សំបុត្រសារភាពស្នេហ៍ ត្រូវបានហែកចោល មិនតិចចម្រៀក ធ្លាក់រាយប៉ាយពេញទៅលើសាបខាងមុខអាគារសិក្សានៃមហាវិទ្យាល័យមួយក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រុមនិស្សិតជាច្រើននាក់ ឆោឡោចោមរោមសម្លឹងមើល វ័យជំទង់ដែលឈរយំហូរទឹកភ្នែកសស្រាក់ចំពោះមុខបុរសធ្វើឫកគ្រហើមានទឹកមុខមាំទាំកាចខ្លាំង ទំនងតែចិត្តអាក្រក់ កាចសាហាវយង់ឃ្នងទៀត។ ជាកូនអ្នកមាន មានឡាន មានផ្ទះធំទ្រនំខ្ពស់ មានគ្រប់អ្វីៗដែលល្អប្រសើរ ចូលមកក្នុងជីវិត ខុសប្លែកពីអ្នកដែលត្រូវគេបដិសេចស្នេហ៍ជាកូនអ្នកក្រីក្រលក់នំប៉ាវដាក់រទេះរុញជាមួយម្តាយចាស់ត្រុកៗសព្វថ្ងៃតែប៉ុណ្ណោះ។
«អាកូនអ្នកក្រ!» សម្តីមួយម៉ាត់ៗ ចុកធ្លុះដល់ខួរអ្នកសណ្តាប់ មួយម៉ាត់ណាក៏ជេរដៀលត្មិះ មួយម៉ាត់ណាក៏ហាស្តីមើលងាយបីដូចជាកំពុងឈរចំពោះមុខគំនរសំរាម ទាំងស្តោះ ទាំងខាក ទាំងខ្ជាក់ ទាំងរអើម សូម្បីតែខ្សែភ្នែកដែលសម្លឹងមើលមកក៏ពោពេញទៅដោយការពេបជ្រាយជម្រេញ។
«មុខដូចជាឯងនេះអ្ហេ?មានសមត្ថភាពមកស្រលាញ់កូនអ្នកមានដូចជាយើងបាន?មានដួសទឹកដាក់ត្រឡោកឆ្លុះមើលមុខសម្រែៗខ្លួនឯងខ្លះទេ គួរឱ្យខ្ពើមមែន អាសម្រែ អាស្រែ អាកូនអ្នកក្រ អាក្មេងមកពីតាមខេត្ត!» សំឡេងស្រែកកាន់តែប្រកូកបន្លឺខ្លាំងឡើងៗ ទាញយកចំណាប់អារម្មណ៍អ្នកដទៃទៀតឱ្យងាកបែរមកសម្លឹងមើលព្រឹត្តិការណ៍ដ៏ចម្លែកប្លែកភ្នែកមួយនោះ។
កែវភ្នែកជាច្រើនបានសម្លឹងមើលចូលមកតាមដោយសំណើចពេបជ្រាយ ចំអកឡកឡាយ ថែមទាំងលាន់មាត់ខ្សឹបខ្សៀវគ្នា និយាយឌឺដងផ្លែផ្លា បីដូចជាប្រមូលគ្នាមកជាន់ឈ្លីលើសម្ពាធអារម្មណ៍អ្នកដែលត្រូវគេជេរដៀលយ៉ាងអាម៉ាស់មុខ។
«ហ៊ឹកៗៗ!!» ដំណក់ទឹកភ្នែកហូរស្ទើរខ្សោះ រាងកាយតូចស្គមស្តើង ចាប់ផ្តើមញ័រឱ្យទទ្រើក សូរសម្រឹបជើងស្រឡូនក៏ចាប់ឈានរត់ចេញទៅឥតបង្អង់ល្បឿន បេះដូងឈឺចុកផ្សារស្ទើរតែគ្រាំប្រេះទាំងបំណែកៗ។
«ចង្រៃយ៍មែន» ប្រអប់ជើងបុរសសង្ហាលើកឈូសឆាយកម្ទេចសំបុត្រឥតប្រយោជន៍ផាត់ចេញ ពីមុខ ពីមាត់ ទាំងអារម្មណ៍មួម៉ៅ ក្តៅក្រហាយសព្វទ្រូង មិនដឹងជាថ្ងៃចង្រៃស្អីកាត់ព្រលឹមមកយកសំបុត្រឆ្កួតៗ មកបង្ហាញឱ្យគេមើលឃើញហើយ អត់ជេរប្រទេចបណ្តាសារមិនបានពិតមែន។
