ភាគ១៩÷ការសម្ងាត់

2.1K 146 1
                                    

       ស្ថានភាពអ្នកខាងណេះ ក៏មិនខុសអ្វីពីអ្នកខាងណោះប៉ុន្មានដែរ ជីវិតត្រូវបានគ្រួសារបង្ខិតបង្ខំឱ្យរៀបការជាមួយមនុស្សស្រីដែលខ្លួនមិនបានស្រលាញ់ វាពិតជាគួរឱ្យធុញទ្រាន់ខ្លាំងណាស់ មានអារម្មណ៍ថាជីវិតកើតមកមានតែមួយដងក្នុងមួយជាតិ មានពេលវេលាសម្រាប់ខ្លួនឯង គឺតិចតួចណាស់ ពេលធំដឹងក្តីឡើងក៏ត្រូវឪពុកម្តាយរៀបចំជីវិតឱ្យទៀត។
       ជុងហ្គុក បានខំប្រឹងអស់ពីលទ្ធភាពរួចទៅហើយ យ៉ាងណាក៏ម្តាយឪពុករបស់គេ ស្រលាញ់គេ ពួកគាត់ក៏បានខិតខំប្រឹងប្រែងការពារកូន ឱ្យបានរួចផុតពីសំណាញ់ច្បាប់ដែរគ្រាន់តែមធ្យោបាយដែលពួកគាត់ធ្វើឱ្យគេមិនសូវសប្បាយចិត្តនិងទទួលយកអ្វីប៉ុន្មាន។
       «កូនជុង!!»
       «ម៉ាក់!!» អ្នកកំលោះក្រឡេកមកសម្លឹងមើលមុខអ្នកម្តាយ រួចសន្សឹមដើរចូលទៅអង្គុយលើសាឡុងខាងក្នុងបន្ទប់ជាមួយគាត់។ នាយដាក់បង្គុយចុះ ទន្ទឹមនិងរាងកាយស្ត្រីចំណាស់ សូរដង្ហើមធំៗរបស់គាត់ បានបន្លឺឡើង ធ្វើឱ្យគេស្តាប់ឮអាចសន្មត់បានថាគាត់កំពុងមានទុក្ខកង្វល់ដែរ។
       «ប៉ារបស់កូនបានគិតគូរយ៉ាងដិតដល់សម្បើមណាស់ ដើម្បីរៀបចំឱ្យកូនមានជីវិតល្អប្រសើរ យ៉ាងណាក៏គ្រាន់បើជាងការទៅរស់នៅក្នុងគុកដែរណាកូនយល់ដល់ចិត្តប៉ារបស់ឯងខ្លះផងទៅ!» លោកស្រី ហេវ៉ុន មានប្រសាសន៍ ថែមទាំងលូកដៃចូលទៅប៉ះលើខ្នងដៃកូនប្រុសថ្នមៗ សម្លឹងមើលមុខកូនទាំងកែវភ្នែកពោពេញទៅដោយក្តីបារម្ភចំពោះគេជាពន់ពេក។
