1

495 18 0
                                    

#វែមផាយ៍ទន្ទ្រានបេះដូង
ភាគទី១

ពន្លឺភ្លើងពណ៌សយ៉ាងច្រើនសន្ធឹក បាញ់បំភ្លឺចែងចាំងទៅរកមនុស្សគ្រប់ទិសទី ប៉ុន្តែធាតុពិតគោលបំណងដែលគេប្រើប្រាស់វាឡើង គឺព្រោះតែចង់យកវាទៅបាញ់សំដៅលើបុគ្គលតែម្នាក់ក្នុងចំណោមមនុស្សជាច្រើននេះតែប៉ុណ្ណោះ។
សំឡេង 'ក្រឹប' បន្លឺឡើងជារឿយៗតជាប់កន្ទុយគ្នា ដែលវាឮចេញពីម៉ាស៊ីនថត បញ្ឈរយ៉ាងខ្ពស់នៅលើទម្រកាមេរ៉ាដែលមានជើងបី រួមមកជាមួយនឹងសំឡេងក្ឌុងក្ឌាំងនៅពីខាងក្រោយនោះផង។ នេះក៏ដោយសារតែបុគ្គលិកទាំងអស់ នាំគ្នាធ្វើតែកិច្ចការរៀងៗខ្លួនទាំងមិនមានចិត្តខ្វល់ខ្វាយពីអ្នកផ្សេងដែលស្ថិតនៅទីនេះឡើយ។
គ្រប់គ្នាមើលទៅហាក់កំពុងតែរវល់មិនស្រាកស្រាន្តសោះឡើយ ម្នាក់ៗធ្វើដំណើរត្រាច់ទៅមកមិនឈប់ នៅពីខាងក្រោយខ្នងជាងថតរូបប្រុសដ៏ជំនាញម្នាក់ ដែលកំពុងតែធ្វើការងាររបស់ខ្លួនយ៉ាងហ្មត់ចត់ដូចគ្នា។

"ល្អណាស់ សេលីន, តស៊ូ នៅខ្វះតែបន្តិចទៀតទេ យើងជិតរួចហើយ! ល្អណាស់! ល្អមែនទែន!" ជាងថតស្រែកបន្ទរ សើចទាំងក្ដីពេញចិត្ត ខណៈកំពុងសរសើរម៉ូឌែលដែលទើបតែត្រូវគេហៅឈ្មោះអំបាញ់មិញនេះជាប់មិនដាច់ពីមាត់។ អាន សេលីន, គឺជាឈ្មោះក្រៅពេញលេញរបស់នាង។
មាឌតូចឈរបង្ហាញរាងនៅពីខាងមុខ background ដែលមានផ្ទៃពណ៌សមួយ ព្រមទាំងធ្វើឥរិយាបថផ្សេងៗទៅតាមជំនាញរបស់ខ្លួន និងត្រូវតម្រូវទៅតាមចិត្តអ្នកថតផង។ ភ្នែកខ្មៅទាំងគូសម្លឹងជ្រៅទៅរកកាមេរ៉ាដែលចាប់យកសកម្មភាពទាំងប៉ុន្មានរបស់នាង។ សក់ពណ៌ត្នោតដ៏រលើបរលោងរបស់សេលីនរលាស់ទៅមុខទៅក្រោយមិនឈប់ ក៏ព្រោះតែមានកង្ហារធំមួយកំពុងបក់សំដៅមករកនាងមិនខុសគ្នាអ្វីពីអំពូលភ្លើងសដែលភ្ជាប់នៅពីលើ ពីមុខនិងនៅសងខាងខ្លួននាងឡើយ។

"perfect! ធ្វើបានល្អណាស់ សេលីន, អូខេ! កិច្ចការយើងចប់ហើយ ពេលនេះគ្រប់គ្នាក៏អាចទៅសម្រាកបានដែរហើយ!" និយាយឡើងដោយបុរសដដែល ដែលបានសរសើរនាងនៅពេលមុននោះ។ ជាងថតរូបមួយនេះប្រកាសស្រែកជាមួយនឹងអារម្មណ៍ស្រស់ស្រាយមិនធម្មតា កាលបើខ្លួនលែងចាំបាច់ត្រូវឈឺខ្នងចុកសរសៃអីបន្តទៀតហើយ។ ព្រោះបើការងារចប់ គេក៏មិនមានភារកិច្ចអ្វីត្រូវបន្ទន់ជង្គង់ចុះ ជាប់អស់ពេលជាច្រើនម៉ោងទៀតនោះដែរ។ អ្នកកម្លោះនេះឃើញរង្គើតែមាត់ តែមុខមិនបានងាកទៅតាមទិសដែលគេចង់ស្រែករកឡើយ។ កែវភ្នែករបស់គេកំពុងតែជាប់នៅជាមួយនឹងរូបភាពរបស់សេលីននៅក្នុងស្គ្រីនកាមេរ៉ា ទាំងក្ដីស្លុងអារម្មណ៍ជាពន់ពេក។

make you mine (KH) Where stories live. Discover now