ភាគ១០÷មិត្តប្រុស

2.5K 176 1
                                    

       ជុងហ្គុក ឈរស្ងៀមធ្មឹង នៅពេលដែលសំឡេងយំប្រែជាស្ងាត់ រាងតូចក្នុងទឹកមុខស្រពាប់ស្រពោនដើរតម្រង់ទៅចាប់យកប្រអប់ថ្នាំមកបើកគម្រប ដកយកដបប្រេងមកលាបរបួសរម្ងាប់ការឈឺចាប់បញ្ចេញសំឡេងសង្កៀតតាមជើងធ្មេញបណ្តាលឱ្យអ្នកម្ខាងទៀតញោចស្មារតីមានអារម្មណ៍ថាខុសចំពោះ ថេយ៉ុង ជាខ្លាំង។
       «លោកញាំអីហើយនៅ?» ត្រូវគេវាយតប់ធ្វើបាបប៉ុណ្ណឹងហើយ នៅខ្វាយខ្វល់បារម្ភពីសុខទុក្ខរបស់គេទៀត រឿងក្រពះ រឿងឈឺថ្កាត់ រឿងភ័យខ្លាច ថេយ៉ុង ពុំដែលអូសរំលងចិត្តដែលតែងតែមានការព្រួយបារម្ភនឹកនាចំពោះ ជុងហ្គុក ម្តងណានោះឡើយ ទោះបីជានាយធ្វើខុស នាយនិយាយស្តីមិនពិរោះពិសា វាយតំ ធ្វើបាប ជេរប្រមាថយ៉ាងណា ក៏កំលោះតូចពុំដែលយកទោសពៃរ៍ ថែមទាំងជួយឈឺឆ្អាលរឿងគេទៀត។
       «ខ្ញុំយកអាហារមកខ្លះដែរ លោកចង់ញាំទេ?» ថេយ៉ុង បោះជំហ៊ានដើរសំដៅទៅចាប់យកស្បោងមានខ្ចប់ប្រអប់អាហារមកដាក់នៅលើតុបាយ រួចក្រឡេកមកសម្លឹងមុខបុរសឃោឃៅដែលឈរធ្វើខ្លួនមិនព្រមអើពើនិងសម្តីរបស់ខ្លួនសោះ។
     «ដៃលោកមានរបួសមែនទេ?» នៅពេលដែលឃើញថាដៃនាយចងបង់រុំរបួស ទឹកមុខកំលោះតូចប្រែជាឆ្លេឆ្លាដេញដោលសួរមករំពេច។
     «កុំមកខ្វល់និងយើង!» ជុងហ្គុក ស្រែកគំហករហូតដល់ ថេយ៉ុង ភ្ញាក់ស្ទើរលស់ព្រលឹង។
     «លោកខឹងនិងខ្ញុំរឿងអី?» ថេយ៉ុង តាំងចិត្តហើយថានិងសួរនាំគេពីរឿងទាំងនេះឱ្យបានច្បាស់។
     «យើងគ្មានហេតុផលអ្វីត្រូវឆ្លើយប្រាប់ឯងទេ!» មាត់រឹង ចិត្តខុសពីសម្តី ពូកែលាក់អារម្មណ៍ ពូកែសំដែង មនុស្សប្រុសដូចជាគេនេះពិបាកយល់ចិត្តណាស់។
     «លោកអាចនិងគ្មានហេតុផលឆ្លើយប្រាប់ខ្ញុំបាន ប៉ុន្តែលោកកំពុងតែលាក់អារម្មណ៍ពិតនៅពីក្រោយខ្នងរបស់ខ្ញុំ ពូកែធ្វើឱ្យខ្ញុំយំណាស់ លោកបន្តធ្វើទៀតទៅ ទឹកភ្នែករបស់ខ្ញុំទាំងប៉ុន្មាន ទោះវាអាចហូរលិចលុងខ្លួនខ្ញុំស្លាប់ ក៏លោកគ្មានថ្ងៃយល់ដែរ!»
     តើពេលនេះ ជាពេលក្លាហានអ្វី ដែលហ៊ានទៅស្រែកដំឡើងសំឡេងតឹងសរសៃកដាក់អ្នកម្ខាងទៀត ព្រមទាំងហ៊ាននិយាយបញ្ឈឺបញ្ចោះចិត្ត ដោយមិនខ្លាចថាបុរសម្នាក់នេះ អាចមានកំហឹងខឹងចំពោះខ្លួនដល់កម្រិតណានោះឡើយ។
     «ហេតុអី្វយើងចាំបាច់ត្រូវយល់ពីអាកូនអ្នកក្រដូចជាឯង?»
