«ជុងហ្គុក!» ទឹកភ្នែកដែលខំប្រឹងទប់យ៉ាងខ្លាំង បែរជាមានសំទុះហូរបុកសម្រុកចេញមកប្រាវដាបរហាមពេញទាំងថ្ពាល់បន្ថែមទៀត តើគេបាននិយាយពីអ្វី សម្តីរបស់គេ មោះមុត ហ្មត់ចត់ មានទម្ងន់ មានទឹកដម ទាំងឥទ្ធិពលនិងឆន្ទៈដែលគេបានរួមបញ្ចូលរៀបរាប់ អត្ថាធិប្បាយប្រយោគដ៏មានន័យជាច្រើនទៀត បានចាក់ជ្រាបចូលទៅក្នុងជម្រៅចិត្តមួយនេះប៉ះចំចំណុចសំខាន់ដល់ថ្នាក់ ថេយ៉ុង ពុំអាចទប់ស្កាត់កំពីងទឹកភ្នែកមិនឱ្យស្រក់ហូរមកទៀតបាននោះឡើយ។
ព្រឹកស្អែកថ្ងៃថ្មី
{ ភូមិគ្រឹះចន }
ភាពចលាចល ធ្វើឱ្យសមាជិកក្នុងផ្ទះនាំគ្នាឆ្លេឆ្លា ពុំមានអ្នកណាអាចអង្គុយនៅស្ងៀមស្ងាត់បាននោះទេ ដោយសារតែបានបាត់វត្តមានកូនប្រុសទៅអស់ចំនួនពេលជាង ២ ថ្ងៃមកហើយ។ ពិធីមង្គលការកៀកជិតចូលដល់ថ្ងៃរៀបចំប្រារព្ធឡើង មិនអាចពន្យាពេលបានទៀតនោះទេ បើសិនជាបានខកខានចំពោះពាក្យសន្យាច្បាស់ជាអាចកើតមានរឿងរ៉ាវពិបាកចម្រូកចម្រាស់គ្នាទៀតជាមិនខាន។
«អាកូននេះបាត់ក្បាលទៅណាសូន្យឈឹង មកដល់ថ្ងៃនេះទៅហើយ នៅតែមិនទាន់ឃើញវាអើតក្បាលចូលមកផ្ទះវិញទៀតសោះ?»
ស្តាប់សម្តីដ៏គំរោះគំរើយ គ្មានដើម គ្មានចុង មិនបាច់ទៅរកនៅឯណាឆ្ងាយទេ គឺលោកឪពុកដែលតែងតែយល់ពីចិត្តខ្លួនឯងម្នាក់នេះហើយ មើលទៅគាត់ឆោឡោ ចិត្តនៅមិនស្ងប់ ធ្វើអ្វីចង់តែបានភ្លាមៗហើយបញ្ជាគ្រប់គ្នាឱ្យទៅតាមរកកូនប្រុសជាបន្ទាន់ ដាច់អហង្ការ ខ្លាចតែផែនការរៀបចំទៅមិនបានដូចបំណង។
«មិនបាច់តាមទៅ ខ្ញុំមកដល់ហើយ!» សម្រែកដែលបានញ៉ាំងឱ្យទឹកមុខបុរសចំណាស់ ហាក់មានភាពត្រេកអរជាខ្លាំង បន្លឺយ៉ាងទ្រហឹងអមទៅដោយវត្តមានអ្នកកំលោះរាងខ្ពស់ស្រឡះដែលបោះបានជំហ៊ានដ៏ស្វាហាប់ដើរចូលមកក្នុងទឹកមុខមាំទាំរាបស្មើដូចជាសាប។
«មកដល់ល្មម មកណេះមក មកជួបសំណេះសំណាលនិងអ៊ំប្រុសអ៊ំស្រីបន្តិចមក!» លោក ជុងហ៊ូ រន្ថាន់ដើរទៅចាប់អូសដៃ ជុងហ្គុក នាំគេមកសំដែងការរាក់ទាក់ទៅកាន់អនាគតអ្នកដន្លងក្នុងទឹកមុខស្រស់ញញិមប៉ប្រិម។
