ភាគ៣៩÷រឿងដែលមិនអាចនឹកស្មានដល់

3K 154 2
                                    

    ភូមិគ្រឹះ “គីម”
    ដងខ្លួនដ៏តូចច្រឡឹងនៅដេកលុងលក់សន្លប់ស្តូកស្តឹង ក្នុងបន្ទប់ត្រជាក់ល្ហឹម ខាងលើគ្រែដ៏ល្អប្រណីតដែលមានរៀបចំបំពាក់ទៅដោយគ្រឿងសម្ភារៈទំនើបៗនិងមានការតុបតែងយ៉ាងល្អឥតខ្ចោះគួរឱ្យចង់រស់នៅ។ ហើយបន្ទប់នេះត្រូវបានរៀបចំធ្វើឡើងសម្រាប់ទទួលតែអ្នកប្រុសច្បង ដែលជាកូនប្រុសរបស់លោកប្រុសធំប្រចាំភូមិគ្រឹះ គីម ដែលត្រូវបានគេមើលថែទាំនិងយកចិត្តទុកដាក់យ៉ាងហ្មត់ចត់មិនតែប៉ុណ្ណោះក៏មាន អ្នកបម្រើមើលថែថួន រួមជាមួយនឹងម៉ែដោះចំណាស់ម្នាក់ទៀត ដែលធ្លាប់ជាអ្នកមើលថែកូនប្រុស/ស្រីរបស់ ដុកហ្យុន ពីមុនផងដែរ។
    អ្នកប្រុសច្បងធំធាត់ឡើងក្រៅរង្វង់គ្រួសារ ដែលជាអ្នកមានមុខមាត់ហើយបានប្រើប្រាស់ជីវិតរស់នៅយ៉ាងលំបាក ជាអ្នកក្រីក្រជាមួយនិងម្តាយចំណាស់ ខ្វះភាពកក់ក្តៅ និងការមើលថែទាំ រៀនសូត្របានច្រើនគួរសមព្រោះតែគេមានការតស៊ូនិងខិតខំព្យាយាមប្រឹងប្រែងមិនចុះញម។
    ដ្បិតការរស់នៅចាកឆ្ងាយពីក្រុមគ្រួសារអ្នកមានទ្រព្យធន់ អស់ពេលជាច្រើនឆ្នាំមកហើយក្តី ប៉ុន្តែចំណេះជំនាញនិងមានភាពអត់ធ្មត់របស់គេ មិនដែលធ្វើឱ្យឧបសគ្គជីវិតទាំងឡាយណា ចូលមកគ្របដណ្តប់ជីវិតរហូតដល់អាចធ្វើឱ្យវារលត់រលាយ ក្រោមពាក្យថាចុះចាញ់សោះឡើយ។
    «ហ្អឹម!!» សំឡេងហឹមក្នុងបំពង់កលាន់បន្លឺរណ្តំ ប្របនឹងត្រចៀកទាំងគូស្ត្រីចំណាស់ប្រអប់ដៃដ៏ជ្រីវជ្រួញ បានលូកចូលទៅស្ទាបអង្អែលសក់ក្បាលពណ៌ត្នោតស្រាលៗ ហើយសម្លឹងមើលផ្ទៃមុខប្រឡាក់ស្រមេកស្រមកគួរឱ្យអាណិតដោយចិត្តខ្លោចផ្សារមិនស្ទើរនោះដែរ។
    «លោកប្រុសធំ!!» ម៉ែដោះ ហារីន ធ្វើជាហៅសតិគាត់ដោយទឹកមុខរាបស្មើ ឃើញគាត់រលីងរលោងទឹកភ្នែកយ៉ាងនេះ គាត់ប្រាកដជាអាចទាយដឹងថាបុរសចំណាស់កំពុងតែសោកសៅនិងស្តាយក្រោយហើយក៏រំភើបចិត្តខ្លាំងដែលបានមកជួបមុខកូនប្រុសដូច្នេះដែរ។
    «ខ្ញុំមិនគួរទុកគេចោលយូរឆ្នាំយ៉ាងនេះទេរីន?» គាត់ពោលពាក្យបន្ទោសខ្លួនឯងជាខ្លាំង បើគាត់មិនអាត្មានិយមក៏ប្រពន្ធកូនមិនទៅជួបរឿងលំបាកដល់ថ្នាក់នេះដែរ។
    «ប៉ុន្តែពេលនេះអ្នកប្រុសច្បងបានវិលត្រលប់មកវិញហើយ លោកប្រុសធំគួរតែសប្បាយចិត្តពេលគេដឹងខ្លួនលោកប្រុសធំអាចនិយាយសំណេះសំណាលបង្កើតទំនាក់ទំនងឱ្យជិតស្និទ្ធជាងនេះ ដូចជាឪពុកកូនគេឯងទូទៅដែរទាន៎ប្រុស!»
