2

115 7 0
                                    

#វែមផាយ៍ទន្ទ្រានបេះដូង
ភាគទី២

នៅក្នុងទីមួយដែលពោរពេញទៅដោយមនុស្សម្នាច្រើនកកកុញ ក៏ឃើញមានភ្លើងពណ៌ក្រហមខៀវជាច្រើនខ្សែវិលក្រឡាប់ទៅមកពាសពេញបន្ទប់ដ៏ធំមួយនេះ។ ទីនេះដែរ គឺជាក្លឹបតូចមួយ បើកឡើងសម្រាប់ឲ្យមនុស្សគ្រប់ស្រទាប់វណ្ណៈចូលរួមតាមសប្បាយ ខុសគ្នាឲ្យស្រឡះពីក្លឹបថ្លៃៗកប់ពពកដែលរើសឋានៈ បើកឲ្យតែអ្នកមានស្តុកស្ដម្ភចូលទៅប៉ុណ្ណោះ។
ថ្វីត្បិតតែស្រីស្រស់មានរាងម៉ូឌែលម្នាក់នេះគួរតែអាចទាក់ទាញចំណាប់អារម្មណ៍អ្នកគ្រប់គ្នាឲ្យចោលក្រសែភ្នែកមកមើលនាងតែម្នាក់បាន តែលទ្ធផលចុងក្រោយក៏បានបង្ហាញឲ្យឃើញថានៅតែគ្មាននរណាអើពើនឹងវត្តមានរបស់នាងសោះ នេះក៏ព្រោះតែវ៉ែនតាខ្មៅដែលយើងធ្លាប់បានឃើញរួចម្ដងហើយមកនោះបានបិទបាំងសម្រស់ដ៏ល្អឥតទាស់របស់នាងជិតទាំងស្រុងបាត់ទៅហើយ។
ណាមួយនៅក្នុងក្លឹបនេះមានសភាពងងឹតស្លុបផង មានតែពន្លឺភ្លើងព្រាលៗ ដែលទាល់តែមនុស្សយើងឈរនៅជិតគ្នាទើបអាចមើលមុខមាត់របស់គ្នាឃើញបាន។
សំឡេងភ្លេងគឺជាមូលហេតុចម្បងដែលបង្កឲ្យមានភាពកក្រើកនៅក្នុងទីកន្លែងតូចតាចមួយនេះ មនុស្សម្នាស្ទើរតែគ្រប់គ្នានាំគ្នាឡើងរាំគ្រលែងខ្លួន ក៏ដូចជាកំពុងគ្រលែងចោលនូវទុក្ខកង្វល់ទាំងឡាយរួមទៅជាមួយផង។
រំពេចនោះក៏មានវត្តមានបុរសម្នាក់លេចឡើង ចោលជំហានសំដៅទៅរកស្រីស្រស់ដែលបានសម្រេចចិត្តដោះវ៉ែនតាបង្ហាញនូវភាពលេចធ្លោរបស់ខ្លួនហើយ។ គេស្ថិតនៅក្នុងសម្លៀកបំពាក់សាមញ្ញ អាវសទុនុយនឹងខោខ្មៅជើងវែង ទំនងជារបៀបតុបតែងខ្លួនរបស់បុគ្គលិកតូចតាចម្នាក់នៅក្នុងក្រុមហ៊ុន។ បុរសម្នាក់នេះមានរាងស្គមស្គាំង រួមមានទាំងស្បែកមុខជ្រីវជ្រួញបន្តិចបន្តួចប្រហាក់ប្រហែលទៅនឹងមនុស្សមានវ័យចំណាស់ ក្នុងវ័យសាមសែសិបក្រាស់ ទាំងដែលការពិតអាយុរបស់គេមិនទាន់ផុតពីខ្ទង់ម្ភៃស្រួលបួលផង។

"សួស្ដី, សុំសួរផងថា អ្នកនាងពេលនេះមានតែម្នាក់ឯងទេឬយ៉ាងណា?" គេហើបមាត់ចោទសំណួរ ខណៈដាក់ខ្លួនអង្គុយចុះនៅជិតនាងទាំងមិនបានសុំការអនុញ្ញាត និយាយចប់ក៏ឆ្លៀតបង្ហុយផ្សែងបារីចោល ហាក់បីដូចជាយល់ថាបារីតម្លៃថោកមួយដើមនេះធ្វើឲ្យគេមានភាពទាក់ទាញនៅក្នុងកែវភ្នែករបស់មនុស្សស្រីគ្រប់គ្នាអ៊ីចឹង។
កញ្ញាម៉ូឌែលសេលីនដែលអង្គុយក្រេបស្រាទាំងស្ងាត់ស្ងៀមតាំងពីយូរហើយមកនោះក៏ស្រាប់តែងាកមករកអ្នកដែលថ្លើមធំហ៊ានចូលមករំខានសមាធិនាង។ តែកំហឹងមិនបានបង្ហាញនៅលើផ្ទៃមុខស្រស់ស្អាតមួយផ្ទាំងនេះទេ ផ្ទុយទៅវិញនាងញញឹម ដែលជាស្នាមញញឹមលាក់គំនួច លួចបង្ហាញពីភាពពេញចិត្តយ៉ាងខ្លាំងជាមួយនឹងការចង់តោងទាមរបស់គេ។
សេលីនងក់ក្បាលស្រាលៗ ទុកជាការឆ្លើយតប មុននឹងបែរទៅវិញយឺតៗហើយត្រឡប់មកក្រេបស្រង់យករសជាតិស្រាដែលនៅក្នុងកែវនៅលើដៃខ្លួនវិញ។ ថានាងទៅមានលួចលាក់នូវគោលបំណង បុរសម្នាក់នោះក៏មិនណយដែរ គេចោលភ្នែកមើលមកនាងនៅក្នុងក្រសែភ្នែកខិលខូចដូចគ្នា។ សាច់ដុំនៅចុងមាត់របស់បុរសនោះស្រាប់តែកួចឡើង មុននឹងដៃមាំហូតដកយកលុយមួយសន្លឹកធំទៅដាក់នៅលើតុម៉ាប ទុកជាសាហ៊ុយឲ្យទៅអ្នកលក់ស្រា។ សេលីនលេចចេញនូវស្នាមញញឹម ពេលដៃតូចកំពុងបង្វិលកែវស្រា ធ្វើជាមើលមិនឃើញសកម្មភាពមានអំណួតរបស់អ្នកខាងនោះ។

make you mine (KH) Where stories live. Discover now