នៅពេលលោកជុងនិងលោកស្រីជុងបានចាកចេញទៅបាត់ អ្នកគ្រូហេស៊ុនក៏បានងាកមកសួរហូសុ៊កវិញ ព្រោះនាងគិតថាមុននេះហូសុ៊កច្បាស់ជាមានរឿងអ្វីមួយចង់និយាយប្រាប់នាង!
<<ហូសុ៊កហា៎! មិញនេះមានអីចង់និយាយជាមួយអ្នកគ្រូមែនទេ?>>
<<អរ..បាទ...គឺខ្ញុំ....ខ្ញុំភ្លេចបាត់ហើយអ្នកគ្រូ!>> ឮហេស៊ុនសួរបែបនេះហូសុ៊ក ក៏ព្យាយាមគិតថាមិញនេះខ្លួនចង់និយាយអ្វីប្រាប់ទៅកាន់ហេស៊ុន ប៉ុន្តែគេគិតមិនឃើញសោះ ចំជាខួរក្បាលមិនល្អមែន ។
<<មិនអីទេ ចាំនឹកឃើញចាំមកនិយាយប្រាប់អ្នកគ្រូម្ដងទៀត>> នាងក៏បានយកដៃទៅអង្អែលក្បាលហូសុ៊កហើយនិយាយ ។
<<បាទអ្នកគ្រូ តែថារឿងមិញនេះ?>>
<<ឯងចង់ទៅជាមួយពួកគាត់មែនទេ?>> ឃើញហូសុ៊កនិយាយពីរឿងមិញនេះនាងក៏គិតថាហូសុ៊កច្បាស់ជាចង់ទៅនៅជាមួយលោកជុងនិងលោកស្រីជុងហើយ ។
<<ពួកគាត់ជាមនុស្សល្អណាស់ ខ្ញុំចូលចិត្តពួកគាត់តែខ្ញុំមិនចង់បែកពីអ្នកគ្រូនិងមិត្តរបស់ខ្ញុំទេ>> គេក៏ព្យាយាមនិយាយប្រាប់ហេស៊ុន ថាគេមិនចង់ទៅឆ្ងាយពីហេស៊ុននិងមិត្តរបស់គេនោះទេ ។
<<ហូសុ៊ក! ស្ដាប់អ្នកគ្រូណា៎បើឯងទៅនៅជាមួយគាត់អនាគតរបស់ឯងច្បាស់ជាល្អ ហើយពួកគាត់ទាំងពីរគឺជាមនុស្សល្អណាស់បើឯងនឹកអ្នកគ្រូនិងមិត្តរបស់ឯងពួកគាត់មិនហាមឯងមិនឱ្យមកជួបពួកយើងនោះទេ>> និយាយបណ្ដើរយកដៃអង្អែលក្បាលរបស់គេបណ្ដើរ ព្រោះនាងក៏ចង់ឱ្យហូស៊ុកមានអនាគតដ៏ល្អជាមួយមនុស្សល្អផងដែរ ។
<<ខ្ញុំសុំពេលគិតឱ្យច្បាស់លាស់សិនអ្នកគ្រូ>> និយាយហើយគេក៏ឱនគោរពហេស៊ុនបន្តិចហើយក៏ចេញទៅរកស៊ូយ៉ុនបាត់ទៅ ។
+++++
<<ស៊ូយ៉ុនហា៎ៗ!>> គេក៏រត់មកដល់បន្ទប់របស់ស៊ូយ៉ុនហើយក៏ស្រែកហៅនាងពីខាងក្រៅមក ។
<<យើងមកហើយ ឯងមានការអីក៏ស្រែកខ្លាំងសម្បើមម្ល៉េះ?>> នាងក៏ដើរចេញពីក្នុងបន្ទប់របស់នាង មករកហូសុ៊កដែលស្រែកហៅនាងសឹងតែផ្អើលមណ្ឌលកុមារកំព្រាទៅហើយ ។
<<យើងមានរឿងចង់ប្រាប់ឯង!>> និយាយហើយក៏ទាញដៃរបស់ស៊ូយ៉ុនទៅកន្លែងមួយរៀងស្ងាត់បន្តិចដើម្បីនិយាយគ្នា ។
<<ឯងមានការអីចាំបាច់មកទីនេះនិយាយ?>> នាងឆ្ងល់យ៉ាងខ្លាំងរឿងដែលគេចង់ប្រាប់នាងនោះ វាសម្ងាត់ខ្លាំងកម្រិតណាទៅ បានជាគេមើលទៅដូចជាខ្លាចអ្នកណាដឹងម្ល៉េះ?
