#វែមផាយ៍ទន្ទ្រានបេះដូង
ភាគទី១៧"ស៊ុងមី! ឯងមានបានឃើញព័ត៌មាននៅថ្ងៃនេះទេ?" លី ដែលចាំបានថាត្រូវជាជំនួយការរបស់សេលីន ក៏បន្លឺចេញមកពីខ្សែម្ខាងទៀតនៃទូរស័ព្ទដែលកំពុងតែដាក់ជាប់នៅនឹងត្រចៀករបស់ម៉ូឌែលនាង។ សំឡេងរបស់អ្នកនិយាយស្ដាប់ទៅខ្ពស់ជាងសព្វដង កំពុងតែបញ្ជាក់ថានាងខលមកលើកនេះគឺនាំមកជាមួយនឹងអារម្មណ៍ហួសពីក្ដីរំភើបទៅទៀត។ ចុងបបូរមាត់របស់សេលីនធ្លាក់ចុះមកជារាបស្មើ មុននឹងស្រស់ស្រីសម្រេចចិត្តឆ្លើយតបទៅកាន់ជំនួយការរបស់នាងវិញ។
"ឃើញតើ មានអីមែនទេលី?" ស៊ុងមីនិយាយធ្វើដូចធម្មតាៗគ្មានអ្វីកើតឡើង ទាំងដែលនាងសមតែអបអរ ព្រោះវាជាព័ត៌មានធំ ព័ត៌មានល្អ។ នៅក្បែរនោះក៏មានថេយ៉ុងអង្គុយមើលមកនាងទាំងធ្វើមុខស្លឺ ចិញ្ចើមម្ខាងរបស់គេក៏លើកឡើងបង្ហាញពីភាពងឿងឆ្ងល់ ប្រាប់ពីអារម្មណ៍ចង់ដឹងចង់ឮពីសន្ទនារវាងអ្នកទាំងពីរ។
"មានអីយ៉ាងម៉េច! បញ្ហារបស់ឯងត្រូវបានដោះស្រាយហើយ នេះជារឿងល្អណា៎មី!! ឯងអាចត្រឡប់មកវិញបានហើយ!" លីនិយាយទាំងក្ដីអន្ទះសា ស្ទើរតែទប់ចិត្តរំភើបរបស់នាងមិនជាប់។ តែងាកមកមើលអ្នកម្ខាងទៀតវិញ នៅពេលដែលបានឮពីរឿងវិលត្រឡប់វិញនោះ នាងបែរជារកពាក្យឆ្លើយតបនឹងលីវិញសឹងមិនចេញ។
ចិត្តមួយចង់ប្រាប់ទៅអ្នកខាងនោះត្រង់ៗថានាងលែងចង់គិតពីរឿងនេះទៀតហើយ។ ចិត្តមួយទៀតក៏គិតខ្លាចថាសំឡេងរបស់នាងអាចរាបស្មើពេក ក៏បំបាក់ចិត្តអ្នកម្ខាងទៀតដែលខំត្រេកអរ ខំរត់មកប្រាប់ដំណឹងល្អមួយនេះមកនាងមុនគេ។
តើនាងគួរធ្វើយ៉ាងណាទើបល្អទៅ?"មានរឿងអីមែនទេស៊ុងមី? ហេតុអីក៏ស្ងាត់បែបនេះ" លីដាច់ចិត្តសួរ បន្ទាប់ពីអារម្មណ៍ប្រាប់មកថាសំឡេងអ្នកខាងនេះហាក់មិនខ្ពស់ដូចខ្លួនសោះ ហាក់មិនត្រេកអរដូចជាខ្លួនសោះ។ ស្របពេលនោះដែរ ស៊ុងមីក៏ស្រាប់តែព្រួសខ្យល់អុកស៊ីសែនដែលនាងមិនត្រូវការប្រើនោះចេញមក ត្រឹមតែចង់បន្លឺវាឲ្យលីឮថានាងនៅពេលនេះ គឺកំពុងតែសម្រេចចិត្តមិនទាន់ចេញនៅឡើយ។
"អ៊ីចេះទេលី..ទុកពេលឲ្យខ្ញុំគិតឡើងវិញសិនបានទេ? អរគុណដែលប្រាប់ដំណឹងល្អមួយនេះមកខ្ញុំ តែរឿងត្រឡប់ទៅវិញ.." ស៊ុងមីបញ្ឈប់សម្ដីនៅពាក់កណ្ដាលទី ប៉ុន្តែនិយាយត្រឹមតែប៉ុណ្ណេះ លីក៏ប្រហែលជាអាចចាប់យល់ហើយ។ តាមពិតមិនចាំបាច់និយាយ ក៏អ្នកខាងនោះនៅតែអាចយល់។
លើកនេះប្ដូរមកជាលីជាអ្នកស្ងាត់មាត់វិញម្ដង។ បែបនេះវាធ្វើឲ្យសេលីនកាន់តែដឹងខុស ដែលមកបំបាក់ចិត្តនាងភ្លាមៗដូច្នេះ។ ប៉ុន្តែវាប្រហែលជាជម្រើសមួយដែលល្អជាងគេហើយ យ៉ាងហោចណាស់វាក៏ល្អជាងផ្ដល់ក្ដីសង្ឃឹមក្លែងក្លាយឲ្យទៅនាង។
ស៊ុងមីគ្មានបំណងចង់ត្រឡប់ទៅដូចកាលពីមុនវិញទេ។ នាងឈប់គិតចង់ប្រែជាសេលីនវិញហើយ។ ការងារជាម៉ូឌែលរបស់នាង ចាប់ពីថ្ងៃនេះតទៅវានឹងក្លាយទៅជារឿងអតីត មិនអាចបន្តទៅអនាគតទៀតបានឡើយ។
ហើយនាងក៏សង្ឃឹមថាលីនឹងយោគយល់។
YOU ARE READING
make you mine (KH)
Fanfictionno matter what it takes, i'm gonna make you mine. vampire au. [SLOW UPDATE] p.s "make you mine" is the english title while "វែមផាយ៍ទន្ទ្រានបេះដូង" is its title in khmer.