    «រីន គិតថាគេនិងយល់ព្រមអភ័យទោសឱ្យខ្ញុំដែរទេ? គេប្រាកដជាទទួលយកមិនបានឡើយ ខ្ញុំខុសធ្ងន់ណាស់ចំពោះគេ!» លោក ដុកហ្យុន មិនដែលបានដើរតួនាទីជាឪពុករបស់ ថេយ៉ុង អស់រយៈជាច្រើនមកហើយ គាត់មិនបានខ្វាយខ្វល់ ហើយយកចិត្តទុកដាក់ ចំពោះកូនសាច់ឈាមបង្កើតម្នាក់នេះសូម្បីតែមួយដងសោះ រហូតទៅដល់ពេលដែលគេធំដឹងក្តី ជួបរឿងនឿយហត់លំបាកមករាប់ឆ្នាំ ទម្រាំអាចរស់ស្រួលវាពិតជាពិបាកណាស់។
    «ឱ្យតែលោកប្រុសធំ ព្យាយាមនិយាយពន្យល់ណែនាំដល់គេ គេមុខជាយល់ដល់លោកជាមិនខានឡើយ គ្មានកូនឯណាដែលថាមិនស្រលាញ់ឪពុកម្តាយទេ គ្រាន់តែត្រូវការពេលវេលាដើម្បីនិយាយគ្នាបន្ថែមទៀត!» ម៉ែដោះ និយាយស្តីសមហេតុផល អត់ពីភរិយាគាត់ទៅនៅសល់ម៉ែដោះឯណេះហើយជាទីប្រឹក្សាយោបល់ជិតស្និទ្ធបំផុតដែលគាត់នៅសេសសល់ម្នាក់ដែរ។
    «ម៉ែ!» សំឡេងស្រួយស្រាប់តែឧទានឡើង។
    «ថេយ៍!» បុរសចំណាស់រហ័សនិយាយដោយងាកស្មាត្រលប់មកសម្លឹងផ្ទៃមុខស្រឡូនដែលមានសភាពស្លេកគួរសម។
    «លោក?» ថេយ៉ុង ស្ទុះភ្ញាក់ច្រង៉ាង អង្គុយធ្មឹងសម្លឹងមើលមុខបុរសចំណាស់ព្រមទាំងក្រឡេកសម្លឹងមើលជុំវិញនេះដោយទឹកមុខងឿងឆ្ងល់។
    «ទីនេះជាកន្លែងណា? ហេតុអីលោកនៅទីនេះដែរ អ្នកណាជាអ្នកនាំខ្ញុំមកទីនេះ?»
    «ទីនេះជាផ្ទះរបស់ពួកយើងណាកូន ប៉ានាំថេយ៍មកនៅទីនេះវិញហើយ!»
    «ទេ! ខ្ញុំមិននៅទេ កូនប្រុសរបស់ខ្ញុំ នៅឯណាពេលនេះ?» នៅពេលនេះគេអាចគិតឃើញពីវត្តមានកូនប្រុសតែម្នាក់គត់ ព្រមទាំងឆ្លេឆ្លាស្រែកយំរកកូនមិនបាត់ស្ងាត់ពីមាត់ទៀត។
    «គេមានសុវត្ថិភាពទេ ប៉ុន្តែថេយ៍ត្រូវនៅនិយាយជាមួយនិងប៉ាសិនណាកូន!»
