13

21 3 0
                                    

#វែមផាយ៍ទន្ទ្រានបេះដូង
ភាគទី១៣

ស៊ុកជីនអង្គុយនៅជិតគ្រែរបស់ប្អូន ក្ដោបដៃអ្នកម្ខាងទៀតនៅក្នុងដៃខ្លួន ព្រមទាំងផ្អឹបវាជាប់ទៅនឹងបបូរមាត់របស់គេ ដោយរំលេចឡើងមកនូវទឹកមុខព្រួយបារម្ភជាខ្លាំង។
ទ្វារបន្ទប់មួយនេះលែងជាប់សោរទៀតហើយ ផ្ទុយទៅវិញគឺវាបើកចំហ រហូតដល់បង្ហាញឲ្យឃើញពីផ្នែកខាងក្នុងស្ទើរតែទាំងអស់។ បែបនេះក៏ឲ្យអ្នកក្រៅម្នាក់នោះមានឱកាសបានអើតឡឺមៗនៅក្បែរមាត់ទ្វារ ដៀងភ្នែកលួចមើលអ្នកខាងក្នុងទាំងព្យាយាមលាក់សំឡេង។
ពេញមួយយប់ ជីនមិនបានព្រិចភ្នែកគេងសូម្បីតែមួយនាទី ត្បិតគេស្ងប់មិនកើតទេនៅពេលថេយ៉ុងស្រាប់តែសន្លប់បាត់ស្មារតីទៅទាំងបែបនេះ។ ការងាររបស់គេក៏ត្រូវរុញទុកនៅម្ខាង តែទោះអត់គេមួយក៏មន្ទីរពេទ្យមិនអាចចលាចលបានដែរមិនចឹង?
ស៊ុងមីខាងនេះបានត្រឹមតែលួចពេបមាត់ដាក់អ្នកខាងនោះ។ ដឹងថានាងវាខុសហើយដែលមិនចេះស៊ើបសួរមុនពេលសម្រេចចិត្ត តែបន្ទោសតែនាងម្ខាងយ៉ាងម៉េចនឹងបាន បើគេជាអ្នកលឹបលៀមមុនហ្នឹង?

"ល-លោកអត់ងងុយពេញមួយយប់ហើយ គួរតែទៅសម្រាកសិនទៅ.. ខ្ញុំនឹងជួយមើលថែគេឲ្យ" ស៊ុងមីនិយាយផ្ដល់គំនិត ប៉ុន្តែទោះឮហើយក៏ខ្លួនអ្នកម្ខាងទៀតមិនខ្ចីកម្រើកនោះដែរ។ គេសូម្បីតែងាកមកមើលមុខនាងតែបន្តិចក៏មិនព្រម ទៅនិយាយអីរឿងហើបមាត់មកឆ្លើយជាមួយនឹងនាងនោះ។

"ខ្ញុំសុំទោសអូខេ? ខ្ញុំគ្មានចេតនាទេ..បើដឹងថាគេជាប្អូនលោក ក៏ខ្ញុំមិនទៅឆ្កួតធ្វើរឿងឥតបានការច្រើនបែបនេះដែរ ទាំងអស់នេះវាសុទ្ធតែកើតចេញពីចិត្តចង់ជួយតែប៉ុណ្ណោះ!" នាងឈានជើងដើរចូលមកខាងក្នុងយឺតៗ មាត់ព្យាយាមនិយាយបកស្រាយ សង្ឃឹមថាជីននឹងលើកលែងទោសឲ្យនាង ត្បិតលើកនេះនាងជាអ្នកធ្វើខុសពិតមែន។

