ទីង!
ប្រអប់សារបានលោតចូលមកនាំឱ្យស្រីល្អដែលដេករលីវៗជិតលក់ទៅហើយនុះស្ទុះស្ទារក្រោកមកចាប់ទូរស័ព្ទ ទាញយកមកមើលក៏ឃើញថាជារូបថតដែល ជុងហ្គុក គេងឱប ថេយ៉ុង យ៉ាងស្អិតរមួត រួមទាំងកូនប្រុសម្នាក់ទៀតបីដូចជាគ្រួសារតែមួយអ៊ីចឹង នាងឃើញហើយក្តៅចិត្តឆេវសព្វពាសពេញដើមទ្រូង ចង់តែក្រោកឡើងឈរស្រែកឱ្យបែកដើមទ្រូងស្លាប់ទាំងរស់ទេ។
«ពួកគេ..ពួកគេរស់នៅជាមួយគ្នា!» ម៉ូយ៉ុង បានស្រែកចេចចាចពេញខាងក្នុងបន្ទប់ ហើយយំទ្រហោឮៗ ខឹងមិនបានធ្វើអ្វីៗសមដូចជាបំណង ទើបបានជានាងមិនអាចធ្វើអ្វីបាន ក្រៅពីស្រែកទួញយំអស់ៗពីខ្លួន ទាំងពោះធំប៉ុនកញ្ជើទៅហើយ។ នាងរូតរះទាញទូរស័ព្ទមកចុចញ័រដៃតតាត់ ព្យាយាមខលទៅរកលេខស្វាមីកាត់ពាក់កណ្តាលអាធ្រាត្រ តែខលទៅយ៉ាងណាក៏លែងចូលទៅហើយដែរ គេបានបិទខ្សែទាក់ទងនិង Internet គ្រប់យ៉ាងហាក់មិនបានអនុញ្ញាតឱ្យនាងតាមមកយីយារំខានជីវិតរបស់ពួកគេទៀតទេ។ នៅពេលដឹងបែបនេះរួចមកហើយនាងក៏ទម្លាក់ទូរស័ព្ទចុះ ហើយថ្ពាល់របស់នាងបានផ្សើមជោកដោយសារតែដំណក់ទឹកភ្នែកដ៏សោកសៅទាំងនេះ នាងយំយ៉ាងខ្លាំង ហើយយំលែងគិតគូរបារម្ភពីកូនដែលនៅក្នុងផ្ទៃម្នាក់នេះទាល់តែសោះ។
«យើងមិនអត់ឱនទោសឱ្យពួកឯងទេ ពួកឯងចាំតែមើលចុះ!» កែវភ្នែករលីងរលោងបើកធំៗពេញប្រៀបដោយអំណាចកំហឹង នាងជាស្រីពោះធំ ដូច្នេះបណ្តាសាររបស់នាងក៏តែងតែស័ក្តិសិទ្ធទាំងអស់ គ្រប់ម៉ាត់ គ្រប់ពាក្យ នាងជេរប្រទេចដាក់ទំនាយ ចងកម្មពៀរ មិនឱ្យនរណាម្នាក់បានសុខនោះទេ។ព្រឹកថ្ងៃថ្មី
ជុងហ្គុក ភ្ញាក់ឡើងទាំងពពីមពពើមសម្លឹងមើលម៉ោង។ ម៉ោងចរត្រឹម ៧:៣០ នាទីព្រឹកទៅហើយ តែថ្ងៃនេះហាក់ដូចជាប្លែកណាស់ ថេយ៉ុង មិនបានរៀបចំខ្លួនទៅរៀន នៅឯមហាវិទ្យាដូចជាសព្វមួយដងទៀតនោះទេ។ គេស្ងាត់មាត់រួចទាញទូរស័ព្ទយកមកចុច ចូលមកឃើញមានសារលោតចូលមកថ្មីៗប្លែកៗបន្ថែមទៀត ផ្ទៃមុខស្រាប់តែប្រែប្រួលឡើងមកមួយរំពេច។
«រូបថត?»
