«អ្នកម៉ាក់ បងជុងបាត់ខ្លួនទៅណាហើយ?» នាងក្រមុំសួរឡើងក្នុងទឹកមុខងឿងឆ្ងល់ សម្តីកំបុតៗមិនសូវជាពិរោះពិសា ខណៈអ្នកជាម្តាយក្មេកឯណោះ ក៏បានសំដែងទឹកមុខពុំពេញចិត្តដោយអារម្មណ៍ឃ្នើសចិត្តនិងកូនប្រសារស្រីខ្លួន។
«ម៉ាក់មានការរវល់ទើបប្រើឱ្យ ជុង ចេញទៅខាងក្រៅបន្តិច!»
«គាត់ទៅណាមកណាមិនដែលចេះប្រាប់ស្អីដល់ខ្ញុំសោះ ខ្ញុំក្លាយទៅជាប្រពន្ធរបស់គាត់ស្របច្បាប់ទៅហើយ នៅឡើយធ្វើឫកប្រងើយកន្តើយដាក់ខ្ញុំទៀត!» ពេលដែលបានឮនាងនិយាយសម្តីបែបនេះគាត់កាន់តែតឹងណែនចិត្តខ្លាំងលើសដើម ជាកូនស្រីអ្នកមានពូជពង្សអំបូលខ្ពង់ខ្ពស់ដែរ ប៉ុន្តែសម្តីសម្តៅការនិយាយស្តីបីដូចជាមិនថ្លៃថ្នូរតាមឋានៈសោះ។
«បន្តិចទៀតហ្នឹងវាមកវិញហើយ កុំក្តៅចិត្តខ្លាំងពេក!» ម៉ូយ៉ុង ដៀងកន្ទុយភ្នែកសម្លក់សម្លឹងស្ត្រីចំណាស់ កំពុងផ្តោតខ្សែភ្នែកសម្លឹងមើលជាយក្រណាត់សល់ចាប់តាំងពីបុរម្យបុរាណស្អីគាត់ខាងណោះ ក្នុងចិត្តនាងពេលនេះវាក្តៅក្រហល់ក្រហាយដូចជាគាត់បានថាពិតមែន ព្រោះបុរសដែលមានឈ្មោះជាស្វាមី ពុំដែលយកចិត្តទុកដាក់និងនាយឡើយ តាំងតែពីបានរៀបការរួចនិងមុនពេលរៀបការសោះកក្រោះធ្វើដូចជាមិនសូវមានចិត្តស្រលាញ់នាង រៀបការឱ្យតែបានៗនិងអាលបានចប់ ហើយក៏គិតថាមិនខ្វាយខ្វល់ពីអ្វីទៀត តើគេនោះសមជាប្តីម៉ាកអីវិញទៅ?។
«ម៉ាក់ ខ្ញុំសួរបន្តិចបានទេ?» ស្រីល្អដាក់បង្គុយចុះជិតប្របនឹងគាត់ រួចសម្លឹងចំហៀងផ្ទៃមុខស្ត្រីចំណាស់ ដែលកំពុងតែមមាញឹកនោះ។
«សួរមកចុះ!» លោកស្រី ហេវ៉ុន ឆ្លើយដោយមិនបានចាប់នឹកចិត្តងើបមុខមកសម្លឹងមើលមុខនាងឡើយ។
«បងជុងធ្លាប់បានទាក់ទងនឹងអ្នកណាពីមុនមកទេ?»
«រឿងក្មេងក្មាងស្ទាវទំនើងវាតែងតែមានទំនាក់ទំនងបែបហ្នឹងគឺជារឿងធម្មតាទៅហើយ ឯងទៅចាប់អារម្មណ៍ពីរឿងទាំងនេះធ្វើអ្វី?»
«ខ្ញុំគ្រាន់តែចង់ដឹង ថាគាត់ធ្លាប់មានបេះដូងចេះស្រលាញ់នរណាម្នាក់ដែរឬក៏អត់?» លោកស្រី ហេវ៉ុន ងើបមុខវឹងសម្លឹងមុខនាងយ៉ាងមុតស្រួច ធ្វើឱ្យនាងក្រមុំមានអារម្មណ៍ភ័យញ័របុកពោះ មុននេះនាងនិយាយអីខុសហេតុអីបានជាគាត់ធ្វើមុខដូចជាចងកំហឹងយ៉ាងនេះ?។
«ចុះឯងធ្លាប់មានសង្សាពីមុនមកទេ? កាលដែលនៅប្រើជីវិតនៅលីវនោះ?»