«កើតស្អីមួម៉ៅទាំងព្រឹកព្រលឹម?» ឈានប្រអប់ជើងចូលដល់ខាងក្នុងថ្នាក់រៀនភ្លាម សំណួរដ៏មុតស្រួចបានបាញ់ចូលមកផាំងកណ្តាលមុខរាងខ្ពស់ស្រឡះក្នុងទឹកមុខក្រហមងាំង។
«អាកូនអ្នកលក់នំប៉ាវ..អាកូនអ្នកក្រនោះ វាមកសារភាពថាស្រលាញ់យើងកណ្តាលមុខគេឯង ខ្ពើមមែនវ្ហើយ!!» គ្រាន់តែនឹកគិតដល់រឿងនុះភ្លាមក៏ព្រឺសម្បុរដែរ គិតហើយចង់តែស្រែកជេរដៀលអាក្មេងមុខស្លូតៗ សក់ក្បាលពណ៌ត្នោតស្រាលម្នាក់នោះឱ្យបែកអាកាសទៅហើយទេ។
«តែយើងថាក្មេងនោះ មាននិស្ស័យល្អណាស់តើ ចេះជួយយកឧស្សាហ៍ម្តាយ ចេញពីរៀនក៏ទៅជួយរុញរទេះលក់គិតមើលទៅមានអីមិនល្អ?»
«បើនិស្ស័យល្អ ស្រលាញ់ខ្លួនឯងទៅ..យើងមើលមិនចូលភ្នែកទេ!» អ្នកដែលត្រូវគេញ៉ោះ ចាប់សំដែងទឹកមុខខឹងសម្បារដូចខ្មោចចូល ទាំងខឹង ទាំងក្តៅក្រហាយ នៅមិនសុខ មិនទាន់អស់ចិត្ត ពេលបើកឃើញសំបុត្រសរសេរប្រយោគឆ្កួតឡប់ឡែរអស់ទាំងនោះ ធ្វើឱ្យអារម្មណ៍របស់គេច្របូកច្របល់ ធុញទ្រាន់ រៀនក៏មិនចូលចង់លេបស្អីចូលពោះក៏មិនឆ្ងាញ់ត្រូវមាត់ដែរ។
«ខឹងហ៊ឺ?» ដុងហ៊ូ ញញិមញញែមលូកដៃចូលទៅកេះស្មាមាំក្រាស់តាមដោយទឹកមុខអស់សំណើច។
«គិតថាកំប្លែកអ្ហេ?» អ្នកកំលោះមុខមូវ ងាកមកស្រែកគំហកទាំងកែវភ្នែកក្រហមឆើត មើលតែមុខក៏ដឹងថាខឹងកើតចិត្តដូចភ្លើងឆេះពេញដងខ្លួនទៅហើយដែរ។
«គ្រាន់តែញ៉ោះឱ្យខឹងលេង..ល្ងាចនេះមានណាត់ឯងទៅទេ?»
«ណាត់ស្អី?» នាយឧទានព្រមទាំងជ្រួញចិញ្ចើមធ្វើមុខឆ្ងល់។
«ណាត់ជាមួយ អ៊ុនយូ!» ស្នាមញញិមដ៏ស្រស់ស្រាប់តែធ្លោយឡើងខុសប្លែកពីមុននេះដែលធ្វើមុខងាប់ដូចគេចាប់យកទៅបាញ់ចោល។
ផប់ស្ត្រីត / Pub street
មកដល់កន្លែងសប្បាយមួយ សម្បូរទៅដោយវ័យជំទង់ ស្របាលៗគ្នាច្រើនមកកម្សាន្តជាក្រុមៗអង្គុយផឹកស៊ីសើចយ៉ាងសប្បាយ បរិយាកាសនៅទីនេះល្អគួរសម បូករួមទាំងរសជាតិអាហារឆ្ងាញ់ៗ គ្រាន់បើបន្ថែមទៀត។ ចង្វាក់តន្រ្តីក៏ពិរោះរណ្តំចិត្ត ដ្បិតសំឡេងដ៏ស្រទន់ផ្អែម ហាក់បានអន្ទងចិត្តដល់អ្នកដែលបានស្តាប់យ៉ាងរីករាយ។