«នេះគឺលោក ស៊ុន និងលោកស្រី ឆេយ៍ ព្រមទាំងកូនស្រីខាងណោះឈ្មោះថា ម៉ូយ៉ុង!» នាងក្រមុំក្រោកឈរសំដែងការគោរពចំពោះ ជុងហ្គុក ក្នុងទឹកមុខស្រស់ញញិម បីដូចជាសប្បាយចិត្តណាស់ ដ្បិតបានមកចួបមុខអនាគតស្វាមី មើលទៅគេនោះសង្ហាណាស់ ទាំងខ្ពស់ ទាំងមាឌធំ មាំទាំ មុខមាត់ក៏ល្អគន់ឥតខ្ចោះទៀត។
«ជម្រាបសួរអ៊ំប្រុសអ៊ំស្រី សួស្តីអ្នកនាងម៉ូយ៉ុង!» ជុងហ្គុក មិនចង់ឱ្យម្តាយឪពុកបាក់មុខ ខំប្រឹងបន្ទាបខ្លួនស្របទៅតាមកាលៈទេសៈ ព្រោះមិនចង់ឱ្យបរិយាកាសជុំវិញខ្លួនមានភាពតានតឹង។
«សួស្តីបង ជុងហ្គុក!» ឮនាងនិយាយដូច្នោះ ទឹកមុខរបស់គេស្រាប់តែផ្លាស់ប្តូរ ដែលធ្វើឱ្យនាងក្រមុំហាក់មានចិត្តអលឯក ព្រោះមើលទៅកាន់គេ ដូចជាមិនសូវសប្បាយចិត្ត មិនសូវពេញចិត្ត សូម្បីតែពេលមកឈរសម្លឹងមើលមុខអនាគតភរិយាចំពោះមុខ។
«កូន ជុង ធ្វើមុខឱ្យរីករាយបន្តិចទៅ មិនស្រួលខ្លួនប៉ានិងអាលបានហៅពេទ្យមកពិនិត្យមើលអាការៈ!»
«ក្មួយ ជុង មានបញ្ហាជំងឺមែនទេលោក?» លោកស្រី ឆេយ៍ ធ្វើជាសួរនាំ កាលបើឮសូរអ្នកដន្លងខាងណោះពោលពាក្យឡើងមកដូច្នេះ។
«បាទ ដោយសារតែមួយរយៈនេះ កូនប្រុសខ្ញុំ ខិតខំប្រឹងប្រែងរៀនសូត្រខ្លាំងពេក ទើបបានជាធ្លាក់ខ្លួនឈឺ ណាមួយមហាវិទ្យាល័យមានកាលវិភាគត្រូវប្រឡងញឹកញាប់!» ជុងហ្គុក សែនស្អប់សម្តីឪពុករបស់ខ្លួនខ្លាំងរកថាមិនត្រូវ គេឈឺព្រោះមិនបានញាំ មិនបានគេង ដោយសារតែគាត់ ចំណែកគាត់បែរជាប្រើប្រាស់មធ្យោបាយនិយាយកុហក ពិតជាគួរឱ្យស្អប់ខ្លាំងណាស់។
«បើបង ជុង មិនស្រួលខ្លួន អ៊ីចឹងអ្នកមីងលោកពូគួរតែឱ្យពេលគាត់បានសម្រាកខ្លះ មើលទៅគាត់ស្លេកស្លាំងណាស់ ហើយមានអារម្មណ៍ថាគាត់ ដូចជានឿយហត់ខ្លាំងពេកហើយ!» ម៉ូយ៉ុង និយាយយកចិត្តថ្លើមទៅកាន់អ្នកខាងណោះ ទាំងស្នាមញញិមផ្អែម ចម្លែកតែអ្នកស្តាប់ហើយ ធ្វើមុខក្រញូវដូចមិនសូវមានចំណូលចិត្តសប្បាយអរអីនិងស្តាប់សម្តីនាងទាល់តែសោះ។