       «ចុះម៉ាក់ធ្លាប់មានក្តីសុខទេ ក្រោយពេលបានរៀបការជាមួយនឹងប៉ានោះ? កាលពីនៅវ័យកុមារភាព ខ្ញុំតែងតែឃើញថាម៉ាក់យំដោយសារតែប៉ារាល់ថ្ងៃ ម៉ាក់តែងតែកុហកខ្លួនឯងមករហូត ថាប៉ាច្បាស់ជាស្រលាញ់ម៉ាក់ ប៉ុន្តែការពិត ម៉ាក់នៅតែជាមនុស្សស្រីពូកែនិយាយកុហកដដែល!»
       «ជុងហ្គុក!!»
       «ប៉ាម៉ាក់ជួយខ្ញុំឱ្យគេចផុតពីសំណាញ់ច្បាប់ តែបែរជានាំគ្នាបញ្ចូនខ្ញុំឱ្យទៅរស់នៅមានគ្រួសារ គ្មានសុភមង្គល វាមិនអយុត្តិធម៌នោះទេ ខ្ញុំមិនត្រូវការ ខ្ញុំចង់រស់នៅជាមួយនិងមនុស្សដែលខ្ញុំបានស្រលាញ់ ទោះខ្ញុំត្រូវកាត់ទោសសម្លាប់ក៏ខ្ញុំមានក្តីសុខ!»
       «រៀនគិតឱ្យបានច្បាស់លាស់បន្តិចទៅកូន ម៉ាក់មិនចង់ឃើញកូនពិបាកទេ!» គាត់ស្រាប់តែស្រែកដំឡើងសំឡេង។
       «តែខ្ញុំអាចធ្វើវាបានដោយម្នាក់ឯង ម៉ាក់កុំមករវល់នឹងរឿងរបស់ខ្ញុំបានទេ?»
       ជុងហ្គុក កញ្ជ្រោលស្រែកទាំងកំហឹងដាក់គាត់ ស្ទុះក្រោកឈរពេញកម្ពស់ស្រែកយំដាក់ម្តាយ ចាប់តាំងពីតូចរហូតដល់ធំ គាត់កម្របានឃើញគេយំខ្លាំងណាស់ ប៉ុន្តែថ្ងៃនេះគេបែរជាបានបង្ហូរទឹកភ្នែក ហើយសំដែងការឈឺចាប់ចេញមកពីអារម្មណ៍ដែលបានលាក់ទុកអស់ពេលជាច្រើនឆ្នាំ។
       «ប៉ាម៉ាក់បង្កើតខ្ញុំមក ទុកកូនដូចជាឧបករណ៍ ខ្ញុំជាមនុស្សណាម៉ាក់ មិនមែនសត្វធាតុទេ ខ្ញុំរស់នៅមានការតាំងចិត្ត មានគោលដៅរបស់ខ្ញុំរួចជាស្រេច រួចទៅហើយ ខ្ញុំមិនត្រូវការឱ្យអ្នកណា មកតាមហែហៃ ចង្អុលប្រាប់ឱ្យ ធ្វើនេះ ធ្វើនោះ បង្ខំខ្ញុំ ដូចក្របី ដូចគោ ខ្ញុំមិនចង់បានជីវិតដ៏តានតឹងបែបនេះនោះទេ!»
       «ជុងហ្គុក ហ៊ឹកៗ..» លោកស្រី ហេវ៉ុន ទួញយំស្រែកទាំងអារម្មណ៍ពុះកញ្ជ្រោលនិងសែនឈឺចាប់។