     សម្តីដ៏មុតស្រួចដូចជាផ្លែកាំបិតចាប់ផ្តើមចាក់រុកឆ្កឹះឆ្កៀលក្នុងដើមទ្រូងកំលោះតូចឱ្យឈឺរកថាមិនត្រូវ ខណៈទឹកភ្នែកក៏ស្រាប់បុកច្រាលហូរជ្រាបស្រក់ចុះមកតក់ៗទន្ទឹមនិងសន្ធឹកចង្វាក់បេះដូងផ្ទុកទៅដោយសរសៃឈាមលោតផ្តើមខុសចង្វាក់មួយប៉ប្រិចភ្នែក។
     «អ៊ីចឹងទាំងនេះក៏ជាជីវិតរបស់ខ្ញុំ លោកមិនចាំបាច់ព្យាយាមយល់ក៏ល្អព្រោះខ្ញុំនិងប្រឹងប្រែងរស់ឱ្យបានល្អបំផុត ដោយខ្លួនឯង!»
     «កុំហ៊ានប្រហើនចំពោះយើងឱ្យសោះ!!» ជុងហ្គុក មិនត្រូវការស្តាប់ពាក្យសម្តីគ្មានបានការ ទើបកញ្ជ្រោលស្ទុះទៅចាប់ក្របួចកអាវ ថេយ៉ុង ញ៉ឹងឡើងអស់មួយទំហឹង។
     «មួយម៉ាត់ណាក៏អាកូនអ្នកក្រ ពីម៉ាត់ណាក៏អាកូនអ្នកក្រ លោកមើលឃើញថាខ្ញុំជាសំរាមរហូត ខ្ញុំគ្មានតម្លៃ ខ្ញុំដឹង ខ្ញុំអន់ ខ្ញុំ ដឹង ខ្ញុំក្រ ខ្ញុំដឹង តែលោកមិនដែលដឹងទេ ថាអ្នកក្ររាល់ថ្ងៃនេះ ព្យាយាមខិតខំប្រឹងប្រែងរស់នៅយ៉ាងណាដើម្បីតស៊ូ ដើម្បីជីវិតមួយនេះ ខ្ញុំជាក្មេងកំព្រា ឪពុកបោះបង់ចោល ម្តាយក៏ស្លាប់ចោល លោកសប្បាយចិត្តណាស់អ្ហេស ចូលចិត្តប្រើអារម្មណ៍ខឹងស្អប់មកជាន់ឈ្លី គាបសង្កត់ជីវិតរបស់ខ្ញុំឱ្យ ឈឺយ៉ាងនេះ ហ៊ឹកៗ..ខ្ញុំទៅធ្វើអ្វីអាក្រក់ដាក់លោក បើខ្ញុំរស់នៅតែជាខ្ញុំ ខ្ញុំមិនដែលទៅបំពាន បង្ករឿងរ៉ាវស្មុគស្មាញក្នុងជីវិតឱ្យលោកធុញថប់ លោកស្អប់ខ្ញុំណាស់ ខ្ញុំក៏ឈឺណាស់ណាទៅហើយ ទម្រាំតែឮពាក្យសម្តីបែបនេះទៀត ជីវិតរបស់ខ្ញុំរង់ទុក្ខច្រើនខ្លាំងណាស់!» ខំប្រឹងយំបង្ហាញដំណក់ទឹកភ្នែកដ៏សែនឈឺចាប់ប៉ុណ្ណឹងទៅហើយ រៀបរាប់យ៉ាងឈឺចុកចាប់ខ្លោចផ្សារ បៀមទុក្ខគ្រាំចិត្តឈឺយ៉ាងហ្នឹង ក៏គេនៅតែមិនព្រមស្វែងយល់ទៀត។