នៅពេលដែលជំនួបពិសេសបានបង្កើតឡើង ក្រោមពន្លឺភ្លើងរាត្រីពណ៍ក្រហមដែលញ៉ាំងឱ្យទស្សនីយ៍ភាពខាងក្នុងផប់ស្ត្រីតទាំងមូលទទួលបានការចាប់អារម្មណ៍យ៉ាងប្លែកចម្លែកចិត្ត។ នាខណៈនោះសំឡេងស្រែកហ៊ោទះដៃស្រាប់តែបន្លឺយ៉ាង ទ្រហឹងអឺងកងលាន់រំពង បាច់ផ្កាមួយបាច់ យ៉ាងធំត្រូវបានប្រគល់ជូននារីដ៏ស្រស់ស្អាត ក្នុងឈុតឆាកស្នេហាដ៏រោមមែនទិក។
នារីនោះបានទទួលយកបាច់ផ្កាយ៉ាងពេញចិត្ត ជំនួបណាត់ដ៏វិសេសមួយនេះ បានធ្វើឱ្យអ្នកកំលោះសង្ហាស្ថិតខាងក្នុងឈុតសម័យហ៊ឺហារ ញញិមបានយ៉ាងស្រស់ប៉ប្រិមនិងលើកកែវស្រាជល់ជាមួយដៃគូរស្នេហ៍ទាំងមិនភ្លេចផ្តល់ស្នាមញញិមដ៏ផ្អែមល្ហែមមួយទៅកាន់នាងយ៉ាងស្និទ្ធស្នាល។
«អរគុណបងច្រើនណាស់ ជុងហ្គុក!» គ្រាន់តែឮសូរឈ្មោះក៏រះជះឥទ្ធិពលសម្បើមណាស់ដែរ។
ចន ជុងហ្គុក បុរសសង្ហា រាងខ្ពស់ស្រឡះ មានវ័យ ២១ឆ្នាំ ជានិស្សិតឆ្នាំទី២ នៃមហាវិទ្យាល័យដ៏ទំនើបមួយក្នុងប្រទេសកូរ៉េខាងត្បូង។ ជាកូនប្រុសម្ចាស់ស្ថាបនិកមួយរូប ដែលកាន់កាប់ទូទៅផ្នែក គ្រឹះស្ថាន មូលដ្ឋានគ្រឹះ សិក្សា ថែមទាំងជាកូនប្រុសម្ចាស់ជំនួញ ដែលល្បីល្បាញថាជាអ្នករកស៊ីជួរមុខមានឥទ្ធិពលខ្លាំងជាងគេនៅក្នុងចំណោម អ្នកជំនួញ ទាំងអស់ ប្រចាំប្រទេសទៀតផង។
កូនប្រុស តែមួយគ្រាប់ ជាមរតកដ៏មានតម្លៃ នៃវង្សត្រកូល “ចន” កំពុងតែធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនិងកោតសរសើរពីរូបសម្បិត្តរបស់គេជាខ្លាំង រូបរាងដ៏សង្ហា ស្រីណាក៏បាក់ចិត្តលុង ស្រលាញ់ ទាំងមានហ៊ឺហារ ជីវិតដ៏ឡូយឆាយ កាន់តែរៀបរាប់ រឹតតែស្ញប់ស្ញែងច្រណែនពីជោគវាសនារបស់គេជាខ្លាំង។
«ផ្កាមួយបាច់នេះវាមិនថ្លៃទេ អ៊ុនយូ ចាំបាច់អីអរគុណបងដល់ម្លឹង? នៅមានរបស់ច្រើនទៀតណាស់ ដែលបងចង់បង្ហាញឱ្យអូនបានឃើញបន្ថែមទៀត!» អ៊ុនយូ ញញិមស្រស់ដាក់នាយក្រសោបឱបផ្កាដែលបុរសជាសង្សាបានប្រគល់ឱ្យយ៉ាងជាប់ មើលទៅនាងមានក្តីសុខខ្លាំងណាស់ មនុស្សស្រីដទៃ ចូលមកច្រណែនជីវិតនាងគ្រប់គ្នា សូម្បីតែក្មេងប្រុសជាកូនអ្នកក្រ ដើរលក់នំប៉ាវតាមរទេះឯណោះ ក៏លួចកួចចិត្តច្រណែនចំពោះនាង ដល់ថ្នាក់រលីងរលោងទឹកភ្នែកផងដែរ។