       «ខ្ញុំត្រូវការសេចក្តីសុខ ភាពកក់ក្តៅ ទំនួលខុសត្រូវ និងសេរីភាព តែជីវិតដែលខ្ញុំទទួលបានមកសព្វថ្ងៃនេះគឺប្រៀបដូចជាការជាប់គុក ជាប់ខ្នោះ មិនដឹងជាទូលរែកកម្មពៀរស្អី បែរជាបានកើតមកក្នុងគ្រួសារ ដែលមានតែអ្នក ចេះតែយល់ចិត្តខ្លួនឯង ខ្ញុំសែនស្អប់ ស្អប់គ្រប់គ្នា..ខ្លាំងណាស់!!»
       សម្រែករបស់គេកាន់តែធ្វើឱ្យស្ត្រីចំណាស់ ស្តាប់ហើយឈឺចិត្តមិនស្ទើរឡើយ ពាក្យសម្តីរបស់គេមួយម៉ាត់ៗ ចាក់ដោតចំទ្រូងរបស់គាត់ឱ្យឈឺចុកអួល គ្មានពាក្យថ្លឹងថ្លែងវាចាឡើយ។
       «ខ្ញុំមិនគួរកើតមកទេ បើបានដឹងថាខ្ញុំត្រូវរស់នៅបម្រើឪពុកម្តាយអាត្មានិយមបែបនេះ!»
       ផាច់!!!
       «ដែលយើងសុខចិត្ត អាត្មានិយមមកទល់នឹងសព្វថ្ងៃនេះ ព្រោះយើងស្រលាញ់ឯងខ្លាំងណាស់ ហេតុអីក៏ឯងមិនយល់ពីចិត្តម្តាយខ្លះហ្អាស៎កូន ហ៊ឹកៗ..ហ៊ឺៗ!!» គាត់យំខ្លាំងៗអស់ពីខ្លួន ដើរចូលទៅវាយគក់ដើមទ្រូងកូនប្រុស សុំការយោគយល់ពីកូនទាំងទ្រូងដង្ហក់ផ្ទឹកៗសឹងតែដាច់ខ្យល់ដង្ហើមស្លាប់។
       «មានម្តាយឯណាដែលថាមិនស្រលាញ់កូន ព្រោះតែម៉ាក់ខ្លាចឯងទៅជាប់គុកច្រវ៉ាក់ គេវាយ គេធ្វើបាបក្នុងគុក ម៉ាក់ទទួលយកមិនបានទេអាជុង ហ៊ឹកៗ!!»
       «អ៊ីចឹង..បើម៉ាក់ស្រលាញ់ខ្ញុំពិតប្រាកដមែន ម៉ាក់ធ្វើតាមសំណូមពររបស់ខ្ញុំទៅ!» លោកស្រី ហេវ៉ុន ងើយមើលសម្លឹងមុខកូនប្រុស។
       «រឿងអី?»
       «ដល់ពេលនោះខ្ញុំនិងប្រាប់ម៉ាក់ ហើយម៉ាក់ច្បាស់ជាបានដឹងនិងលាក់រឿងនេះជាការសម្ងាត់រហូតទៅ!» គេគ្រាន់តែបង្ហើបប្រាប់ប៉ុណ្ណឹង រួចក៏បានដើរចូលទៅរកបន្ទប់គេងបាត់ ដោយមិនបានខ្វល់ខ្វាយពីដំណក់ទឹកនេត្រារបស់ម្តាយដែលកំពុងតែហូរស្រក់ឥតឈប់ឈរជោកដាបពេញទាំងថ្ពាល់នោះទេ។
      