     «ខ្ញុំគ្រាន់តែស្រលាញ់លោក? ខ្ញុំមិនដែលគិតចង់បានអ្វីពីលោកទេ លោកក៏ដឹង តែការស្រលាញ់មួយនេះ ដូចរស់នៅក្នុងពិភពលោកតូចចង្អៀតមួយ ខ្ញុំពិតជាពិបាកហើយឈឺចាប់រកថាមិនត្រូវឡើយ!» ថេយ៉ុង កើតចិត្តសង្វេគជីវិតខ្លួនឯង ដល់ថ្នាក់យល់ថាខ្លួនឯងកំពុងតែធ្លាក់ខ្លួនថោកទាប ព្រោះសេចក្តីស្នេហាដែលតែងតែព្យាយាមខិតខំថែរក្សាវាតែម្ខាង ចំណែកឯបុុរសដែលគេបានស្រលាញ់អស់ពីចិត្ត នាយម្នាក់នោះពុំបានយល់ ហើយរវល់យកខ្សែភ្នែកមកសម្លឹងមើលពីការឈឺចាប់ដែលរាងតូចកំពុងតែជួបប្រទះ សរុបសេចក្តីមកគេមិនបានទាំងខ្វល់ផង មិនបានទាំងចាត់ទុកថារឿងដែលខ្លួនបានធ្វើ អាចធ្វើឱ្យមនុស្សតែម្នាក់ស្លាប់ចិត្តគំនិតដោយប្រយោលបានឡើយ។
     «បើពិបាកណាស់ឈប់ទៅ ឈប់ត្រឹមនេះ ឱ្យចប់ត្រឹមនេះ ហើយចប់រហូតទៅ!» ជុងហ្គុក និយាយទាំងកំហឹង និយាយទាំងមិនបានគិតថា ថេយ៉ុង អាចនិងដាច់ខ្យល់ស្លាប់ក្នុងវិនាទីមួយនេះទេ។
     «លោកស្អប់ខ្ពើមខ្ញុំណាស់ទៅអ្ហេស?» បំណាច់ថាក្តីស្រលាញ់មួយនេះមិនអាចទៅមុខរួចទៅហើយ ទោះបីត្រូវធ្លាក់ខ្លួនថោកទាបដល់កម្រិតណាក៏ព្រមទទួលយក ព្រោះមុនពេលចាប់ផ្តើមប្រព្រឹត្តវា គេសន្យានិងខ្លួនឯងហើយថាមិនខ្វល់ពីលក្ខខណ្ឌឈឺចាប់អ្វីទាំងអស់។
     «មែន!»
     «ហឹះ..ហិហិ ខ្ញុំពិតជាល្ងង់ខ្លាំងណាស់ ខ្ញុំល្ងង់..» ថេយ៉ុង សើចបន្លំទុក្ខសោកឈឺចាប់ សើចកុហកខ្លួនឯងថាវាមិនឈឺនោះទេ វាគ្រាន់តែត្រូវប្រើពេលបន្តិច ហើយព្យាបាលបេះដូងតែកំពុងតែរង់របួសបន្តិចទៀត គ្រប់យ៉ាងវានិងអាចទៅមុខទៀតរួច ហើយវិលត្រលប់មករកសភាពដើម ប្រសិនបើគេរឹងមាំជាងនេះ។
     «បិទមាត់របស់ឯងទៅ!» នៅពេលដែលមានអារម្មណ៍ថាធុញទ្រាន់ខ្លាំង គេបែរជាពោលពាក្យបញ្ឈប់ចិត្តសោកសៅអ្នកដែលកំពុងតែស្រែកយំអស់ៗពីខ្លួន។
     «ខ្ញុំព្រមធ្វើតាមលោកគ្រប់រឿង តែរឿងមានសង្សាថ្មី ខ្ញុំមានសិទ្ធក្នុងការជ្រើសរើសអ្នកណាម្នាក់ក៏បាន!» ថេយ៉ុង បានដឹងថានាយកំពុងតែក្តៅក្រហាយចំពោះរឿងដែលខ្លួនបានបណ្តើរ លីអាន មកផ្ទះ បើគេមកទីនេះតែម្នាក់ឯង សុខៗនាយខាងណោះក៏មិនខឹងដាច់ក្បាលដាច់កន្ទុយដូចខ្មោចចូលសណ្ឋិតបែបហ្នឹងដែរ។