«អ្នកណាជាអ្នកផ្ញើរូបនេះទៅឱ្យ ម៉ូយ៉ុង?» ជុងហ្គុក ក្រោកឈរឡើងដើរទៅចាប់អូស.កដៃ ថេយ៉ុង កន្ទ្រាក់មកសួរនាំទាំងព្រឹកព្រលឹម។
«ចុះបើសិនជាខ្ញុំ វាយ៉ាងម៉េច?» ថេយ៉ុង ឆ្លើយដោយមិនទាក់ទើរ។
«ឯងឥឡូវនេះប្រហើនខ្លាំងណាស់..» អ្នកដែលដំឡើងសំឡេងសួរនាំព្រមទាំងគ្រហឹមដោយទឹកមុខមិនពេញចិត្ត។
«ក្រែងលោកជាអ្នកប្រាប់ខ្ញុំថា កុំឱ្យខ្ញុំធ្វើខ្លួនស្លូតពេក ដ្បិតបានដើរតួជាមនុស្សដណ្តើមប្តីគេហើយ ខ្ញុំនិងសំដែងឱ្យបានស័ក្តិសម ហើយដណ្តើមយកលោកមកធ្វើជាប្តីរបស់ខ្ញុំវិញឱ្យបាននៅថ្ងៃណាមួយ!» ថេយ៉ុង រំឭកដល់កាលពីមុនទាំងមិនសុញគំនិតហើយក៏ស្រាប់តែញញិមចុងមាត់ដូចជាមនុស្សមានល្បិចកល។
«ថេយ៉ុង!» សំឡេងធ្ងន់ៗលាន់រណ្តំកម្លាចតែមិនបាននាំឱ្យចិត្តរាងតូចព្រឺខ្លួនទៀតឡើយ។
«ខ្ញុំនិងសងសឹកនាង ខ្ញុំមិនតាំងខ្លួនជាព្រះទៀតទេ!» ម្តងនេះគេបីដូចជាមានទំនុកចិត្តខ្លាំងជាងមុន ហើយការនិយាយស្តីមួយម៉ាត់ៗស្តាប់ចេញមកក៏មានអំណាចនិងមានភាពហ្មត់ចត់ផងដែរ។
«លោកមិនធ្លាប់គិតសោះមែនទេ ចន ជុងហ្គុក? ប្រសិនបើខ្ញុំចាកចេញពីលោកទៅរៀបការជាមួយនឹងបុរសផ្សេង ព្រមទាំងបង្គាប់ឱ្យកូនហៅប្រុសដទៃថាជាឪពុកលោកនិងឈឺចាប់ហើយសោកស្តាយខ្ញុំខ្លះទេ? លោកថាទៅមើល៍?» ថេយ៉ុង និយាយបណ្តើរញញិមបណ្តើរដូចជាឆាប់ប្រែប្រួលអារម្មណ៍លឿនខ្លាំងស្ទើរតែមិនគួរឱ្យជឿ ទឹកមុខគេពេលនេះគ្មានសំណើមមួយដំណក់ណាហូរចុះមកទៀតនោះទេ ចិត្តនិងបេះដូងរបស់គេវាបានប្រែប្រួលស្ទើរតែក្លាយទៅជាថ្មរឹងមាំ ដែលអាចកម្លាចចិត្តមនុស្សប្រុសម្នាក់នេះឱ្យស្គាល់យល់ពីពាក្យថាចាញ់ច្រាបម្តងបន្តិចៗទៅហើយ។ បន្ទាប់មកគេក៏លែងមានចិត្តឈឺចាប់ទៀត នៅពេលដែលការឈឺចាប់ទាំងអស់នេះ វាបានផ្សាំហើយជ្រាបចូលទៅក្នុងបេះដូងមួយកណ្តាប់ត្រង់ទ្រូងឆ្វេងនៅទីនេះ គ្មានការរំញោច គ្មានការចាប់កន្ទ្រាក់ ពេលជួបរឿងដដែលៗច្រើនដងពេក វាអាចស្ងប់ស្ងាត់ដូចជាគ្មានរឿងអ្វីកើតឡើង ឈឺចាប់រួចហើយ ឈឺឡើងស៊ាំអស់ទៅហើយ ទោះយំឬសោកស្តាយបន្តទៅទៀតក៏គ្មានន័យអ្វីទៀតដែរ។
