#វែមផាយ៍ទន្ទ្រានបេះដូង
ភាគទី២៣ក្រាក...
ទ្វារផ្ទះរបស់ជីនស្រាប់តែរបើកឡើងដោយសារស្នាដៃរបស់បុរសម្នាក់។ គេស្ថិតនៅក្នុងអាវយឺតពណ៌ស និងអាវក្រណាត់ដៃវែងក្នុងពណ៌តែមួយពាក់នៅពីក្រៅដោយចំហឡេវ រួមជាមួយនឹងខោខូវប៊យខៀវស្ដើងស្ទើរបែកទៅជាពណ៌សមួយសម្រាប់។ នៅក្នុងមាត់កំពុងតែបៀមស្ករគ្រាប់ដើម ធ្វើឲ្យរូបរាងគេនៅពេលនេះមើលទៅវាស្ទើរតែក្មេងជាងអាយុពិតរបស់គេទៅទៀត។
អ្នកកម្លោះបោះជំហានយឺតៗដើរចូលមកខាងក្នុងហាក់ដូចជាទីនេះគឺជាផ្ទះរបស់គេយ៉ាងអ៊ីចឹង។ ថេយ៉ុងនិងស៊ុងមីចេញទៅផុតមិនទាន់បានប៉ុន្មានផង គេក៏នាំខ្លួនចូលមកទាំងមិនបានសុំការអនុញ្ញាតពីម្ចាស់ផ្ទះទៅហើយ។
គេភ្លឹកនឹងរបៀបរៀបចំនៅក្នុងផ្ទះនេះ ហាក់ដូចគេធ្លាប់មកទីនេះកាលពីមុន ហាក់ដូចគេធ្លាប់មានអនុស្សាវរីយ៍ដែលជាប់ពាក់ព័ន្ធនឹងទីនេះរក្សាទុកនៅក្នុងចិត្តរបស់គេជាប់មករហូត។
ឬថាមិនមែនជាអនុស្សាវរីយ៍..ផ្ទុយទៅវិញគឺជា..សោកនាដកម្ម។
"អា៎.. មិនអាចទៅរួចទេដឹង?" អ្នកកម្លោះឧទានទាំងមិនជាស្រួលចិត្តប៉ុន្មាន គ្រលៀសភ្នែកសង្កេតមើលជុំវិញផ្ទះ។ ត្បិតទីតាំងខុសគ្នា តែទាំងការរៀបចំ ទាំងការតុបតែង.. វាដូចគ្នាបេះបិទនឹង 'ទីនោះ' ដែលស្ថិតនៅក្នុងការចងចាំរបស់គេ។ ហើយគេក៏សង្ឃឹមថាខ្លួនបានចាំខុស ត្បិតវាកន្លងផុតទៅអស់ជាច្រើនឆ្នាំណាស់ទៅហើយ។
តែចុងក្រោយអារម្មណ៍មិនល្អទាំងប៉ុន្មានហាក់រលាយរលត់ទៅបាត់ នៅពេលគេចាប់អារម្មណ៍នឹងកូនសត្វមួយដែលកំពុងដេកស្តូកស្ដឹងនៅមួយកន្លែងនៅឯក្នុងផ្ទះ។
រាងខ្ពស់ដើរទៅជិតកូនផ្ទះតូចមួយនៅក្បែរទូស្បែកជើង ដែលត្រូវជាកម្មសិទ្ធិរបស់យ៉ុនតាន់ហ្នឹងឯង។ គេទម្លាក់ខ្លួនចុះមកអង្គុយចោងហោងនៅពីមុខកូនឆ្កែមួយក្បាលនេះទាំងនៅលើមុខញោចនូវស្នាមញញឹមស្រាលៗឡើងមក។
ឮគេថាសត្វចិញ្ចឹមអាចធ្វើឲ្យអារម្មណ៍មិនល្អទាំងប៉ុន្មានរសាត់បាត់អស់។ ពេលនេះបានជួបដោយផ្ទាល់ហើយ យ៉ុនតាន់ពិតជាបានជួយឲ្យចិត្តមិនស្រួលរបស់គេអម្បាញ់មិញកាត់បន្ថយទៅមែន។
អ្នកកម្លោះអង្អែលក្បាលយ៉ុនតាន់ថ្នមៗ មិនបានទទួលការប្រឆាំងពីវាមកវិញ ក៏ប្រហែលមកពីកូនសត្វមួយនេះកំពុងសន្លប់លែងដឹងអី។ ឬក៏ប្រហែលជាវាចូលចិត្តគេដូចជាចូលចិត្តថេយ៉ុងម្ចាស់របស់វាយ៉ាងដូច្នោះ ទើបសម្រេចចិត្តនៅស្ងៀមឲ្យគេអង្អែល មិនមែនប៉ះតែបន្តិចក៏ក្រហល់ក្រហាយដូចជាអ្វីដែលស៊ុងមី..ប្អូនរបស់គេធ្លាប់ឆ្លងកាត់។
