8

22 4 0
                                    

#វែមផាយ៍ទន្ទ្រានបេះដូង
ភាគទី៨

ត្រឹមមួយប៉ប្រិចភ្នែកសោះ អ្វីៗក៏ហាក់បីដូចជាកំពុងតែវិលត្រឡប់ទៅរកសភាពដើមវិញហើយ។ ប្រាកដណាស់ លើកលែងតែអាជីពជាតារារបស់សេលីននេះមួយ។
វត្តមានរបស់មនុស្សចំណូលថ្មីកាន់តែធ្វើឲ្យអ្នកដែលស្ថិតនៅក្រុមតារាជើងចាស់ដូចជានាងមានភាពលំបាកលំបិនជាខ្លាំងក្នុងការស្វះស្វែងរកការងារថ្មី។
ពួកគេក៏កាន់តែមិនត្រូវបានមនុស្សនៅក្នុងរង្វង់សិល្បៈនេះឲ្យតម្លៃហើយ..
រាប់ចាប់ពីពេលដែលលីដែលត្រូវជាជំនួយការ ហើយក៏ជាអ្នកគ្រប់គ្រងរបស់តារាម៉ូឌែលដែលធ្លាប់ល្បីល្បាញនៅក្នុងវិស័យនេះកាលពីមុន, បាននាំនាងចេញពីផ្ទះរបស់លោកគ្រូពេទ្យកម្លោះនោះមក ពេលវេលាដូចជាបានកន្លងផុតទៅអស់រយៈពេលប៉ុន្មានខែជាងហើយ។ វាពិតជាដើរលឿនមែន។ 
បន្ទុកការងាររបស់អានសេលីននៅពេលនេះក៏អាចនិយាយបានថាធូរស្រាលជាងមុន— ប៉ុន្តែវាក៏ប្រែទៅជារឿងដែលធ្វើឲ្យលីកាន់តែធ្ងន់កទៅវិញ។
នៅពេលការងារនាងមានកាន់តែតិច ភាពល្បីល្បាញរបស់នាងវាប្រាកដជាធ្លាក់ដុនដាបមិនខុសពីនោះ។ មិនយូរមិនឆាប់ នាងក៏នឹងត្រូវបាត់មុខពីវិស័យនេះដូចជាអ្វីដែលក្រុមហ៊ុនរបស់នាងប្រាថ្នាចង់បានដែរហើយ។ ក៏ប៉ុន្តែសេលីន បូករួមទាំងលី គឺសុទ្ធតែមិនព្រមទទួលយកលទ្ធផលមួយនេះ។
ក៏ដោយសារតែបែបនេះឯង ទើបពេលនេះសេលីនត្រូវបង្ខំចិត្តមកអង្គុយស្ដាប់មនុស្សម្នាឈ្លោះគ្នានៅក្នុងការិយាល័យនៃបន្ទប់ប្រជុំ ដែលកំពុងតែមានការជួបពិភាក្សាគ្នារវាងអ្នកគ្រប់គ្រងរបស់តារា និងអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនបណ្ដុះបណ្ដាលតារានេះ។

"លោកធ្វើនេះចង់បានន័យថាម៉េច? ការងារកន្លងមកដែលធ្លាប់តែជារបស់សេលីនត្រូវបានហុចឲ្យទៅអ្នកថ្មីដែលមិនដឹងអីអ៊ីចឹង?? តារានៅក្រោមដៃរបស់ខ្ញុំជាមនុស្សដែលពួកលោកចង់លើកក៏លើក ចង់ជាន់ក៏ជាន់បែបនោះមែនទេ??"
សំឡេងសឺមីឯកសារទម្លាក់ចុះមួយទំហឹងនៅលើតុប្រជុំក៏ស្រាប់តែរំកងឡើងពាសពេញបន្ទប់ ច្បាស់ណាស់ថាជាស្នាដៃរបស់លី។ នៅក្នុងឋានៈជាអ្នកគ្រប់គ្រងរបស់តារាម៉ូឌែលសេលីន, នាងឧទានឡើង ដាក់ទៅបុរសនៅក្នុងវ័យសែសិបស្ដើងនោះ ក្នុងសម្ដីរបស់លីនាំមកជាមួយនឹងក្ដីខឹងសម្បាស្ទើរគ្មានអ្វីមកប្រៀបផ្ទឹមបាន។ កែវភ្នែកដ៏ហ្មត់ចត់របស់នាងក៏បានបាញ់ក្រសែភ្នែកពិឃាតឆ្លងកាត់កញ្ចក់វ៉ែនតាមួយគូនោះទៅកាន់អ្នកដែលអង្គុយនៅដើមតុរាងពងក្រពើធំទាំងឥតមានភាពញញើតខ្លាចរអាសូម្បីតែបន្តិច។
ប៉ះពាល់ដល់នាងបាន ពួកគេអាចធ្វើខុសមកលើនាងបាន! តែបើហ៊ានតែមានគំនិតចង់ធ្វើរឿងមិនល្អដាក់តារារបស់នាង នោះនាងនឹងមិនទ្រាំនៅឲ្យគេធ្វើបាបហើយសម្រេចវាដូចបំណងបានជាដាច់ខាត!
បុរសម្នាក់នោះព្រលែងភាពអស់សំណើចចេញមកតាមខ្យល់ដង្ហើម តែបែរជាធ្វើវានៅក្នុងពេលមួយដ៏សែនមិនសាកសម។ លីឃើញទឹកមុខក្អេងក្អាងរបស់គេហើយក៏ស្រាប់តែខាំធ្មេញទាំងសម្លក់មុខរបស់គេជាប់តែម្ដង នាងមិនខ្វល់សូម្បីតែបន្តិចថាគេជាថ្នាក់លើរបស់នាង មានឋានៈធំជាងនាង។

make you mine (KH) Where stories live. Discover now