    «លោកជាអ្នកណាហេតុអីមកសម្អាងខ្លួនជាឪពុករបស់ខ្ញុំ?» ថេយ៉ុង យំញ័រខ្លួនចំប្រប់ស្រែកដាក់គាត់ដោយសេចក្តីខឹងគ្រោតគ្រាត ព្រោះតែគេមិនជឿជាក់ហើយមិនព្រមជឿទាំងស្រុងទៅលើភស្តុតាងបន្តិចបន្តួចដែលគាត់បានបង្ហាញមុនពេលដែលគេសន្លប់ស្ងាត់បាត់មាត់ឈឹងនោះទេ។
    «ហារីន!» ដុកហ្យុន ងាកទៅរកស្ត្រីចំណាស់ខាងស្តាំដៃ ថេយ៉ុង រួចហៅឈ្មោះគាត់ដោយទឹកមុខស្រងូតស្រងាត់។
    «អ្នកប្រុសច្បង គួរតែស្តាប់តាមម៉ែដោះអត្ថាអធិប្បាយសិន រឿងទាំងនេះគឺវាបែបនេះឯង ដើមឡើយ យ៉ូអាន ជាក្មេងស្រីស្លូតបូតម្នាក់ ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងជាងគេប្រចាំក្រុមរាំ របាំបាឡេ នាងមកពីគ្រួសារក្រីក្រមួយ នៅតាមភូមិជនបទក្នុងខេត្ត ដេហ្គូ ពេលផ្លាស់មកនៅទីក្រុងដំបូង នាងមានអាយុ ២១ ឆ្នាំ ហើយនាងបានបម្រើការងារជាអ្នករត់តុ នៅក្នុង Restaurant បារាំងមួយកន្លែង ដែលនៅទីនោះមានសុទ្ធតែជា អ្នកមុខ អ្នកការ ដែលត្រូវបានអនុញ្ញាតឱ្យចូលពិសារអាហារតែប៉ុណ្ណោះ ថ្ងៃមួយម៉ែដោះបានជូនអមដំណើរលោកប្រុសធំ ទៅស្រស់ស្រូបភោជនីដ្ឋាននៅទីនោះបន្ទាប់មកពួកយើងក៏បានជួបគ្នា ដោយបានដឹងថានាងជាក្មេងស្រីពូកែធ្វើការហ្មត់ចត់ណាស់ ហើយនៅឯភូមិគ្រឹះមួយនេះ កំពុងតែព្យាយាមរិះរកអ្នកបម្រើមកបន្ថែមទៀត ទើបត្រូវសួរនាំនាងបន្ថែម នាងក៏បានយល់ព្រមហើយសុំលាឈប់ពីហាងអាហារបារាំងដើម្បីមកបម្រើការងារក្នុងភូមិគ្រឹះវិញម្តងហើយនេះ..» ម៉ែដោះ ហារីន បានលើកកូនហឹបតូចមួយឡើង ដាក់នៅចំពោះមុខ ថេយ៉ុង រួចបើកគម្របឡើង រើយករូបថតដែលគាត់ធ្លាប់បានថតជាមួយនឹងអ្នកស្រី យ៉ូអាន ក្នុងរដូវកាលស្លឹកឈើជ្រុះ និងពិធីជប់លៀងខ្នាតធំមួយ ស្ថិតក្នុងភូមិគ្រឹះត្រកូល គីម