«ធ្លាប់តើសម៉ាក់ក្មេក..ប៉ុន្តែវាកន្លងផុតទៅយូរហើយ!» ម៉ូយ៉ុង ធ្វើជាសើចញញិមញញែមដាក់គាត់ រួចស្ទុះងើបដើរចេញឡើងទៅខាងលើបន្ទប់បាត់ស្រមោលឈឹង។
---
ជុងហ្គុក ហៀបនឹងចេញដំណើរត្រលប់មកផ្ទះវិញ តែចិត្តមិនដាច់នៅតែសួរដេញដោលចង់នាំ ថេយ៉ុង ទៅនៅជាមួយ ប៉ុន្តែរាងតូចគ្រវីក្បាលញាប់រន្ថាន់រហូតមិនព្រមទៅនៅ នាំតែឃើញរូបភាពគេស្និទ្ធស្នាលនឹងស្រីម្នាក់នោះ កាលពីនៅឯពិធីថ្ងៃមុន គេតឹងទ្រូងមិនទាន់បាត់ផង ទម្រាំតែទៅឃើញមុខរាល់ថ្ងៃទៀត សូម្បីតែពេលប្រឹងប្រែងលេបបាយក៏មិនចូលពោះដែរ។
«ទីនេះតូចចង្អៀតណាស់ រើទៅនៅខន់ដូរបស់យើងទៅ!»
«មិនអីទេ ខ្ញុំនៅទីនេះបាន ទីនេះមានអ្នកស្រី លីហ្សូនិងបងលីអានរង់ចាំមើលថែខ្ញុំ បើខ្ញុំទៅនៅខន់ដូលោកតែម្នាក់ឯង គ្មានអ្នកណាជួយមើលថែខ្ញុំបានទេ!» ជុងហ្គុក ចាប់ផ្តើមធ្លាក់ទឹកមុខពេលឮសូរឈ្មោះ លីអាន ព្រោះតែគេខឹងនិងនាយដែលតែងតែចូលមកស្និទ្ធស្នាលនឹង ថេយ៉ុង រាល់លើក ចិត្តឆេវឆាវ លួចប្រចណ្ឌ លួចហួងហែង ទើបបានជាចេះតែកើតចិត្តក្តៅក្រហាយរករឿងមិនព្រមឈប់។
«បងលីអានប្រៀបដូចជាបងប្រុសរបស់ខ្ញុំម្នាក់ គាត់មិនដែលធ្វើអ្វីអាក្រក់មកលើខ្ញុំទេ!» ថេយ៉ុង និយាយដោយឬកពាម៉ឺងម៉ាត់ គេមិនល្ងីល្ងើធ្វើរឿងឆ្គាប់ឆ្គងជាមួយបុរសផ្សេងប៉ាតណាប៉ាតណីទេ ពេលនេះគេក្លាយទៅជាម្តាយរបស់ក្មេងម្នាក់ទៅហើយ ការគិតក៏កាន់តែវែងឆ្ងាយនិងជ្រៅជ្រះជាងមុនហើយអាចរឹងមាំបានម្តងបន្តិចៗទៅតាមដំណាក់កាលដែរ។
«តែយើងមិនសូវសប្បាយចិត្ត!» ជុងហ្គុក មិនទុកចិត្ត ហើយក៏មិនពេញចិត្ត រឹតតែមិនជឿជាក់ក្នុងចិត្តទៀតដែរ។
«លោកកុំគិតច្រើនអី ខ្ញុំមិនអីនោះទេ!» ប្រអប់ដៃស្រឡូនលើកប៉ះទៅលើថ្ពាល់ម៉ដ្ឋខៃសរលោងដ៏សង្ហាថ្នមៗ ខណៈរាងក្រាស់ក៏ធ្វើជាឱបថើបកាយតូចមុនពេលចាកចេញទៅដែរ។
«សឺត!!!» ថេយ៉ុង ឮសំឡេងគេថើបខ្លួន ធ្មេចភ្នែកយ៉ាងរលីងរលោងចង់តែស្រែកយំ ហាក់មិនចង់ឱ្យនាយទៅណាចោលខ្លួនសោះ។
«យើងដល់ពេលត្រូវទៅហើយ!» ជុងហ្គុក លែង ថេយ៉ុង ចេញពីរង្វង់ដៃ រហ័សរហួនបែរខ្នងដើរចេញទៅវឹង ខណៈរាងតូចក៏ឈរយំបង្ហូរទឹកភ្នែកសស្រិកសស្រាក់តាមសម្លឹងមើលផែនខ្នងបុរសចិត្តធ្ងន់ដើរចេញទៅទាំងមិនបានដឹងថានាយខាងណោះក៏មានចិត្តឈឺចាប់មិនចាញ់គ្នាអ្វីប៉ុន្មាននោះឡើយ។
ង៉ោង!!
