ភាគ០១÷ប្រជែងស្នេហ៍

2.8K 215 4
                                    

      ថេយ៉ុង បរកង់បណ្តើរចូលមហាវិទ្យាល័យនាំមកដោយសភាពកខ្វក់មិនគួរឱ្យចង់មើល ចំហាយក្លិនភក់ជ្រាំសាយភាយស្ទើរទ្រាំហិតពុំបានញ៉ាំងឱ្យទឹកមុខក្រុមនិស្សិតដទៃនាំគ្នាសំដែងអាការៈខ្ពើមរអើម សឹងតែខ្ជាក់កម្កួតព្រោះលម្អងធូលីដីដែលប្រឡាក់ទុំជាប់ទៅនឹងឯកសណ្ឋានសិក្សារបស់គេជាច្រើនស្អេកស្កះ។
      នៅពេលដែលយកកង់មកទុកដាក់ នៅឯកន្លែង បញ្ញើ រួចភ្លាម កំលោះតូចក្នុងទឹកមុខអាម៉ាស់ រហ័សរត់ញាប់ជើងត្របាញ់តម្រង់ទៅរកបន្ទប់ទឹកងាយស្រួលលាងជម្រះភាពកខ្វក់លើដងខ្លួន ដោយសភាព ឈឺចាប់ ទាំងខ្មាស់ អាម៉ាស់ ចំពោះទិដ្ឋភាពដែលកើតឡើងចំពោះខ្លួននៅថ្ងៃនេះខ្លាំងណាស់។
      «គេកើតស្អី?» តាមរយៈទឹកមុខងឿងឆ្ងល់នឹងប្រយោគដែលបានបន្លឺមុននេះ ខ្សែភ្នែកមានសភាពធម្មតាក៏រហ័សងាកទៅសម្លឹងមើលកំលោះសង្ហាដែលឈរជ្រែងហោប៉ាវ លយផែនមុខមាំទាំជាមួយនឹងកែវភ្នែកខ្មៅងិតបាញ់តម្រង់សម្លឹងមើលកំលោះតូចរាងស្គមស្តើង ព្យាយាមរត់ទាំងសភាពញញីញញ័រឯណោះ។
      «ម្តេចមិនទៅសួរនាំគេដោយខ្លួនឯង?» កាងដេ បម្រុងតែងាកមកសួរចំពោះ ឆុងអាន់ តែបែរជាត្រូវគេសួរបកភ្លាមៗ ទោះចង់ត្រៀមចិត្ត ត្រៀមចម្លើយ ចង់ឆ្លើយក៏មិនទាន់ពេលដែរ។
      «តែយើងចង់សួរឯង!» កាងដេ ខាំសាច់មាត់បើកភ្នែកសម្លក់មុខ ឆុងអាន់ ក្នុងសភាពគ្រឺតក្នាញ់។ អ្នកកំលោះខាងណោះឈរពើងដើមទ្រូងខ្ពស់ រួចញ៉ាក់ស្មាផ្តោតខ្សែភ្នែកសម្លឹងមើលកំលោះរាងតូចស្តើងដែលព្យាយាមដោះអាវប្រឡាក់ដាក់ហាលសំដិល។
      «អាល្អិតនុះ ជាកូនប្រុសអ៊ំស្រីចំណាស់ម្នាក់ ដែលជាអ្នកលក់ដូររកស៊ី លក់នំប៉ាវរៀងរាល់ពេលល្ងាច នំប៉ាវគាត់ធ្វើឆ្ងាញ់ណាស់ សូម្បីតែម៉ាក់របស់យើងក៏ចូលចិត្តដែរ!» កាងដេ តាមមើលមុខ ឆុងអាន់ បន្តិចបន្ទាប់មកទើបសើចទាំងអារម្មណ៍កំប្លុកកំប្លែង។
      ផូស!!