ដែលត្រូវបានរក្សាទុករូបថតពណ៌ ស ខ្មៅ ជាច្រើនសន្លឹក ដើម្បីទុកជាអនុស្សាវរីយ៍ សូម្បីតែអ្នកបម្រើដទៃ ក៏បានថតរូបជួបជុំគ្នាដែរ ព្រោះសម័យកាលណោះ គ្រួសារដែលមានអំណាចនិងមានទ្រព្យធន់ សុទ្ធតែអាចជួលជាងថតជាជនជាតិបាំរាំង មកថតរូបដោយផ្ទាល់បាន ម្យ៉ាងវិញទៀត កាលណោះលោក ដុកហ្យុន ឧស្សាហ៍ប្រាស្រ័យទាក់ទងទំនាក់ទំនងការងារជាមួយជនជាតិបារាំងញឹកញាប់ណាស់ ទើបគាត់មិនសូវបានផ្តល់ឱកាសការងារឱ្យជនជាតុកូរ៉េក្នុងស្រុកអ្វីប៉ុន្មាន។
    «ម៉ែ!!» ថេយ៉ុង ចាប់យំខ្សឹកខ្សួរឡើងមកទៀតហើយ ដៃក្រសោបកាន់រូបថតម្តាយ ធ្វើឱ្យគេចង់ស្រែកយំណាស់ គេសែននឹក នឹកនាដល់គាត់ខ្លាំងគ្មានលុះមួយថ្ងៃណាទេ។
    «ហ៊ឹកៗ..ម៉ែ!!» ទឹកភ្នែកមួយនេះងាយហូរចេញមកណាស់ ឱ្យតែរំឭកដល់ម្តាយម្តងណាអួលដើម.កចេញពីក្នុងចិត្តមកដោយឯកឯង។
    «យ៉ូអាន ធ្វើការនៅទីនេះ អស់រយៈពេល ៥ ឆ្នាំ ទម្រាំមានរឿងធំកើតឡើងនាងក៏ចាកចេញទៅដោយមិនបាននិយាយអ្វីសូម្បីតែមួយម៉ាត់!»
    «ឱ្យគាត់និយាយបានយ៉ាងម៉េចម៉ែដោះ បើបុរសម្នាក់នេះជាអ្នកបង្ខំឱ្យគាត់រំលូតខ្ញុំចោល ហ៊ឹកៗ..ហ៊ឺៗ..ម៉ែតស៊ូណាស់ចិញ្ចឹមខ្ញុំមកម្នាក់ឯង ទម្រាំខ្ញុំធំដឹងក្តី ម៉ែខំប្រឹងរកកម្រៃមកឱ្យខ្ញុំរៀនសូត្រ ចង់ឱ្យកូនចេះដឹងជ្រៅជ្រះនិងគេ ម៉ែមិនដែលបានសម្រាន្តលក់ស្កប់ស្កល់ម្តងណាទេ ម៉ែខិតខំធ្វើនំលក់ យប់ថ្ងៃព្រឹកល្ងាច គេជេរ គេថាយ៉ាងម៉េច ក៏អត់ធ្មត់ ទ្រាំឱបក្រសោបកូន ម៉ែពិបាករហូតដល់ដាច់ខ្យល់ស្លាប់ហ៊ឹកៗ..ម៉ែអើយម៉ែ!» គេស្រែកទ្រហោយំយែកសឹងតែបែកដើមទ្រូង រៀបរាប់ពាក្យមួយម៉ាត់ៗ ឈឺចិត្ត នឹកស្រណោះអាណិតម្តាយកម្សត់ទឹកភ្នែកហូរស្ទើរលិចលង់ខ្លួនស្លាប់។