     «ឯងប្រាកដចិត្តទេ ថាមនុស្សទាំងអស់នោះ អាចនិងមកធ្វើល្អជាមួយឯង?» ជុងហ្គុក ញញិមចុងមាត់ចំអក មកពីចូលចិត្តធ្វើខ្លួនមានម្ចាស់ការ ពូកែឆាប់ជឿទុកចិត្តគេខ្លាំងពេកទើបកើតមានរឿងរ៉ាវធំដុំកាលពីលើកមុនដល់ថ្នាក់ធ្វើឱ្យម្តាយរបស់ខ្លួនស្លាប់ប៉ុណ្ណឹងហើយនៅតែមិនយល់ទៀត។
     «ល្អអាក្រក់ ខ្ញុំជាអ្នកទទួលខុសត្រូវ!» រាងតូចខាំមាត់សង្កត់ចិត្តដែលឈឺចាប់ចង់ប្រេះដើមទ្រូង និយាយចង់ឈ្នះចិត្តគេ ទាំងដែលខ្លួនឯងកំពុងវេទនាស្ទើរផុតដង្ហើម។
     «ចឹងទៅសេពគប់គ្នាជាមួយអាណាក៏ទៅៗ ហើយហាមមកជួបមុខយើងទៀត ទៅងាប់ទាំងពីរនាក់ក៏ល្អ ទៅៗ!!» ជុងហ្គុក រុញ ថេយ៉ុង ផ្តួលអុកគូទទៅនឹងឥដ្ឋអស់មួយទំហឹងកម្លាំង អាក្រក់ហួសនិស្ស័យ មើលទៅដូចជាប្រឹងៗ មិនមែនចិត្តចង់ធ្វើទេ តែមាត់វារឹងចង់ឈ្នះគេ ចង់បញ្ឈឺចិត្តគេឱ្យឈឺស្មើនិងខ្លួនឈឺតែគិតមែនទេថាគេបើកទ្រូងទទួលយករឿងល្ងីល្ងើដូចបាយឡុកបាយឡមកអំពុលទុក្ខក្នុងចិត្តនោះ?។
     «លោកចេញទៅ ចេញពីផ្ទះរបស់ខ្ញុំទៅ ហ៊ឹកៗ..ចេញទៅខ្ញុំមិនចង់ឃើញមុខលោកម្តងទៀតទេ បើលោកជ្រុលចង់ចប់ទៅហើយ ខ្ញុំបំពេញបំណងឱ្យលោកចង់បានទៅចុះ ខ្ញុំស្បថ ហើយសន្យា ថានិងលែងទៅជួបមុខលោក ឈប់រំខានលោក ឈប់ធ្វើឱ្យលោកទើសទាល់ក្នុងចិត្តទៀតហើយ!» នៅពេលដែលអស់លទ្ធភាពតបតប្រឆាំងចំពោះគេ ថេយ៉ុង មានតែស្រែកបណ្តេញ ហើយយំកាត់ចិត្តពីរឿងដែលមិនអាចទៅរួច បើចប់ ក៏បញ្ចប់ទៅឱ្យដាច់ស្រឡៈ ហើយចាប់ផ្តើមសារជាថ្មី ជាមួយនឹងជីវិតរបស់ខ្លួនឯង ដែលជម្នះប្រឹងប្រែងរស់នៅទៅមុខបន្តមិនថាមានរឿងអ្វីកើតឡើង ខ្លួនក៏លែងលន់តួ អង្វរករសុំជំនួយពីគេទៀតដែរ។
    
     រំលងបាន ៣ ថ្ងៃក្រោយ បន្ទាប់ពីមិនដែលបានជួបមុខគ្នាសោះ។
     ថេយ៉ុង ក៏បានផ្លាស់ប្តូរមហាវិទ្យាល័យថ្មីមករៀននៅជិតហាងអាហារដែលខ្លួនធ្វើការនិងបានជួលផ្ទះថ្មីសម្រាប់រស់នៅងាយស្រួលធ្វើដំណើរទៅមក មិនបាច់ប្រើយាន្តជំនិះ អាចជួយសម្រួលដល់ប្រាក់កាក់របស់ខ្លួនបន្តិចបន្តួចដែរ។
     «អរគុណបង លីអាន ដែលជួយរៀបចំទុកដាក់សម្ភារៈក្នុងផ្ទះឱ្យខ្ញុំស្នាក់នៅ!»
