មួយថ្ងៃបន្ទាប់..
ង៉ឺត!!
ឡានសេរីទំនើបឈប់ចតវឹប នៅខាងមុខផ្ទះជួលដដែលជាថ្មីម្តងទៀត ខណៈបុរសសង្ហាក្នុងឈុតសាមញ្ញពាក់មួកពណ៌ខ្មៅក៏បានដើរចេញមក ដោយមានយួរនូវស្បោងអាហារ រណេងរណោងជាប់នឹងដៃមកជាមួយជាច្រើនទៀត ប្រអប់ជើងវែងៗបោះជំហ៊ានឈានបន្តដើរទៅខាងមុខឥតថមថយរហូតមកដល់ឈរចំពីមុខនិងមាត់ទ្វារផ្ទះ។
តុតុ!!
«ចាំមួយភ្លែត!» សំឡេងតូចកូនក្មេងបន្លឺឱ្យស្រួយស្រេះស្រែករន្លឺឡើងទ្រហឹងមុននឹងរត់តាំងៗចេញមកបើកទ្វារដោយទឹកមុខមាំស្មើម្តងទៀត។
«ពូមករកអី?» ចាងហ្វា ឈរហៀបក្បែរមាត់ទ្វាររួចងើយមុខសួរទៅកាន់ឪពុកបណ្តាលឱ្យនាយខាងណោះជ្រួញចិញ្ចើមទាំងចរិតងឿងឆ្ងល់។
«ម៉េចក៏ហៅដេតឌីបែបនេះ?» ជុងហ្គុក ដោះមួកចេញ ឈរសួរកូនទាំងកែវភ្នែកបើកយ៉ាងធំៗក្រឡោត។
«ហេតុអីខ្ញុំហៅអ៊ីចឹងមិនបាន?» មិនមែនមិនដឹងថាគេខឹងខ្លាំងប៉ុណ្ណាទេអ្ហេស ទើបបានជាមកសួរនាំធ្វើពើ ធ្វើដូចជាមិនដឹងរឿងអ្វីសោះ? ធ្វើអ្វីៗសុទ្ធតែដឹងខ្លួនឯងទាំងអស់ទៅហើយ នៅមានមុខមកសួរនាំគេបែបនេះទៀត។
«ដេតឌីយកនំមកឱ្យ!» ជុងហ្គុក ហុចស្បោងនំទៅឱ្យកូនរួចបន្ទន់ជង្គង់ចុះចាប់ប្រអប់ដៃតូចៗមកកាន់អង្អែល តែអាល្អិតរលាស់ចេញយ៉ាងឈ្លើយផុតលេខ។
«ចេញឱ្យឆ្ងាយ ខ្ញុំមិនដែលស្គាល់ពូទេ មាំមី ហាមមិនឱ្យនិយាយចូលមនុស្សប្លែកមុខ!» ចាងហ្វា ច្រានដៃមួយកណ្តាប់ធំនោះចេញទាំងអារម្មណ៍ខឹងគ្រោតគ្រាតហើយក៏ស្រែកឮៗ ធ្វើមុខក្រហមងាំង មិនពេញចិត្ត មិនចង់បាន មិនអត់ឃ្លាន ត្រឹមយកនំមកលួងចិត្តពីបីកញ្ចប់ សុខចិត្តទុកគេចោលរាប់ខែ ចុងក្រោយក៏មកបង្ហាញមុខមាត់ត្រឹមប៉ុណ្ណឹង នំចំណីប៉ុណ្ណឹងទិញទឹកចិត្តរបស់គេមិនបានទេ។
«គេនិយាយបញ្ចេះកូនអ៊ីចឹងឬ?» ជុងហ្គុក សួរហាក់ដូចជាហួសចិត្តដើរចូលទៅចាប់ទាញដៃកូន តែចាប់មិនបានព្រោះអាល្អិតងាកគេចៗមិនចង់ឱ្យប៉ះពាល់ខ្លួនសោះ។
«គ្មានបញ្ចេះអីទេ រកនឹកមកនិយាយខ្លួនឯងហ្នឹង!»
«មកឱ្យដេតឌីឱបបន្តិចមក!»
«ពូនេះនិយាយអត់ចេះស្តាប់គ្នាសោះ!»