      «អូយ!» ឆុងអាន់ ស្រែកទាំងភាពឈឺចាប់និងលើកដៃអង្អែលចំកន្លែងដែល កាងដេ ទះស្ទើរតែកំពិតខួរក្បាល។
      «យើងមិនបានចង់ដឹងអំពីរសជាតិនំប៉ាវ តែយើងចង់ដឹងពីសភាពដែលកើតឡើងចំពោះគេនៅថ្ងៃនេះ!» ឆុងអាន់ បើកភ្នែកស្រឡះចែស ព្រមទាំងជ្រួញចិញ្ចើមឡើងកោង។
      «ធ្វើម៉េចយើងដឹងទៅ បើយើងនៅជាមួយឯងចាប់តាំងពីព្រលឹមអុលមកម៉្លេះ ចង់ដឹងម្តេចមិនទៅសួរគេដោយខ្លួនឯងទៅ?» កាងដេ ខ្ជិលនៅតបតនាំតែខាតពេល ទើបគេជាមនុស្សមានចិត្តក្រឡេកទៅបើកទូរសម្រាប់ដាក់សម្ភារៈដែលមានរៀងជាថ្នាក់ៗ សម្រាប់ដាក់សម្ភារៈនិស្សិតទូទៅទាំងអស់ ស្រវាចាប់យកបានអាវថ្មីមួយសម្រាប់ចេញមក អាវនោះ ជាអាវរបស់គេ តាមធម្មតាគេជាកូនអ្នកមានខ្លាំងណាស់ ជីវភាពគ្រួសាររបស់គេធូរធារសម្បើម បើនិយាយអំពីរឿងឡានសេរីទំនើបដូរស្ទើរតែរាល់អាទិត្យម្តង សូម្បីតែការរៀបចំស្លៀកពាក់មើលទៅក៏ឡូយឆាយ ចំណែកឯចរិតឫកពា ក៏មិនកោងកាច ឈ្លើយច្រលើសបើសអ្វីប៉ុន្មានដែរ។
      «យើងថាហួសពេលហើយ!»
      «ស្អី?»
      «នុះ!» ឆុងអាន់ បួញមាត់ស្រួច លើកដៃចង្អុលទៅកាន់បន្ទប់ ទឹកកន្លែងលាងសម្អាតដៃ។
      កាងដេ ពេលឃើញ ថេយ៉ុង មានអ្នកចាំមើលថែ ផ្តល់ជូនអាវថ្មី ត្របក់ភ្នែករបស់គេប្រែជាធ្មេចញាប់ស្អេកយ៉ាងខុសប្លែក។
      «ពាក់ទៅ!» មីនយ៉ុក ហុចអាវថ្មីមួយទៅឱ្យ ថេយ៉ុង កំលោះតូចឈរអេះអុញៗក្នុងទឹកមុខខ្លាចចិត្តអ្នកផ្តល់ជំនួយទាំងសភាពរងារស្ទើរតែរឹងរណ្តំថ្គាម។
      «អាវលោកថ្លៃណាស់..ខ្ញុំមិនហ៊ានទទួលយកទេ!» ថេយ៉ុង មិនដឹងត្រូវរៀបចំខ្លួនបែបណាឱ្យបានត្រឹមត្រូវល្អ ដើម្បីទទួលយកនូវអំណោយដ៏វិសេសមួយនោះឡើយ ដ្បិតខ្លួនជាកូនអ្នកក្រណាស់ ថែមទាំងមានរូបរាងមិនល្អខ្លួនមិនសូវស្អាតមុខមាត់សម្រែៗ ស្បែកខ្មៅស្រអាប់ទៀត មិនគួរណាមានតែមនុស្សប្រុសសង្ហាៗជាកូនអ្នកមាន ឫកពារមទម្យ សមប្រកបច្រើនយ៉ាងងាកមកចាប់អារម្មណ៍ពីមនុស្សមានមុខមាត់យ៉ាប់ដូចជាខ្លួនកើតសោះ។