     «ចាំបងជួយដំឡើងគ្រែនិងទូរសម្លៀកបំពាក់ថ្មីឱ្យឯង នេះសំណាងហើយណា ដែលនៅម្តុំៗនេះមានផ្ទះសល់ខ្លះទុកឱ្យជួលសម្រាប់ស្នាក់នៅ ឯងនៅទីនេះក៏ល្អដែរ មានគេ មានឯង ច្រើន មិនសូវស្ងាត់ពេក ណាមួយវានៅជិតហាងអាហារដែរ!»
     «បាទបង ខ្ញុំអរគុណបងម្តងទៀត ដែលមិនចោលខ្ញុំ!»
     «ព្រោះម៉ែបងអាណិតឯង ឃើញឯងពិបាក ក្បាលមួយតែឯងរស់នៅរង់សម្ពាធណាស់ និយាយអ៊ីចឹងរូបថតម៉ែឯង ដាក់ត្រង់ណា បងជួយព្យួរឱ្យ!»
     លីអាន និងម្តាយចិត្តបានណាស់ព្រោះគេជាមនុស្សចេះយល់សាច់ការខុសត្រូវនិយាយស្តី ដឹងខុស ដឹងត្រូវ មិនសមណាជាមនុស្សមិនគួរឱ្យទុកចិត្តក្នុងខ្សែប្រុសម្នាក់នោះបានគិតឡើយ។
     ចាប់តាំងពីម្តាយរបស់គេបានស្លាប់ទៅ គ្រួសារត្រកូល លី ក្លាយទៅជាសាច់ញាតិបន្ទាប់ដែល ថេយ៉ុង នៅសេសសល់ ហើយពួកគេម្នាក់ៗមិនដែលចាត់ទុក ថេយ៉ុង ដូចជាមនុស្សក្រៅគ្រួសារទេ ដ្បិតតែមិនបានជាប់សាច់ឈាមអ្វីនិងគ្នាពិតមែន ត្រឹមតែបាយបីពេល ប្រាក់ខែត្រូវបង់ថ្លៃកម្លាំងដែលគេដោះដូរ មួយថ្ងៃ ៧ ម៉ោងបម្រើការងារសព្វសារពើក្នុងហាង ប៉ុណ្ណឹងយល់ថាវាមិនច្រើនអ្វីណាស់ណានោះទេ តែបើគិតឱ្យមែនទេនទៅ ក្មេងនោះធ្វើការហ្មត់ចត់ ហត់មិនហ៊ានរអ៊ូ ពិបាកមិនហ៊ានថា ដឹងតែពីធ្វើការអស់ៗកម្លាំងរាល់តែថ្ងៃ ហើយតស៊ូប្រឹងប្រែងដើម្បីអនាគតបន្ថែមទៀត មិនមែនចេះតែរស់នៅដកដង្ហើមចោល ទោះបីជាអត់ពីម្តាយទៅ ក៏គេមិនដាច់ពោះស្លាប់ដែរ។
     ក្រោយពីបានរៀបចំបន្ទប់ហើយរួចរាល់ ថេយ៉ុង ត្រលប់មកសម្រាកក្នុងបន្ទប់គេង ក្រឡេកទៅសម្លឹងមើលរូបថតម្តាយព្យួរជាប់ជញ្ជាំង ទាំងស្នាមញញិមកម្សត់មួយឡើង។
     «ម៉ែទៅបានស្ងប់ចិត្តទេ? ពេលនេះខ្ញុំរៀនចេះ ផ្លាស់ប្តូរជីវិតខ្លួនឯងហើយ ម៉ែកុំពិបាកចិត្តទៀតអី ខ្ញុំនិងខិតខំប្រឹងប្រែងរៀនសូត្ររហូតដល់ចប់ ហើយរកការងារធ្វើឱ្យបានល្អ ចិញ្ចឹមខ្លួនឯងឱ្យរស់រានមានជីវិតល្អប្រសើរ ម៉ែកុំបាច់បារម្ភទៀតអីណា ខ្ញុំស្រលាញ់ម៉ែណាស់!» ស្ថិតក្នុងបរិយាកាសទាំងនេះ ទោះបីជាវារៀងស្ងប់ស្ងាត់សម្រាប់ជីវិតដែលរស់នៅម្នាក់ឯងគ្មានម្តាយនៅជិត តែគេពិតជាអាចទ្រាំទ្របាន ហើយរៀនទម្លាប់ជាមួយនឹងអ្វីៗដែលកើតឡើងចំពោះខ្លួនឱ្យបាន។
     «លោកប្រហែលជាមានក្តីសុខណាស់ ដែលលែងបានឃើញមុខខ្ញុំបន្ត ពេលនេះលោកច្បាស់ជាកំពុងតែសប្បាយចិត្ត ហើយប្រើជីវិតឥតមានអារម្មណ៍ទើសទាល់ នៅពេលដែលលោកលែងបានឃើញមុខរបស់ខ្ញុំទៀតហើយ!»