សំឡេងឡានបានបើកបញ្ឆេះបរចេញទៅភ្លាមៗ ចំណែកឯរាងតូចប្រញាប់បែរត្រលប់ខ្លួនចូលមកអង្គុយខាងក្នុងបន្ទប់វិញម្តងទៀតក្នុងទឹកមុខញញិមរីករាយបំផុត។
«មិញនេះប៉ាមកឱបកូន កូនមានអារម្មណ៍កក់ក្តៅទេ?» ថេយ៉ុង លើកដៃអង្អែលក្បាលពោះ ញញិមបណ្តើរ យំបណ្តើរ ចិត្តមួយនឹកប្តី ចិត្តមួយនឹកកូន អាណិតកូនដែលមានកំណើត គ្មានខាន់ស្លានិងគេ គិតឃើញពេលណាសង្វេគអាណិតអាសូរជីវិតខ្លួនឯងស្ទើរអស់កម្លាំងរលីងពីខ្លួន។
នារាត្រីនេះ
ម៉ោង១០:៣០នាទីយប់..
ពេលព្រលប់មេឃងងឹតកាន់តែជ្រៅទៅៗ គ្រប់អ្វីៗប្រែជាស្ងប់ស្ងាត់ជ្រងំ និងឮសូរតែសំឡេងសត្វតូចល្អិត យំកំដរពេលរាត្រីងងឹតសូន្យសុងទោរទន់តែប៉ុណ្ណោះ។
ជុងហ្គុក គេងរសាប់រសល់ពុំលក់ ឬកពាដូចជាមនុស្សមានទុក្ខកង្វល់ចំបែងឯកោក្នុងចិត្ត។ នៅក្បែរខ្លួនមាននាងជាភរិយាដេកក្បែរឱបរឹតយ៉ាងណែនណាន់តែបែរជា ចិត្ត គំនិត គិតស្រាប់តែនឹកឃើញដល់វត្តមានប្រពន្ធលួចលាក់ដែលរស់នៅសែនឆ្ងាយពីខ្លួនក្នុងទឹកមុខក្រៀមស្រពោនមិនរីករាយ។
នាយចាប់ដកដៃនាងក្រមុំចេញពីចង្កេះ ពេលនាងគេងលក់ គេក៏ងើបដើរចេញទៅឈរលំហែខួរក្បាលនៅឯខាងក្រៅផ្ទះ។ សមាជិកគ្រួសារគេងលក់អស់ទៅហើយ នៅសល់តែគេម្នាក់ដែលនៅតែលតោល បិទភ្នែកក៏ដេកមិនលក់ ប្រព័ទ្ធប្រសាទហាក់មិនសហការគ្នាជាមួយនឹងចិត្តរបស់ខ្លួនទាល់តែសោះ។
«ហ្អឹម!!» សំឡេងគ្រហឹមបន្លឺឡើង ហាក់ដូចជាតប់ប្រមល់ណាស់ ឱ្យតែយប់ថ្មើរហ្នឹង ពេលហ្នឹង អារម្មណ៍ចេះតែហេលហាលប្លែកចម្លែកៗ ចាប់តាំងពីបានដឹងថា ថេយ៉ុង មានផ្ទៃពោះមក គេប្រែក្លាយទៅជាមនុស្សគិតច្រើន កង្វល់ច្រើន ហើយមានគំនិតប្លែកៗរាល់ថ្ងៃ។ ពេលបើកទូរស័ព្ទមកចុចកំដរអារម្មណ៍អផ្សុក ស្រាប់តែឃើញឃ្លីបវីដេអូស្ត្រីពោះធំ ពរពោះកូនយ៉ាងលំបាកលំបិន ពិបាកចាប់តាំងពីរឿង ដេក ដើរ ឈរ អង្គុយ របៀបរបបញាំអាហារ ការធ្វើការងារ ធ្ងន់-ស្រាល គ្មានស្វាមីរស់នៅក្បែរពឹងពាក់ជាគល់បង្អែក ជីវិតពិតជាជូរចត់វេទនាខ្លាំងណាស់។
( ប៉ាទៅណាចោលកូនយូរខ្លាំងម្លេ៉ះ? កូននិងម៉ែពិបាកណាស់ហ៊ឺៗ កូនដឹងថាប៉ាខឹងម៉ែ ដែលម៉ែសុខចិត្តជ្រើសរើសទុកកូន មិនរំលូតកូនចោល ព្រោះម៉ែស្រលាញ់កូន តែហេតុអ្វីបានជាប៉ាស្អប់កូនខ្លាំងដល់ថ្នាក់នេះ?)