«សូមទោសគ្រប់គ្នា ថ្ងៃនេះខ្ញុំមិនសូវស្រួលខ្លួន មានអាកប្បកិរិយាមិនល្អ សុំចិត្ត សុំទៅសម្រាកសិនហើយ!» ជុងហ្គុក ប្រញាប់ប្រញាល់ដកខ្លួនចេញយ៉ាងរហ័សស្ទុះដើរចេញជាបន្ទាន់ ខណៈឪពុកម្តាយទាំងពីរបែរជាធ្វើមុខស្មុគស្មាញហាក់ដូចជាមួម៉ៅចំពោះឬកពាកូនប្រុសណាស់។
«មិនអីទេ ឱ្យក្មួយប្រុសទៅសម្រាកចុះ តោះចូលមកនិយាយរឿងរ៉ាវរវាងយើងវិញ!» លោក ស៊ុន ថារួចគ្រប់គ្នាក៏បានផ្លាស់ប្តូរបរិយាកាសទៅជាការទទួលទានអាហារនាពេលវេលាថ្ងៃត្រង់វិញម្តង។
ហាងអាហារ
ការងារដែលត្រូវធ្វើមានច្រើនរាប់មិនអស់ ដូចជាសព្វថ្ងៃដដែល ប៉ុន្តែថ្ងៃនេះ ថេយ៉ុង មកបម្រើការងារក្នុងស្ថានភាពមិនសូវស្រួលក្នុងខ្លួនអ្វីប៉ុន្មាន ចេះតែក្អួតចង្អោរ ងងឹតមុខ ធុញថប់ មិនសូវមានកម្លាំងកំហែង តែគេនៅតែខំប្រឹងជម្នះធ្វើទៅមុខឥតឈប់ដដែល។ ភ្ញៀវចូលណែនៗហាង គ្រប់គ្នាពិតជាមមាញឹកណាស់ម្នាក់ៗរូតរះដុតដៃដុតជើងធ្វើការគ្មានពេលបានឈប់សម្រាកនោះឡើយ។
«ថេយ៉ុង មកលើកអាហារទៅតុលេខ ១៧ ទៅ!» អ្នកស្រី លីហ្សូ ស្រែកប្រកូកប្រកាសហៅឈ្មោះអ្នកកំលោះតូច ដែលឈរទៅម្ខាង ឮបែបនេះគេក៏ប្រញាប់លើកអាហារយកទៅជូនភ្ញៀវក្នុងទឹកមុខស្លេកស្លាំង មានទាំងញើសហូរស្រក់កាត់តាមផែនថ្ពាល់ ដូចជាមនុស្សរកខ្យល់គ ដួលសន្លប់ទៀតផង។
«ប្អូន..ប្អូនកើតអីដែរឬអត់?» ស្ត្រីម្នាក់ធ្វើជាសួរសម្លឹងមើលឃើញ ថេយ៉ុង ឈរកាន់ថាសអាហារដូចជាមនុស្សកំពុងមានអាការៈងងឹតមុខ បម្រុងនឹងដួលសន្លប់ផងអីផង។
«បាទបងស្រី អាហាររបស់បង..»
ប្រាវវវ!!
«អា៎យ!!!»
ថាសអាហារបានធ្លាក់កំពប់ខ្ជាយខ្ទេចខ្ទី រាងកាយតូចស្តើងបែរជាដួលសន្លប់ស្តូកស្តឹងទៅនឹងឥដ្ឋបាត់កមាត់ឈឹង។
«ថេយ៍..ថេយ៉ុង!!» លីអាន រត់សម្រុកចូលមកចាប់ត្រកងបីកំលោះតូចឡើងទាំងស្រែកខ្លាំងៗនិងចាប់រលាក់រាងកាយត្រជាក់ល្អូក បបូរមាត់ឡើងស្វាយស្លេកគាំងឈាមមួយរំពេច។
«អា លីអាន នៅភ្លឹកដល់ណាទៀត ឆាប់យកប្អូនទៅពេទ្យទៅ!»