     នឹកឃើញដល់ប្រុសម្នាក់នោះ ចុងច្រមុះរបស់ខ្លួនរកឆួលកម្សួលមកម្តងទៀតហើយ តែព្យាយាមហាមឃាត់ទឹកក្តៅឧណ្ហៗ កុំឱ្យវាហូរស្រក់ចុះមកទៀត ព្រោះពេលនេះវាល្មមហើយ ល្មមឈប់យំដោយសារតែមនុស្សម្នាក់គ្មានបេះដូងម្នាក់នោះទៀតហើយ។
     «អរគុណលោកត្រឹមរយៈពេលខ្លី ដែលលោកយល់ព្រមជួយខ្ញុំរឿងបុណ្យសពម៉ែ ហើយក៏អរគុណដែលមិនអាចស្រលាញ់ខ្ញុំបាន ខ្ញុំពិតជាអរគុណពេលវេលាតូចតាចទាំងនេះខ្លាំងណាស់ ជុងហ្គុក!» ថេយ៉ុង លើកខ្នងដៃជូតដំណក់ទឹកភ្នែក រហ័សដាក់ខ្នងដេកព្រោះយប់ក៏ជ្រៅណាស់ណាទៅហើយដែរ។
    
     មហាវិទ្យាល័យ
     មហាវិទ្យាល័យទាំងមូលប្រែក្លាយទៅជាទីកន្លែងដែលមនុស្សម្នាក់តែងតែអន្ទះសារចង់មក ហើយប្រើខ្សែភ្នែកសម្លឹងមើលរកអ្វីម្យ៉ាង ជាង ៤ថ្ងៃមកនេះ គ្រប់យ៉ាងនៅទីនេះមានសភាពដដែល តែចិត្តអ្នកដែលមករៀន មិនមានអារម្មណ៍ដដែលសោះ វាដូចជាហេលហាលៗប្លែក ថប់ៗ តឹងទ្រូង មានអារម្មណ៍ថាអស់សង្ឃឹម មានអារម្មណ៍ម៉ួម៉ៅ មិនសូវមានអារម្មណ៍ចង់រៀនអ្វីប៉ុន្មានឡើយ។
     ជួនខឹង ជួនបង្កជម្លោះ ជួនដើរទៅ ដើរមក លើអាគារមនុស្សតែម្នាក់ធ្លាប់រៀន ប៉ុន្តែពេលនេះវាបែរជាប្តូរផ្លាស់ ហើយបាត់វត្តមានសូន្យឈឹង។
     «នាង!» ស៊ូយ៉ុន កំពុងតែឈរជជែកលេងជាមួយមិត្ត ស្រាប់តែងាកក្រឡេកមកសម្លឹងមើលម្ចាស់សម្តីកំបុតៗដែលបានហៅនាងមុននេះ។
     «លោកមានការអី?» នាងក្រមុំគ្រាន់តែឆ្លើយតាមធម្មតា រួចសម្លឹងមើលទៅកាន់ឫកពាងេមងាមរបស់អ្នកកំលោះ។
     «គីម ថេយ៉ុង!»
     «គេផ្លាស់ប្តូរមហាវិទ្យាល័យថ្មីហើយ!» ជុងហ្គុក ឈរទ្រឹង ហាក់គាំងនិងចម្លើយដែល ស៊ូយ៉ុន បាននិយាយប្រាប់មុននេះ។
     «គេប្តូរទៅរៀននៅឯណា?»
