#វែមផាយ៍ទន្ទ្រានបេះដូង
ភាគទី៣រាងខ្ពស់បើកទ្វារចូលមកក្នុងអាផាតមិនផ្ទាល់ខ្លួនរបស់គេទាំងអស់កម្លាំងល្ហិតល្ហៃ ស៊ុកជីននៅពេលចប់ម៉ោងចេញពីធ្វើការនៅឯមន្ទីរពេទ្យភ្លាមក៏ត្រឡប់មកផ្ទះវិញភ្លែត។ មើលទៅគេ ហាក់បីដូចជាគ្មានគម្រោងអ្វីផ្សេងក្រៅពីធ្វើការនិងទៅផ្ទះនោះទេ។
ជារៀងរាល់ថ្ងៃបុរសម្នាក់នេះតែងតែពាក់របាំងមុខមួយដែលបិទបាំងពីអារម្មណ៍ដ៏ពិតប្រាកដរបស់ខ្លួនឯងជានិច្ច នៅពេលត្រូវញញឹមក៏ញញឹម នៅពេលត្រូវធ្វើមុខស្មើក៏ធ្វើ។ តិចណាស់ដែលគ្រប់គ្នាដឹងអំពីជីវិតរបស់គេ ព្រោះមិនមាននរណាអាចចូលមកជិតគេបានឡើយ។
ទាំងមិត្តរួមការងារ ទាំងគិលានុបដ្ឋាយិកាដែលនៅក្នុងមន្ទីរពេទ្យ ទាំងអ្នកជំងឺស្រីៗដែលសង្ឃឹមថានឹងអាចយកឈ្នះចិត្តគេបាន គ្រប់គ្នាមិនចន្លោះ— សុទ្ធតែចង់ទាក់ទងជាមួយនឹងមនុស្សដែលមើលទៅជោគជ័យដូចជាគេ ក៏ប៉ុន្តែនៅពេលចុងក្រោយ? ពួកគេសុទ្ធតែមិនហ៊ានសូម្បីតែហើបមាត់និយាយស្ដីរកបុរសម្នាក់នេះ។ ព្រោះមើលតែទឹកមុខនិងការនិយាយស្ដីក៏ដឹង អ្នកទាំងនោះយល់ថាគេកាច គិតថាគេជាមនុស្សដែលពិបាកនិយាយគ្នា ពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយ។
ពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សទាំងអស់ដែលធ្លាប់និយាយរកគេកាលពីមុនក៏បាត់ទៅម្ដងម្នាក់ៗ ពីព្រោះអ្នកទាំងនោះគិតថាគេផ្លាស់ប្ដូរ។ មិនខុសទេ ស៊ុកជីនពិតជាផ្លាស់ប្ដូរមែន ហើយផ្លាស់ប្ដូរច្រើនថែមទៀតផង។ ក៏ប៉ុន្តែ.. មានមនុស្សម្នាក់ណាទៅដែលមិនចេះផ្លាស់ប្ដូរ?
មិត្តភក្តិដែលធ្លាប់បានរៀនជាមួយគេកាលពីមុនគឺសុទ្ធតែបានចាប់អារម្មណ៍ដឹង ថាស៊ុកជីនបានផ្លាស់ប្ដូររបៀបម៉េចខ្លះ គេខុសគ្នាពីកាលនៅវិទ្យាល័យនិងមហាវិទ្យាល័យយ៉ាងម៉េចខ្លះ ត្បិតគេធ្លាប់ជាចំណុចចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាស្រាប់ទៅហើយ។ មិនថាពីមុន មិនថាបច្ចុប្បន្ន។ ប៉ុន្តែអ្នកដែលបានដឹងពីមូលហេតុរបស់គេវិញបែរជាមានតិច ឬគ្មានទាល់តែសោះ។
អ្នកដទៃតែងតែប្រាប់មកយើងថាយើងផ្លាស់ប្ដូរហើយ យើងមិនមែនដូចមុនទៀតនោះទេ មិនមែនជាមនុស្សដែលពួកគេធ្លាប់ស្គាល់ទៀតនោះទេ។ តែនៅមានអ្នកណាខ្លះទៅដែលធ្លាប់ឆ្ងល់ពីមូលហេតុដែលយើងលែងជាខ្លួនយើងកាលពីមុន?