«ចាងហ្វា!!» ខណៈការសន្ទនារវាងឪពុកកូនហាក់ផ្តល់មកឱ្យនូវភាពរកាំរកុះ សំឡេងស្រួយមួយប្រយោគទៀត ក៏បានកាត់ចូលចង្វាក់អារម្មណ៍អ្នកទាំងពីរភ្លាមៗ។
«មាំមី!!» ចាងហ្វា រត់តាំងៗទៅចាប់ឱបក្រសោប ថេយ៉ុង រួចងាកទៅសម្លក់សម្លឹងផ្ទៃមុខ ជុងហ្គុក ដែលឈរទ្រឹងនៅឯម្ខាង។
ថេយ៉ុង ពុំបាននិយាយពីអ្វីសោះប្រញាប់ប្រញាល់អូសដៃកូនដើរបង្ហួសកាត់មុខរាងក្រាស់ឈានជើងចូលទៅក្នុងផ្ទះ ស្របនឹងពេលដែលម្ចាស់ប្រអប់ដៃដ៏ក្រាស់ឃ្មឹកក៏បានលូកទៅក្រសោបឱបរាងតូចពីខាងក្រោយយ៉ាងជាប់។
«លែង!» ថេយ៉ុង ប្រកែកទាំងទឹកមុខមិនពេញចិត្តដ្បិត ជុងហ្គុក ឱបចង្កេះគេយ៉ាងជាប់ពីខាងក្រោយហើយថែមទាំងថើបលើថ្ពាល់ដែលរៀបនឹងផ្សើមទឹកភ្នែកទៀត ការរើបម្រាស់ដ៏គ្មានប្រយោជន៍ ហាក់មិនបានជួយស្រោចស្រង់អ្វីសោះនៅពេលនេះទេ ទោះបីជាគេព្យាយាមខំស្រែកយំខ្លាំងយ៉ាងណាក៏មិនអាចបញ្ឈប់ការឱបរឹតមួយនេះបានដែរ។
ជុងហ្គុក សន្សឹមទាញ ថេយ៉ុង ដើរចូលទៅក្នុងផ្ទះ រួចបិទទ្វារលាក់រឿងផ្ទាល់ខ្លួន ពីខ្សែភ្នែកញាតិមិត្តជិតខាង ហើយសម្លឹងមើលមុខភរិយាដែលយំរលីងរលោង ទាំងមិនអស់ចិត្ត រហ័សរហួនដើរចូលទៅឱបអង្អែលខ្នង ថេយ៉ុង ធ្វើដូចជាគ្មានរឿងស្អីកើតឡើង ទាំងដែលខ្លួនគេបានទៅបាត់អស់រយៈពេលជាច្រើនខែមកហើយ។
«លែងខ្ញុំ..ហ៊ឹកៗ លែងទៅ លោកមកធ្វើអីទៀត? លោកមកទីនេះធ្វើអី?» សម្តីអួលដើម.កព្យាយាមឧទានស្រែកសួរនាំក្នុងសំណួរដ៏ឈឺចាប់ ទឹកភ្នែករបស់គេហូរជាបន្តបន្ទាប់ប្រអប់ដៃដ៏ទន់ល្អូកក៏ព្យាយាមលើកគក់លើខ្នងមាំទាំដោយសំដែងការស្រែកយំអស់ៗពីខ្លួនរលីងគ្មានសល់។
រាងក្រាស់មិនទាន់ចង់ឆ្លើយព្រោះចង់បណ្តោយឱ្យគេយំឆ្អែតចិត្ត សិនណាមួយមានអារម្មណ៍បីដូចជានឹកខ្លាំងណាស់ ទើបគិតតែពីឱបហើយថើបត្រដុសបបូរមាត់ក្បែរថ្ពាល់ទន់រលោងម៉ដ្ឋខៃទាំងចិត្តនឹកនាស្ទើរឆ្កួតស្ទើរជា។
«ប៉ុណ្ណឹងបានហើយឈប់ទៅ!» ថេយ៉ុង ប្រមូលកម្លាំងអស់ពីខ្លួនច្រានដើមទ្រូងមាំឱ្យខ្ទាតចេញអស់មួយទំហឹងកម្លាំង។
«លោកមិនចេះខ្មាស់ខ្លួនឯងខ្លះសោះតើមែនទេ?» ដែលរាងតូចសួរបែបនេះព្រោះចង់ដឹងថាគេធ្លាប់គិតឃើញពីកំហុសរបស់ខ្លួនឯងខ្លះទេ សុខៗក៏មកបង្ហាញមុខហើយឱបរឹត ធ្វើដូចជានឹកនាខ្លាំងណាស់ ទាំងដែលការពិតគេក៏ទៅបាត់អស់រយៈពេលជាយូរខែមកហើយដែរ។