    មកទល់នឹងពេលបើគាត់នៅរស់ គាត់ប្រហែលជាមិនសុំឱ្យកើតមកជួបមុខបុរសកំសាកអាត្មានិយមម្នាក់នេះទេ ធ្វើខ្លួនសប្បាយដើម្បីតែ ផ្លូវអារម្មណ៍ ផ្លូវកាយ របស់ខ្លួនឯង ពេលជ្រុលជ្រួលក៏ដោះដៃព្រលែងគាត់ឱ្យដើរចេញមកលំបាកវេទនាម្នាក់ឯង ថែមទាំងបានផ្តល់ជីវិតបាបឱ្យក្មេងដែលមិនដឹងខ្យល់អី្វម្នាក់ឱ្យរស់នៅទាំងដុនដាបទៀត។
    ជីវិតកាលពីពេលមានម្តាយ ទោះគ្មានបាយហូប ក៏យល់ថាវាកក់ក្តៅ ដូចរស់នៅក្នុងពិភពលោកមួយមានពន្លឺ មានក្តីសុខ មិនឯកោពេក មិនរងារពេក មិនកណ្តោចកណ្តែងពេកឡើយ។ តែពេលដែលបានបាត់បង់គាត់ទៅ គេរស់នៅប្រៀបដូចជាស្លាប់មួយចំហៀងខ្លួនយ៉ាងអ៊ីចឹង បាត់ដៃម្ខាង បាត់ភ្នែកម្ខាង ធ្វើអ្វីៗត្រូវរំពឹងលើខ្លួនឯងទាំងអស់។
    «លោកមិនបាច់ខ្វល់ខ្វាយពីខ្ញុំទេ ខ្ញុំក៏មិនចង់កើតមកជាកូនរបស់លោកស្រាប់ទៅហើយ ខ្ញុំមានតែម៉ែម្នាក់គ្រប់គ្រាន់ហើយ ខ្ញុំមិនទាមទារអ្វីពីលោកម្នាក់ទៀតទេ!» ថេយ៉ុង លេបទឹកភ្នែកខំប្រឹងខាំមាត់សង្កត់ចិត្តដែលឈឺអួលអនេកពេញក្នុងដើមទ្រូង។
    «ឱ្យប៉ាសូមទោស ប៉ាដឹងខ្លួនខុស ប៉ាចង់រ៉ាប់រង់ទោសកំហុសទាំងនេះ ហើយសុំមើលថែកូនសម្រាប់ជីវិតចុងក្រោយរបស់ប៉ាផងបានទេ?» លោក ដុកហ្យុន ដាក់ចិត្តលន់តួអង្វរករកូនទាំងទឹកភ្នែកហូរស្រក់ជោកកាត់តាមដានថ្ពាល់យ៉ាងរហាម ប្រសិនបើ ថេយ៉ុង មិនយល់ព្រមអភ័យទោសឱ្យគាត់ទៀត ពេលនេះគាត់ច្បាស់ជាដាច់ខ្យល់ស្លាប់ជាក់ជាមិនខានឡើយ។
    «ខ្ញុំគ្មានទោសពៃរ៍អ្វីលើកលែងទោសឱ្យលោកទេ បាបកម្មទាំងប៉ុន្មានលោកសងម៉ែមិនអស់ទេជាតិនេះ ជីវិតខ្ញុំវេទនាសព្វថ្ងៃនេះ ព្រោះជាកំហុសរបស់លោកដែលបានសាងចំពោះម៉ែ ម៉ែឈឺចាប់ ស្ទើរស្លាប់ ស្ទើររស់ ទីបំផុតរឿងកម្សត់ខ្ជាត់ព្រាត់វាបានធ្លាក់មកលើខ្ញុំ ខ្ញុំជាអ្នករែកពនអម្រែកទាំងអស់នេះបន្តវេនពីម៉ែ ម៉ែមិនសមទៅជួបមនុស្សដូចជាលោកទេ!»