«ប្តីសំឡាញ់? ខ្ញុំក៏ចង់និយាយពាក្យនេះទៅកាន់លោកម្នាក់ដែរ ជុងហ្គុក ក្រែងលោកប្រាប់ថាខ្ញុំជាប្រពន្ធរបស់លោកម្នាក់ ចុះហេតុអ្វីទើបខ្ញុំគ្មានសិទ្ធិអាចបរិយាយ ពាក្យនេះចេញមកបាន?» ហេតុផលមួយណាទើបមិនអាចបើកចំហចិត្តមនុស្សប្រុសម្នាក់នេះឱ្យអាចផ្តល់ឱកាសដ៏តូចតាចមួយ សម្រាប់ប្រពន្ធតែម្នាក់គត់ដែលបានស្រលាញ់គេអស់ពីចិត្តថ្លើម?។
«លោកខ្លាចនាងដឹង ខ្លាចនាងរករឿងលោក ឥឡូវនេះខ្ញុំក៏ចេះធ្វើខ្លួនដូចជានាងម្នាក់ដែរ លោកពេញចិត្តហើយឬនៅ ពេញចិត្តទេ ពេលមិនបានឃើញទឹកភ្នែកខ្ញុំ សូម្បីតែមួយដំណក់នោះ? ខ្ញុំមិនយំទៀតទេ ព្រោះរាល់ថ្ងៃអ្វីដែលខ្ញុំគិតច្រើនជាងគេគឺកូនរបស់ខ្ញុំ ខ្ញុំត្រូវការគេសំខាន់ជាងអ្វីៗទាំងអស់ ព្រោះមនុស្សដែលខ្ញុំបានស្រលាញ់ ហើយមើលថែបម្រើអស់ពីកម្លាំងកាយចិត្ត មិនដែលព្យាយាមយល់ពីចិត្តរបស់ខ្ញុំម្តងណានោះទេ!»
«ព្រោះតែយើងខ្លាចគេមកធ្វើបាបឯងហើយនិងកូន មែនយើងខ្លាច ខ្លាចសព្វ ខ្លាចគ្រប់ យើងគ្មានថ្ងៃអាចបានដេកលក់ស្កប់ស្កល់ចិត្តមួយយប់ណាទេ ដឹងថាគេនោះមានអំណាច មានគ្រប់អ្វីៗទាំងអស់ ចុះបើគេបញ្ជាមនុស្សឱ្យតាមមកសម្លាប់ឯង ហើយនិងកូនតទៅឱ្យយើងនេះត្រូវរស់នៅយ៉ាងណា?» ជុងហ្គុក ចាប់ស្មាស្រឡូនច្របាច់អង្រួនខ្លាំងៗ មុខមាត់របស់គេពោពេញទៅដោយភាពភ័យខ្លាច មិនមែនជាការសំដែង តែវាជាការពិតទាំងស្រុងដែលគេបាននិយាយវាចេញមកទាំងអស់ពីដើមទ្រូងពីដួងចិត្ត។
«ព្រោះបងស្រលាញ់អូន បងស្រលាញ់អូនខ្លាំងណាស់ ថេយ៉ុង!» ការពិតដែលគេខកខានបាននិយាយវាចេញមកជាច្រើនដង ហើយមិនបានសារភាពដោយគ្មានភាពក្លាហាន មិនបានប្រឈមមុខចំពោះគ្នាក្នុងស្ថានភាពដូចជាពេលនេះ បើទោះបីជាមានពេលវេលានៅក្បែរគ្នាច្រើនហួសពីពាក្យថាគ្រប់គ្រាន់ទៅទៀត ប៉ុន្តែការផ្តល់ឱ្យសម្រាប់និយាយពាក្យទាំងនេះចេញមកវាពិតជាតឹងតែងខ្លាំងណាស់សម្រាប់គេនោះ។
«រឿងខ្លះវាអាចងាយស្រួលនិយាយ តែវាពិបាកនិងធ្វើណាស់ អូនមិនធ្លាប់គិតទេ ថាបងក៏ពិបាកមិនចាញ់អូនម្នាក់ដែរ បងមិនមែនមិនដែលតាំងខ្លួនឯង ថាជាមនុស្សប្រុស មិនចេះខុសទាល់តែសោះនោះទេ គ្រាន់តែបងរៀនរស់លាក់អារម្មណ៍ ហើយមិនអាចនិយាយវាចេញមកបាន ប៉ុន្តែសម្រាប់ឱកាសដែលបងបានផ្តល់សម្រាប់អូន វាឈរនៅនឹងមុខបងជានិច្ច