រឿង ម្ចាស់បេះដូង
ភាគ ៤៧រសៀលម៉ោងប្រហែលជាបីក៏ដល់វេលាត្រូវទៅជួបអតិថិជនដូចដែលជីមីនបានប្រាប់យ៉ាហ្វីពិតមែន ក្នុងឡានបាំងខាងក្រោយមាននាយកំលោះនិងនាងក្រមុំដែលអង្គុយឃ្លាតគ្នាអឹបជាប់ទ្វារឡានទុកចន្លោះកណ្តាលចោលមួយវាលសុខចិត្តអង្គុយត្បៀតហាក់ដូចមិនចង់ប៉ះត្រូវគ្នាវាយ៉ាងអ៊ីចឹងតែក៏ជាចំណីភ្នែកធ្វើឲ្យ គ្រីស៍ ដែលកំពុងតែបើកឡាននោះអស់សំណើចម្តងៗ កញ្ចាស់ក្បាលមានកូនមួយហើយនៅមកធ្វើដូចជាក្រមុំកំលោះទៅកើត
«នែ៎...ហេតុអីក៏មិនទាន់ដល់ទៀត?»យ៉ាហ្វីទ្រាំមិនបានក៏ងាកទៅសួរជីមីនព្រោះជិះឡានជាងកន្លះម៉ោងហើយនៅមិនទាន់ដល់ទៀតនាងអង្គុយស្ពឹកគូថសឹងស្លាប់ទៅហើយ
«ទ្រាំសិនមិនបានទេ? បន្តិចទៀតក៏ដល់ហើយរអ៊ូនោះរអ៊ូ»ជីមីនងាកមកឆ្លើយជាមួយនាងទាំងទឹកមុខខ្មូរចូលគ្នា បើសួរគេឲ្យស្រួលបួលទៅវាស្លាប់ឬយ៉ាងមិចហេតុអីចាំបាច់និយាយឆ្កុយៗ ឆ្គងៗយ៉ាងនេះ? នាងឥឡូវចំជាឈ្លើយពិតមែន ចំណែកយ៉ាហ្វីបន្ទាប់ពីស្តាប់គេនិយាយរួចនាងក៏មិនតបបានត្រឹមជញ្ជក់មាត់ទាំងក្តីធុញទ្រាន់ ទើបលូកដៃទាញកាសពីក្នុងកាបូបមកពាក់នឹងត្រចៀកបិទភ្នែកសម្ងំដេកព្រោះត្បិតថាជិះឡានយូរពេកក៏ធុញខ្លះដែរទើបចង់សម្រាកខ្លះ។
ពេលវេលាកន្លងទៅប្រហែលជាកន្លះម៉ោងបន្ថែមទៀត ឡានស្ព័រពណ៌ខ្មៅស៊េរីចុងក្រោយឈប់ចតនៅបរិវេណផ្ទះលំហែរក្បែរជាយសមុទ្រមួយកន្លែងដែលមានសភាពស្ងប់ស្ងាត់ព្រោះនៅជុំវិញកន្លែងនេះមានតែផ្ទះល្វែងមួយខ្នងនេះប៉ុណ្ណោះ។ គ្រីស៍ប្រញាប់ពន្លត់ម៉ាសុីនឡានរួចទើបចុះទៅទាញទ្វារបើកសម្រាប់ចៅហ្វាយ ចំណែកជីមីនងាកទៅសម្លឹងយ៉ាហ្វីបន្តិចក៏ឃើញថានាងមិនទាន់ភ្ញាក់នៅឡើយទើបលូកដៃទៅទាញកាសចេញពីត្រចៀកនាងថ្នមៗមុននឹងចាប់លើករាងកាយនាងទាំងមូលបីចេញពីខាងក្នុងឡានសម្តៅទៅផ្ទះល្វែងមួយខ្នងនោះតែម្តង
«ចៅហ្វាយ អញ្ជើញមកដល់ហើយឬ?»អ្នកមីងម្នាក់បើស្មានវ័យក៏ប្រហែលជាហាសិបជាងរត់ត្រហេបត្រហបបន្ទាប់ពីឃើញវត្តមានចៅហ្វាយប្រុសចូលមកដល់ក៏ប្រញាប់មកទទួលស្វាគមន៍ទាំងរំភើបចិត្តព្រោះជីមីនគេមិនងាយនឹងមកទីនេះទេ
«បន្ទប់ដែលខ្ញុំឲ្យរៀបចំរួចរាល់ហើយពិតទេ?»នាយកំលោះងាកមកងួកក្បាលដាក់គាត់មុននឹងសួរនាំពីអ្វីដែលគេបានខលប្រាប់គាត់កាលពីព្រឹមមិញនេះទើបគាត់ប្រញាប់ឆ្លើយ