ជុងហ្គុក ស្រាប់តែនឹកគិតដល់សម្តីរវើរវាយដែល ថេយ៉ុង ធ្លាប់បាននិយាយកាលពីមុនមក ឮច្បាស់ៗផ្ទាល់នឹងត្រចៀក ពេលនេះវាក៏បានរំឭកលាន់ឮច្បាស់ក្តែងៗក្នុងខួរក្បាលរបស់ខ្លួនឯងទៀតហើយ ឱ្យតែនឹកគិតដល់ពេលណាមានអារម្មណ៍ថា ឆួលចុងច្រមុះ ខ្ជាក់កម្សួល កែវភ្នែកចាប់ក្តៅឡើងមួយរំពេច។
«កូនជុង!»
«ម៉ាក់!!!» នាយរហ័សលើកខ្នងដៃ ជូតសំណើមដែលផ្សើមលើថ្ពាល់ចេញយ៉ាងលឿន តាមពិតគេចេញមកលួចយំទៀតហើយ នេះជាលើកទីពីហើយ ដែលគាត់បានឃើញថាកូនប្រុសសំណព្វចិត្តរបស់ខ្លួនបានយំម្តងទៀត។
«ហេតុអីមិនទាន់ចូលគេងទៀត?» លោកស្រី ហេវ៉ុន ដាក់ខ្លួនអង្គុយចុះលើបង់ថ្មក្នុងសួនច្បានៃបរិវេណផ្ទះ រួចលើកដៃប៉ះទៅលើផែនខ្នងមាំទាំដោយខ្សែភ្នែកក៏ចាប់សម្លឹងមើលទឹកមុខដ៏កម្សត់របស់កូន។
«ខ្ញុំគេងមិនលក់ទេម៉ាក់ ខ្ញុំខ្វល់ចិត្តណាស់!» គេដាច់ចិត្តនិយាយប្រាប់គាត់ បើទោះបីជាចង់លាក់បាំងទៀត ក៏វាតឹងណែនក្នុងទ្រូងដដែល តែបើបានបន្ធូរអារម្មណ៍តានតឹងយ៉ាងនេះចេញមកខ្លះក៏ល្អ។
«ហ្អឹម..រឿងមនុស្សធំវាស្មុគស្មាញបែបហ្នឹងហើយកូន ធ្វើយ៉ាងម៉េចបើកម្មវេរាកំណត់ឱ្យកូនកើតមកជួបរឿងដ៏ស្មុគស្មាញយ៉ាងនេះ ជីវិតអាពាហ៍ពិពាហ៍ មិនមែនជាចេះតែគិតទៅងាយៗស្រួលៗបានទេ អ្នកខ្លះបានរៀបការជាមួយមនុស្សដែលខ្លួនឯងបានស្រលាញ់ យល់ថាវាជារឿងសមបំណងល្អសម្រាប់ជីវិតណាស់ណាទៅហើយ ចំណែកឯខ្លះទៀតមានជីវិតត្រូវបង្ខិតបង្ខំបង្គាប់ឱ្យជ្រើសរើសគូស្រករខុស បញ្ហាស្រដៀងៗប្រហាក់ប្រហែលតែនិងកូនដូចគ្នាណាជុង!» ជុងហ្គុក ស្តាប់សម្តីម្តាយចប់ លួចមានកូនចិត្ត តូចចិត្តនិងគំនិតល្ងង់ៗរបស់ខ្លួនឯង ហេតុអី្វពេលវេលាអតីតកាលនាំឱ្យគេក្លាយខ្លួនទៅជាមនុស្សល្ងង់ខ្លៅយ៉ាងនេះ? បើសិនជាពេលនោះគេមិនលើកដៃកាប់សម្លាប់នរណា ជីវិតរបស់គេក៏មិនមកលំបាកវេទនា មានជីវិតដូចជាសត្វជាប់ទ្រុង បាក់ស្លាប ពិបាកហោះហើរ គ្មានសិទ្ធសេរីភាព គ្មានទាំងគោលដៅច្បាស់លាស់ រស់រានមានជីវិតប្រៀបដូចជាផ្កា ម្តងរីក ម្តងស្រពោន ម្តងក្រៀម ម្តងរុះរោយ ពេលក្លាយខ្លួនទៅជាមនុស្សធំ ទទួលបានបញ្ហាចាក់ស្រែះកាន់តែច្រើន មានឈ្មោះជាស្វាមី ជាឪពុករបស់កូនប៉ុន្តែបែរជាគ្មានលទ្ធភាពអាចធ្វើឱ្យមនុស្សពីរនាក់មានក្តីសុខមិនបាន។