បងតែងតែចង់ប្រគល់វាទៅឱ្យអូន បងពិតជាបានខិតខំព្យាយាមលាក់បាំងចំពោះរឿងទាំងនេះខ្លាំងណាស់!» យ៉ាងណាក៏គេបានព្យាយាមនិយាយចេញមកហើយអាចធ្វើឱ្យបេះដូង ថេយ៉ុង រីកមាឌមួយចំណែកធំនោះដែរ ទង្វើនិងការនិយាយស្តីរបស់គេពិតជាមិនបានភូតភរកុហកបោកប្រាស់ចិត្តឡើយ បើគេច្បាស់ជាស្រលាញ់ហើយ គេនិងប្រាកដចិត្តថាស្រលាញ់អស់ពីបេះដូង ហើយក៏ស្រលាញ់ ថេយ៉ុង តែម្នាក់គត់យ៉ាងពិតប្រាកដនោះដែរ។
ថេយ៉ុង ឈរគាំងទ្រឹងនិងសម្តី ជុងហ្គុក ហើយស្រាប់តែស្ងាត់បាត់មាត់.ក ឈឹងនិងមិនស្រដីអ្វីចេញមកមួយម៉ាត់ទាល់តែសោះ ភាពស្ងប់ស្ងាត់របស់គេបានធ្វើឱ្យរាងក្រាស់រហ័សចាប់ប្រអប់ដៃស្រឡូនទាំងគូមកក្តោបកាន់ជាប់មុននឹងច្របាច់ថ្នមៗហើយឱនទៅសន្សឹមៗទៅថើបលើបបូរមាត់រាងតូចយ៉ាងទន់ភ្លន់។
ជុងហ្គុក ថើបជញ្ជក់បបូរមាត់ប្រពន្ធឆ្អែតឆ្អន់ មុននឹងទាញក្តោបកាយស្រឡូនមកឱបយ៉ាងណែន ឱបខ្លាំងជាងពេលណាៗទាំងអស់ ហើយក៏បានថើបលើសៀតផ្កាស្រឡូនមួយដង្ហើមនិងយកដៃដ៏កក់ក្តៅទៅអង្អែលលើខ្នងតូចស្តើងថ្នមៗបន្ថែម។
នៅពេលដែលការឱបក្រសោបសព្វពាសពេញកាយាអស់ពេលជាយូរគួរសមរួចមកហើយ ថេយ៉ុង ក៏ចាប់រើបន្តិច រួចសម្លឹងផ្ទៃមុខសង្ហាយ៉ាងជ្រៅទៅក្នុងកែវភ្នែក។ ដៃទំនេរទះលើដើមទ្រូងមាំទូលាយថ្នមៗ ហើយញញិមផ្អែមលើបបូរមាត់ផ្អែមទាំងចរិតអៀននិងឱនផ្ទប់មុខជាប់កណ្តាលដើមទ្រូង ជុងហ្គុក មិនហ៊ានសម្លឹងមើលចំផ្ទៃមុខនាយដែលញ៉ាំងឱ្យចិត្តរបស់គេហាក់នឹកអស់សំណើចមួយរំពេច។
«មាំមី មានគេមករក!» ថេយ៉ុង ផ្តាច់ខ្លួនចេញពីការឱបស្អិតរមួតមួយនេះ រួចក្រឡេកបែរខ្លួនទៅសម្លឹងមើលបុរសចំណាស់ដែលឈរធ្មឹងនៅខាងក្រៅបន្ទប់ជួល។ ប្រអប់ជើងស្រឡូនចាប់ឈានដើរចេញទៅឈរមើលមុខបុរសចំណាស់នុះ ទាំងកែវភ្នែកងឿងឆ្ងល់ហើយក៏ជ្រួញអស់ចិញ្ចឹមទាំងគូផងដែរ។
«លោកអញ្ជើញមករកអ្នកណាដែរ?» បើមើលទៅតាមការស្លៀកពាក់ បុរសចំណាស់ម្នាក់នោះ ទំនងតែជាអ្នកមាន មានទាំងអំណាច សាច់ឈាមក៏ភ្លឺថ្លាមិនធម្មតាដែរ។
«លោកអភិបាលក្រុង!» ជុងហ្គុក ស្គាល់គាត់ ដោយសារតែគាត់ជាអ្នកធំក្នុងទីក្រុងនេះ យ៉ាងណាក៏គេធ្លាប់បានជួបគាត់ម្តងជាពីរដងដែរ តាមរយៈការចូលរួមកម្មវិធីធំៗផ្សេងៗទៀតជាមួយនិងគ្រួសារ គ្រាន់តែមិនអាចបានសំណេះសំណាលជាមួយនិងគាត់ដោយផ្ទាល់មាត់តែប៉ុណ្ណោះ។
