12

21 3 0
                                    

#វែមផាយ៍ទន្ទ្រានបេះដូង
ភាគទី១២

"លោកដល់ម៉ោងទៅធ្វើការហើយ?" ស៊ុងមីងើបក្បាលឡើងមកពីសាឡុងយ៉ាងរហ័ស សម្លឹងមើលទៅស៊ុកជីនដែលធ្វើដំណើរចេញពីបន្ទប់គេងជាមួយនឹងសម្លៀកបំពាក់សមរម្យ មានការតុបតែងប្រហាក់ប្រហែលទៅនឹងកាលដែលនាងបានជួបគេលើកដំបូង។

"ហឹម" អ្នកកម្លោះបន្លឺត្រឹមតែសូរមួយម៉ាត់ឆ្លើយតបមកកាន់នាងវិញ។ នៅក្នុងភ្នែករបស់ស៊ុកជីន ព្រឹកនេះស៊ុងមីមើលទៅដូចជារំជួលចិត្តយ៉ាងចម្លែក នៅពេលបានឮថាគេដល់ម៉ោងទៅធ្វើការ។ ក្នុងចិត្តហាក់ចង់សួរទៅអ្នកកំពុងអង្គុយនៅលើសាឡុងនេះថា នាងនៅមានសុខទុក្ខល្អតើហ្អី..?

"លាហើយ! សុខសប្បាយតាមផ្លូវ!" រាងតូចស្រែកហាក់ខ្លាចថាគេមិនឮ ដៃគ្រវីឡើងក្នុងន័យលាដាក់ទៅជីន ធ្វើឲ្យអ្នកកំពុងឈរមើលនាងពីចម្ងាយនេះបានត្រឹមតែជ្រឹមចិញ្ចើមធ្វើមុខមិនយល់នឹងសកម្មភាព ព្រមទាំងពាក្យសម្ដីរបស់នាង។
ប្លែកដល់ហើយ..ដូចថ្ងៃនេះនឹងត្រូវមានរឿងអីកើតឡើងអ៊ីចឹង។ តែជីនក៏សម្រេចចិត្តរុញគំនិតឥតបានការនេះចេញទៅម្ខាង រួចបើកទ្វារដើរចេញពីអាផាតមិននេះទៅ នៅក្រោមការចាំឃ្លាំមើលរបស់ស៊ុងមី។
លុះគេចេញទៅផុត នាងក៏រហ័សងើបពីសាឡុងទៅតាមការបញ្ជារបស់ខួរក្បាល។

ក្នុងដៃមានកាន់កូនសោរតូចដែលចាំថាត្រូវជាសោរសម្រាប់ចាក់ចូលទៅក្នុងបន្ទប់របស់វែមផាយ៍ប្រុសម្នាក់នោះ.. ស៊ុងមីញោចស្នាមញញឹមឡើងនៅចុងមាត់ ភ្នែកសម្លឹងមើលរបស់ដែលនាងបានលួចចេញមកពីក្នុងហោប៉ៅជីនកាលពីព្រឹកមិញនៅពេលគេមិនបានចាប់អារម្មណ៍។
កាយតូចរហ័សដោះមេសោរដ៏គួរឲ្យសម្អប់ចេញ រួចក៏រុញទ្វារចូលទៅខាងក្នុង..ហើយក៏បានឃើញអ្នកដែលនាងរំពឹងចង់ឃើញនេះដូចចិត្ត។
ជាសំណាងរបស់ស៊ុងមី ស៊ុកជីនមិនបាននាំបុរសម្នាក់នេះយកទៅណានោះទេ បែបនេះក៏មានន័យថាគម្រោងដែលនាងគ្រោងទុកតាំងពីយប់មកនោះនឹងមានឱកាសទទួលបានជោគជ័យច្រើន បើជីនមិនត្រឡប់មកវិញនៅពាក់កណ្ដាលផ្លូវ។

"ទ្រាំបន្តិចណា៎ ខ្ញុំកំពុងតែមកជួយលោកហើយ"

"ពួកយើងនឹងចាកចេញពីទីនេះ" ស៊ុងមីនិយាយលួងលោមគេបណ្ដើរ ព្យាយាមប្រើកូនសោរនៅក្នុងដៃយកទៅចាក់មេសោរដែលស្ថិតនៅលើច្រវាក់ជាប់នឹងខ្លួនអ្នកកម្លោះនោះបណ្ដើរ។ សង្ឃឹមថាវាជាមេសោរតែមួយជាមួយនឹងសោរនៅខាងក្រៅ បែបនោះនាងនឹងមិនត្រូវមកស្មុគស្មាញរឿងសោរដូចកាលពីម្សិលទៀតហើយ។
ក៏ប៉ុន្តែមើលទៅអតីតម៉ូឌែលម្នាក់នេះ ហាក់ដូចជាមិនដឹងខ្លួនសោះ ថាអ្នកដែលនាងចង់ជួយនេះ..មិនមែនជាអ្នកដែលនាងគួរតែជួយឡើយ។

make you mine (KH) Where stories live. Discover now