     «ខ្ញុំម៉េចនិងអាចដឹងទៅ ទីនេះក៏មិនស័ក្តិសមចំពោះគេ ព្រោះមានតែមនុស្សរង់ចាំធ្វើបាបរហូត ប្តូរមហាវិទ្យាល័យទៅក៏ល្អដែរ ព្រោះគេអាចនិងមានអនាគតវែងឆ្ងាយច្រើនជាងនេះ!» ស៊ូយ៉ុន នាងបានដឹងរឿងរ៉ាវគ្រប់យ៉ាងទាំងអស់ទៅហើយ ទើបនាងនិយាយឌឺដង បញ្ឈឺចិត្តអ្នកកំលោះឱ្យយល់ថាការធ្វើរឿងអ្វីមួយដោយមិនបានគិតវែងឆ្ងាយ វាអាចនាំឱ្យមានវិប្បដិសារីទៅថ្ងៃក្រោយបាន។
     «នាងដឹងអ្ហេសថាគេទៅរៀននៅឯណា?» ជុងហ្គុក ចាប់ផ្តើមខឹងនិងនាងដែលហ៊ានប្រហើនសម្តីខ្លាំងចំពោះគេ។
     «ខ្ញុំដឹងតែ ខ្ញុំមិនប្រាប់លោក បើលោកចង់ទៅរកគេ ដើម្បីបំផ្លាញជីវិតរបស់គេដដែល លោកកុំរំពឹងអី!» អ្នកកំលោះខាំថ្គាមសង្កៀតធ្មេញ មុននឹងបែរខ្នងបោះជំហ៊ានដើរចេញទៅ គេចម៉ោងរៀនទាំងមិនបានខ្វល់ពីម៉ោងប្រឡងនោះឡើយ។
    
     ហាងអាហារត្រកូល-លី
     ថ្ងៃត្រង់រសៀលដល់ម៉ោងចូលធ្វើការ ថេយ៉ុង រហ័សរហួនជួយរៀបចំជូតសម្អាតតុកៅអីសម្ភារៈផ្សេងៗយ៉ាងមានសណ្តាប់ធ្នាប់ត្រឹមត្រូវ បន្ទាប់មកទើបយើងឃើញថាមានភ្ញៀវអញ្ជើញចូលមកកុម្មង់ម្ហូបអាហារតាមទម្លាប់ដូចរាល់ដងមិនដាច់ពីខ្សែភ្នែកដដែល។
     «អញ្ជើញខាងណេះ..បងចង់ញាំអ្វីដែរ?» ថេយ៉ុង កាន់ Menu ហុចទៅឱ្យភ្ញៀវ រង់ចាំកត់ដាក់ក្នុងកូនសៀវភៅ Note តូចមួយញាប់ដៃស្អេក ថ្ងៃនេះគេមកធ្វើការ មានអារម្មណ៍ មានកម្លាំង ច្រើនជាងមុន ព្រោះពេលផ្លាស់មកនៅផ្ទះជួលថ្មី ញាំក៏បានគ្រប់គ្រាន់ គេងបានគ្រប់គ្រាន់ មិនសូវជាហេវហត់អស់កម្លាំង រាងរូវក៏លែងស្គមស្គាំងដូចកាលពីមុនទៀតដែរ។
     «អរគុណបង!» កំលោះតូចរូតរះរៀបចំម្ហូបអាហារ លើកដាក់តាមតុឱ្យភ្ញៀវទាន់ចិត្ត បន្ទាប់មកទើបលើកអាហារថាសចុងក្រោយទៅរកតុក្បែរបង្អួច ទៅកាន់បុរសស្លៀកឈុតខ្មៅពាក់មួកឈ្ងោកមុខចុចទូរស័ព្ទនោះ។
     «អាហាររបស់លោកបានហើយ!» ថេយ៉ុង ដាក់អាហារចុះទៅលើតុ ខ្សែភ្នែកមានពន្លឺក៏ចោទសម្លឹងមើលទៅចំផ្ទៃមុខបុរសនោះ។
     «លោក!» ជុងហ្គុក ផ្ងើយមុខឡើង មិនមាត់ក តែបែរជាចាប់ប្រអប់ដៃ ថេយ៉ុង ជាប់យ៉ាងស្និទ្ធស្នាល។
     «អត់ទោសលោក..ក្មេង..» លីអាន ឃើញថាមិនសូវជាស្រួលចិត្ត ស្រាប់តែដើរចូលមកលាន់មាត់និយាយ។
     «ខ្ញុំជាមិត្តប្រុសរបស់គេ!»
     «លោក!!»
    
    
    
    
    
    

    
   
    

    

សង្ឃឹមបេះដូងបងមានអូន ♡Where stories live. Discover now