រឿង ម្ចាស់បេះដូង
ភាគ ៤៨បន្ទាប់ពីស្តាប់ឃ្លាប្រយោគនាងនិយាយរួចជីមីនហាក់បាត់កម្លាំងអស់រលីងពីខ្លួន ដៃដែលក្រសោបថ្ពាល់នាងក៏ទម្លាក់ចុះសន្សឹមៗ ជើងឈានថយក្រោយមួយជំហានក្តាប់ដៃយ៉ាងណែនត្បិតឥឡូវកំពុងតែសម្រួលអារម្មណ៍ឲ្យស្ងប់មិនច្រឡោតទោះបីជាពេលនេះគេកំពុងតែឈឺខ្លាំងកម្រិតថ្នាក់ណាក៏ដោយ ជីមីនប្រើកែវភ្នែកសម្លឹងមុខនាងចុងក្រោយមុននឹងបោះជំហានចេញទៅយ៉ាងស្ងៀមស្ងាត់ដោយមិននិយាយអ្វីមួយម៉ាត់។ ក្រឡេកមកមើលនាងក្រមុំបន្ទាប់ពីបុរសដែលនាងបានប្រើសម្តីសម្លាប់ទឹកចិត្តគេមុននេះចេញទៅបាត់ទើបនាងសម្រូតខ្លួនអង្គុយចុះព្រោះតែអស់ជំហររួចក៏ដោះលែងទឹកភ្នែកដែលប្រឹងទប់នោះឲ្យស្រក់ចុះបន្តកន្ទុយគ្នាឥតដាច់
«ស្រឡាញ់ណាស់ដឹងទេ? តែខ្ញុំធ្វើមិនបាន...អ្ហឹក...បើអាចខ្ញុំសុំមិនស្គាល់លោកតាំងពីដំបូង...អ្ហឹកៗ...បើតាំងពីដើមមកពួកយើងមិនស្គាល់គ្នាក៏មិនឈឺដូចពេលនេះដែរ អ្ហឹកៗ វាឈឺខ្លាំងណាស់»យ៉ាហ្វីអង្គុយបត់ជើងនឹងឥដ្ឋយំរៀបរាប់ពីសេចក្តីឈឺចាប់ដែលមានក្នុងពេលនេះដោយគក់ទ្រូងខាងឆ្វេងខ្លួនឯងដឹបៗតែហាក់គ្មានអារម្មណ៍ថាឡើយនៅផ្នែករាងកាយខាងក្រៅអ្វីដែលឈឺនោះគឺផ្នែកខាងក្នុងដែលកំពុងតែខ្ទិខខ្ទាំ វាឈឺដល់ថ្នាក់មិនអាចបរិយាយប្រាប់បាន ទោះស្រឡាញ់ខ្លាំងប៉ុណ្ណាក៏ត្រូវហាមចិត្តខ្លួនឯងឲ្យជាប់ព្រោះយ៉ាងណាក៏វាមិនអាចទៅរួច លើលោកនេះមានមនុស្សស្រីឯណាចង់ធ្វើជាស្រីលួចលាក់តោងទាមប្តីអ្នកដទៃនោះ ឈ្មោះជាស្រីប្តីគេវាអាក្រក់ស្តាប់ខ្លាំងណាស់...។
ដំណើរធ្ងន់ៗចុះពីលើកាំជណ្តើរតាំងៗទាំងទឹកមុខក្រហមងាំង ម្រាមដៃក្តាប់ខ្ញាំចូលគ្នាដល់ថ្នាក់ប៉ោងសរសៃអស់ អារម្មណ៍ដែលមាននៅពេលនេះវាឡូកឡំចូលគ្នាមានទាំងខឹងនិងខូចចិត្តផងស្របពេលតែមួយ
«ចៅហ្វាយ ចង់ទៅណានេះយប់ហើយមេឃក៏ភ្លៀងដូចគ្នា»គ្រីស៍ដែលដើរកាត់នោះនៅពេលដែលឃើញចៅហ្វាយដើរចេញមកទំនងជាចង់ចេញទៅណាក៏មិនដឹងទាំងមេឃកំពុងតែភ្លៀងផ្គររន្ទះបាញ់ឆ្វាចៗពេញផ្ទៃមេឃទើបរហ័សរត់មកសួរ