    ប៉ុន្មានឆ្នាំមកនេះ ជួបរឿង រង់ទុក្ខឆ្អែតឆ្អន់គ្រាប់គ្រាន់ហើយ ជីវិតក្រីក្រជួបការលំបាក ទៅណា មកណា ក៏មានតែគេរង់ចាំ មើលងាយ មើលថោក ជេរប្រមាថ ប្រើខ្សែភ្នែកចំអកចំអន់ វាយធ្វើបាប ជូរចត់ណាស់ ជួបប្រទះមកគ្រប់រស់ជាតិ មិនមែនរស់ស្រួល ស៊ីចុកបុកទំពារឆ្ងាញ់ៗរាល់ថ្ងៃនោះទេ។
    «ប៉ុន្តែអ្នកប្រុសច្បង គួរតែគិតអាណិតដល់ឪពុកខ្លះដែរ គាត់មិនមែនមិនបានខិតខំតាមស្វែករកអ្នកប្រុសនោះទេ!» ថេយ៉ុង គ្រវីក្បាលទាំងមិនយល់ ប្រទេសកូរ៉េធំជាងផែនដីទាំងមូលឬយ៉ាងម៉េច ទើបគាត់មិនអាចតាមរកម្តាយកូនគេឃើញបាន? សូម្បីតែប៉ូលិសស៊ើបអង្កេតធ្វើការស្រាវជ្រាវ មានចំណេះជំនាញខ្លាំងសម្បើមណាស់មិនថានៅដល់ទីណា ឬកន្លែងណាក៏អាចរកឃើញបានដែរ ម្យ៉ាងទៀតគាត់ជាអ្នកធំមានកេរ្តិ៍ឈ្មោះគ្រាន់បើណាស់ណាដែរឬុមួយគាត់ខ្លាចខ្មាស់គេ?។
    «យ៉ាងណាក៏ខ្ញុំមិនផ្តល់ឱកាស ខ្ញុំនៅតែជាខ្ញុំ ខ្ញុំនិងរស់នៅជាម្នាក់ឯង ជាមួយរូបថតម៉ែ ខ្ញុំគ្មានឪពុកនោះទេ!» គេស្ទុះស្ទារក្រោកទម្លាក់ប្រអប់ជើងចុះហៀបនឹងដើរចេញទៅ។
    «ថេយ៍ ឱ្យប៉ាសូមអង្វរកូនអភ័យទោសឱ្យប៉ាផងបានទេ!» គាត់សុខចិត្តលុតជង្គង់ចុះ ហើយសុំអភ័យទោសពីកូនប្រុស ទាំងទឹកភ្នែកហូរមិនដាច់ពីថ្ពាល់ដដែល។
    «អ្នកប្រុសច្បង..មេត្តាឪពុកផងទៅ!» ម៉ែដោះឃើញហើយមិនដាច់ចិត្តសោះ ដ្បិតគាត់គោរពស្រលាញ់លោកប្រុសធំខ្លាំងណាស់ យ៉ាងណាក៏គាត់មានគុណបំណាច់ធំធេងមួយចំណែកដែរ ដែលបានផ្តល់ជីវិតនិងកំណើតទៅឱ្យគេដែរ គួរណាតែដល់ពេលបើកចិត្តទទួលពាក្យសូមទោសពីឪពុក ព្រោះគាត់បានខិតខំព្យាយាមអស់ពីកម្លាំងកាយចិត្តរួចទៅហើយ។
    ថេយ៉ុង មិននឹកស្មានទេថាគាត់ហ៊ានធ្វើដល់ថ្នាក់នេះឡើយ គាត់បានស្រែកយំសូមអង្វរករហើយលុតជង្គង់ជាទង្វើហួសស្មានពីការគិតទៅទៀត គេជាកូនស្រាប់តែយល់ថាវាជារឿងខុសឆ្គងខ្លាំងណាស់ ហើយហាក់ធ្វើឱ្យឪពុកអាប់ឱនកិត្តិយសទៀត។
    «ម៉ែដោះសុំណា..អ្នកប្រុស!!» ម៉ែដោះ ហារីន លូកដៃទៅចាប់ក្រសោបប្រអប់ដៃរាងតូចហើយស្រាប់តែយំរលីងរលោងចំពោះមុខគេម្នាក់ទៀតដែរ។
    «ហ៊ឹកៗ..ហ៊ឺៗ!» គេធ្វើអ្វីមិនបានក្រៅពីឈរយំសសឹកញ័រស្មាទទ្រើកចំពោះមនុស្សចាស់ទាំងពីរនាក់ញ័រខ្លួនចំប្រប់។