"ឆ្លើយតបនឹងខ្ញុំមួយម៉ាត់មក មួយម៉ាត់ក៏បាន! លោកធ្វើដូចខ្ញុំមិននៅទីនេះចឹង ខ្ញុំទ្រាំមិនបាននោះទេ!" អតីតម៉ូឌែលរបស់យើងនិយាយទាំងចិត្តជ្រួលច្របល់។ ខឹងផង អន់ចិត្តផង ហើយក៏ដឹងខុសដូចគ្នា។
តែទោះនាងខំដំឡើងសំឡេងឡើងសឹងតែដូចកំពុងស្រែកបែបនេះហើយក្ដី ជីនក៏នៅតែរក្សាភាពស្ងៀមស្ងាត់នៅដូចមុនដដែល។ អ្នកខាងនេះមិនសូម្បីតែអើពើនឹងនាង តាំងចិត្តថានឹងឈប់ខ្វល់ពីវត្តមានរបស់វែមផាយ៍ស្រីម្នាក់នេះទៀត ចាប់ពីថ្ងៃនេះតទៅ។
គេគួរតែដឹងតាំងពីដើមមកហើយ ថាវែមផាយ៍គ្មាននរណាល្អមួយទេ។
ស៊ុងមីអស់មតិ ក៏តន្ត្រំជើងដើរចេញពីទីនេះទៅទាំងចងចិញ្ចើមជាប់។ វាមិនមែនជាលើកទីមួយដែលនាងចូលមកនិយាយរកគេ អង្វរគេ សុំទោសគេនោះទេ។ គេអត់ហេតុផលពេកហើយ! នាងមិនបានដឹងពីប្រវត្តិគេផង នៅពេលធ្វើខុសម្ដងជាពីរដងក៏ត្រូវគេដាក់ទោសខ្នាតធំយកតែម្ដងនៀក៎។ និយាយតាមត្រង់ទៅបើឲ្យគេជេរនាងវាចង់ប្រសើរជាងគេមិនអើពើនឹងនាងផង។ ភាពស្ងប់ស្ងាត់របស់មនុស្សម្នាក់នេះវាគួរឲ្យខ្លាចពេកហើយ។
ជីនព្យាយាមរំងាប់អារម្មណ៍ ជាពិសេសគឺកំហឹងដែលកំពុងតែច្រាលឡើងមក នៅពេលស៊ុងមីនាំខ្លួនចេញទៅបាត់។ អ្នកណាថាគេមិនខ្វល់នឹងនាង? បើគេមិនខ្វល់មែនគេគួរតែស្ងប់ មិនមែនខឹងឡើងចង់ផ្ទុះដូចគ្រាប់បែកដូចជាពេលនេះទេ។
នាងម្នាក់នោះចង់បានស្អីឲ្យប្រាកដ? ហេតុអីក៏ខំយកខ្លួនមកដាក់នៅក្នុងជីវិតរបស់គេម៉្លេះ? បើគេមិននិយាយជាមួយក៏ដើរចេញទៅ នៅព្យាយាមសុំអង្វរឲ្យគេលើកលែងទោសឲ្យនាងធ្វើស្អី បើអ្នកទាំងពីរស្គាល់គ្នាមិនទាន់បានប៉ុន្មានផង?
សំខាន់ចរិតតួឯករបស់នាងហ្នឹងគឺកែមិនឡើងតែម្ដង! បើទោះជាពេលនេះនាងមិនមែនកំពុងសម្ដែងនៅក្នុងរឿងក៏ដោយ។ ហេតុអ្វីបានជានាងធ្វើដូចកំហុសក៏ជារបស់គេដូចគ្នាទាំងដែលនេះគឺជាផ្ទះរបស់គេ រឿងគ្រួសាររបស់គេ មិនពាក់ពាន់ជាមួយនាងសូម្បីតែមួយកាក់មួយសេន?
ជីនស្លុងអារម្មណ៍គិតពីខ្មោចព្រាយចរិតអន់ឡើងដល់ថ្នាក់មិនបានចាប់អារម្មណ៍នឹងត្របកភ្នែកដែលកំពុងតែកម្រើកឡើងតិចៗដូចត្រៀមនឹងបើករបស់អ្នកកម្លោះដែលត្រូវជាប្អូន។
ចុងក្រោយភ្នែកស្អាតទាំងគូក៏សម្រេចចិត្តបើកឡើងមកយឺតៗ ចាប់យកទិដ្ឋភាពនៃពិដានបន្ទប់របស់ខ្លួន ទាំងទឹកមុខស្ងប់ស្ងៀមលែងដូចចង់ហក់ទៅខាំនរណាដូចលើកមុនៗ។

make you mine (KH) Where stories live. Discover now