«លោកមិនដែលស្រលាញ់គិតគូរពីកូនខ្លះទេ ពេលនេះលោកមកបង្ហាញខ្លួនហើយធ្វើរឿងគួរឱ្យស្អប់ថែមទៀត លោកដឹងទេថាក្មេងទទួលបានអារម្មណ៍បែបណា? ពេលឃើញលោកធ្វើខ្លួនអន់ៗរបៀបនេះ?» ថេយ៉ុង លែងទុកមាត់ ទុកកិត្តិយស ឱ្យគេទៀតហើយ ត្រូវជេរក៏ជេរតាមចិត្តខឹង ត្រូវថាក៏ថាឱ្យអស់ពីចិត្ត ពីបេះដូងដែលឈឺចុកចាប់វេទនាកន្លងមក តាមអារម្មណ៍ដែលពូកែលាក់ទុកក្នុងចិត្តបំផុត។
«មាំមី កុំយំ!!» ចាងហ្វា ចាប់ប្រអប់ដៃ ថេយ៉ុង ច្របាច់ហាមគេមិនឱ្យយំស្រែក កុំបង្ហូរទឹកភ្នែកនៅចំពោះមុខបុរសចិត្តអាក្រក់ម្នាក់នេះឱ្យសោះ។
«យើងក៏មកជួបមុខកូនហើយតើស!» ជុងហ្គុក ស្រដីដូចជារឿងធម្មតា ខណៈ ថេយ៉ុង ឯណោះក៏ឈឺចុកពើតផ្សារក្នុងដើមទ្រូងខ្ទោកៗឡើងមក។
«ចាងហ្វា គ្មានឪពុកដូចជាលោកទេ!»
«ក្រដាសអេតាស៊ីវិលនៅនឹងយើង ពួកយើងមិនទាន់លែងលះគ្នាទេ កូនក៏នៅតែជាកូនរបស់យើងដូចដើម បើតាមច្បាប់ ចាងហ្វា ជាកូនច្បងត្រូវបានមកឪពុក យ៉ាងម៉េចបង្រៀនកូនឱ្យចេះស្អប់ខ្ពើមឪពុកហើយអ្ហេស ជាម្តាយរបស់គេរបៀបណា ស្រែកយំទទូចចង់ឱ្យកូនយល់ខុសមកលើឪពុកបែបនេះមែនទេ?» ជុងហ្គុក ហាក់ដូចជាខឹងណាស់ នៅពេលឃើញថា ថេយ៉ុង ព្យាយាមបង្ហាញពីភាពរឹងមាំដូចជាមនុស្សចិត្តធ្ងន់ ក្លាហានហ៊ានតបតប្រឆាំងនិងខ្លួនដល់ថ្នាក់នេះទៅវិញ។
«លោកខុស តែលោកតែងតែទម្លាក់កំហុសឱ្យខ្ញុំគ្រប់សព្វហ៊ឹកៗ!» ថេយ៉ុង កញ្ជ្រោលស្រែកអស់សំឡេងពីខ្លួន ទឹកភ្នែកហូរស្រក់ចុះមកម៉ាត់ៗស្ទើរតែដាច់ដង្ហើមស្លាប់មើលទៅគេទៅ គ្មានចិត្ត គ្មានបេះដូង អ្វីនោះទេ។
«មាំមី!!» ចាងហ្វា ចាប់ផ្តើមប៉ះទង្គិចអារម្មណ៍ម្តងទៀត ហើយយំសស្រិកសស្រាក់ឱបក្រសោបម្តាយទាំងសំឡេងយំទ្រហោឮសូរគ្រលួច។
«លោកឃើញមែនទេ? នេះមែនទេ ជីវិតដែលលោកផ្តល់មកឱ្យកូន? ត្រឹមជីវិតកូនមួយលោកគ្មានសមត្ថភាពចិញ្ចឹមបីបាច់រូបគេឱ្យមានក្តីសុខផង លោកសម្អាងអីចង់បង្ហាញឈ្មោះជាឪពុករបស់គេហ្អាស?» ថេយ៉ុង មិនអស់ចិត្ត ដ្បិតស្វាមីជាទីស្រលាញ់សំដែងឫកពាក្រអឺតក្រទមខ្លាំងពេក ចេះមានអារម្មណ៍ខឹងអន់ចិត្ត ពេលប្រពន្ធកូនធ្វើបែបហ្នឹងដាក់ តែមិនចេះនឹកឃើញពីកំហុសខ្លួនឯងដែលបានធ្វើឱ្យពួកគេឈឺចាប់ចង់បែកដើមទ្រូងស្លាប់នាពេលកន្លងមកនោះឡើយ។
«កូនស្រែកយំរាល់ថ្ងៃ ព្រោះតូចចិត្តដែលទៅមានឪពុកដូចជាលោក? ខ្ញុំជាម្តាយ ពរពោះកូនមករាប់ខែ ចិញ្ចឹមថែទាំគេចាប់តាំងពីបាតជើងក្រហមរងាល ខ្ញុំថ្នាក់ថ្នមគេខ្លាំងណាស់ ចុះហេតុអ្វីទើបលោកបណ្តោយឱ្យស្រីម្នាក់នោះវាយតំច្រំធាក់គេ? លោកក៏ដឹងថាគេនៅតូចខ្លាំងប៉ុណ្ណា?»