អ្នកស្រី លីហ្សូ ស្រែកទាំងមុខភ័យស្លន់ស្លោរត់ទៅទះស្មាកូនប្រុសអស់ៗមួយទំហឹងកម្លាំងដៃ។
«បាទម៉ែ!» និយាយចប់ នាយក៏រហ័សក្រសោបបីកាយតូចរត់ទាំងជើងញាប់ត្របាញ់ទៅរកឡានឪពុកដែលដាក់ទុកចតចោលខាងក្រៅហាងបើកចេញទៅជាបន្ទាន់។
«ក្មេងៗមកសម្អាតរបស់របរចេញ សូមទោសណា ចាំខ្ញុំផ្លាស់ប្តូរអាហារថ្មីឱ្យ!» ស្ត្រីចំណាស់និយាយញ័របបូរមាត់ចំប្រប់ភ័យផង តក់ស្លុតផង មិនដឹងថាខ្លួនឯងបានប្រើក្មេងនោះឱ្យធ្វើការនឿយហត់ខ្លាំងហួសកម្លាំងយ៉ាងណានោះទេទើបបានជាគេធ្លាក់ខ្លួនដល់ចំណុចនេះ។
មន្ទីពេទ្យ
កំឡុងពេលពិនិត្យមើលអាការៈស្ថានភាពអ្នកជំងឺ ដុកទ័រ ជំនាញព្យាយាមពិនិត្យមើលម្តងហើយម្តងទៀត ពិនិត្យមើលយ៉ាងហ្មត់ចត់ និងបានធ្វើតេស្តឈាម ពីមួយដំណាក់ ទៅមួយដំណាក់កាលទៀត ហើយ ពិនិត្យមើលជាច្រើនដង ក្នុងទឹកមុខមានភាពងឿងឆ្ងល់និងការភ្ញាក់ផ្អើលព្រមទាំង ស្ទើរតែមិនជឿជាក់ចំពោះលទ្ធផលដែលបានបញ្ជាក់ប្រាប់នោះទេ។
«អ្នកជំងឺ!!» គិលានុបដ្ឋាយិកាផ្ទៀងផ្ទាត់សម្លឹងមើល Result ជាច្រើនដង មើលទាំងមិនយល់និងទាមទារសុំឱ្យមានការពិនិត្យមើលអាការៈម្តងទៀត តែលើកចុងក្រោយបង្អស់ពួកគេក៏បានអស់មន្ទិលសង្ស័យហើយបែរទៅសម្លឹងមើលអ្នកជំងឺដែលគេងលុងលក់ស្តូកស្តឹងនៅមិនទាន់ភ្ញាក់នៅឡើយ។
«លោក ដុកទ័រ ក្នុងករណីភាគច្រើន រួមទាំងបុរសដែលបានរួមភេទជាមួយនឹងបុរស ការមានផ្ទៃពោះរបស់ក្មេងប្រុសម្នាក់នេះគឺមិនអាចទៅរួចនោះទេ!» គិលានុបដ្ឋាយិកា ទីមួយបាននិយាយ។
«ខ្ញុំក៏មិនដែលបានជួបប្រទះរឿងដ៏ស្មុគស្មាញដល់ថ្នាក់នេះនោះដែរ តើវាមានរឿងអ្វីកើតឡើងទៅ ហេតុអី្វទើបខ្ញុំគិតអីមិនចេញ វាអាចទៅរួចបានដោយរបៀបណាទៅ?»
«ប៉ុន្តែខ្ញុំថាវាអាចទៅមុខរួច ប្រសិនបើអ្នកជំងឺ មានឈាមប្រភេទ Omegas ដែលពពួក Group នេះត្រូវបានរកឃើញថាពួកគេអាចមានផ្ទៃពោះបាន មិនថាបុរសឬមួយក៏ជាស្ត្រីនោះទេ!» គិលានុបដ្ឋាយិកា ទីពីបានលើកយកប្រធានបទថ្មីចម្លែកមួយឡើងមកនិយាយ។
«ខ្ញុំថានាងអានប្រលោមលោកបែបប្រតិដ្ឋច្រើនហួសហេតុពេកហើយ វាមិនអាចទៅរួ....»