      «ទទួលទៅអាវចាស់របស់ថេយ៍ប្រឡាក់អស់ហើយ បើមិនប្តូរថ្មីទេ ចង់ពាក់អាវមានសភាពកខ្វក់មួយនោះទៀតអ្ហេស?» មីនយ៉ុក ឆាប់ចាប់ក្រសោបប្រអប់ដៃ ថេយ៉ុង ឱ្យលាទទួលយកអំណោយរបស់ខ្លួន ចំណែកឯ ថេយ៉ុង ក៏យល់ព្រមទទួលយកទាំងស្នាមញញិមពេញចិត្ត ឫកពាស្លូតបូត ស្នាមញញិមសែនផ្អែមល្ហែម កែវភ្នែកមានពន្លឺ ហាក់ញ៉ាំងឱ្យខ្សែភ្នែកកំណាចមួយគូសម្លឹងមើលចូលមកទាំងអារម្មណ៍ចំអកឡកឡាយ។
      «ជួយម៉ែលក់នំប៉ាវនាំតែហត់ធ្វើអី្វដើរទាក់ប្រុសអស់ពេញមួយនរគវាសប្បាយជាជាង!» អ្នកដែលពោលពាក្យគួរឱ្យស្អប់ពេញទំហឹងឈរឈមទៅនឹងបង្កាន់ដៃអាគារសិក្សា ហាក់មានគំនិតគិតខុសចំពោះអ្នកដែលឈរញញិមញញែមរីករាយទទួលអំណោយ ដែលខ្លួនពេញចិត្តបីដូចជាមានក្តីសុខសម្បើមណាស់។
      «ម្សិលមិញទើបតែក្លាហានមកសារភាពប្រាប់ថាស្រលាញ់ឯងសោះ ថ្ងៃនេះក៏មានមុខទៅឈរញញិមញញែមជាមួយសត្រូវរបស់ឯងទៀត!» ដុងហ៊ូ រំឭកដល់រឿងកាលពីម្សិលមិញញ៉ាំងឱ្យទឹកមុខអ្នកម្ខាងទៀតចាប់ផ្តើមឡើងកម្តៅខុសប្លែកធម្មតា។
      «ចង្រៃយ៍មែន!» ថាចប់នាយក៏ប្រាស់ខ្លួនដើរចេញទាំងទឹកមុខងាប់ អារម្មណ៍ ម្តងល្អ ម្តងអាក្រក់ បីដូចជារន្ទះបាញ់។
      «អាវនេះថេយ៍យកទៅប្រើចុះ បើខ្វះខាតអីអាចប្រាប់ខ្ញុំបាន..» សម្តីទាំងប៉ុន្មានម៉ាត់របស់ មីនយ៉ុក នាំឱ្យទឹកមុខស្រឡូនសំដែងឡើងដោយការភ្ញាក់ផ្អើលនិងព្យាយាមប្រកែកតវ៉ាយ៉ាងញ័របបូរមាត់ចំប្រប់។
      «មិន..មិនអីនោះទេ ខ្ញុំមិនហ៊ានទទួលទេ ចាំពាក់រួចខ្ញុំបោកសម្អាតសងលោកវិញចុះ!» ថេយ៉ុង មិនហ៊ានដំឡើងឋានៈធៀបស្មើនឹងគេឡើយ បើទោះបីគេនុះជាបុរសល្អ ស្មោះស មានចរិត កិរិយាមាយាទល្អគ្រប់សព្វបែបយ៉ាងណាក៏ដោយក្តី តែរូបគេពុំមែនជាជម្រើសក្នុងដួងចិត្តរបស់ខ្លួន ហើយក៏មិនមែនជាមនុស្សប្រុសតែម្នាក់គត់ ដែលខ្លួនយល់ព្រមបើកបេះដូងទទួលយកនោះដែរ។
      ថេយ៉ុង បញ្ចប់សម្តីចប់ រហ័សបែរខ្លួនដើរចេញទៅ ប្តូរឈុតចាស់ចេញ បន្ទាប់មកទើបរូតរះឡើងទៅថ្នាក់រៀនបាត់ កាត់ការសន្ទនារវាងកំលោះកូនអ្នកមានដោយចិត្តខ្លាចក្រែងរអារ។
     
      ប្រោក!!
