ការមករស់នៅសេអ៊ូលវិញ ពេលដែលតុងតុងកើតមកបានជាងប្រាំបីខែ ថេហ៍បានចូលធ្វើការនៅក្នុងក្រុមហ៊ុនមួយដើម្បីបានប្រាក់ទំនុកបម្រុងដល់កូនតូច គេមិនចង់តែនៅចាយលុយម៉ាក់ប៉ាឥតប្រយោជន៍នោះទេ យល់ថាខ្លួនគេគឺមិនមែននៅក្មេងទៀតឡើយ ថែមទាំងមានកូនផងនោះ ថេហ្យុងត្រូវតែប្រឹងប្រែងព្យាយាម ប៉ុន្តែស៊យអី ទោះបីជាព្យាយាមយ៉ាងណា ក៏នៅតែរដាក់រដុបរឿងហិរញ្ញវត្ថុ ដោយសារក្រុមហ៊ុនដែលថេហ៍ធ្វើនោះកំពុងតែជិតដួលរលំ ម្ចាស់ក្រុមហ៊ុនជម្លៀសបុគ្គលិកចេញសឹងតែអស់ទៅហើយ។
ទាំងនេះជាអ្វីដែលថេហ្យុងបានប្រាប់ឲ្យអ៊ីថាន់ដឹង ថែមទាំងប្រាប់ទៀតថា បើទោះជាអញ្ចឹងក៏ដោយ គេនៅតែទៅធ្វើការ ធ្វើយ៉ាងណាដើម្បីជួយក្រុមហ៊ុនមួយនោះកុំឲ្យដួលបះជើងទាន់ គិតទៅបុគ្គលិកដូចជាថេហ៍ មិនមែនធ្វើការគិតតែប្រាក់ខែមួយមុខទេ តែគេយល់ដល់កន្លែងដែលខ្លួនធ្វើការខ្លាំងណាស់។
"មិនមែនទេ គ្រាន់តែមិនចង់ឮទៀត ម្យ៉ាងពេលនេះតុងតុងក៏មិនដឹងរឿងអី បណ្ដោយឲ្យវាបែបហ្នឹងរហូតទៅគឺល្អណាស់ហើយ" ថេហ្យុងនិយាយអមដោយទឹកមុខស្ងួត បែបនេះគឺល្អពិតមែន មិនចាំបាច់អីទៅផ្គាប់ចិត្តអ្នកណាទៀត មិនបាច់ត្រូវទៅអង្គុយមើលសង្សាគេផ្អែមល្ហែមនឹងគ្នាទេ ព្រោះមើលឃើញថាខ្លួនឯងដូចជាតួអាក្រក់ដែលចាំតែមានចិត្តលួចច្រណែន។
"ហឿងអីម៉ាម៉ា អូនឆុំតឹងតែមើ អីគេហ្គុកៗនឹង មាន់មែន?" គិតតែចូលតួនិយាយ ភ្លេចគិតថាមានក្មេងនៅម្ដុំនេះដែរ ឥលូវទម្រាំដឹង អាតុងដើរមកជិតបាត់។
"អឺស!ហើយមកតាំងពីពេលណា" ថេហ៍រៀងភ័យដែរ តែមួយសន្ទុះក៏គិតវិញ កូននេះឆ្លាតណាស់ សួរហើយឆ្លើយខ្លួនឯងដដែល អញ្ចឹងមានតែចាក់បណ្ដោយតាមនឹងទៅ។
"មែនហើយគឺមាន់ បងអ៊ីថាន់មិញនឹងយើងនិយាយរឿងមាន់ត្រូវអត់?" ថេហ៍ងាកមកស៊ីញ៉ូភ្នែកដាក់អ៊ីថាន់ឲ្យអឺអើតាមដែរ។
"នឹងហើយៗគឺមាន់ ពូនិយាយមាន់តើ" អ៊ីថាន់ងក់ក្បាលញាប់ៗ បញ្ជាក់ដដែលៗខ្លាចតែក្មេងមិនជឿ
"ពូនេះតែតែ កក" ឃើញម៉ាម៉ាគេថាមាន់ ប្រឹងនិយាយតាមដែរ ជោរម៉ងហាស៎ហើយឡើងតែស្ករសាហាវ។