លុះលេងជាមួយរបស់តូចមួយនេះអស់ចិត្តហើយ គេក៏ដើរមករកស៊ុកជីនដែលគេងស្តូកនៅលើសាឡុងវិញ។ ដៃទាំងគូលើកឡើងមកច្រត់ចង្កេះព្រមទាំងឱនមុខចុះ ប្រើក្រសែភ្នែកបែបងឿងឆ្ងល់ចង់ដឹងមកសម្លឹងមើលរូបរាងរបស់ជីនដែលបានគេងលង់លក់ហើយនេះ។
ឃើញថាមុខម្ចាស់ផ្ទះនេះគ្មានអ្វីគួរឲ្យកត់សម្គាល់ក្រៅពីមានភាពសង្ហាតិចតួចដូចជាគេហើយ អ្នកខាងនេះចុងក្រោយក៏សម្រេចចិត្តបែរមុខទៅទិសដៅផ្សេង ក្រែងលោនឹងឃើញរបស់ថ្មីដែលអាចគួរឲ្យចាប់អារម្មណ៍ជាងនេះ។
តែក៏មិនមានប្រទះឃើញអ្វីប្លែក...រហូតដល់ពេលគេក្រឡេកឃើញស៊ុមដាក់រូបថតមួយដាក់បញ្ឈរយ៉ាងស្ងៀមនៅពីលើទូដាក់ស្បែកជើងក្នុងផ្ទះ.. បរិយាកាសក៏ប្រែទៅជាអាប់អួ។
ថ្វីត្បិតតែស៊ុមកញ្ចក់បានឃាំងភ្លៀងឃាំងខ្យល់ឲ្យរូបថតមួយសន្លឹកនោះក៏ដោយ ក៏សភាពចាស់រេចរឹលរបស់វានៅតែអាចបង្ហាញឲ្យដឹងពីអាយុកាលមិនតិចដែលរូបមួយផ្ទាំងនេះមាន។
វាជារូបថតលក្ខណៈគ្រួសារដែលមានគ្នាបួននាក់ ក្នុងនោះមានជីននិងថេយ៉ុងកាលពីនៅតូច រួមទាំងប្ដីប្រពន្ធមួយគូដែលកំពុងតែឈរឱបកាន់ស្មារបស់ក្មេងប្រុសទាំងពីរ។ នៅលើមុខពួកគេម្នាក់ៗសុទ្ធតែមានរំលេចនូវស្នាមញញឹម បង្ហាញប្រាប់ពីសុភមង្គលម៉្យាង ដែលគ្រប់គ្រួសារទាំងអស់តែងតែស្វាត់ស្វែងរក។
ប៉ុន្តែភាពមានសុភមង្គលនេះបែរជាធ្វើឲ្យចុងបបូរមាត់របស់អ្នកមើលម្នាក់នេះធ្លាក់ចុះយឺតៗដោយមិនដឹងខ្លួន។ គេកំពុងតែឈរបែរខ្នងដាក់ស៊ុកជីនដែលមិនទាន់ដឹងខ្លួនឡើងវិញនៅឡើយ។ ឯរូបថតដែលស្ថិតនៅក្នុងដៃគេ វាក៏នៅតែរក្សាជាប់នៅលើនោះដូចដើម ហាក់បីដូចជាអ្នកកាន់ស្រាប់តែជាប់ស្កុបនៅមួយកន្លែង។
អ្នកកម្លោះស្រាប់តែបែរមុខមកក្រោយវិញយឺតៗ ចោលភ្នែកសម្លឹងមើលទៅជីន..ជាមួយនឹងទឹកភ្នែកពណ៌ក្រហមដូចជាឈាមមួយខ្សែ..ដាមជាប់នៅលើថ្ពាល់។
YOU ARE READING
make you mine (KH)
Fanfictionno matter what it takes, i'm gonna make you mine. vampire au. [SLOW UPDATE] p.s "make you mine" is the english title while "វែមផាយ៍ទន្ទ្រានបេះដូង" is its title in khmer.