«អេ៎មើលនុះ?» ដុងហ៊ូ លាន់មាត់ស៊ីញ្ញូប្រាប់ទៅកាន់មិត្ត អ្នកដែលបែរខ្នងអង្គុយចាប់ភ្លឹកពីសម្រស់ស្រស់ស្អាត ស្រាប់តែបែរខ្សែភ្នែកមកសម្លឹងមើលវ័យជំទង់ដែលឈរលក់នំប៉ាវទាំងឫកពាមមាញឹកជាមួយអ្នកទិញ ទឹកមុខក៏មិនសូវជាស្រស់បស់ តាមគំនិតគេគិត បែបមិញនេះបានឃើញពីអ្វីដែលគេជាមួយនិងមិត្តស្រីផ្អែមល្ហែមចំពោះគ្នារួចទៅហើយ ប្រហែលឈឺចិត្ត ស្អិតទ្រូងយំជោកថ្ពាល់រហាមដូចកាលពីព្រឹកព្រលឹមមិញផងក៏មិនដឹង។
«អរគុណ!» រាងតូចស្គមស្តើងប្រញាប់និយាយពាក្យអរគុណទៅកាន់អ្នកអញ្ជើញមកទិញនំប៉ាវខ្លួន រួចរហ័សចាប់រុញរទេះដើរចេញទៅផុតពីខ្សែភ្នែកអ្នកដែលអង្គុយសម្លឹងមើលចូលមកតាមដោយទឹកមុខញោចញញិមចំអកមិនខុសប្លែកកាលពីព្រឹកឡើយ។
«មានអ្វីមែនទេបង?» អ៊ុនយូ ធ្វើជានឹកសួរ កាលបើឃើញគេក្រឡេកទៅសម្លឹងមើលក្មេងអូសរទេះម្នាក់នោះយូរគួរសម។
«អរគ្មានទេ ពួកយើងញាំអាហារបន្តទៅ!» ជុងហ្គុក ប្រាប់នាងព្យាយាមបង្វែររឿងដោយជួយចាប់ម្ហូបដាក់ចូលទៅក្នុងចានឱ្យនាងបន្ថែម។
ថេយ៍!
គីម ថេយ៉ុង មានវ័យ ២០ឆ្នាំ ដែលអង្គុយសំកុកភ្លឹកៗខាងក្នុងបន្ទប់ស្រាប់តែភ្ញាក់កន្ទ្រាក់ស្មាស្រឡូនឡើង។ កាលបើឮសូរសំឡេងដ៏ក្រអួន ធ្លោយចេញពីបបូរមាត់ស្ត្រីចំណាស់ នៅឯមាត់ទ្វារក្នុងបន្ទប់ខាងណោះ។
«តាំងតែពីព្រឹកមកដល់ថ្មើរណេះ ម៉ែឃើញកូនស្ងៀមស្ងាត់មករហូតបារម្ភរឿងគ្មានលុយបង់ថ្លៃសាលាមែនទេ មិនបាច់ភ័យទេម៉ែទូទាត់ឱ្យគ្រប់ៗបង់ថ្លៃរាល់ខែស្រាប់ទៅហើយ!» ម្តាយចាស់ថាចប់ដាក់ម្សៅដែលលាយឡំចូលគ្នា ចូលទៅក្នុងថាសធំមួយសម្រាប់ ចាប់យកមកមូលជាដុំកណ្តាប់ធំៗហៀរបាតដៃ ញាត់ស្នូលសាច់ចូល ទុកដាក់រៀបចំ ចំហ៊ុយ។
គាត់ត្រូវធ្វើនំប៉ាវចាប់តាំងពីពាក់កណ្តាលយប់អាធ្រាត្រ ល្មមដល់ពេលព្រឹកស្អែក បានយកទៅដាក់ឱ្យម៉ូយ បានកម្រៃយកទៅទិញគ្រឿងមកផ្សែផ្សំទុកលក់បន្ថែមគ្រាន់បានប្រមែប្រមូលកើបប្រាក់ចំណេញសេសសល់បន្តិចបន្តួចច្បិចៗបានចិញ្ចឹមកូនខ្លះដែរ។
«កូនខ្លាចថាម៉ែពិបាក កូនចង់រកការងារក្រៅម៉ោង មកធ្វើបន្ថែមដែរ គ្រាន់តែអាចជួយដោះទ័លម៉ែបានខ្លះ!»