«យើងចេញទៅក្រៅ ឯងនៅទីនេះហើយមើលនាងឲ្យល្អ កុំភ្លេចខលហៅអ្នកមីងរៀបចំបាយទឹករបស់របរឲ្យនាងផង»ជីមីនងាកមកនិយាយជាមួយគ្រីស៍រួចបន្ទាប់ពីនោះក៏ដើរសម្តៅទៅរកឡានបើកចេញទៅកាត់ភ្លៀងដែលកំពុងធ្លាក់ខ្លាំងៗនោះដោយទឹកមុខបង្កប់ទៅដោយកំហឹងក្តៅច្រាលពេញខ្លួនដែលអាចឲ្យគ្រីស៍យល់បានទើបមិនចង់តាមទៅរំខាន រួចទើបទាញទូរស័ព្ទខលទៅម៉ាក់របស់គេដូចទៅតាមអ្វីដែលជីមីនបានប្រាប់មុននេះ។
ចំណែកយ៉ាហ្វីបន្ទាប់ពីសម្ងំយំក្នុងបន្ទប់ម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ជាងកន្លះម៉ោងរួចមកនាងនៅតែមិនអាចធូរស្បើយក្នុងចិត្តបានដដែលស្របពេលដែលភ្នែកសម្លឹងទៅរកទឹកភ្លៀងដែលកំពុងតែធ្លាក់តាមបង្អួចកញ្ចក់ដោយគិតក្នុងចិត្តសូម្បីតែភ្លៀងក៏ជួយយំជួសនាងដែរមែនទេ? តែសុខៗអ្វីៗត្រូវបានកាត់ផ្តាច់នៅពេលដែលសំឡេងគោះទ្វារបន្លឺឡើងទើបនាងរហ័សយកដៃជូតទឹកភ្នែកចេញស្អាតអស់ពីថ្ពាល់មុននឹងដើរទៅបើកទ្វារក៏លេចរូបរាងស្រ្តីចំណាស់ដែលជាម្តាយរបស់គ្រីស៍ដោយក្នុងដៃមានកាន់សម្លៀកបំពាក់ផងដែរ
«ចៅហ្វាយឲ្យខ្ញុំយកសម្លៀកបំពាក់និងរបស់របរប្រើប្រាស់មកជូនអ្នកនាង»
«ចាស៎ អរគុណ! ចុះចៅហ្វាយអ៊ុំទៅណាបាត់ហើយ?»យ៉ាហ្វីទទួលសម្លៀកបំពាក់ពីដៃរបស់គាត់រួចទើបសួរនាំពីជីមីនព្រោះមុននេះក៏ឃើញថាគេចេញទៅទាំងកំហឹងដូចគ្នា
«ខ្ញុំមិនដឹងទេអ្នកនាង ឮកូនប្រុសខ្ញុំប្រាប់ថាគាត់បើកឡានចេញទៅក្រៅបាត់ហើយ»គាត់ក៏ឆ្លើយតបនូវអ្វីដែលយ៉ាហ្វីសួរគាត់មុននេះ ចំណែកនាងក្រមុំបន្ទាប់ពីឮចម្លើយគាត់រួចហាក់មិនស្រួលក្នុងចិត្តព្រោះគេបើកឡានចេញទៅទាំងយប់ព្រលប់ថែមទាំងមានភ្លៀងទៀតផង រីឯម្តាយរបស់គ្រីស៍បន្ទាប់ពីមិនឮនាងតបអ្វីគាត់ក៏និយាយទៅកាន់នាងបន្តទៀត
«អ្នកនាងត្រូវការញាំអ្វីទេខ្ញុំរៀបចំជូន»