«ខ្ញុំមិននឹកស្មានទេម៉ាក់ថា ថេយ៉ុង អាចមានកូនឱ្យខ្ញុំបាន ខ្ញុំរឹតតែមិននឹកស្មានពីអារម្មណ៍របស់ខ្លួនឯង ទាំងដែលកាលពីមុន ខ្ញុំធ្លាប់ស្អប់គេកប់ឆ្អឹង រាល់លើកពេលមើលឃើញទឹកភ្នែករបស់គេ ធ្វើឱ្យចិត្តរបស់ខ្ញុំបែរជាទន់ជ្រាយ ភាពឈឺចាប់របស់គេ អាចយកឈ្នះបេះដូងនិងទឹកចិត្តរបស់ខ្ញុំបាន គ្រាន់តែខ្ញុំមិនអាចនិយាយចេញទៅបាន!» លោកស្រី ហេវ៉ុន លបលួចគិតណាស់ដែរ គាត់ក៏ងឿងឆ្ងល់ទៀត តាមដឹងកន្លងមក ជុងហ្គុក ជាមនុស្សប្រុស មិនសូវមានចំណាប់អារម្មណ៍ទៅលើរឿងស្នេហា ឬទាក់ទងស្រីណាឱ្យបាន យូរពេល យូរឆ្នាំ នោះទេ សរុបសេចក្តីមក គេគ្រាន់តែទាក់ទងដើម្បីកំដរអារម្មណ៍ ចង់សប្បាយ ចង់ស្គាល់រឿងស៊ីជម្រៅនិងមិនមានភាពច្បាស់លាស់ចំពោះនរណាម្នាក់នោះទេ។ ប៉ុន្តែសម្រាប់ ថេយ៉ុង គេបែរជាបានផ្លាស់ប្តូរខ្លួនឯងច្រើនលើសពីការរំពឹងទុកទៅទៀត។
«មកពីកូនបានជួបស្នេហាពិតប្រាកដ ចិត្តកូនក៏ស្រលាញ់គេដែរ បើសិនជាកូន គ្មានចិត្ត គ្មានអារម្មណ៍ ពិសេសចំពោះគេ កូនច្បាស់ជាអាចកាត់ផ្តាច់រាល់ការទំនាក់ទំនងទាំងអស់មិនលើកលែងសូម្បីតែការណាត់ជួប ប៉ុន្តែកូននៅតែបន្តជួបជុំគ្នា ហើយព្យាយាមបង្កើតរឿងរ៉ាវ ជាមួយគ្នាបន្តឥតឈប់ឈរដដែល ទើបបានជាទំនាក់ទំនងដ៏ស្អិតរមួតមួយនេះ វាពិតពិបាកនឹងជ្រើសរើសផ្លូវបំបែក!» ជុងហ្គុក ឈ្ងោកមុខចុះធ្វើជាលើកដៃអង្អែលកញ្ចឹង.កខាងក្រោយដោយចិត្តចាប់ហេលហាលម្តងជាពីរដងបន្ថែមទៀត។
(លោក!) រាងតូចពោលឡើង ស្ទុះក្រោកដើរចូលទៅចាប់ប្រអប់ដៃរាងក្រាស់កាន់អង្រួនយកៗ។
(យ៉ាងម៉េច?) ជុងហ្គុក បែរមុខមកប្រឈមឆ្លើយតបទៅនឹងសម្តីកំលោះតូច។
(ម្តាយរបស់ខ្ញុំស្លាប់ហើយ សូមលោកជួយខ្ញុំធ្វើបុណ្យសពឱ្យគាត់រហូតដល់ពេលបញ្ចប់រួចរាល់ហើយបានទេ?)