«ឯងទៅធ្វើស្អីបាន? ម៉ែម្នាក់ឯងលក់ឡើងល្វីងមុខហើយ បើឯងមិននៅជួយទៀត ម៉ែបានគ្នាមកពីណាជួយដុតដៃដុតជើង លក់អស់ៗរាល់ថ្ងៃទៅ?» គាត់និយាយក៏ត្រូវម្យ៉ាងដែរ តែគេឯណោះចាស់ចិត្ត ចាស់គំនិត ចេះចង់មាន ចង់បាន ខ្លាចថាម្តាយពិបាក ម្តាយជរា ហត់នឿយណាយច្រើន ទើបនឹកចង់រកការងារធ្វើបានលុយកាក់ជួយដោះស្រាយជីវភាពប្រចាំថ្ងៃដែរ។
«មើលទៅដូចមិនទៅមុខសោះម៉ែ!» ស្តាប់ទៅ គេនិយាយដូចអស់សង្ឃឹមណាស់ ថាទៅក៏ម្យ៉ាងដែរ ព្រោះអាមុខរបរតាមចិញ្ចើមថ្នល់នេះឥឡូវ មិនសូវមានអ្នកចាប់អារម្មណ៍ទេ ព្រោះគេរវល់ខ្វល់គិតរឿងអនាម័យ គុណភាព រស់ជាតិ ជាចម្បង។
«មុខរបរនេះម៉ែប្រកបមកជាង ២០ ឆ្នាំហើយ ចាប់តាំងពីឯងកើតមក ម៉ែលក់ដូរថ្នឹកដៃអស់ទៅហើយ បើមិនរកមួយមុខនេះទេគ្មានអ្វីផ្សេងធ្វើឡើយ ហឹះ..ម៉ែរៀនបានតិចណាស់កូន បញ្ហាជីវិត វាស្ថិតលើប្រាជ្ញានិងឯង ម៉ែខ្លាចឯងល្ងង់ ខ្លាចឯងក្រដូចជាម៉ែ បានថាម៉ែប្រឹងណាស់ ដើម្បីរកទុក រកដាក់ ឱ្យឯងមានបានខ្ពស់មុខខ្ពស់មាត់ទៅថ្ងៃក្រោយនិងគេ កុំទៅគិតច្រើនអីកូន ទាន់ម៉ែនៅមានកម្លាំង ម៉ែនៅតស៊ូបាន ប្រឹងប្រែងរៀនឱ្យចប់ចុង ចប់ដើមទៅ សល់ពេលតែ ២ ឆ្នាំទៀតរៀនចប់ ប្រឡងយកសញ្ញាបត្រ ពេលនោះឯងចង់ធ្វើការអី ក៏ធ្វើទៅម៉ែលែងបង្ខំ លែងហាមឃាត់ឯងទៀតហើយ!»
«ថេយ៍ស្រលាញ់ម៉ែណា!» កំលោះតូចរុលខ្លួនត្បុលចូលទៅឱបចំណាស់ ព្រមទាំងយំរហាមដាបទឹកភ្នែក អាណិតម្តាយដែលខំប្រឹងតស៊ូ ហូរញើស ហូរឈាម កាត់ថ្លៃក្តៅ យប់ព្រលប់ ផ្គរភ្លៀងយ៉ាងណា ក៏តស៊ូទៅមុខបាន ព្រោះគ្រប់យ៉ាង ខំខ្នះខ្នែងធ្វើដើម្បីកូនសព្វគ្រប់បែបយ៉ាង។
«ទៅដេកទៅណាកូនណា..កុំបារម្ភពីម៉ែអី!»
