់ណាស់ មើលចុះ ខ្លួនឯងបែរជាលួចមានចិត្តស្រឡាញ់ប្រពន្ធរបស់អ្នកដទៃ អ្វីដែលសំខាន់គេបែរជាបានសារភាពប្រាប់ប្រពន្ធរបស់អ្នកដទៃនៅចំពោះមុខស្វាមីរបស់នាងទៀត។Be continued 💋