#វែមផាយ៍ទន្ទ្រានបេះដូង
ភាគទី៥មិនដឹងនោះទេថានាងពិតជាចង់មកទីនេះមែន ឬក៏ទីនេះហើយនិងផ្សារទំនើបអំបាញ់មិញវាស្ថិតនៅលើផ្លូវតែមួយ។ ជាថ្មីម្ដងទៀត សេលីនឃើញថាកំពុងតែដើរផងរត់ផងរហូតដល់ឃើញខ្លួនឯងធ្វើដំណើរមកដល់កន្លែងដែលនាងទើបតែចាកចេញនៅពេលប៉ុន្មាននាទីមុន។
ហើយវាគ្មានទីណាក្រៅពីមន្ទីរពេទ្យដែលមានដុកទ័រគីមធ្វើការនៅខាងក្នុងនោះទេ។
តែផ្ទុយទៅវិញ នាងបែរជាមិនហ៊ានឈានជើងចូលទៅ បានត្រឹមតែឈរនៅខាងក្រៅមើលអ្នកជំងឺដើរចេញចូលយ៉ាងមមាញឹក ត្បិតទីនេះក៏ជាមន្ទីរពេទ្យបង្អែកធំមួយនៅក្នុងទីក្រុងដ៏ជឿនលឿននេះដែរ។
សេលីនស្ថិតនៅក្នុងសម្លៀកបំពាក់ដែលជាប្រភេទរ៉ូបចងពុង រឹបរាងមានប្រវែងលើជង្គង់ នៅពេលមានខ្យល់ត្រជាក់បក់បោកមកម្ដងម្កាល វាក៏អត់មិនបាននឹងធ្វើឲ្យនាងមានអារម្មណ៍ថារងា។ ខ្លួនតូចចាប់ផ្ដើមញ័រតិចៗទាំងមិនអាចធ្វើអ្វីបាន ក្រៅពីយកបាតដៃទៅឱបដើមដៃទាំងសងខាងជំនួសឲ្យអាវក្រៅដែលនាងកំពុងតែប្រាថ្នានៅពេលនេះ។នាងមិនដឹងថាគួរចូលទៅរកគេឬក៏អត់ទេ..
គេនៅត្រង់នេះ គឺចង់សំដៅទៅលើគីមស៊ុកជីន លោកដុកទ័រកម្លោះដែលនាងទើបតែរត់គេចមុខចេញទាំងមិនលាកាលពីពេលអម្បាញ់មិញ។
ប៉ុន្តែនឹកឃើញថាអ្នកទាំងពីរគ្មានទំនាក់ទំនងអ្វីនឹងគ្នាដូច្នេះ សេលីនក៏ប្រែជារារែក។ ម៉្យាងទៀត កម្លោះខាងនោះប្រហែលជាកំពុងតែស្អប់នាងខ្លាំងណាស់ហើយ ដែលតែងតែមកបំផ្លាញរូបរាងល្អរបស់គេនៅក្នុងភ្នែកអ្នកដទៃមិនចេះចប់មិនចេះហើយបែបនេះ។
ដំបូងគិលានុបដ្ឋាយិកា ឥឡូវក៏ថែមជំនួយការរបស់នាងម្នាក់ទៀត។ នៅក្នុងភ្នែកគេ នាងបែបជាផ្កាយដុះកន្ទុយមួយដែលបេះមិនព្រមចេញហើយមើលទៅ។
នឹកដល់នេះ ទើបនាងនឹកឃើញចេះរអៀសខ្លួន។ ចិត្តក៏ស្រាប់តែបញ្ជាឲ្យសេលីនដកដង្ហើមធំ ទាំងដែលការពិតនាងគ្មានធុរៈអ្វីត្រូវមកខ្វល់ចិត្តនឹងរឿងតូចតាចបែបនេះសោះ។
តូចតាច។ តូចតាចរហូត។ រឿងតូចតាចហ្នឹងហើយ ដែលជាដើមហេតុបង្កឲ្យកើតមានរឿងធំនោះ។
ល្អណាស់។ ពេលនេះនាងចេះរកហេតុផលឲ្យខ្លួនឯងតប់ប្រមល់ហើយ។
YOU ARE READING
make you mine (KH)
Fanfictionno matter what it takes, i'm gonna make you mine. vampire au. [SLOW UPDATE] p.s "make you mine" is the english title while "វែមផាយ៍ទន្ទ្រានបេះដូង" is its title in khmer.