(.....) នាយស្រាប់តែស្ងាត់មាត់ច្រៀបហើយសម្លឹងមើលចំកែវភ្នែកដ៏សោកសៅបំផុតមួយគូនោះ។
(សូមអង្វរណា ខ្ញុំគ្មានទីពឹងទៀតទេ លោកចង់ឱ្យខ្ញុំធ្វើអ្វីក៏បានដែរ!)
ថេយ៉ុង កាន់រលាក់ប្រអប់ដៃ ជុងហ្គុក ព្រមទាំងកម្សួលឆួលធ្វើឱ្យដំណក់ទឹកភ្នែកហូរបុកចេញមក កាន់តែខ្លាំងទៅៗ។
(ឯងជាអ្នកនិយាយខ្លួនឯង បើថ្ងៃក្រោយទៅមានរឿងអ្វី កើតឡើងកុំបន្ទោសថាយើងអាក្រក់ឱ្យសោះ!) ជុងហ្គុក យល់ព្រមទទួលយកសំណើរ ហើយ អ្នកខាងណោះក៏បានត្រឹមតែងក់ក្បាលមិនហ៊ានជំទាស់ចំពោះបំណងរបស់នាយនោះដែរ។
ថ្ងៃដែល ថេយ៉ុង បានទួញសោកយំអង្វរករគេ ជាថ្ងៃដែលក្មេងល្ងង់ម្នាក់នោះលន់តួ សុំផ្ញើទាំងជីវិតនិងក្តីសង្ឃឹមមកលើគេទាំងស្រុង ហេតុអ្វីគេសែនចិត្តអាក្រក់បែបនេះទៅរួច ហេតុអ្វីគេមិនអាចយល់ ហេតុអ្វីធ្វើជាមិនខ្វល់ខ្វាយទាំងដែលនាយតូចគ្មានបំណងអ្វី ក្រៅពីស្រលាញ់ខ្លួនតែម្យ៉ាងគត់?។
(អាម្នាក់អម្បាញ់មិញនេះជាអ្នកណា?) ស្របនឹងពេលកំពុងបើកឡាន ជុងហ្គុក ស្រាប់តែសួរសំណួរនេះទៅកាន់ ថេយ៉ុង ដោយខ្សែភ្នែកនៅផ្តោតលើការបើកបរដដែល។
(គាត់ជាកូនប្រុសម្ចាស់ហាង!)
(ត្រូវជាអ្វីនិងឯង!)
(គាត់ប្រៀបដូចជាថៅកាយរបស់ខ្ញុំ ជាថៅកាយដ៏ល្អម្នាក់!)
(អាចង្រៃយ៍!!!)
(អា៎យ!!) ថេយ៉ុង ញ័រជើងទទ្រើក កាលបើត្រូវកណ្តាប់ដៃដ៏ក្រាស់ស្រាប់តែលូកចាប់ច្របាច់កខ្លួនសឹងតែបែកបំពង់ខ្យល់ស្លាប់។
(កុំអួតសរសើរអាប្រុសថោកទាបណា នៅចំពោះមុខយើងទាំងអស់ កុំធ្វើឱ្យយើងអស់ការអត់ធ្មត់ចំពោះឯង!!)