«អើរ..ក្មួយជាកូនប្រុសរបស់ស្ត្រីម្នាក់ឈ្មោះ យ៉ូអាន មែនទេ?» គាត់សួរយ៉ាងញ័របបូរមាត់ចំប្រប់ហើយហុចរូបថតមួយសន្លឹកទៅឱ្យ ថេយ៉ុង បានមើល។
«រូបម៉ែទេតើស..ម៉ែខ្ញុំ គាត់ជាម៉ែរបស់ខ្ញុំលោក!» ថេយ៉ុង ឆ្លើយដោយមិនរង់ចាំយូរហើយសំដែងទឹកមុខគួរឱ្យអាណិតឡើងមកថែមទាំងទ្រហោយំរហាមដាក់គាត់ទៀត។
«លោកបានរូបម៉ែខ្ញុំមកពីណា? គាត់បានស្លាប់យូរហើយ ម៉ែខ្ញុំស្អាតណាស់ រូបនេះទំនងតែនៅវ័យក្មេង តែ..តែខ្ញុំ មានរូបកាលម៉ែនៅចំណាស់ដែរ ម៉ែ..ម៉ែបានបន្សល់ទុករបស់ខ្លះដែរលោក!!» ថេយ៉ុង សរសន់រត់ចូលទៅចាប់ទាញយកកូនហឹបមួយចេញមក ហើយបានវិលត្រលប់យកវាមកបង្ហាញរបស់របរនៅចំពោះមុខគាត់។
«ទាំងនេះរូបម៉ែ ជារូបម៉ែនៅចំណាស់អាយុជាង ៥៣ ឆ្នាំ ម៉ែខ្ញុំមានសម្បុរសស្គូស មានមាឌតូចល្មមមិនសូវជាធាត់ពេកទេ តែគាត់បានស្លាប់បាត់ទៅហើយលោក នេះជានាឡិកាឪពុករបស់ខ្ញុំដែរ ដែលម៉ែបានរក្សាទុកវាមកឱ្យខ្ញុំ!» ថេយ៉ុង ហុចនាឡិកាដៃសល់ចាប់តាំងពីជំនាន់មុនទៅឱ្យគាត់មើល រួចក៏មានឈុតសម្លៀកបំពាក់ចាស់ៗ ដែលគាត់បានស្លៀកជាឈុតពណ៌ពងមាន់ស្រាល ដែលឈុតនេះជាឈុតសម្រាប់ស្លៀកពាក់ បំពេញតួនាទីជាអ្នកបម្រើនៅក្នុងគ្រួសារនៃវង្សត្រកូលអភិជនមួយកាលពីជំនាន់មុន។
«និយាយអ៊ីចឹងម្តេចក៏លោកស្គាល់ម៉ែខ្ញុំដែរ? ម៉ែធ្លាប់បានធ្វើការងារឱ្យលោកមែនទេ នៅសល់ខោអាវចាស់ៗច្រើនកុមភ្លេទៀតណាស់ ដែលម៉ែធ្លាប់បានមកពីកន្លែងការងារចាស់ៗរបស់គាត់ ម៉ែខ្ញុំក៏ធ្លាប់ធ្វើជាអ្នករបាំបាឡេដែរ!» ថេយ៉ុង និយាយឡើងនឹកដល់ម្តាយស្ទើរតែស្រក់ទឹកភ្នែកទាំងដំណក់ៗ ព្រោះមិនបានជួបមុខ ខានឮសំឡេងគាត់អស់ពេលជាច្រើនឆ្នាំមកហើយក្នុងចិត្តគេពិតជានឹកនាដល់គាត់ខ្លាំងណាស់។
«ក្មួយប្រាកដទេ ថានាឡិកានេះជារបស់ឪពុកក្មួយ?» លោក ដុកហ្យុន ធ្វើជាសួរម្តងទៀតដើម្បីឱ្យបានជាក់លាក់ក្នុងចិត្ត។
