លាក់បាំងស្នេហា ♡
Episode 20 : មិនយល់ពីក្ដីស្រឡាញ់របស់បងថ្ងៃស្អែកឡើង Yoongi ក៏ជូនរាងតូចទៅអាផាតមិនរបស់គេវិញទាំងដែលទឹកមុខម្នាក់ៗមិនសូវស្រស់បស់ព្រោះតែបញ្ហានៅមិនទាន់ដោះស្រាយចប់នៅឡើយ ។
« ឡើងទៅបន្ទប់ចុះ ចាំពេលទំនេរចាំបងមករកអូន » រាងក្រាសពោលឡើងធ្វើឲ្យ Jimin ស្ងាត់មាត់ គេតឹងទ្រូងស្ទើរតែបែកស្លាប់នៅពេលនេះទៅហើយប៉ុន្តែក្ដីស្រឡាញ់ដែលគេមានចំពោះ Yoongi គឺនៅតែដដែលទើបសម្រួលអារម្មណ៍ដោះខ្សែក្រវ៉ាត់ឡានចេញពីខ្លួន ។
« បងបើកឡានសុវត្ថិភាពផង » ក្រោយនិយាយហើយ គេក៏បើកទ្វាររួចដើរទៅខាងលើយ៉ាងរហ័សបណ្ដោយឲ្យរាងក្រាសតាមមើលគេចូលទៅផុតទើបនាយបន្តបើកឡានទៅភូមិគ្រឹះរបស់ខ្លួនវិញតែពេលទៅដល់ក៏បានឃើញ HyeIn ជាប្រពន្ធកំពុងអង្គុយលេងជាមួយសត្វឆ្មារមួយក្បាលក្នុងបន្ទប់ទទួលភ្ញៀវទៅវិញធ្វើឲ្យ Yoongi ជ្រួញចិញ្ចើមដើរចូលទៅភ្លាម ។
« ម៉េចក៏មានឆ្មារនៅទីនេះ? » Yoongi
« បងមកផ្ទះវិញហើយហ្អេ៎លោកប្ដី? » ស្រីស្រស់រំញោចបបូរមាត់ពណ៌ក្រហមស្រស់ញញឹមសួរទៅនាយវិញ ។
« បងសួរថាហេតុអីក៏មានឆ្មារនៅទីនេះ? អ្នកណាជាអ្នកនាំចូលមក? » Yoongi
« គឺអូនទៅផ្សារឃើញគេដាក់លក់គួរឲ្យស្រឡាញ់ទើបទិញមកចិញ្ចឹមទៅ » HyeIn
« ផ្ទះនេះមិនត្រូវការឲ្យសត្វរញ៉េរញ៉ៃចូលផ្ទះទេ ឆាប់យកចេញភ្លាមទៅ » Yoongi
« សត្វរញ៉េរញ៉ៃនៅអាចកំដរអូនបាន គ្រាន់បើជាងអ្នកខ្លះជាប្ដីតែធ្វើខ្លួនមិនដូចជាប្ដីទេដឹង? » សម្ដីរបស់នាងធ្វើឲ្យរាងក្រាសដែលដើរហួសអម្បាញ់មិញបកត្រឡប់មករកនាងវិញ ។
« ចង់បានន័យថាម៉េច? » Yoongi សួរទាំងទឹកមុខកំណាចរបស់គេឯ HyeIn ក៏សម្លឹងតទល់គេដោយកំហឹងដូចគ្នាតែនាងជ្រើសមិនទាន់តបតអ្វី មុននឹងញញឹមខ្លាំងៗដាក់គេទៅវិញ ។
« គ្មានអីទេ ហីយ៉ា...Coco កូនម៉ាក់ទៅញ៊ាំបាយជាមួយគ្នាណា៎ » នាងលើកបីឆ្មារសម្បុរខ្មៅភ្នែកពណ៌បៃតងនោះដើរចេញទៅដោយមិនខ្វល់ពីរាងក្រាសសូម្បីបន្តិចជាហេតុធ្វើឲ្យ Yoongi ឈរស្ងៀមមិនយល់ពីនាង ។Skip៚ ( ពីរថ្ងៃក្រោយមក )
រយៈពេលពីរថ្ងៃនេះ ទំនាក់ទំនងរបស់ Jimin និង Yoongi ហាក់ដូចជាឃ្លាតឆ្ងាយពីគ្នាព្រោះរាងក្រាសកំពុងរវល់រឿងក្រុមហ៊ុនថ្មីរីឯរាងតូចក៏ស្ទុះស្ទារក្នុងការរៀនសូត្រការងាររបស់គេដូចគ្នាទើបមិនសូវបានជួបមុខគ្នាឡើយតែ Yoongi ក៏មិនភ្លេចឲ្យ Jen ជាជំនិតទិញសម្ភារៈប្រើប្រាស់យកទៅឲ្យរាងតូចដល់អាផាតមិននោះដែរ ។
