ភូមិគ្រឹះដូនៀរ៍
ដំណក់ទឹកភ្លៀងធ្លាក់លើដំបូលភូមិគ្រឹះលាន់ឮសូររងំទឹកក៏បន្តហូរធ្លាក់មកដល់ដីយ៉ាងច្រើនដោយឆ្លងកាត់តាមទុយោទឹក ដឹកនាំឲ្យខ្យល់ត្រជាក់បក់ប៉ះកាយរបស់បុរសចំណាស់ម្នាក់ដែលឈរព័ទ្ធដៃគយគន់មើលដំណក់ទឹកភ្លៀងនៅក្បែរបង្អួចខាងក្នុងផ្ទះដោយមានអ្នកបម្រើស្រីប្រុសដើរខ្វាត់ខ្វែងយ៉ាងប្រញ៉ាប់ប្រញាល់ទំនងដូចជានៅក្នុងនោះមានរឿងអ្វីមួយបានកើតឡើង។« ហ៊ឹម.... » សម្លេងដកដង្ហើមធំបន្ទាប់ពីឈប់មើលដំណក់ទឹកនៅខាងក្រៅទាំងក្ដីព្រួយបារម្ភ។ វ័យចំណាស់ក៏បម្លាស់ទីចេញពីមាត់បង្អួចមកបង្គុយលើសាឡុងយ៉ាងស្ងៀមស្ងាត់មិនមាត់កសូម្បីបន្តិចគាត់គិតតែដកដង្ហើមធំជានិច្ច គ្រប់ដង្ហើមចេញចូលហាក់បីដូចជាកំពុងតែទទួលរងនូវការសម្ពាធពីអ្វីមួយ។
ក្រោយអង្គុយដកដង្ហើមធំទាំងតឹងទ្រូងបានមួយសន្ទុះស្រាប់តែមានក្មេងបម្រើប្រុសម្នាក់ដើរចូលមករកគាត់ដោយនៅក្នុងដៃមានទូរស័ព្ទមកជាមួយ÷
« លោកមេកា...មានអ្នកទូរស័ព្ទមកពីមន្ទីពេទ្យទាន » នាយនិយាយដោយហុចទូរស័ព្ទឲ្យទៅមេការួចឈរទៅជ្រុងម្ខាងនៃសាឡុង។
« ទៅធ្វើការរបស់ឯងបន្តទៀតទៅ » គាត់យកទូរស័ព្ទពីដៃអ្នកបម្រើមកកាន់មើលរួចក៏ដេញឲ្យទៅធ្វើការរបស់ខ្លួនបន្តដែលទង្វើរនេះធ្វើឲ្យអ្នកបម្រើនោះឆ្ងល់ជាខ្លាំងក៏សួរ÷
« មេកា នេះម៉ោងជិត១០យប់ទៅហើយលោកឲ្យពួកខ្ញុំនៅធ្វើការបន្តទៀតឬ? បើចៅហ្វាយនៅពេលនេះពួកខ្ញុំបាន.... » នាយយកដៃកេះក្បាលសួរទៅទាំងមិនយល់ ព្រោះតាមធម្មតាការងារបស់ពួកគេត្រឹមតែម៉ោង៨ចៅហ្វាយឲ្យសម្រាកហើយ ប៉ុន្តែថ្ងៃនេះហេតុអ្វីបានជានៅយូយ៉ាងនេះ។
« ខ្ញុំឲ្យធ្វើក៏ធ្វើទៅកុំសួរនាំច្រើនពេក » ពោលរួចលោកមេកាក៏ងើបចេញពីសាឡុងដើរទៅក្បែរបង្អួច រួចក៏លើកទូរស័ព្ទមកនិយាយ ចំណែកអ្នកបម្រើក៏ចាកចេញពីកន្លែងនោះទៅដូចគ្នា។
ទីតៗ
ស្របពេលលោកមេកាកំពុងឈរនិយាយទូរស័ព្ទជាមួយពេទ្យសុខៗស្រាប់តែបានឮសម្លេងស៊ីផ្លេបន្លឺឡើងនៅខាងមុខផ្ទះ ញ៉ាំងឲ្យអារម្មណ៍គ្រប់គ្នាដែលនៅទីនោះងាករកប្រភពសម្លេងគ្រប់ៗគ្នា។