«បាទ!» ថេយ៉ុង ញញិមតបទៅនឹងប្រយោគម្តាយ ហើយបែរទៅរកបន្ទប់ដេក តាមដោយសំណើមរមៀលធ្លាក់ចុះមកច្រោកៗគ្មានអ្វីឃាត់ឃាំង រូបភាពនិងកាយវិការស្និទ្ធស្នាល សំឡេងស្រែកហ៊ោទះដៃបូករួមទាំងខ្សែភ្នែកបុរសម្នាក់នោះបានសម្លឹងមកកាន់គេ ទិដ្ឋភាពគ្រប់យ៉ាងបានឆ្លុះបញ្ចាំងរឿងរ៉ាវដ៏ឈឺចាប់គ្រាំចិត្ត ស្រាប់តែត្រសុលចូលមក រុករានឆ្កឹះឆ្កៀលបេះដូងក្នុងទ្រូងឆ្វេងឱ្យឈឺខ្ទាំស្រពោនស្ទើរតែរលួយ ព្រោះតែពាក្យថាស្នេហាទើបគេបណ្តោយខ្លួនឱ្យមកវេទនាឈឺចាប់ដល់ថ្នាក់ដេកយំត្រាំត្រែងក្នុងសមុទ្រទឹកភ្នែកខ្លួនឯងខ្លាំងយ៉ាងនេះ។
( អាកូនអ្នកក្រ )
( មុខដូចជាឯងនេះអ្ហេ?មានសមត្ថភាពមកស្រលាញ់កូនអ្នកមានដូចជាយើងបាន?មានដួសទឹកដាក់ត្រឡោកឆ្លុះមើលមុខសម្រែៗខ្លួនឯងខ្លះទេ គួរឱ្យខ្ពើមមែន អាសម្រែ អាស្រែ អាកូនអ្នកក្រ អាក្មេងមកពីតាមខេត្ត! )
«ជាតិនេះខ្ញុំប្រហែលជាគ្មានសំណាងបាននៅក្បែរបង ដូចស្រីម្នាក់ដែលបងស្រលាញ់ពេញចិត្តនោះទេ.. ខ្ញុំគួរបញ្ចប់វាដោយខ្លួនឯង ខ្ញុំមិនគួរយកខ្លួនទៅបៀតក្បែរ កូនអ្នកមានដូចជាបងទេ!» ម្តងនេះ គេយំផ្សើមខ្នើយកើយជោក ចង្វាក់បេះដូងប្រែជាលោតលឿនញាប់សន្ធឹក ទឹកភ្នែកហូរស្រក់រមៀលម៉ាត់ៗឥតឈប់ឈរ ខណៈក្នុងបំពង់កក៏ប្រឹងដកទាំងដង្ហក់និងអួលណែនជាខ្លាំង។
ស្អែកថ្ងៃថ្មី
មេឃស្រទុំពពករសាត់អណ្តែតខ្មៅខ្មួរខ្មាញ ហៀបបម្រុងធ្លាក់ភ្លៀង ខ្យល់ធ្លាក់ត្រសៀកចុះមក ប៉ះផាត់ផ្ទៃមុខវ័យជំទង់ដែលប្រឹងបំបោលកង់បញ្ច្រាស់ខ្យល់សឹងតែរលំដោយសារតែខ្យល់បក់បោកខ្លាំងៗពេក។
ថេយ៉ុង ផ្ទៀងផ្ទាត់មើលម៉ោងនាឡិការដៃ សល់ពេលមិនច្រើនទៀតទេជិតដល់ពេលចូលរៀនហើយ តែគេទៅពុំទាន់ ព្រោះកាលពីព្រលឹមអុលនៅជួយយកនំប៉ាវដាក់មូយឱ្យម្តាយយូរពេក ណាមួយធ្វើដំណើរដោយសារកង់ផ្លូវទៅមហាវិទ្យាល័យក៏ឆ្ងាយគួរសមទៀត ទើបគេតែងតែមករៀនយឺតសឹងតែរាល់ថ្ងៃ។
ឈូរ!!!
ថាភ្លៀងក៏ភ្លៀងមែន!
“អាយសម្លៀកបំពាក់របស់ខ្ញុំ!!!”
ឆាច់!!!
ឡានទំនើបបើករត់កាត់គន្លុកក្នុងល្បឿនលឿនខ្លាំង បណ្តាលឱ្យទឹកក្នុងថ្លុកសាចឡើងបាចប្រឡាក់ទៅលើដងខ្លួនស្គមតូចច្រឡឹងប្រឡាក់ប្រឡូសសុទ្ធតែលម្អងធូលីដីនិងទឹកសម្អុយជោកពេញទាំងខ្លួន។
«ហ៊ើយ!!!» ថេយ៉ុង ឱនសម្លឹងមើលឯកសណ្ឋានរបស់ខ្លួន តាមដោយទឹកមុខស្អុយប៉ែ កាលបើឈុតដែលត្រូវស្លៀកព្រឹកនេះប្រឡាក់អស់ទៅហើយ គេក៏គ្មានអារម្មណ៍ហ៊ានឈានជើងចូលមហាវិទ្យាល័យដែរ បើទៅមានតែខ្មាស់គេ តែបើមិនទៅក៏ត្រូវប្រឡងសងថែមទៀត។
YOU ARE READING
សង្ឃឹមបេះដូងបងមានអូន ♡
RomanceJungkook Top / Taehyung Bottom ប្រភេទ : high school ប្រភពរឿង : ប្រទេសកូរ៉េខាងត្បូង