< Ding Dong !! > សម្លេងកណ្ដឹងហៅឲ្យ Jimin ដែលកំពុងអង្គុយធ្វើការនៅបន្ទប់ទទួលភ្ញៀវស្រាប់នោះលឺហើយក្រោកមកបើកទ្វារភ្លាម ។
« អូ៎ Jen!! » Jimin
« លោកម្ចាស់ឲ្យខ្ញុំយកឈុតធ្វើការមកឲ្យអ្នកប្រុសណា៎ » Jen លើកថង់ខោអាវរយ៉េងរយ៉ោងពេញដៃគេឲ្យរាងតូចមើល ។
« តែខោអាវទិញថ្ងៃមុន ខ្ញុំនៅស្លៀកមិនទាន់អស់ទេ មិនបាច់ទិញឲ្យខ្ញុំក៏បានដែរ » Jimin
« លោកម្ចាស់បញ្ជាទៅហើយ ខ្ញុំឯណាទៅបដិសេធបាននោះ អ្នកប្រុសទទួលយកទៅណា៎ » Jen សុំអង្វរទៅហើយទើប Jimin យល់ចិត្តគេខ្លាចចៅហ្វាយនាយមុននឹងទទួលទាំងក្រែងចិត្តអ្នកផ្ញើរ ។
« ចឹងក៏បានអរគុណ » Jimin
« អ៊ីចឹងខ្ញុំត្រឡប់ទៅវិញសិនហើយ » Jen
« អេ៎មិនចូលញ៊ាំទឹកសិនទេហ្អេ៎? » Jimin
« មិនអីទេ ខ្ញុំមានការរវល់ទៅសិនហើយ » Jen
« អរគុណម្ដងទៀតណា៎ » រាងតូចលាពេលគេទៅបាត់មុននឹងបិទទ្វារចូលបន្ទប់វិញហើយលាថង់អស់នោះមើល មិនត្រឹមតែមានខោអាវទេនៅមានស្បែកជើង គ្រឿងថែរក្សាសម្រស់ និងរបស់ចាំបាច់ផ្សេងៗទៀតសុទ្ធតែ Yoongi បញ្ជាឲ្យ Jen ទិញមកទាំងអស់ ។
Jen ដែលចុះពីអាផាតមិនមករថយន្តវិញហើយបើកចេញទៅដោយមិនបានដឹងថាមានមនុស្សតាមស៊ើបមើលសកម្មភាពរបស់គេនោះឡើយ ។
" អាឡូលោកស្រី!! "
« ការងារដែលយើងឲ្យធ្វើដល់ណាហើយ? » បបូរមាត់ក្រហមឆ្អិនឆ្អៅបន្លឺសួរឡើងទាំងក្នុងដៃអោបឆ្មារសម្បុរខ្មៅបបោសទៅមក គ្មានជានរណាផ្សេងបានក្រៅតែពី HyeIn ដែលបានជួលមនុស្សឲ្យស៊ើបមើលថាប្ដីនាងលួចលាក់អ្នកណាក្រោយខ្នងរបស់នាង ។
" ស៊ើបបានច្បាស់ហើយ គេនៅអាផាតមិនទំនើបមួយក្នុងផ្លូវលំហើយមនុស្សរបស់ប្ដីអ្នកស្រីបានយករបស់មកឲ្យគេទៀតផង ខ្ញុំក៏បានថតរូបដែរចាំខ្ញុំផ្ញើរឲ្យអ្នកស្រី "
« ល្អ!! » HyeIn បិទការខលហើយបើកមើលសាររូបភាព នាងភ្ញាក់ផ្អើលភ្លាមៗពេលឃើញថាប្ដីនាងមិនបានលួចមានស្រីតែបែរជាលួចលាក់មនុស្សប្រុសតូចល្អិតម្នាក់ទៅវិញ ធ្វើឲ្យនាងកាន់តែហួសចិត្តនិងខឹងខ្លាំងឡើង ។
« នេះបងហ៊ានបោកប្រាស់ខ្ញុំមែនទេ Min Yoongi បងទុកខ្ញុំជាមនុស្សល្ងង់បិទបាំងរឿងគម្រក់របស់បងតាំងពីពេលណា? » ស្រីស្រស់ខាំមាត់ខឹងក្រោធហួសប្រមាណ ដៃក្ដោបច្របាច់ទូរស័ព្ទទាំងញ័រតតាត់ មិននឹកស្មានថាអ្នកដែលនាងចាត់ទុកជាប្ដីបែរជាធ្វើរឿងអស់នោះឡើយ ។