«មិនអីទេពេលឃ្លានខ្ញុំនឹងចុះទៅញាំខ្លួនឯង អរគុណម្តងទៀត»បន្ទាប់ពីឮអ្វីដែលគាត់សួរនាងក៏ទាញអារម្មណ៍មកឆ្លើយជាមួយនឹងគាត់វិញទាំងស្នាមញញឹមរួចគាត់ក៏ចេញទៅបាត់ទៅ។ យ៉ាហ្វីបិទទ្វារបន្ទប់រួចរាល់ទើបដើរចូលមកក្នុងបន្ទប់ក្នុងចិត្តដែលឈឺមុននេះក៏បន្ថែមក្តីបារម្ភពីគេមួយចំណែកទៀត នាងហាក់មានអារម្មណ៍ថាខុសដែលនិយាយពាក្យនោះចេញទៅកាន់គេតែបើនាងមិននិយាយគេក៏នៅតែតាមនាងហើយរឿងរវាងនាងនិងគេក៏វាមិនចប់ទៅដែរទើបចាំបាច់ត្រូវបង្ខំនិយាយចេញមក បន្ទាប់ពីអង្គុយសំកុកមួយសន្ទុះទើបកាន់សម្លៀកបំពាក់ចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនចេញ។ ប្រមាណម្ភៃនាទីក្រោយមកនាងក៏ចេញមកវិញជាមួយរ៉ូបរាត្រីដោយក្នុងដៃក៏កាន់កន្សែងមកជូតសក់ថ្នមៗអ្វីដែលនាងសម្លឹងមុនគេគឺបង្អួចកញ្ចក់ឃើញថានៅមានភ្លៀងនៅឡើយចំណែកឡានរបស់ជីមីនក៏មិនឃើញដែរដែលអាចបញ្ជាក់ថាគេនៅមិនទាន់មកវិញដូចគ្នា
«ហឹម...»នាងក្រមុំដាក់ខ្លួនអង្គុយចុងពូកដោយព្រួសខ្យល់ដកដង្ហើមធំដើម្បីឲ្យបានធូរចិត្តខ្លះចំណែកខួរក្បាលក៏ភ្លឹកគិតដល់ណាក៏មិនដឹង។
ងាកមកមើលជីមីនឯណេះវិញកំពុងតែអង្គុយនៅក្នុងបារមួយកន្លែងដោយក្នុងដៃមានកាន់កែវស្រាជាប់លើកអកផ្តាច់មួយដង្ហើមរួចក៏លើកចាក់ក្នុងកែវផឹកបន្តទៀតប្រៀបដូចជាផឹកទឹកយ៉ាងចឹងដែរ គេបន្តផឹកមួយកែវហើយមួយកែវទៀតរហូតមានដបស្រារាយប៉ាយពេញតុចំណែកខ្លួនគេក៏ស្រវឹងជោគជាំដូចគ្នា
«អឹ...ម៉ោង១១ហើយ ប្អូនគិតលុយ»ជីមីន លើកដៃមើលម៉ោងលើនាឡិកាដែលនៅជាប់ដៃរបស់ខ្លួនឃើញថាច្បាស់ថាយប់ជ្រៅដែរហើយទើបហៅគេឲ្យគិតលុយរួចក៏ចេញទៅតែក៏ត្រូវម្ចាស់ហាងកាក់ជាប់ព្រោះឃើញថាគេស្រវឹងជោគទៅហើយបើបណ្តោយឲ្យបើកឡានទៅខ្លួនឯងប្រាកដជាមានគ្រោះថ្នាក់ម្យ៉ាងមេឃក៏នៅភ្លៀងមិនទាន់រាំងនៅឡើយដែរទើបកំលោះម្ចាស់ហាងជាអ្នកជូនទៅវិញដោយខ្លួនឯងព្រោះស្គាល់ច្បាស់ថាបុរសម្នាក់នេះជាចៅហ្វាយរបស់មិត្តខ្លួន។