«ចាស៎ រួចរាល់ហើយ»បន្ទាប់ពីស្តាប់អ្វីដែលគាត់និយាយមករួចជីមីនក៏មិនតបតអ្វីទាំងអស់ប្តូរជាបីនាំរាងកាយយ៉ាហ្វីទៅសម្រាកនៅបន្ទប់ជាន់ខាងលើ ចំណែកអ្នកមីងម្នាក់នោះក៏ប្រញាប់រៀបចំអាហារពេលយប់ឲ្យចៅហ្វាយរួចរាល់មុននឹងចាកចេញទៅផ្ទះរបស់គាត់វិញ។ អ្នកមីងគាត់ជាអ្នកមើលថែផ្ទះឲ្យជីមីន មិនមែនគេជួលគាត់ទេតែគាត់ស្ម័គ្រចិត្តដោយខ្លួនឯងព្រោះមូលហេតុចង់សងគុណដែលជីមីនអនុញ្ញាតឲ្យគាត់អាចស្នាក់នៅលើដីរបស់គេ បើមិនបានគេទេម្ល៉េះគាត់ពីរនាក់ប្តីប្រពន្ធគ្មានកន្លែងជ្រកទេមិនត្រឹមតែប៉ុណ្ណោះជីមីននៅផ្តល់ការងារឲ្យគ្រីស៍ដែលជាកូនប្រុសគាត់ធ្វើទៀតផង។
ដំណកដង្ហើមធំចាប់ផ្តើមបន្លឺឡើងមុននឹងត្របកភ្នែកចាប់ផ្តើមបើកឡើងសន្សឹមៗដូចគ្នាយ៉ាហ្វីក្រោកអង្គុយទាំងយកដៃញីភ្នែកបន្ទាប់ពីនោះក៏ទទួលដឹងថានាងកំពុងតែស្ថិតលើពូកទន់ៗជាហេតុដែលធ្វើឲ្យនាងឆ្ងល់ជាខ្លាំងតែបន្ទាប់ពីក្រឡេកទៅខាងឆ្វេងដៃខ្លួនទើបឃើញជីមីនកំពុងតែឈរក្នុងដៃម្ខាងកាន់ពែងកាហ្វេចំណែកម្ខាងទៀតលូកចូលក្នុងហោប៉ៅយ៉ាងសង្ហាដោយឈរសម្លឹងមើលទេសភាពតាមបង្អួចកញ្ចក់ទើបនាងមិនសង្ស័យអ្វីទៀតព្រោះមានតែគេនេះហើយដែលនាំនាងមកទីនេះ។
«ភ្ញាក់ហើយ?»រាងកាយមាំបង្វែរខ្លួនមកក៏ឃើញនាងកំពុងតែអង្គុយសម្លឹងមកគេម៉ក់ៗទើបទម្លាក់ពែងកាហ្វេចុះលើតុរួចដើរមកអង្គុយចុងពូកក្បែរនាង
«ហេតុអីនាំខ្ញុំមកទីនេះ? ក្រែងប្រាប់ថាមកជួបអតិថិជនមិនអ៊ីចឹង?»កែវភ្នែកពោរពេញទៅដោយចម្ងល់បាញ់សម្លឹងទៅកាន់គេតែក៏មិនទទួលបានចម្លើយអ្វីមកវិញក្រៅពីស្ងៀមស្ងាត់និងកែវភ្នែកបាញ់មកមើលនាងដោយស្ងៀមស្ងាត់ដូចគ្នានោះដែរទើបនាងអាចស្មានដឹងថា៖
«លោកបោកខ្ញុំ?»ដោយមិនច្បាស់ក្នុងចិត្តទើបនាងសួរបញ្ជាក់ម្តងទៀតតែក៏មិនទទួលបានអ្វីក្រៅពីភាពស្ងៀមស្ងាត់ដដែលៗ
«ហេតុអីក៏កុហកខ្ញុំ?»យ៉ាហ្វីចាប់ផ្តើមតឹងសរសៃកដាក់ជីមីនចំណែកផ្ទៃមុខពោរពេញទៅដោយកំហឹងព្រោះតែគេបោកប្រាស់នាង
«បើខ្ញុំមិនកុហក នាងក៏មិនព្រមមកតាមខ្ញុំដែរ»ជីមីនតបទៅនាងវិញយ៉ាងស្ងប់ស្ងាត់មិនគំហកដាក់ ហើយក៏មិនបានខឹងនឹងនាងដែលស្រែកដាក់គេមុននេះដែរ
«ខ្ញុំនឹងទៅវិញ»យ៉ាហ្វីរហ័សក្រោកពីលើគ្រែទាំងឈួលច្រមុះមុននឹងបោះជំហានបម្រុងនឹងចេញតែក៏មិនបានសម្រេចព្រោះជីមីនក៏ទាញដៃនាងមកដួលនៅលើពូកដោយមានរាងកាយគេជាអ្នកឃាំងនាងជាប់ទាំងដែលនាងកំពុងតែរើបម្រះខ្លួន