ជុងហ្គុក ក្រឡេកទៅសម្លឹងមើលកូនប្រុសតូចកំពុងយំញញីញញ័រខ្លួនមិនទាន់ដឹងក្តី ចាប់ផ្តើមឈឺចិត្តស្អិតទ្រូង ហើយក៏ឃើញថា ចាងហ្វា ខ្លាចស្ថានភាពទាំងអស់នោះខ្លាំងប៉ុណ្ណាដែរ។
«ហ៊ឹកៗ..ហ៊ឺៗ!!» ចាងហ្វា អណ្តឺតអណ្តក់យំឱបជើង ថេយ៉ុង ខ្លាចតែឪពុកចាប់យកទៅវិញ ទៅឱ្យនាងម្នាក់នោះវាយធ្វើបាបគេទៀត សម្ពាធអារម្មណ៍របស់គេឈឺចាប់ដិតដាមគ្មានថ្ងៃស្រាក់ស្រាន្តអាចរលុបបាត់បាននោះទេ។
«ចាងហ្វា!!» ជុងហ្គុក ដើរចូលទៅចាប់ទាញកូនអូសមកជិតខ្លួន តែក្មេងប្រកែកស្រែកទាំងទឹកមុខភ័យស្លេកស្លាំងហើយក៏គ្រវីក្បាលឱ្យញ័រតតាត់ខ្លាំងឡើងៗ។
«អត់ទេ ហ៊ឹកៗ..!» ចាងហ្វា យំសស្រាក់ទឹកភ្នែកហូរជោកថ្ពាល់រហាមកើតចិត្តខ្លាចឪពុកខ្លួនឯង ធ្វើឱ្យបេះដូង ជុងហ្គុក កន្ទ្រាក់ឈឺដូចមានអ្វីមកវាយបំបែកទាំងរស់។
«កុំប៉ះពាល់ខ្លួនគេ!» ថេយ៉ុង ច្រានដៃ ជុងហ្គុក ចេញ ចាប់ញ៉ឹងកូនតូចឡើងមកពរឱបជាប់នឹងដើមទ្រូងយ៉ាងណែនពេញក្នុងរង្វង់ដៃ។
«លោកពូទៅវិញទៅ ចាងហ្វា មិនចង់ឃើញមុខពូទៀតទេ!» ក្មេងល្អិតនិយាយរងូវៗមិនហ៊ានសូម្បីតែងាកបែរមកសម្លឹងមើលមុខឪពុក ព្រោះនៅខ្លាច នៅភិតភ័យគ្រប់សព្វ មិនហ៊ានសូម្បីតែប្រើក្រសែភ្នែកដ៏គួរឱ្យអាណិតបង្ហាញឱ្យឪពុកបានឃើញទៀតទេ។
«ចាងហ្វា ប៉ាសូមទោស!» ជុងហ្គុក លើកប្រអប់ដៃប៉ះទៅលើខ្នងកូន ទាំងសម្រែកឈឺចាប់និងទឹកភ្នែកដែលហូរស្រក់ចុះមកខ្ជោកៗជោជន់មកបន្ថែម ហើយក៏ដើរចូលទៅចាប់ឱបកូនដែលយំញ័រខ្លួនទទ្រើកគួរឱ្យអាណិតសង្វេគចិត្តណាស់។
«កុំប៉ះ..កុំប៉ះ ចាងហ្វា!!» ចាងហ្វា ស្រែកយំយែក ខំប្រឹងលើកដៃច្រានដើមទ្រូងមាំដែលផ្អឹបជាប់នឹងខ្នងខ្លួន។
«លោកចេញទៅពេលនេះបានហើយ ជុងហ្គុក ឈប់តាមមករំខានជីវិតពួកខ្ញុំទៀតទៅ រឿងរវាងយើងវាចប់គ្នាហើយ!» ថេយ៉ុង អស់ការអត់ធ្មត់ទៀតឱ្យតែឃើញមុខគេឈឺចាប់ចង់ស្លាប់ទាំងរស់ទៅហើយ។
«យើងដឹង..» នាយបម្រុងនឹងហាមាត់និយាយ។