គីម ស៊ុកជីន ធ្លាប់មានប្អូនប្រុសម្នាក់។ ប៉ុន្តែមិនគួរនិយាយថា 'ធ្លាប់មាន' នោះទេ ពីព្រោះគេពេលនេះក៏នៅតែមានប្អូនប្រុសម្នាក់។
ជីនយកដៃទៅអង្អែលទ្វារឈើដ៏ក្រាស់ខ្មឹកដែលមានឃើញសោរចាក់ឃុំជាប់នៅពីខាងក្រៅ។ នៅក្នុងនោះមានរបស់អ្វី? គេសុខចិត្តមិននិយាយ។ តែរឿងចាស់ៗកាលពីមុនដែលគេមិនសូវជាចង់រំលឹក ស្រាប់តែផុសឡើងមកក្នុងខួរក្បាល ធ្វើឲ្យអ្នកដែលឈរស្ងាត់ស្ងៀមនៅពីមុខទ្វារឈើនេះប្រែជាងងឹតមុខឈឹង។
សំឡេងមួយទំនងជារបស់បុរសភេទ ស្រាប់តែស្រែកឡើងទាំងក្ដីឈឺចាប់ បន្លឺជារឿយៗចេញមកពីខាងក្នុង.. អមមកដោយការកកិតគ្នានៃខ្សែច្រវាក់ដែលនាំយកនូវភាពតម្លង់ត្រចៀកមកជាមួយ។ ឮវាហើយជីនមិនមាត់ តែទឹកដំណក់ថ្លាឈ្វេងគ្មានពណ៌ក៏ចាប់ផ្ដើមហូរស្រក់ចុះមករឹមៗទាំងមិនដឹងខ្លួន។ គេយកដៃទៅឱបបេះដូង សម្រូតខ្លួនចុះមកអង្គុយនៅលើឥដ្ឋខាងមុខបន្ទប់ ព្រោះពេលនេះសម្រែកទាំងនោះធ្វើឲ្យបេះដូងគេចុកអួលណែនខ្លាំងណាស់ ដង្ហើមប្រែជាតឹងទៅៗហើយ។ គេតឹងទ្រូងខ្លាំងពិតមែន ដកដង្ហើមមិនបានស្រួលដូចមុនទៀតនោះទេ។
បន្តិចក្រោយមក ក្រោយពីទុកអ្នកដែលនៅខាងក្នុងចោលមិនអើពើជាមួយអស់មួយសន្ទុះធំរួចមក សម្រែករបស់គេក៏ស្ងប់ស្ងាត់បាត់ទៅ បន្សល់នៅតែស៊ុកជីនដែលអង្គុយផ្អែកខ្នងទៅនឹងទ្វារទាំងស្នាមទឹកភ្នែកដាមជាប់នៅលើថ្ពាល់គេនៅឡើយ។ នឹកឃើញដល់រឿងសំខាន់មួយ ដៃក្រាស់ក៏រហ័សលើកឡើងមកជូតទឹកភ្នែកចេញ គេងើបឡើងពីកន្លែងដែលខ្លួនអង្គុយទាំងក្ដីថប់អារម្មណ៍អម្បាញ់មិញ ដើម្បីបានដើរចូលទៅក្នុងផ្ទះបាយ បើកទ្វារទូទឹកកកទាញយកថង់ផ្លាស្ទិកដែលមានផ្ទុកទឹកពណ៌ក្រហមចេញមក ពីកន្លែងដែលបានរៀបចំវាទុកនៅមួយឡែកយ៉ាងមានរបៀបរៀបរយ។
រួចជីនក៏ដើរចេញពីផ្ទះបាយមកវិញ ព្រមទាំងទាញយកសោរមកបើកទ្វារបន្ទប់ដែលធ្លាប់បានឮសម្រែកចេញមកពីខាងក្នុងនោះ។
YOU ARE READING
make you mine (KH)
Fanfictionno matter what it takes, i'm gonna make you mine. vampire au. [SLOW UPDATE] p.s "make you mine" is the english title while "វែមផាយ៍ទន្ទ្រានបេះដូង" is its title in khmer.