«លែង! ខ្ញុំត្រឡប់ទៅវិញ»
«មិនលែង នាងត្រូវនៅទីនេះជាមួយខ្ញុំរហូតខ្ញុំដឹងការពិតសិន»ជីមីនចាប់ដៃនាងទាំងសងខាងសង្កត់លើពូកជាប់ព្យាយាមនិយាយតាមសម្រួលដោយព្យាយាមមិនគំហកមិនខឹងនឹងនាង
«ការពិតស្អី មិនពិតស្អី បើចង់ដឹងក៏ទៅរកខ្លួនឯងទៅ លែងខ្ញុំ»
«ប្រាប់ហើយថាមិន...មិនចេះស្តាប់ទេឬយ៉ាងមិច?»ជីមីនប្រើកម្លាំងដៃសង្កត់កដៃយ៉ាហ្វីខ្លាំងៗសឹងតែបាក់ដល់ថ្នាក់ក្រហមជាំដុំៗបូករួមទាំងសំឡេកស្រែកគំហកដាក់នាងឮៗទើបធ្វើឲ្យយ៉ាហ្វីស្រក់ទឹកភ្នែកម៉ាត់ៗព្រោះតែភ័យម្យ៉ាងក៏ឈឺត្រង់កដៃរបស់ខ្លួនផង។ ចំណែកជីមីននៅពេលដែលឃើញបែបនេះនាយក៏ធ្មិចភ្នែកសម្រួលអារម្មណ៍មុននឹងងើបចេញពីខ្លួនរបស់នាង
«យ៉ាងណាក៏ខ្ញុំមិននៅទីនេះដែរ»យ៉ាហ្វីនៅតែរឹងទទឹង មានៈចង់ត្រឡប់ទៅវិញដដែលទើបត្រូវជីមីនទាញមកផ្អឹបជាប់នឹងជញ្ជាំងម្តងទៀត
«ខ្ញុំក៏ប្រាប់រួចហើយថានៅពេលដែលខ្ញុំដឹងការពិតខ្ញុំនឹងឲ្យនាងត្រឡប់ទៅវិញ»
«ចុះលោកមានគិតទេបើសិនជាគេដឹងថាលោកនៅជាមួយស្រីផ្សេងចោលប្រពន្ធនៅផ្ទះនោះនឹងមានរឿងអ្វី? លោកមានគិតខ្លះទេ?»យ៉ាហ្វីសម្លឹងមើលភ្នែករបស់គេដោយនាងនៅមានស្នាមដក់ទឹកភ្នែកនៅឡើយ
«ខ្ញុំមិនដែលខ្វល់ស្រាប់ទៅហើយចង់អ្នកណាថាអ្វីនិយាយអ្វីក៏តាមចិត្ត ត្រង់ពីមុនពួកយើងក៏នៅជាមួយគ្នារហូតទៅហើយ»
«បានហើយ! ពីមុននឹងពេលនេះវាខុសគ្នា»យ៉ាហ្វីនិយាយបញ្ឈប់សម្តីរបស់គេទាំងងាកទៅម្ខាងព្យាយាមលាក់បាំងភាពឈឺចាប់របស់នាង
«មិនខុសគ្នាទេវានៅដូចដើមសូម្បីតែក្តីស្រឡាញ់របស់ពួកយើង»ជីមីនលើកម្រាមដៃទៅក្រសោបរង្វង់មុខនាងឲ្យសម្លឹងមកចំគេរួចទើបសារភាពពីក្តីស្រឡាញ់ដែលគេមានចំពោះនាងមិនដែលប្រែឡើយ
«តែខ្ញុំឈប់ស្រឡាញ់លោកមកយូរហើយ...»ពាក្យសម្តីមុតស្រួចជាងមុខកាំបិតរបស់នាងចាក់ទម្លុះត្រង់ដើមទ្រូងខាងឆ្វេងរបស់ជីមីនឲ្យឈឺអួលៗ ស្ពឹកស្រពន់ នាងនិយាយទាំងមុខស្មើរកែវភ្នែកសម្លឹងមើលមកគេចំៗហាក់គ្មានអារម្មណ៍អ្វីពិតមែនទាំងដែលផ្នែកខាងក្នុងទ្រូងខាងឆ្វេងនាងកំពុងតែចាប់កន្រ្ទាក់ឈឺខ្ទោកៗមិនខុសពីគេឡើយ។
YOU ARE READING
❦ម្ចាស់បេះដូង❦
Romanceសរសេរដោយ: ជូសសុី(ម៉ូរី) តួប្រុស: ផាក ជីមីន តួស្រី: លី យ៉ាហ្វី