       ព្រឹកស្អែក
       ហាងអាហារ
       ភ្លើងអគ្គិសនីត្រូវបានបើកបំភ្លឺពន្លឺឡើងចាំងចិញ្ចាចខាងក្នុងហាងនាពេលវេលាទាបភ្លឺជាងម៉ោង ៤:៤៥ នាទីព្រឹក។ ជាធម្មតាហាងតែងតែបើកមុនពេលថ្ងៃរះបែបនេះរាល់ថ្ងៃព្រោះដើម្បីប្រើប្រាស់ពេលវេលាត្រៀមរៀបចំសម្ភារៈក្នុងហាង និងលាងសម្អាត បន្លែ ត្រី សាច់ សម្រាប់ចម្អិនម្ហូបអាហារតាមទម្លាប់រៀងរាល់ថ្ងៃ។
       អ្នកស្រី លីហ្សូ មកធ្វើការមមាញឹកដូចរាល់ដង ទឹកមុខគាត់មិនសូវជាស្រស់បស់សោះ ចាប់តាំងពីបានដឹង អំពីបញ្ហារបស់ ថេយ៉ុង រួចមកហើយ គាត់ចេះតែសោកសៅប្លែក និងមិនមានអារម្មណ៍អី សប្បាយចិត្តក្នុងខ្លួនបន្តិចទាល់តែសោះ។
       ចំណែកឯ លីអាន ក៏អ៊ីចឹងដែរ ជួយម៉ែរៀបចំរបស់របរខាងក្នុងហាង ទុកដាក់ត្រឹមត្រូវ មានសណ្តាប់ធ្នាប់ បានយ៉ាងល្អតែប្រកបទៅដោយភាពស្ងៀមស្ងាត់ មិនសូវជាមាត់អ្វីឡូឡាដូចជាសព្វមួយដង ដោយសារតែគេនោះលួចស្រលាញ់ ពេញចិត្ត ថេយ៉ុង ជាយូរមកហើយ ពេលបានដឹងថាកំលោះតូច មានមនុស្សបញ្ចាំចិត្តរួច ចេះតែមានអារម្មណ៍ខូចចិត្ត តូចចិត្ត អន់ចិត្ត ស្ងៀមស្ងាត់ៗដូចមនុស្សម្នាក់ផ្សេងទៀតអ៊ីចឹង។
       «ឯងប្រុងគិតយ៉ាងម៉េចអាលីអាន?» បុរសសង្ហាមុខមាំស្រាប់តែចាប់លើកកន្សែងបង់.កពាក់លើស្មាមកជូតមុខរួចគ្រវីក្បាលទាំងកែវភ្នែកជ្រាបសំណើមក្តៅឧណ្ហៗ។
       «យើងសួរមិនស្តី ឯងកើតអីហ្អាស៎?» គាត់បានទម្លាក់កាំបិតដែលកំពុងតែចិតបន្លែចុះ រួចងើបមុខមកសម្លឹងមើលផែនខ្នងនិងស្មាញ័រចំប្រប់របស់កូនប្រុស។
       «ឯងយំមែនទេ? ឮម៉ែសួរទេ?»
       «អត់ទេម៉ែ!» ប្រាប់ថាមិនបានយំ តែសម្រែករបស់គេញ័រឡើងបែកសំឡេងដើមបាត់អស់ទៅហើយ។
       «យើងចំណាស់នេះទៅហើយឯងបោកយើងមិនបានទេ អា លីអាន ចង់យំក៏យំមក ម៉ែមានទៅចាប់បង្ខំជេរស្តីបន្ទោសឯងឯណា?»
       «វាឈឺចាប់ណាស់ម៉ែ ខ្ញុំមិនដែលមានអារម្មណ៍អីពិបាកក្នុងខ្លួនដល់ម្លឹងទេ!»
       «ឯងត្រូវតែកាត់ចិត្ត ទោះពិបាកឬយ៉ាងណា ក៏ឯងត្រូវតែធ្វើវាឱ្យបានដែរ គេនោះមានម្ចាស់រួចទៅហើយ ស្រលាញ់អ្នកដែលមិនបានស្រលាញ់ឯង ពិតជាឈឺចាប់ខ្លាំងណាស់ ម៉ែដាស់តឿនឯង ព្រោះមិនចង់ឃើញឯងពិបាកវេទនាក្នុងចិត្តទេត្រូវចងចាំសម្តីម៉ែទុកណា៎កូន!» លីអាន ប្រឹងប្រែងធ្វើការរហូតដល់ចប់សព្វគ្រប់រួចរាល់អស់ ទើបប្រញាប់ប្រញាល់គេចខ្លួនទៅសំងំឈឺចាប់នៅឯណាបាត់ស្រមោលសូន្យឈឹង ឃើញកូនពិបាកចិត្តអ៊ីចឹងគាត់ជាម្តាយក៏មិនសូវជាមានចិត្តរីករាយអ្វីណាស់ណាដែរ។
      