      សំបកកំប៉ុកទឹកក្រូចស្រាប់តែមានសភាពវាចកំប៉ែតខ្ទេចដោយសារតែទម្ងន់ជើងមាំទាំមួយចំហៀងបានជាន់ញាំញីរហូតដល់ខូចទ្រង់ទ្រាយទៅអស់គ្មានសល់។ បុរសកម្ពស់ខ្ពស់ចាប់ដាក់គូទអង្គុយចុះលើបង់ថ្មក្រោមដើមឈើធំមួយ ដោយមិនភ្លេចដកនូវកញ្ចប់បារី អុជជក់ទាំងកណ្តាលថ្ងៃចែស យ៉ាងទំនើងមានពុំខ្លាចក្រែងអ្វីបន្តិចណានោះសោះ។
      «អាកូនអ្នកលក់នំប៉ាវម្នាក់នោះ សម្បូរមន្តស្នេហ៍ដល់ហើយ ប្រុសៗជួរមុខកម្រិត A សុទ្ធតែជាកូនអ្នកមាននាំគ្នាតាមមកចែចង់វាច្រើនសម្បើមណាស់!» សម្តីសម្តៅ ដុងហ៊ូ បានជះឥទ្ធិពលទៅក្នុងប្រព័ន្ធប្រសាទ អ្នកកំលោះរូបស្រស់ ក្នុងទឹកមុខរាបស្មើបីដូចជាសាប ស្រាប់តែញោចស្នាមញញិមចុងមាត់ ទោះបីពួកកូនអ្នកមានអស់នោះ ជាប្រុសស្អាតដែលមានមុខមាត់ល្អឥតខ្ចោះ ស្ថិតនៅជួរមុខ កម្រិត A ក៏មិនអាចយកឈ្នះគេ ដែលជាបុរសតែម្នាក់គត់ បានជះឥទ្ធិពលក្នុងបេះដូងនិងចិត្តគំនិត អាក្មេងលក់នំប៉ាវម្នាក់នោះដែរ ប្រសិនបើគេចង់បាន ក៏បានមកដោយងាយ ដោយមិនចាំបាច់ខំប្រឹងរត់ខ្វែងជើងគ្នាទៅតាមដណ្តើមនាំតែហត់ចិត្តដែរ។
      «របស់តែថោក គេចង់បានហើយឯងកុំឆ្ងល់!» ជុងហ្គុក ចេញស្តីទាំងគ្រាប់ភ្នែកក្រហមច្រាល នឹកឃើញរូបភាពអាក្មេងឡឺកឺ មោឃៗម្នាក់នោះឈរនិយាយជាមួយមនុស្សប្រុសពេញទឹកពេញដី អារម្មណ៍របស់គេកែប្រែលែងមានលំនឹង វាដូចជាហេលហាលណាស់ ល្វឹងល្វើយ ធុញថប់ ទោះចង់អង្គុយដកដង្ហើមតាមបែបធម្មតាៗ ក៏ពិបាកណាស់ដែរ។
      «តែយើងថារបស់ថោកខ្លះ អាចមានគុណភាពល្អឥតខ្ចោះជាងរបស់ថ្លៃមិនជឿឯងសាកល្បងរង់ចាំមើលទៅ!» ដុងហ៊ូ ស៊កដៃចូលហោប៉ាវខោ បញ្ចប់សម្តីរហ័សបែរខ្នងដើរចេញទៅទាំងមិនងាកក្រោយមកផ្តល់ចម្លើយឱ្យ ជុងហ្គុក ថាន័យដែលគេបាននិយាយទាំងអស់ដោយប្រយោលមុននេះគឺអ្វី?។
      ទីង!!