«បាទជាការពិត ប៉ុន្តែម៉ែប្រាប់ខ្ញុំថាពុកជាអ្នកធំ ពុកមិនត្រូវការម៉ែកូនយើងទាំងពីរនាក់ទេ ទើបខ្ញុំមិនដែលនឹកនាសួរនាំអំពីគាត់ សូម្បីតែមុខក៏មិនដែលបានឃើញផង ទោះចង់រកក៏មិនអាចបានជួបដដែល ព្រោះពុកជាអ្នកប្រាប់ឱ្យម៉ែរំលូតខ្ញុំចោល!» ថេយ៉ុង ចាប់និយាយរៀបរាប់ដូចទៅនឹងរឿងរ៉ាវរបស់គាត់បេះដាក់ គាត់ធ្លាប់បង្ខំឱ្យម្តាយគេរំលូតកូនចោល ហើយបានបណ្តោយឱ្យម្តាយរបស់គេពរពោះកូនដើរចេញទាំងមិនឃាត់ឃាំងអ្វីទៀត។
«ចុះបើពុករបស់ក្មួយកំពុងតែតាមរកក្មួយនោះ ក្មួយនិងគិតយល់ឃើញយ៉ាងណា?» ថេយ៉ុង ងើយសម្លឹងមុខគាត់ រួចងាកទៅសម្លឹងមើលមុខ ជុងហ្គុក បន្តិច រួចស្រដី÷
«គាត់បានបណ្តោយឱ្យម៉ែកូនខ្ញុំមកតាមកម្មអស់ទៅហើយ ម៉ែខ្ញុំពិបាកណាស់ ពិបាករហូតទាល់តែស្លាប់ បើគាត់ស្រលាញ់ម៉ែហើយនិងខ្ញុំ គាត់ច្បាស់ជាខិតខំតាមស្វែងរកដំណឹងម្តាយកូនខ្ញុំឱ្យដល់ទីបញ្ចប់ហើយ តែនេះអត់សោះ ជាង ២៦ ឆ្នាំ ហើយដែលខ្ញុំលំបាកមកយ៉ាងឆ្អែតឆ្អន់ ម៉ែក៏ស្លាប់ចោល ក្លាយទៅជាកូនកំព្រា ជាកូនគ្មានខាន់ស្លាទៀត រៀនក៏មិនទាន់ចប់ចុងចប់ដើម ហើយថែមទាំងមកមានកូនទៀត ខ្ញុំមិនជឿថាពុកតាមរកខ្ញុំទេ ពុកបោះបង់ខ្ញុំចោលអស់រយៈពេលជាយូរឆ្នាំមកហើយ!» គេថ្លែងរៀបរាប់ទាំងសំឡេងអួលដើមករងុំ ទឹកមុខរបស់គេកម្សត់ណាស់ រាងកាយរបស់គេខ្វះខាតភាពកក់ក្តៅមកអស់រយៈពេលជាយូរឆ្នាំមកហើយ សូម្បីតែស្នាមញញិមក៏គេអាចញញិមបានតិចបំផុតដែរ។
«ប៉ុន្តែប៉ាពិតជាបានព្យាយាមខិតខំតាមស្វែករកកូនគ្រប់ច្រកល្ហក់អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ថេយ៉ុង!» ជុងហ្គុក និង ថេយ៉ុង ធ្វើមុខស្លុតចិត្ត សម្លឹងមើលមុខគាត់ព្រមគ្នាជាមួយនឹងទឹកមុខភ្ញាក់ផ្អើលក្នុងចិត្តយ៉ាងខ្លាំង ខណៈនោះគាត់ក៏បានលើកបង្ហាញរូបថត ដែលធ្លាប់ថតមករួមគ្នាជាមួយនិងអ្នកស្រី យ៉ូអាន ឱ្យ ថេយ៉ុង បានសម្លឹងមើលជាក់ផ្ទាល់នឹងកែវភ្នែកទាំងគូ។
«ម៉ែ!!!»
ប៊ឹប!!!!
«ថេយ៉ុង!!» ជុងហ្គុក ស្ទុះវឹបទៅចាប់ត្រកងបមបីភរិយាឡើង ហើយបង្ហាញទឹកមុខភ័យស្លេកស្លាំង ភាំងស្មារតីស្ទើរតែមិនចង់ជឿជាក់ផ្ទាល់និងភ្នែក។
KAMU SEDANG MEMBACA
សង្ឃឹមបេះដូងបងមានអូន ♡
RomansaJungkook Top / Taehyung Bottom ប្រភេទ : high school ប្រភពរឿង : ប្រទេសកូរ៉េខាងត្បូង