       ម៉ោង ៧:00 នាទីព្រឹក
       មហាវិទ្យាល័យថ្មី..
       ក្នុងធ្លាមហាវិទ្យាល័យទាំងមូល សម្បូរទៅសិស្សនិស្សិតដ៏មមាញឹករួមទាំងមានថ្នាក់បណ្តុះបណ្តាលជំនាញល្អៗផ្សេងៗជាច្រើនទៀត។
       ថេយ៉ុង អង្គុយរៀនយ៉ាងស្ងប់ស្ងាត់ ក្នុងទឹកមុខមិនសូវជាស្រស់បស់ដដែល ថ្ងៃនេះសុខភាពចុះខ្សោយ ចង់ក្អួតចង្អោផង ទ្រាំរៀន ពីមួយម៉ោង ទៅមួយម៉ោងទៀត ក្នុងខ្លួនហេលហាលដូចមនុស្សអស់កម្លាំងរលីងពីខ្លួន។
       «ថេយ៍!»
       «ជីណា!» នាងក្រមុំដាក់បង្គុយចុះ ប្រញាប់ហុចកញ្ចប់អាហារខ្លះចែកទៅឱ្យ ថេយ៉ុង សម្រាប់ញាំដែរ។
       «ញាំទៅ ខ្ញុំឃើញ ថេយ៍ ស្ងប់ស្ងាត់ខ្លាំងណាស់ ថ្ងៃនេះ មានរឿងមិនសូវសប្បាយចិត្ត ឬមួយមិនសូវស្រួលខ្លួនទៅ?»
       «ខ្ញុំមិនអីទេ ជីណា មានបញ្ហាក្រពះបន្តិចបន្តួច អាហារហិរខ្ញុំញាំមិនបានទេ!» តាមពិតគេគូរដល់សុខភាពកូនក្នុងផ្ទៃទៅវិញទេ ទើបបានជាគេមិនចង់ញាំអាហារអ្វីផ្តេសផ្តាស់នាំឱ្យប៉ះទង្គិចដល់ទារក។
       «មិនអីទេ និយាយអ៊ីចឹង ខ្ញុំចង់ទៅធ្វើការនៅឯក្នុងហាងអាហារនោះដែរ ម្ចាស់ហាងគេមានជ្រើសរើសបុគ្គលិកទៀតទេ ថេយ៍?» 
       «កំពុងតែជ្រើសរើសទៀតតើស ប៉ុន្តែ ជីណា ត្រូវយកប្រវិត្តរូបទៅដាក់សិន យ៉ាងម៉េចយ៉ាងម៉ា ចាំខ្ញុំជួយនិយាយជាមួយម្ចាស់ហាងគេឱ្យណា៎!»
       «ពិតមែនអ្ហេស?អរគុណថេយ៍ច្រើនណាស់ អរនុះ..គ្រូមកដល់ល្មម!» អ្នកទាំងពីររហ័សរហួនបែរខ្លួនទៅចាប់ផ្តោតអារម្មណ៍រៀនសូត្រម្តងទៀត។
       បន្ទាប់ពីបានរៀនចប់ ពួកគេក៏បានធ្វើដំណើរត្រលប់ទៅសម្រាកនៅឯផ្ទះវិញ ដោយសារតែ ជីណា មានជីវភាពធូរធាររៀងគ្រាន់បើជាង ថេយ៉ុង ពេលមករៀននាងក៏មានម៉ូតូសម្រាប់ជិះ ទើបថ្ងៃនេះនាងតាំងចិត្តបើកម៉ូតូ ជូន ថេយ៉ុង មកផ្ទះតែម្តងទៅ។
       «ជីណា អរគុណច្រើនណាស់សម្រាប់ថ្ងៃនេះ ប្រញាប់ត្រលប់ទៅវិញចុះ មេឃស្រទុំជិតធ្លាក់ភ្លៀងទៀតហើយ ប្រយ័ត្នត្រូវទឹកភ្លៀងផ្តាសាយណា៎!»
       «មិនអីទេ ខ្ញុំយកអាវភ្លៀងមកដែរ ចាំមើលថ្ងៃស្អែកនេះ ខ្ញុំរកមកដាក់ពាក្យស្នើសុំចូលធ្វើការ!»
       «ហ្អឹម..ខ្ញុំរង់ចាំ!!»
       «ហិហិលាសិនហើយណា៎!» ជីណា ប្រញាប់បត់ម៉ូតូបើកចេញទៅផ្ទះវិញយ៉ាងរហ័ស ចំណែកឯ ថេយ៉ុង ក៏រ៉ូតរះរន្ថាន់ដើរចូលទៅក្នុងផ្ទះ។
      