<<គឺយើងចង់ឱ្យរឿងនេះ ឯងជាអ្នកដែលដឹងតែម្នាក់គត់បន្ទាប់ពីអ្នកគ្រូហេស៊ុន>>
<<រឿងអី?និយាយមកយើងចាំស្ដាប់>>
<<មានប្ដីប្រពន្ធ២នាក់មកទីនេះ ហើយពួកគាត់ចង់បានយើងធ្វើជាកូនរបស់ពួកគាត់!>>
<<មានអីមិនល្អ>> ឮបែបនេះហើយ ស៊ូយ៉ុនដូចជាគ្មានភ្ញាក់ផ្អើលអ្វីខ្លាំងនោះទេ ព្រោះនាងគិតថាវាជារឿងដែលល្អសម្រាប់ហូស៊ុក ។
<<តែយើងមិនដាច់ចិត្តពីអ្នកនៅទីនេះទេ!>>
<<ឯងស្ដាប់ណា! ឯងនិយាយថាឯងចង់ក្លាយជាអ្នកជំនួញត្រូវទេ?>> នាងក៏ព្យាយាមនិយាយធ្វើយ៉ាងណាឱ្យគេយល់ ព្រោះនាងមិនចង់ឱ្យគេគិតបែបនេះ នោះគេនឹងមិនអាចសម្រេចអនាគតដែលគេចង់បាននោះទេ ។
<<ត្រូវហើយ!>>
<<ដូច្នេះឯងត្រូវតែចាប់យកឱកាសឱ្យបាន ហើយឯងមិនបានបែកពីពួកយើងរហូតលែងបានជួបឯណា ពួកយើងនៅទីនេះរហូតតើ!>>
<<យើងដឹង តែយើង....!>> គេក៏ទម្លាក់ទឹកមុខចុះរួចក៏បន្តនិយាយ ។
<<យើងមិនអាចបង្ខំឯងបានទេ យ៉ាងណាក៏ដោយមិនងាយមានឱកាសល្អបែបនេះទេ ឯងយករឿងនេះទៅគិតឱ្យច្បាស់សិនទៅ>> និយាយប្រាប់ឱ្យដំបូន្មានល្អៗដល់ហូសុ៊កហើយនាងក៏ដើរទៅវិញបាត់ទៅទុកឱ្យហូសុ៊កនៅគិតតែម្នាក់ឯង ។
+++++
យប់ឡើងព្រះអាទិត្យបានលិចបាត់ទៅហើយជំនួសមកវិញដោយព្រះចន្ទជាអ្នកបំភ្លឺផ្លូវសម្រាប់មនុស្សលោកនាពេលរាត្រី ស្របពេលនោះក៏មានក្មេងប្រុសម្នាក់កំពុងអង្គុយសម្លឹងមើលទៅព្រះចន្ទហើយគិតរឿងជាច្រើនផងដែរ ។
<<ព្រះចន្ទអើយ! តើខ្ញុំត្រូវធ្វើបែបណាទៅ?>> អង្គុយមើលព្រះចន្ទមិនអស់ចិត្តគេក៏បានសួរទៅកាន់ព្រះចន្ទទៀត តែដូចដឹងស្រាប់ហើយព្រះចន្ទគ្មានមាត់សម្រាប់ឆ្លើយតបមកកាន់គេវិញនោះទេ ដូច្នេះសំណួរនៅតែជាសំណួរ គ្មានចម្លើយនោះទេ ។
<<មិនទាន់ទៅសម្រាកទេឬហូសុ៊ក?>> ហេស៊ុនដែលបានដើរចេញមកក៏ប្រទះឃើញហូសុ៊កដែរកំពុងអង្គុយសម្លឹងមើលទៅព្រះចន្ទ ទើបនាងក៏បានដើរមកសួរ ។
<<បាទ អ្នកគ្រូ ខ្ញុំមិនទាន់ងងុយទេ អ្នកគ្រូទៅសម្រាកមុនខ្ញុំចុះ!>> ឃើញហេស៊ុនហើយគេក៏បានតបទៅវិញដោយស្នាមញញឹមទៅកាន់នាងទោះបីពេលនេះគេមិនសូវសប្បាយចិត្តរឿងមួយក៏ដោយ ។
<<ក៏បាន តែកុំគិតច្រើនពេកឯងគួរតែគិតពីអនាគតរបស់ឯងជាធំ ឯងត្រូវដឹងថាទោះឯងទៅនៅទីណាក៏អ្នកនៅទីនេះគេមិនភ្លេចឯងដែរ!>> មុននឹងដើរចេញទៅដើម្បីសម្រាកហេស៊ុននាងក៏ឆ្លៀតឱ្យដំបូន្មានទៅកាន់ហូសុ៊កបន្តិច រួចនាងក៏ដើរទៅទុកឱ្យហូសុ៊កនៅសញ្ចឹងគិតបន្តទៀត ។
+++++