«សូមលោកស្តាប់ដោយការយកចិត្តទុកដាក់ មនុស្សកម្របែបនេះអាចនិងនាំឱ្យពួកយើងពិតជាពិបាកស្វែងយល់ខ្លាំងណាស់ វាមានភាពស្មុគស្មាញហើយសម្បូរទៅដោយអាថកំបាំង ពេលនេះមន្ទីពេទ្យរបស់យើងបានរកឃើញបុរសដែលអាចមានផ្ទៃពោះម្នាក់បានរួចទៅហើយ លោកមិនជឿថាវាអាចកើតឡើងបានដោយរបៀបណាទៀតមែនទេ?»
«ប៉ុន្តែ..»
«ខ្ញុំមិនអាចបង្ខំឱ្យលោកដុកទ័រជឿជាក់ទៅលើរឿងនេះទាំងស្រុងបានទេ ត្រូវរង់ចាំមើលពេលវេលាជាអ្នកត្រួសត្រាយផ្លូវទៅរកចម្លើយពិតទៅចុះ!» គិលានុបដ្ឋាយិកាទីពី ថាចប់បែរខ្លួនដើរចេញទាំងមិននៅផ្តល់ចម្លើយអ្វីបន្ត ទោះបីជាអត្ថាធិប្បាយដល់ដាច់ខ្យល់ស្លាប់ទៀត ក៏គ្មានអ្នកជឿ ហើយក៏ពិបាកនិងជឿជាក់នោះដែរ។
«មានផ្ទៃពោះ?» លីអាន ស្លុតចិត្តស្ទើរដួលទន់ជង្គង់ កាលបើឮសូរសម្តីលោកដុកទ័រពោលពាក្យប្រាប់ដូច្នេះ ពេលនេះខួរក្បាលរបស់គេវិលវល់ស្ទើរតែឆ្កួតឡប់ឡែអស់ទៅហើយ តើរឿងដែលមិនអាចនឹកស្មានដល់បែបនេះ វាអាចកើតឡើងមកបានដោយរបៀបណា?។
«យ៉ាងណាក៏ត្រូវតែរង់ចាំមើលពេលវេលាត្រួតពិនិត្យមើលម្តងទៀតនៅពេលក្រោយដែរ សូមលោកកុំទាន់អាលភ្ញាក់ផ្អើលអី ខាងមន្ទីពេទ្យនិងព្យាយាមខិតខំរកដំណោះស្រាយឱ្យបានល្អិតល្អន់បំផុត!»
«បាទ!» អ្នកដែលបានស្តាប់ចប់ បែរជាលេបទឹកមាត់ក្អឹកៗ ទាំងអារម្មណ៍ភ្ញាក់ផ្អើល ក្មេងនោះមើលទៅស្លូតបូត មិនសូវក្លាហាន តែជាក្មេងដែលមានភាពតស៊ូក្នុងជីវិតណាស់ ហេតុអីជីវិតរបស់គេកម្សត់យ៉ាងនេះ មកមានកូន ពរពោះ ឱ្យមនុស្សចិត្តថ្លើមខ្មៅគ្មានទាំងទំនួលខុសត្រូវទៀត។
ខាងក្នុងហាង
ម៉ោង ៤:៣០នាទីល្ងាច..