       ពេលចូលមកដល់ក្នុងបន្ទប់ កែវភ្នែករបស់គេស្រាប់តែរំពៃក្រឡេក សម្លឹងមើលទៅឃើញម្ចាស់វត្តមាន បុរសរាងខ្ពស់ស្រឡះដែលអង្គុយធ្វើមុខរាបស្មើខាងលើគ្រែ ខណៈនោះស្នាមញញិមរបស់គេស្រាប់តែរះពន្លកថ្មីឡើងមក មុននឹងស្ទុះចូលទៅបម្រុងតែចាប់ឱបក្រសោបនាយ តែខ្សែភ្នែកក៏បានប្រទះទៅឃើញវត្តមានស្រ្តីចំណាស់ម្នាក់ទៀត ដែលអង្គុយលើកៅអីក្បែរតុអានសៀវភៅសម្លឹងមើលមកកាន់គេក្នុងខ្សែភ្នែកដ៏ភ្ញាក់ផ្អើល។
       «នេះ..?» លោកស្រី ហេវ៉ុន ក្រឡេកទៅសម្លឹងមើលមុខ ជុងហ្គុក ដែលគេប្រកូកប្រកាសប្រាប់គាត់ក្តែងៗ តាមពិតគេជា Bisexual?។
       «ម៉ាក់មិនចាំបាច់ភ្ញាក់ផ្អើលទេ!» ជុងហ្គុក និយាយទៅកាន់គាត់ក្នុងទឹកមុខខឹងគ្រោត មុននឹងក្រោកដើរចូលទៅចាប់អូសដៃ ថេយ៉ុង ទាញកាយតូចមកជិត ឱបថើបនៅចំពោះគាត់ ធ្វើឱ្យគាត់បែរជាមានអារម្មណ៍អស់កម្លាំងគ្មានសល់ពីក្នុងខ្លួនគ្មានសល់។
       «លោក!» ថេយ៉ុង ងើយសម្លឹងមើលមុខនាយ ចងចិញ្ចើមឡើងឆ្ងល់ប្លែកណាស់។
       «គាត់ជាម៉ាក់របស់យើង!» កំលោះតូចសំដែងទឹកមុខភ្ញាក់ព្រើត ឮសូរគេនិយាយដូច្នេះ ក្នុងចិត្តមានអារម្មណ៍ភ័យខ្លាចព្រឺព្រួចពេញទាំងខ្លួន។
       «ជម្រាបសួរលោកស្រី!» គាត់បានត្រឹមតែងក់ក្បាល ព្រមទាំងសម្លឹងមើលមុខគេតាមរយៈខ្សែភ្នែកភ្ញាក់ផ្អើលដដែល មើលទៅគេនោះក្មេងខ្ចីណាស់ រស់នៅផ្ទះជួលតែម្នាក់ឯងទៀត គ្មានសាច់ញាតិ គ្មានបងប្អូនឯណា រាល់ថ្ងៃរស់នៅផ្ញើជីវិតរំពឹងទៅលើអ្វីទៅ បើរាល់ថ្ងៃនៅប្រើជីវិតជានិស្សិតនៅឡើយនោះ?។
       «ជុងហ្គុក តាមមកនិយាយជាមួយម៉ាក់បន្តិចណាកូន!»
       «ចង់និយាយ ម៉ាក់អាចនិយាយនៅត្រង់នេះបាន!» គេមិនបានផ្តល់ពេលវេលាសម្រាប់បើកការសន្ទនារវាងគ្នាទៅឱ្យគាត់ឡើយ បើជ្រុលជាចង់និយាយទៅហើយ ក៏ត្រូវតែនិយាយបែបបើកចំហឱ្យ ថេយ៉ុង បានដឹងផងថារឿងរ៉ាវពិតប្រាកដនោះវាយ៉ាងណានៅត្រង់នេះដែរ។
       «កូនគិតត្រូវឬមួយក៏ខុសហ្អាសជុង?»
       «ក្រែងម៉ាក់និយាយថាស្រលាញ់ខ្ញុំ ហើយពេញចិត្តបំពេញបំណងឱ្យខ្ញុំគ្រប់យ៉ាងបានធ្វើអ្វីដែលចិត្តខ្ញុំចង់ធ្វើតើមែនទេ? ម៉ាក់កុំសួរនាំពីខ្ញុំ ខ្ញុំឱ្យចម្លើយដដែលៗទៅម៉ាក់ច្រើនដងមកហើយ!» គាត់ស្ងាត់លែងមាត់ ទោះចង់ជំទាស់ក៏មិនអាចគាបសង្កត់ចិត្តកូនប្រុសបានទៀតដែរ ល្មមហើយ ល្មមឱ្យពេលគេបានធ្វើអ្វីតាមចិត្តរបស់ខ្លួនឯងហើយ។
