តាមផ្លូវ
ក្រឡេកមកមើលគ្រួសាអានដ្រេវិញ បន្ទាប់ពីបានយកជេស៊ីនទៅ ដាក់នៅព្រលានយន្តហោះរួចរាល់ហើយ ពួកគេក៏គ្នាឡើងឡានត្រឡប់មក ផ្ទះវិញទាំងមិនអស់អាល័យ លុះបើកបានពាក់កណ្ដាលផ្លូវទូរស័ព្ទក៏រោទ៍ឡើងលោតបង្ហាញរូបជីមីននៅលើអេក្រង់ទូរស័ព្ទ។« ជីមីនហ្អា! មានការអ្វីមែនទេកូនប៉ាកំពុងតែបើកឡាន » លោកអាន់ដ្រេរហ័សលើកទូរសព្ទមកដាក់ក្បែរត្រចៀកដើម្បីងាយស្រួលនិយាយ ចំណែកអ្នកស្រីអាន់ដ្រេនិងជេក្យុង ក៏នៅអង្គុយស្ដាប់ដែរ។
«លោកប៉ា ជេស៊ីនគេទៅហើយមែនទេ» សម្លេងចេញពីទូរស័ព្ទ សួរទាំងតក់ក្រហល់។
« ប៉ាគ្រាន់តែជូនគេ ដល់ត្រឹមច្រកចូលប៉ុណ្ណោះ តែបើតាមស្មានពេលនេះប្រហែលជា គេឡើងទៅបាត់ហើយ នឹកឃើញអ្វីបានមកសួរប៉ាពីរឿងនេះ? បានគេទៅវាជារឿងល្អសម្រាប់ឯងហើយមិនអ៊ីចឹង? » លោក រាងចម្លែកចិត្តមិនតិចទេដែលសុខៗជីមីនមកសួរពីដំណើររបស់ ជេស៊ីនទាំងដែលពីដើមឡើងគឺពួកគេទាំង២នាក់តែងតែឈ្លោះគ្នាឥតឈប់ឈរសោះ។
( គឺ...ប៉ាខ្ញុំគិតថាឲ្យគេទៅរស់នៅឆ្ងាយម្នាក់ឯងវាពិបាកណាស់ អ្វីដែលសំខាន់នោះ គេគ្មានអ្នកណាម្នាក់នៅក្បែរខ្លួនឡើយ ) ជីមីនរាងស្ទាក់ស្ទើបន្តិចក្នុងការនិយាយចេញមក ព្រោះ គេតែងតែចង់ឲ្យជេស៊ីន ចេញពីផ្ទះនេះ ឆាប់ៗប៉ុន្តែពេលជេស៊ីនទៅមែន វាហាក់ធ្វើឲ្យជីមីនមានអារម្មណ៍ថាខុស ដែលត្រូវធ្វើឲ្យមនុស្សម្នាក់ ទៅរស់នៅឆ្ងាយដាច់សង្វែង ឃ្លាតស្រុកកំណើត គ្រប់យ៉ាងរាងតូចគិតថាជាកំហុសគេទាំងអស់។
« ប៉ាដឹងប៉ុន្តែឲ្យធ្វើយ៉ាងម៉េច... ម្ខាងជាអ្នកផ្ទះ ហើយម្ខាងទៀតគឺ... » គាត់តបទៅជីមីនវិញទាំងអារម្មណ៍ទាក់ទើ មិនដឹងថាការសម្រេចចិត្តរបស់គាត់ត្រូវឬក៏ខុសទេ។
(ខ្ញុំមិនបន្ទោសប៉ាទេ អ៊ីចឹងប៉ាឆាប់ត្រឡប់មកផ្ទះវិញណា កូនធ្វើអ្វីញ៉ាំជុំគ្នា ) ជីមីនគេចេះគិតគូណាស់ រឿងនេះគរក៏ដឹងច្បាស់ពីទុក្ខលំបាករបស់លោកអាន់ដ្រេ ទើបគេមិនសួរដេញដោលបន្តទៀត។
« បាទចាំជួបគ្នានៅផ្ទះណាកូនសម្លាញ់របស់ប៉ា... ប៉ាស្រឡាញ់កូនណាស់ កូនចង់និយាយជាមួយម៉ាក់បន្តិចទេ? » មិនរងចាំស្ដាប់ចម្លើយរបស់ជីមីនទាន់ទេ គាត់ក៏ហុចទូរស័ព្ទឲ្យទៅប្រពន្ធនិយាយម្ដង។