អ្នកស្រី លីហ្សូ គាំងរកពាក្យអ្វីនិយាយពុំបាន ក្រោយពីគាត់បានដឹងដំណឹងនោះរួចមកហើយ គាត់អង្គុយទល់ក្បាលជង្គង់ លើកដៃមកតប់ទះថ្ងាស់ខ្លួនឯងទាំងអារម្មណ៍តប់ប្រមល់ ភ្នែកគាត់រលីងលោង ទ្រូងគាត់ឈឺស្ទើរតែប្រេះ បើជាសិនរឿងនេះកើតឡើងចំពោះកូនគាត់បង្កើត មិនដឹងថាគាត់ឈឺចិត្តស្អិតទ្រូងប៉ុណ្ណានោះទេ។
«ឯងទៅខូចគ្នាជាមួយនឹងអាណាមក? ម្តេចបានមកមានកូនទៅកើត សម័យកាលទំនើបនេះ រឿងកើតឡើងប្លែកៗ ស្ទើរតែមិនគួរឱ្យជឿ ចុះបើម៉ែឯងដឹងឈឺចិត្តយ៉ាងណាទៅ?» ថេយ៉ុង លើកខ្នងដៃជូតទឹកភ្នែកដែលហូរស្រោចចុះមករហេមរហាមទាំងចត់បាយក្នុងចិត្ត គេនៅក្មេង ឆោទល្ងង់ណាស់ ធ្វើអ្វីមិនសូវចេះគិត ងាយឱ្យគេល្បួងលួងលោមប្រលោមចិត្តដូចក្មេងពេលជួបរឿងកម្សត់កម្រពិបាកក៏មកវេទនាតែម្នាក់ឯងទៀត។
«ប៉ុន្តែ..គេបានប្រាប់ថា គេនិងមិនបោះបង់ខ្ញុំចោលទេអ្នកស្រី!»
«ទៅជឿស្អីអាសម្តីប្រុសសម័យនេះ ឯងមិនឃើញរឿងរ៉ាវក្មេងស្រីមានកូនមុនការ មានសង្សាទាំងវ័យក្មេង ប្រឡូកប្រឡាក់គ្នាមានកូន គ្មានទំនួលខុសត្រូវ រួចក៏រត់ចោលគ្នា ព្រាត់ប្រាស់ ព្រោះវាគ្មានសមត្ថភាពចិញ្ចឹមកូនហ្នឹងហើយ ហ៊ើយ.. រឿងវាកើតឡើងហួសអស់ទៅហើយ ចុះពេលបន្ទាប់មកទៀតឯងគិតយ៉ាងណា?» អ្នកស្រី លីហ្សូ សួរបែបនេះដូចយកស្អីដែលមានទម្ងន់ធ្ងន់កណ្តុកមកវាយសំពោងក្បាលគេឱ្យប្រេះបែកលលាដ៏យ៉ាងអ៊ីចឹង គេគិតអីមិនឃើញទេងងឹតសូន្យសុងតែម្តងហើយ។
«បើយកកូនចេញខ្ញុំខ្លាចមានបាប..» ថេយ៉ុង ពោលពាក្យនិយាយទាំងស្រែកយំទ្រហោដង្ហក់អណ្តឺតអណ្តក់ចំពោះមុខគាត់ យំទាំងទឹកភ្នែកហូរស្ទើរក្លាយជាឈាម។
«ចុះបើទុកវា មានអ្នកណាមកជួយចិញ្ចឹមឯង?»
«ខ្ញុំជាអ្នកចិញ្ចឹម..កូនខ្ញុំ ខ្ញុំមិនបោះបង់គេចោលទេ!»