    «ចាត់ទុកថាឪពុកសុំនៅរស់ក្បែរជាលើកចុងក្រោយ សម្រាប់ជីវិតចាស់ជរារបស់គាត់ផងទៅ គាត់ចង់ឃើញកូនៗរស់នៅជុំគ្នាណា៎ អ្នកប្រុសច្បងមិនមែនរស់នៅតែម្នាក់ឯងទៀតទេ អ្នកប្រុសនៅមានប្អូនៗពីរនាក់ទៀតដែលរង់ចាំជួបមុខអ្នកប្រុសទៀតដែរ!» ថេយ៉ុង សម្លឹងមុខគាត់រួចក្រឡេកទៅសម្លឹងមើលវត្តមានបងប្អូនវ័យជំទង់ប្រុសស្រីមួយគូ ដែលឈរទ្រឹងរលីងរលោងទឹកភ្នែកនៅឯមាត់ទ្វារខាងណោះ។
    «ខ្ញុំសុំពេលធ្វើចិត្តសិន ខ្ញុំទទួលយកពេលនេះមិនទាន់បានទេ!» ថេយ៉ុង ព័ទ្ធជើងទន់ជង្គង់ទម្លាក់ខ្លួនអង្គុយចុះខាងលើគ្រែ ហើយចាប់ផ្តើមយំយកៗ ហាក់បីដូចជាបានប៉ះទង្គិចផ្លូវអារម្មណ៍ខ្លាំងណាស់ហើយ។ ម៉ែដោះប្រាប់ឱ្យគ្រប់គ្នាចាកចេញទៅខាងក្រៅសិន នៅសល់តែគាត់ដែលនៅប្រចាំការរង់ចាំមើលថែ ថេយ៉ុង តែម្នាក់គត់ប៉ុណ្ណោះ។
   
    ភូមិគ្រឹះ ចន
    សមាជិកគ្រួសារគ្រប់គ្នាបានដឹងឮអំពីរឿង ថេយ៉ុង គ្រប់យ៉ាងអស់ទៅហើយលើកលែងតែនាង ម៉ូយ៉ុង ម្នាក់ដែលមិនបានដឹងនិងគេទាល់តែសោះ។ ពេលនេះគ្រប់គ្នាកំពុងតែមានចិត្តភ្ញាក់ផ្អើលក្នុងអារម្មណ៍ណាស់ដែរ សូម្បីតែ ជុងហ្គុក ពេលនេះស្រាប់តែអង្គុយស្លក់ៗបីដូចមនុស្សគ្មានវិញ្ញាណនោះទេ។
    «ខ្ញុំមិននឹកស្មានទេ ម៉ាក់ប៉ា..» ជុងហ្គុក ឧទានទាំងលើកដៃច្បូតមុខមានអារម្មណ៍មិនសូវល្អនៅនឹងខ្លួនសោះ។
    «ឪពុករបស់គេមានណាស់ មានទាំងឋានៈ មានបុណ្យស័ក្តិ មុខមាត់និងកេរ្តិ៍ឈ្មោះធំជាងគេក្នុងទីក្រុងនេះ!» លោកស្រី ហេវ៉ុន មានប្រសាសន៍ទាំងខ្សែភ្នែកភ្ញាក់ផ្អើល ចុះបើឪពុក ថេយ៉ុង បានដឹងពីរឿងរ៉ាវកូនប្រុសរបស់ខ្លួនជាមួយនិងកូនប្រុសគាត់នុះ មិនហ៊ានស្រម៉ៃទេ គាត់អាចស៊ើបអង្កេតដឹង ហើយអាចធ្វើរឿងដែលមិនអាចនឹកស្មានដល់ឱ្យកើតទៅជាបញ្ហាធំដុំមួយត្រឹមមួយប៉ប្រិចភ្នែកបានយ៉ាងងាយបំផុត។
    «ហ្អឹម!!» លោក ជុងហ៊ូ បានត្រឹមព្រលែងខ្យល់ដង្ហើមធំៗដូចមនុស្សជួបរឿងតប់ប្រមល់ណាស់ណាអ៊ីចឹង។
    ជាន់ខាងក្រោម កំឡុងពេលគ្រប់គ្នា កំពុងតែពិភាក្សារឿងសម្ងាត់ ម៉ូយ៉ុង ស្រាប់តែដើរចេញពីបន្ទប់សម្រាកមក កាលបើនាងមានអារម្មណ៍ថាឃ្លាន ព្រោះកូនក្នុងផ្ទៃធ្វើទុក្ខ ណាមួយអ្នកបម្រើក៏មិនបានហែហមជួយមើលថែបម្រើនាងដូចកាលពីមុនទៀតដែរ។
    ក្រឹក!!