«ខ្ញុំខុសដែលដាក់ចិត្តទៅស្រលាញ់មនុស្សដូចជាលោក បើចាប់តាំងពីដំបូង ខ្ញុំគិតបានវែងឆ្ងាយជាងនេះ ខ្ញុំប្រហែលជាមិនសុំស្គាល់លោកតាំងតែពីពេលនោះមកម្លេ៉ះ ជុងហ្គុក!» ថេយ៉ុង និយាយកាត់សម្តីនាយ ហើយអះអាងអារម្មណ៍សោកស្តាយទាំងទឹកភ្នែកហូរស្ទើរតែក្លាយទៅជាសមុទ្រទុក្ខនិងស្រែកបញ្ចេញអាការៈឈឺចាប់អស់ៗពីខ្លួន មិនទុកឱ្យគេបានចិត្តបន្តទៀតនោះទេ។ រាងក្រាស់ស្រាប់តែលេបទឹកមាត់ក្អឹកៗហើយសម្លឹងមើលមុខរាងតូចដ៏កម្សត់ក្នុងអារម្មណ៍ជូរចត់។
«ឯងស្តាយក្រោយដែលស្រលាញ់យើង តែយើងមិនស្តាយក្រោយចំពោះរឿងដែលយើងខិតខំប្រឹងប្រែងធ្វើគ្រប់យ៉ាងដើម្បីឯងនោះទេ បើពេលនេះឯងឆ្អែតឆ្អន់ ឯងហត់នឿយណាយនិងយើងខ្លាំងណាស់ យើងក៏រៀនកាត់ចិត្ត ហើយដើរបែកផ្លូវមួយផ្សេងចាកចេញពីឯង ចំណែករឿងកូនយើងនិងចិញ្ចឹមគេរហូតដល់ពេលដែលយើងអស់លទ្ធភាពនៅថ្ងៃណាមួយ!» ជុងហ្គុក វាចាសម្តីដោយទឹកមុខប្រាកដប្រជាហើយបានសន្យាថានិងចិញ្ចឹមបីបាច់មើលថែកូនម្តងទៀត ពាក្យខ្លះអាចនិងងាយស្រួលនិយាយ តែវាមិនងាយស្រួលធ្វើនោះទេ។
«លោកធ្លាប់ស្រលាញ់ខ្ញុំខ្លះទេ ឬមួយគ្រាន់តែដើម្បីកូន?» ទោះបីជាអស់សង្ឃឹមច្រើនដង តែគេពិតជាចង់ដឹងចម្លើយម្តងទៀតណាស់។
«យើងក៏ស្រលាញ់ឯង ព្រោះស្រលាញ់ទើបយើងបិទភ្នែកមកគ្រប់យ៉ាង យើងអាត្មានិយម យើងចិត្តអាក្រក់ យើងគ្មានអ្វីល្អនិងឯងសោះ តទៅបន្តរស់នៅជាមួយគ្នាក៏ពិបាក វាក៏ប្រសើរជាងពេលឱ្យកូនឃើញថាយើងជាប់គុក មានឪពុកជាអ្នកទោស ទោះរស់នៅលាក់លៀម ធ្លាក់ខ្លួនថោកទាបប៉ុណ្ណា ឱ្យតែបានជួបមុខឯង ហើយអាចចិញ្ចឹមកូនបានយើងក៏សុខចិត្តយល់ព្រម!» ជុងហ្គុក ឆ្លើយដោយឥតទាក់ទើរអ្វីសោះ រួចក៏ឈានប្រអប់ជើងដើរចេញ ព្រោះមិនចង់ធ្វើឱ្យបេះដូងម្តាយកូនទាំងពីរនាក់នោះបន្តការឈឺចាប់ម្តងទៀត។ ពេលគេចាកចេញទៅផុត ទឹកមុខស្ងួតជ្រើង ធ្វើឱ្យកាយតូចស្រឡូនចាប់មានអារម្មណ៍ស្រាលស្ញើកអស់ពីខ្លួនគ្មានសល់ ទោះទឹកភ្នែកហូរស្រក់ម៉ាត់ៗ ក៏មិនអាចធ្វើឱ្យគេដឹងខ្លួនដែរ យំឆ្អែតក៏ឈប់ យំហត់ក៏សម្រាក យំទាល់តែអស់ទឹកភ្នែកក៏គ្មានថ្ងៃអាចឈប់យំបានដែរ។
YOU ARE READING
សង្ឃឹមបេះដូងបងមានអូន ♡
RomanceJungkook Top / Taehyung Bottom ប្រភេទ : high school ប្រភពរឿង : ប្រទេសកូរ៉េខាងត្បូង