(ហ៊ឹកៗបាទ..ខិខិ!) ជុងហ្គុក ព្រលែងដៃ ទុកឱ្យកំលោះតូចអង្គុយដង្ហក់ខ្យល់ក្អកយ៉ាងគឃូស។
«ខ្ញុំដៃធ្ងន់វាយតំធ្វើបាប សម្លុតគម្រាមកំហែងដាក់គេច្រើនខ្លាំងណាស់ម៉ាក់ ប៉ុន្តែក្មេងម្នាក់នោះល្ងង់ នៅតែសូមទោស អង្វរខ្ញុំឱ្យឈប់ខឹង ទាំងដែលខ្ញុំជាអ្នកធ្វើខុស ប្រាប់ថាស្រលាញ់ខ្ញុំ ទាំងដែលខ្ញុំបានពោលពាក្យស្អប់ចំពោះគេ គេថា គេសុខចិត្តទ្រាំ ឱ្យតែបានរស់នៅក្បែរខ្ញុំយ៉ាងណាក៏គេសុខចិត្ត!» លោកស្រី ហេវ៉ុន បានត្រឹមតែលើកដៃរឹតដើមទ្រូង គាត់ជាម្តាយ គាត់ច្បាស់ជាស្គាល់ចរិតកូនប្រុសខ្លួនឯងច្បាស់ណាស់ ជុងហ្គុក ជាមនុស្សកាចសាហាវ ឆាប់ឆេវឆាវ មិនដឹងជាពេលទៅវាយតំ ជ្រាំធាក់ ជិះជាន់ធ្វើបាប ថេយ៉ុង ទទួលរង់ការឈឺចាប់ប៉ុណ្ណានោះទេ?។
-------
៩ខែបន្ទាប់
ពោះកាន់តែរីងធំ ខ្លួនកាន់តែពិបាក..
ថេយ៉ុង យំស្រោចទឹកភ្នែកជោកថ្ពាល់រហាមរាល់ថ្ងៃ ព្រោះខ្លួនពិបាកគេង ពិបាកធ្វើអ្វីដោយខ្លួនឯងណាស់ ណាមួយខ្លាចមានបញ្ហាដល់កូនទើបចេះតែភ័យខ្លាចគ្រប់សព្វបែបយ៉ាង។
ជួនកាលមានថ្ងៃខ្លះ ជុងហ្គុក ក៏មកមើលថែ ថេយ៉ុង មកឱ្យជួបមុខបន្តិចក៏ទៅវិញ គេក៏ត្រូវស៊ូទ្រាំទាំងឈឺគ្រាំចិត្ត ព្រោះនឹកនាដល់នាយខ្លាំងពេក។
ក្តីស្រលាញ់ដែលមានចំពោះបុរសម្នាក់នោះ វាពិតជាធំធេងខ្លាំងណាស់ ធំជាងការស្រលាញ់ដែលមានឱ្យខ្លួនឯងទៅទៀត ឱ្យតែបិទភ្នែកគេង នឹកឃើញមុខគេរហូត ចង់ស្ទុះទៅឱបគេ ឱ្យគេចូលមកបីបមថ្នាក់ថ្នមលួងលោមខ្លួន ទាំងដែលមិនអាចសូម្បីតែទទួលបានឱកាសបែបនេះម្តងទាល់តែសោះ។
«អូយ..ហ៊ឹកៗ..អាស៎..ឈឺពោះខ្លាំងណាស់!!» ថេយ៉ុង ចាប់ផ្តើមស្រែកននៀលលើពូក ស្រែកយំទ្រហោដង្ហក់ដូចមនុស្សហៀបនឹងដាច់ខ្យល់ស្លាប់ម្តងៗ ស្រែកដោយក្តីវេទនានិងរូបភាពដែលអាណោចអធម៌ខ្លួនឯងជាខ្លាំងពន់ពេក។
«ហ៊ឹកៗអូយ..ឈឺណាស់ ហ៊ឹកៗ..ហ៊ឺៗៗ..ឈឺណាស់!!!» ព្យាយាមស្រែកយ៉ាងត្រដាបត្រដួស ព្រមទាំងក្រោកវាគើមៗ អូសជើងទាំងទឹកភ្នែកហូរស្រក់ជោកក្រណាត់អាវរហាមសែនខ្លោចផ្សារក្នុងចិត្ត។
YOU ARE READING
សង្ឃឹមបេះដូងបងមានអូន ♡
RomanceJungkook Top / Taehyung Bottom ប្រភេទ : high school ប្រភពរឿង : ប្រទេសកូរ៉េខាងត្បូង