________< រ៉ឺង..!! > នៅសុខៗទូរស័ព្ទរោទិ៍ឡើងទើប Jimin ទុកការងារមួយឡែកមកលើកវា ឃើញថាជាលេខ Yoongi គេក៏ស្ងៀមចង់ទទួលបន្តិចមិនចង់បន្តិចតែនឹកឃើញថានាយក៏នៅយកចិត្តទុកដាក់ពីខ្លួនដែរទើបគេដាច់ចិត្តទទួល ។
« អាឡូ » Jimin
" Min បានទទួលរបស់ដែលបងឲ្យ Jen យកទៅឲ្យឬអត់? " Yoongi
« ទទួលបានហើយ អរគុណបង » Jimin តបមុខស្មើព្រោះគេមិនដឹងគួរនិយាយអ្វីជាមួយនាយ ម្យ៉ាងពាក្យដែលគេចង់និយាយក៏បាននិយាយនៅលើកប៉ាល់រួចអស់ហើយដែរ ។
" ប៉ុន្មានថ្ងៃនេះបងរវល់នៅក្រុមហ៊ុនដកឃ្លាមិនរួចទើបមិនបានទៅរកអូន ចាត់ទុកថារបស់អស់នោះបងប្រើដើម្បីលួងចិត្តអូន កុំខឹងនឹងបងអី " Yoongi
« ដឹងហើយថាបងរវល់ បើមានសល់ពេលទំនេរខ្លះ បងក៏ចំណាយវាជាមួយប្រពន្ធបងទៅល្អជាង អូននៅខាងនេះមិនអីទេ » Jimin
" អូននៅអន់ចិត្តនឹងបងទៀតមែនទេ? " រាងក្រាសសួរដោយយល់ច្បាស់ពីអត្ថន័យរបស់គេ នាយវិញក៏នៅមិនសុខស្រួលចិត្តដូចគ្នា ។
« បើបងនៅតែរកដំណោះស្រាយឲ្យអូនមិនបាន ពួកយើងក៏នៅតែបែបនេះដដែលណា៎Yoon កុំភ្លេចគិតពីចិត្តប្រពន្ធបងផង បើនាងដឹង នាងច្បាស់ជាអន់ចិត្តនឹងបងខ្លាំងជាងអូនទៅទៀត » ព្រោះគេមិនបានគិតតែពីខ្លួនឯងទេ គេគិតមករហូតថាទម្រាំគេដឹងលឺគ្រប់យ៉ាងនៅតែពិបាកទទួលយកចុះទម្រាំតែប្រពន្ធ Yoongi ដែលមិនដឹងអ្វីសោះនោះ?
" លោកអគ្គនាយក!! ផ្នែកផ្សព្វផ្សាយផ្ញើរ Project ថ្មីមកឲ្យលោកជួយពិនិត្យផងចា៎ " លេខាស្រីម្នាក់នោះយកឯកសារមកទើប Yoongi ងក់ក្បាលឲ្យនាងចេញទៅវិញមុននឹងងាកមកប្រាប់រាងតូច ។
" Min!! បងរវល់ប៉ុណ្ណឹងសិនចុះ បងស្រឡាញ់អូន " និយាយហើយទើបគេបិទទូរស័ព្ទបន្តការងារ ឯJimin ក៏បានត្រឹមបិទបន្ទាប់ពីគេទាំងទឹកមុខសែនធុញថប់ក្នុងន័យស្នេហារបស់រាងក្រាស ។
« ស្រឡាញ់អូនតែក៏ធ្វើឲ្យអូនឈឺចាប់មករហូត អូនមិនយល់ពីក្ដីស្រឡាញ់របស់បងទេ Yoon... » រាងតូចពោលទាំងឈឺចាប់តែម្នាក់ឯង គិតហើយទឹកភ្នែកក៏ស្រក់ចុះមកតែគេព្យាយាមលើកដៃជូតវាចេញ គេមិនចង់ឲ្យខ្លួនឯងត្រូវយំយែកទន់ខ្សោយទៀតនោះទេ ។To be continued.......
_______អរគុណសម្រាប់ការអាន 🍑🍑🖤
YOU ARE READING
លាក់បាំងស្នេហា (Completed)
Romanceគេរស់នៅកន្លែងភ្លឺ ខ្ញុំរស់នៅកន្លែងងឹត ទើបគេព្យាយាមលាក់បាំងខ្ញុំពីគ្រប់គ្នា...