      សំឡេងសារស្រាប់តែលោតបន្លឺសំឡេងញ័រក្នុងហោប៉ាវខោតតាត់។ ជុងហ្គុក ដកកន្ទុយបារីចេញពីមាត់ សន្សឹមទាញទូរស័ព្ទដៃទំនើបចេញពីហោប៉ាវ ទើបមើលដឹងថាជាសាររបស់មិត្តស្រីខ្លួនសោះ..
      អ៊ុនយូ
      "ល្ងាចនេះ ជួបគ្នាកន្លែងដដែល!" បន្ទាប់ពីឃើញសារនោះភ្លាម នាយស្រាប់តែញញិម អារម្មណ៍តប់ប្រមល់មុននេះប្រែជារលាយអស់ត្រឹមមួយប៉ប្រិចភ្នែក។
     
      ផប់ស្ត្រីត / Pubstreet
      ថេយ៉ុង រុញរទេះនំប៉ាវមកលក់កន្លែងនេះរាល់ថ្ងៃជាប្រចាំមានមនុស្សច្រើនណាស់ឧស្សាហ៍មកទិញនំប៉ាវរបស់គេយកទៅញាំជាហូរហែររហូត។ ជូនកាលមានពេលខ្លះក៏លក់ដាច់ខ្លាំងពេក គ្មានអ្នកជំនួសដៃជើង រៀងនឿយហត់សម្បើមណាស់ដែរ តែបើទោះបីជានឿយបន្តិចមែនឱ្យតែនំប៉ាវរបស់គេលក់ដាច់អស់ គេសប្បាយចិត្តណាស់ណាទៅហើយ។
      «បងសុំសួរបន្តិច!» ជុងហ្គុក ដែលអង្គុយចាយពេលក្នុងហាងផឹកស៊ីរហ័សបញ្ចូនសម្តីស្កាត់សួរអ្នករត់តុប្រុសម្នាក់ភ្លាមៗ។
      «បាទ!»
      «អាក្មេងនោះ វាមកលក់នំប៉ាវនៅទីនេះរាល់ថ្ងៃមែនទេបង?»
      «បាទ គឺគេមកលក់រាល់ថ្ងៃ ជាមួយនិងម្តាយចាស់ម្នាក់តាមទម្លាប់សព្វដង នំប៉ាវគេលក់ដាច់ណាស់ ហើយឆ្ងាញ់ទៀតផង!»
      «បាទ..អរគុណបងច្រើនហើយ!» ជុងហ្គុក ថាបានប៉ុណ្ណឹងទើបបែរខ្លួនទៅអង្គុយរង់ចាំមិត្តស្រីធម្មតាវិញ។
      «ឱ្យខ្ញុំជួយលក់ទេ?»
      «មីនយ៉ុក!!» ម្ចាស់សំឡេងស្រួយស្រែះស្រាប់តែដង្ហោយហៅសព្វនាមមួយនោះដែលញ៉ាំងឱ្យស្មារតីប្រុសកំលោះក្នុងទឹកមុខត្រជាក់ស្រេងរហ័សងាកមកសម្លឹងមើលជាថ្មីម្តងទៀត។
      «លក់ដាច់ណាស់ថ្ងៃនេះ ចាំខ្ញុំជួយលក់ណា!» ថេយ៉ុង ងាកសម្លឹងមើលមុខម្តាយ ខ្លាចថាគាត់បន្ទោស ណាមួយនាយកំលោះម្នាក់នុះជាកូនអ្នកមានទៀតសោតម្តាយឪពុកគេច្បាស់ជាមិនពេញចិត្ត ដែលមកឃើញកូនធ្វើខ្លួនអន់ៗ មកឈរលក់នំប៉ាវតាមចិញ្ចើមថ្នល់អ៊ីចឹងឡើយ។
      «មិនអីទេ ខ្ញុំនិងម៉ែអាចលក់បាន មិនរំខានលោកទេ!»