«ជីវិតឯងអីក៏លំបាកម្លេ៉ះ? យើងមានកូន ចិញ្ចឹមកូនតែប៉ុន្មានក្បាលនេះមានប្តីសីនៅចាំជួយចិញ្ចឹមផង ពិបាកហត់នឿយសឹងនិងស្លាប់ ចុះទម្រាំឯងក្បាលមួយតែម្នាក់ឯងវេទនាស្លាប់ហើយ!» គាត់បានគ្រវីក្បាលហត់នឿយណាយចិត្តជំនួស ម្តាយក៏ទើបតែនិងស្លាប់ចោលមិនបានប៉ុន្មាន ឥឡូវនេះមកមានកូនគ្មានប្តីសីទៀត។
កំឡុងពេលនេះគ្មាននរណាម្នាក់មកជួយស្រាយចំណងដ៏ស៊ាំញ៉ាំឱ្យគេបានឡើយ មានតែគេខ្លួនឯងតែប៉ុណ្ណោះ ដែលតស៊ូរែកពន់ គ្រប់យ៉ាងដោយខ្លួនឯង។
ជីវិត មានឡើង មានចុះ នឿយហត់ ស្រក់ញើស ស្រក់ឈាម មានពេលសប្បាយ មានពេលកើតទុក្ខ គឺជារឿងធម្មតា តែពេលខ្លះទៀតក៏វេទនា ត្រដាបត្រដួស សឹងតែមិនអាចញញិមបានផង ពេលរីករាយសម្រាប់គេមានតិចតួចណាស់ ហត់ក៏ហត់ កម្សត់ក៏កម្សត់ អត់ពីម្តាយទៅ លំបាកអស់ដៃអស់ជើង ដើរស៊ីឈ្នួលគេ ដើម្បីបានកម្រៃយកទៅរៀនបន្ត ហើយឥឡូវនេះមកមានកូនទាំងវ័យខ្ចីទៀត រៀនក៏មិនទាន់ចប់ស្រួលបួល ខាតពីមួយឆ្នាំ ទៅមួយឆ្នាំទៀត គ្មានដំណោះស្រាយណាដែលល្អជាងនេះទៀតនោះទេ។
.......
បន្ទប់ជួល
«បើម៉ែមិនល្អ ម៉ែគ្មានកំណើតកើតមកចំជាមនុស្សស្រីពេញលក្ខណៈ កូនកុំខឹងនិងម៉ែណា? ម៉ែកើតមកមានជីវិតអភ័ព្វយ៉ាងនេះទៅហើយ ម៉ែមិនចង់ឃើញកូនមកលំបាកវេទនា រស់នៅខ្មាស់គេដែលមានម្តាយដូចជាម៉ែនេះទេ ហ៊ឹកៗ..ម៉ែពិបាកណាស់ ជូរចត់ណាស់ ព្រហ្មលិខិតនៅតែតាមផ្តន្ទាទោសម៉ែមិនទាន់គ្រប់គ្រាន់ទៀត!» ថេយ៉ុង លើកដៃមកអង្អែលលើក្បាលពោះនិយាយបញ្ចេញអារម្មណ៍ឈឺចាប់មកទាំងអស់ ពិបាកសូម្បីតែពេលដកដង្ហើម ចង់ប្រាប់ដំណឹងនេះ ទៅឱ្យបុរសម្នាក់នោះបានដឹង ចង់ឱ្យគេបានដឹងថា ក្មេងមកចាប់ភព ចាប់កំណើត ក្នុងផ្ទៃរបស់ខ្លួន តែខ្លាចគេមិនព្រមជឿ ហើយគ្មានទំនួលខុសត្រូវ ដូចជាពាក្យចាស់តែងតែពោលពាក្យនិយាយដាស់តឿនសតិមករហូត។
«បើសិនជាបងបានដឹង បងនិងសប្បាយចិត្តទេ ជុងហ្គុក? អូនវិញសប្បាយចិត្តខ្លាំងណាស់ រំភើបផង អរផង ដែលបានផ្តល់កំណើតឱ្យកូនពួកយើង បងមានអារម្មណ៍យ៉ាងណា? អូនចង់ដឹងពិតមែន ចង់ដឹងថាបងមានអារម្មណ៍បែបណា ពេលក្លាយទៅជាឪពុករបស់គេម្នាក់នោះ?»
ប្រអប់ដៃក្តៅគគុក លើកជូតសម្អាតទឹកភ្នែកសារជាថ្មី មុននឹងត្រៀមចូលដំណេក ដោយខួរក្បាលគិតឃើញតែរឿង ស្មុគស្មាញ និងបន់ស្រន់រង់ចាំឱ្យដល់ថ្ងៃកូនកើតចេញមក ទាំងអារម្មណ៍ក្តុកក្តួល ចុកអួលណែនពេញទាំងដើមទ្រូង។
BINABASA MO ANG
សង្ឃឹមបេះដូងបងមានអូន ♡
RomanceJungkook Top / Taehyung Bottom ប្រភេទ : high school ប្រភពរឿង : ប្រទេសកូរ៉េខាងត្បូង