    គន្លឹះទ្វារស្រាប់តែទាញបិទឮសូរក្រឹក ទន្ទឹមនិងរាងកាយតូចល្អិតដែលហៀបដើរកាត់មុខនាងជើងល្អឯណោះ។
    «អា ចាងហ្វា!!» ម៉ូយ៉ុង ស្ទុះវឹងទៅចាប់ញ៉ឹងស្មាតូច ស្រាប់តែ ចាងហ្វា រលាស់ដៃមួយទំហឹងធ្វើឱ្យនាងវិះតែនិងដួលទៀត។
    «កុំមកចាប់ខ្ញុំ!» អាល្អិតស្រែកថាទាំងកំហឹង រួចឈរសម្លឹងមុខនាងមិនដាក់ភ្នែក។
    «ឯងមកទីនេះធ្វើអី?» នាងសួរដោយអាការៈខឹងមិនព្រមចាញ់។
    «ម្តេចក៏មីងសួរខ្ញុំថាអ៊ីចឹង ផ្ទះនេះជាផ្ទះតាយាយរបស់ខ្ញុំ ហើយក៏ដូចជាផ្ទះប៉ាម៉ាក់របស់ខ្ញុំដូចគ្នា ខ្ញុំចង់ចេញចូលពេលណាក៏ស្រេចតែចិត្តរបស់ខ្ញុំ!»
    «អាក្មេងឈ្លើយ ឥឡូវឯងហ៊ានតមាត់ណាស់អ្ហេស យើងវាយឯងឱ្យខ្វិនដៃជើងម្តង!»
    «មីងគ្មានសិទ្ធ មកវាយធ្វើបាបខ្ញុំទៀតទេ ចាប់ពីពេលនេះតទៅ ព្រោះខ្ញុំមិនបានស៊ីបាយផ្ទះមីង មីងគ្មានសិទ្ធសូម្បីតែស្រែកជេរខ្ញុំ!» គ្រានោះ ចាងហ្វា បានលើកដៃចង្អុលមុខនាងភ្លាមៗ មនុស្សចាស់គ្រប់គ្នាគេគោរពស្រលាញ់ឱនលំទោសដាក់ទាំងអស់ លើកលែងតែនាងម្នាក់ទេ ដែលគេស្អប់ហើយចង់សងសឹកជាមួយឱ្យដល់បញ្ចប់នោះ។
    «យើសអាចាងហ្វា!!» ម៉ូយ៉ុង ស្រែកចេចចាចថ្លង់គួរឱ្យធុញទ្រាន់។
    «មីងពោះធំប៉ុនពោះជ្រូកទៅហើយ បើគង់តែយល់ថាអាតូចក្នុងពោះនេះជាប្អូនខ្ញុំ ខ្ញុំរុញមីងដួលឱ្យបាក់ចង្កេះស្លាប់តែម្តង!» ចាងហ្វា និយាយដោយឱបដៃចូលគ្នារួចសើចឌឺដងដាក់នាងយ៉ាងក្លាហានទៅទៀត។
    «អា៎យ..អាក្មេងថោកទាប!»
    «មីងបានថោកទាប ព្រោះមីងដណ្តើមប្តីម៉ែខ្ញុំ!»
    «អូយ!!» ម៉ូយ៉ុង ស្រាប់តែស្ញូញមុខឈឺ កាលបើត្រូវអាល្អិតរត់ចូលមកក្តាប់ដៃគក់ពោះនាងមួយដៃម៉ាំង បន្ទាប់មកក៏រត់លឿនស្លេវចេញទៅបាត់។

   
   
   
   

សង្ឃឹមបេះដូងបងមានអូន ♡Where stories live. Discover now