       លោកស្រី ហេវ៉ុន ក៏មិនមែនជាម្តាយចិត្តអាក្រក់អ្វីណាស់ណាដែរ និយាយឱ្យស្មោះត្រង់ទៅ គាត់ស្រលាញ់ ជុងហ្គុក ខ្លាំងណាស់ គាត់យល់ចិត្តកូនប្រុសជាងស្វាមី ហើយផ្តល់ឱកាសឱ្យកូនបានធ្វើអ្វីៗតាមតែចិត្តដែលគេចង់អភិវឌ្ឍន៍ខ្លួនឯងមករហូត។
       តាមមើលមុខរបស់គាត់ គ្រាន់តែភ្ញាក់ផ្អើល មិនមែនមានន័យថាគាត់ចិត្តអាក្រក់ ចិត្តមារ តាមទៅបំបែកបំបាក់កូនៗដែរ ប៉ុន្តែកាលដែលគេមកលួចលាក់ ទាក់ទងក្មេងកំព្រា ជាកូនប្រុសទៀត មិនដឹងថាញាតិមិត្តនៅម្តុំៗនេះមើលមកក្នុងខ្សែភ្នែកបែបណានោះទេ កាន់តែគិត រឹតតែខ្លាចរឿងនេះបែកខ្ជរខ្ជាយ ទៅដល់ត្រចៀកស្វាមីខ្លួនទេ។
       «ឯងជាកូនចៅរបស់នរណា?» ថេយ៉ុង ធ្វើមុខមិងមាំងឮសូរគាត់សួរបែបនេះរៀងភ្ញាក់បន្តិចដែរ។
       «ឪពុកខ្ញុំ បោះបង់ខ្ញុំ និងម៉ែចោល ខ្ញុំរស់នៅជាមួយម៉ែ ហើយម៉ែក៏ទើបតែទទួលអនិច្ចកម្មកាលពីថ្មីៗនេះដែរ លោកស្រី!» កំលោះតូចថ្លែងរៀបរាប់ប្រាប់គាត់ ធ្វើឫកពាមិនហ៊ានធៀបស្មើនឹងគាត់ទេ ស្លូតបូត ឆាប់ភ័យ ឆាប់ខ្លាច មុខតូចកំប្លង់ៗ សាច់ឈាមភ្លឺថ្លា មិនសមណាជាកូនអ្នកក្រ កូនកំព្រាទេ។
       «ចុះពេលនេះឯងរស់នៅជាមួយនរណា?»
       «ខ្ញុំរស់នៅម្នាក់ឯង ព្រឹកព្រលឹមក៏ទៅរៀន ថ្ងៃរសៀលក៏ទៅធ្វើការនៅឯហាងអាហារដូចជាសព្វមួយដង!» ថេយ៉ុង ឆ្លើយរហ័សរហួនក្រឡេកទៅសម្លឹងមើល ជុងហ្គុក ធ្វើភ្នែករលីងរលោង ល្ងីល្ងើៗ ជួបរាល់លើក តួកម្សត់ចូលខ្លួនរាល់ថ្ងៃ។
       «ម៉ាក់ត្រូវតែលាក់រឿងនេះឱ្យជិត បើសិនជាម៉ាក់ស្រលាញ់ខ្ញុំពិតប្រាកដ!» ជុងហ្គុក ប្រាប់គាត់មិនឱ្យប្រាប់រឿងនេះទៅកាន់នរណាម្នាក់នោះទេ ព្រោះគេដឹងចរិតប៉ារបស់គេច្បាស់ បើសិនជារឿងមួយនេះបានបែកខ្ជាយទៅ ឪពុកម្នាក់នោះច្បាស់ជាចាត់មនុស្សឱ្យមកតាមធ្វើបាប ថេយ៉ុង ជាក់ជាពុំខាន ទោះគេមិនសូវពូកែសំដែងឫកពាផ្អែមល្ហែម មើលថែ ថេយ៉ុង ក្នុងនាមជាមនុស្សប្រុសមានចិត្តទន់ភ្លន់ម្នាក់ តែគេក៏មិនចង់ឱ្យមាននរណាម្នាក់មកប្រើកម្លាំងបាយធ្វើបាបជិះជាន់ក្មេងមិនដឹងអីម្នាក់នេះដែរ។
      
     
      
      

      
      
      
      
     
      
      
      
      

សង្ឃឹមបេះដូងបងមានអូន ♡Where stories live. Discover now