      «មនុស្សច្រើនណាស់ ហុចថង់និងប្រអប់មក ខ្ញុំជួយវិចខ្ចប់ឱ្យភ្ញៀវ!» មីនយ៉ុក ថាចប់ស្រវាចាប់យកប្រអប់និងថង់មកកាន់រួចជួយចាប់ដុំនំប៉ាវញាប់ដៃស្អេកមកវិចខ្ចប់ជូនភ្ញៀវយ៉ាងរហ័សរហួនខ្លាំងណាស់។
      «អូហ៍ ថ្ងៃនេះមានកំលោះរូបស្រស់មកជួយលក់ដែរតើស..ត្រូវជាអីនិងក្មួយខាងណេះដែរ?» លោកយាយចំណាស់ ដែលជាម៉ូយប្រចាំ ក៏សាកសួរឡើងទាំងស្នាមញញិមស្ញប់ស្ញែងព្រោះមិនដែលឃើញអ្នកកំលោះ មីនយ៉ុក ពីមុនមកទាល់តែសោះ។
      «ខ្ញុំជាសង្សារបស់គេណាយាយ!»
      ផាច់!!!
      «មីនយ៉ុក និយាយអីហ្នឹង?» ថេយ៉ុង ប្រញាប់វាយដើមដៃគេ តាមអារម្មណ៍ពិតគឺខឹងណាស់ តែនាយពុំបានគិតដូច្នេះឡើយ ហើយថែមទាំងបានគិតផ្តេសផ្តាសថា ថេយ៉ុង ប្រាកដជាអៀននិងខ្លួនទៀត។
      «អៀនអីចៅអើយ មានសង្សាមកជួយលក់ ជំនួសដៃជើងម្តាយល្អហើយ មើលទៅក្មួយខាងណោះក៏ស័ក្តិសមនិងចៅដែរ កុំទៅគិតខ្មាស់អៀនច្រើនអី!!»
      ផាំង!!!
      «វាកើតស្អីឯងអាជុង?» ដុងហ៊ូ ភ្ញាក់ភ្លាត់មាត់ស្រែកឮកាកោកភ្ញាក់ បះដៃ បះជើង កាលបើសូរសំឡេងអុកកែវស្រាបន្លឺសូរផាំងកណ្តាលមុខផ្អើលអស់គ្រប់គ្នាដែលនៅទីនេះ។
      «ផឹកមិនចូលទេវ្ហើយ!!!»
      «ប៉ុន្តែស្រាទើបតែហៅមក» ជុងហ្គុក ក្រឡេកមកសម្លឹងមុខ ដុងហ៊ូ ពេញប្រៀបដោយភាពខឹងគ្រោតទើបនាយខាងណោះ យល់ព្រមស្ងាត់មាត់ឈឹង ពុំហ៊ានសួរនាំគេឱ្យឈឺក្បាលលើសដើមទៀតឡើយ។
      (តែយើងថារបស់ថោកខ្លះ អាចមានគុណភាពល្អឥតខ្ចោះជាងរបស់ថ្លៃ មិនជឿឯងសាកល្បងរង់ចាំមើលទៅ!)