រយៈពេលមួយសប្តាហ៍បានមកដល់ ពេលវេលាកំណត់ដែលលោកជុងនិងលោកស្រីជុងបានទុកពេលសម្រាប់ហូសុ៊កគិតឱ្យបានច្បាស់លាស់ក៏ឈានមកដល់ លោកជុងនិងលោកស្រីជុងក៏បានធ្វើដំណើរមកកាន់មណ្ឌលកុមារកំព្រាហ្គុនវ៉ុនដើម្បីស្ដាប់ចម្លើយរបស់ហូសុ៊ក ។
<<សួស្ដីលោកជុងនិងអ្នកស្រីជុង>> ឃើញអ្នកស្រីជុងនិងលោកជុងជិតមកដល់ភ្លាម ហេស៊ុននាងបានចេញទៅស្វាគមន៍អ្នកទាំង២តែម្ដង ។
<<បាទអ្នកគ្រូ តើអ្នកគ្រូសុខសប្បាយជាទេ?>> មុននឹងចូលសាច់ការលោកជុងក៏ឆ្លៀតសួរសុខទុកហេស៊ុនបន្តិចដែរ ។
<<ចាស ខ្ញុំសុខសប្បាយធម្មតានោះទេលោកជុង និយាយចឹងសូមចាំបន្តិចខ្ញុំនឹងទៅហៅហូសុ៊ក>> នាងបានឆ្លើយតបទៅកាន់លោកជុងហើយក៏បានដើរទៅហៅហូសុ៊កឱ្យមកទីនេះផងដែរ ។
<<ជម្រាបសួរលោកជុងនិងលោកស្រីជុង>> ហេស៊ុននាងប្រុងនឹងទៅហៅគេទៅហើយតែគេក៏បានមកដល់ល្មម ។
<<អូ! ហូសុកមកដល់ល្មម>>
<<ឯងគិតយ៉ាងម៉េចដែរសម្រាប់សំណើររបស់ពួកយើង?>> ដោយមិនចង់អូសបន្លាយពេលវេលាច្រើនលោកស្រីជុងក៏សួរសាច់ការទៅកាន់ហូសុ៊កតែម្ដង។
<<.......>> គេមិនទាន់ឆ្លើយនោះទេ គេក៏បានងាកមកសម្លឹងមុខរបស់ហេស៊ុន ឃើញបែបនេះហេស៊ុនក៏បានងក់ក្បាលដាក់ហូសុកបន្តិច ដើម្បីបង្ហាញឱ្យគេដឹងថាធ្វើអ្វីតាមការគិតរបស់គេចុះ ។
<<ខ្ញុំសម្រេចចិត្តហើយ ខ្ញុំយល់ព្រមសំណើររបស់លោកស្រី>> និយាយហើយក៏ញញឹម ។
<<ល្អណាស់!>> ឮបែបនេះភ្លាមលោកស្រីជុងសប្បាយចិត្តយ៉ាងខ្លាំង។
<<ល្អណាស់ដែលឯងយល់ព្រម ដូច្នេះពួកយើងនឹងមកយកឯងនៅថ្ងៃស្អែកនេះ ដើម្បីឱ្យឯងមានពេលគ្រប់គ្រាន់សម្រាប់លាមិត្តរបស់ឯង!>> លោកជុងក៏មានអារម្មណ៍សប្បាយចិត្តខ្លាំងផងដែរព្រោះលោកក៏ពេញចិត្តនឹងហូសុ៊កដូចគ្នា ។
<<បាទ អរគុណលោកនិងលោកស្រីណាស់>> ហូស៊ុកបានអរគុណពួកគាត់ទាំងពីរយ៉ាងញាប់ ដោយសារពួកគាត់បានទុកពេលឱ្យគេសម្រាប់លាមិត្តរបស់គេ ។
<<មិនអីទេ! យើងទុកពេលឱ្យឯងណា៎>>
<<ត្រូវហើយ តែឥឡូវនេះដល់ពេលខ្ញុំត្រូវទៅធ្វើការហើយ ខ្ញុំលាសិនហើយជាពិសេសអ្នកគ្រូហេស៊ុន>> <<ចាស លោកនិងលោកស្រីសុខសប្បាយណា៎>>
YOU ARE READING
ម្ចាស់ចិញ្ចៀនគូរ
Romance[Couple Ring] ក្មេងប្រុសម្នាក់ដែលមានសំណាងត្រូវបានសេដ្ឋីចិត្តល្អយកទៅចិញ្ចឹមមើលថែយ៉ាងយកចិត្តទុកដាក់ដូចកូនបង្កើត ថែមទាំងបញ្ជូនគេឱ្យទៅរៀននៅបរទេសទៀតផង ប៉ុន្តែគេនៅតែមិនអាចបំភ្លេចស្នេហាដំបូងរបស់គេដែលបានបាត់ខ្លួនអស់ជាច្រើនឆ្នាំបានដដែល ទើបសម្រចចិត្តតាមរកនាងត...