      នឹកដល់សម្តី ដុងហ៊ូ និយាយពេលណា គេកាន់តែហេលហាលក្នុងទ្រូង រួចគិតក្នុងគំនិតថា តើអាក្មេងប្រុសម្នាក់នោះវាមានអ្វីពិសេសទៅ ទើបបានជាម្នាក់ៗងប់ងល់និងវាសម្បើមយ៉ាងនេះ មុខមាត់ក៏សម្រែ ស្បែកក៏ស្រអាប់ ខោអាវស្លៀកពាក់ដូចកន្ទបជូតក្តារ ស្លៀកពាក់ អាវមិនអាវ ខោមិនខោ មានម៉ែជាអ្នកក្រ លក់ដូ តាមចិញ្ចើមថ្នល់បែបនេះទៀត កោតតែមានប្រុសៗ ជាកូនអ្នកមានលំដាប់ បាក់ទឹក បាក់ដី តាមមកចែចង់ហែរហម យកចិត្តទុកដាក់ជាមួយទៅកើតដែរ?។
      «លក់អស់ហើយ ចាំខ្ញុំជួយរុញរទេះណា!»
      «មីនយ៉ុក កុំអីប៉ុណ្ណឹងបានហើយ ទៅរវល់ជាមួយឡានរបស់លោកចុះ អរគុណលោកច្រើនណាស់!» ថេយ៉ុង ធ្វើជាហាមឃាត់គេ ចិត្តពិតក៏មិនចង់ ស្និទ្ធស្នាលនិងគេអ្វីប៉ុន្មានដែរ ព្រោះយល់ដឹងពីឋានៈនិងមុខមាត់របស់ខ្លួនឯងច្បាស់ណាស់។
      «ថេយ៍ បដិសេចខ្ញុំរាល់លើក មិនចូលចិត្តខ្ញុំត្រង់ណា អាចប្រាប់ខ្ញុំបានទេ?» កំលោះតូចបែរជាឈរទ្រឹងគិតមិនដឹងឆ្លើយតបយ៉ាងណា បើនិយាយត្រង់ៗទៅក៏ខ្លាចថាគេនោះ អន់ចិត្ត ហើយលែងហ៊ាន មានអារម្មណ៍ល្អៗចំពោះគ្នាក្នុងនាមជាមិត្តទៀត។
      «ខ្ញុំមិនបានគិតអីច្រើនទេ គ្រាន់តែមិនចង់ឃើញលោកមកធ្វើខ្លួនបែបនេះតាមចិញ្ចើមថ្នល់ជាមួយគ្រួសារអ្នកក្រដូចជាខ្ញុំ!» ថេយ៉ុង និយាយបានប៉ុន្មានម៉ាត់រហ័សរុញរទេះដើរចេញទៅជាមួយនិងម្តាយ ខណៈ មីនយ៉ុក បានត្រឹមតែឈរស្រងាកចិត្តចំពោះសម្តីទាំងប៉ុន្មានម៉ាត់ដែល ថេយ៉ុង បានរៀបរាប់មុននេះនោះឡើយ។
      «ថេយ៍ទៅថាឱ្យគេធ្វើអីកូន?» អ្នកជាម្តាយ ក៏ស្រាប់តែលាន់មាត់ពោលពាក្យដូច្នេះឡើង។
      «ខ្ញុំមិនចង់អូសទាញគេមកពាក់ព័ន្ធទេម៉ែ..ម្តាយឪពុកគេជាអ្នក មានមុខ មានមាត់ ណាស់ក្នុងសង្គមយើងនេះចុះបើម្តាយឪពុកគេបានដឹងអ្នកដែលត្រូវអាម៉ាស់មុខខ្លាំងបំផុតគឺជាយើងណាម៉ែ ដែលខ្លួនក្រហើយ ព្យាយាមតាមស្រវាចាប់កូនប្រុសគេអ្នកមាននោះ!» ថេយ៉ុង ស្រដីរៀបរាប់ ដៃខ្លីមិនហ៊ានឈោង ទោះខិតខំប្រឹងប្រែងយ៉ាងណាក៏គ្មានបានការ ទើបគេព្យាយាមរស់តាមជីវិតដែលខ្លួនមានគឺល្អបំផុតហើយ។














សង្ឃឹមបេះដូងបងមានអូន ♡Where stories live. Discover now