ដំណើរទ្រេទទ្រោទឈានឡើងតាមកាំជណ្តើរម្រាមដៃក៏កាន់បង្កាន់ដៃយ៉ាងជាប់ដោយប្រកែកតវ៉ាមិនឲ្យគ្រីស៍ឬអ្នកណាជួយឡើយ។ ម្រាមដៃពោរពេញទៅដោយសរសៃរញ៉េរញ៉ៃព័ទ្ធជុំវិញខ្វែងខ្វាត់លើកមួលគន្លឹះទ្វារបើកចូលទៅមុននឹងបិទទៅវិញរួចក៏បន្តដំណើរដែលទ្រេទទ្រោទនោះចូលទៅជិតនារីដែលកំពុងតែដេកបែរខ្នងនោះឯង
«អ្ហឹម...»យ៉ាហ្វីគ្រហឹមត្រង់បំពង់កព្រោះក្តីរំខាននៅពេលដែលមានម្រាមដៃលូកមកក្រសោបចង្កេះនាងនិងបបូរមាត់កំពុងតែថើបកញ្ចឹងកនាងពីខាងក្រោយស្រាលៗទើបនាងបើកភ្នែកឡើងក៏ដឹងថាម្នាក់នោះជាជីមីន
«ហឹម...ទៅផឹកឬទៅងូតស្រាឲ្យប្រាកដ?»គ្រាន់តែងើបឡើងក៏ទទួលបានក្លិនស្រាឈួលពេញច្រមុះទើបនាងនិយាយឡើងទាំងប្រឹងរើបម្រាស់ក្រោកចេញពីគេចំណែកម្ចាស់កាយមាំក៏បែរជាស្ងាត់មាត់ដេកលក់ស្ងាត់ឈឹង ដោយពិបាកទ្រាំមើលសភាពនេះមិនបាននាងក៏ប្រញាប់ចូលទៅក្នុងបន្ទប់ទឹករួចទើបចេញមកវិញជាមួយកូនចានដែកនិងកន្សែងសម្រាប់ជូតខ្លួនឲ្យគេ ស្រីស្រស់ដាក់ចានដែកលើតុមួយឡែកមុននឹងដាក់ខ្លួនអង្គុយលើពូកក្បែរគេរួចទើបលើកដៃទៅប្រលេះឡេវអាវគេដោះចេញថ្នមៗទើបចាប់កន្សែងទៅជ្រលក់ទឹកពូតមកជូតខ្លួនឲ្យគេថ្នមៗដូចគ្នា។
«ហេតុអីធ្វើបែបនេះដាក់បង? ដឹងទេបងឈឺណាស់ហ្វី ហេតុអីថ្ងៃនោះទៅចោលបង? ហេតុអីទុកកូនប្រុសយើងឲ្យបងនៅមើលគេតែម្នាក់ឯង?»ភ្លាមៗជីមីនក៏ចាប់ដៃនាងជាប់និយាយមមើមមាយដោយបាញ់សំណួរសួរនាងជាច្រើន វាហាក់ធ្វើឲ្យយ៉ាហ្វីស្ងៀមទ្រឹងទឹកនេត្រាចាប់ផ្តើមដក់ក្នុងរង្វង់ភ្នែកមុននឹងបង្ហូរចេញមកយ៉ាងស្ងៀមស្ងាត់ចាំស្តាប់នូវអ្វីដែលគេនឹងនិយាយបន្តទៀត
«អូនដឹងទេបងទ្រាំស្តាប់សឹងតែមិនបាននៅពេលដែលឮកូនប្រុសយើងហៅអ្នកដទៃថាម៉ាក់ពេញៗមាត់ទាំងដែលដំណែងនោះជារបស់អូន ក៏ព្រោះតែមិនចង់ឲ្យកូនមានអារម្មណ៍ថាកំព្រាទើបបងទ្រាំ»ជីមីននៅតែបន្តនិយាយឥតឈប់វាក៏ចាប់ផ្តើមឲ្យយ៉ាហ្វីយំរឹតតែខ្លាំងជាងមុនទៅទៀត
«ទោះយ៉ាងណាខ្ញុំអាចធ្វើអ្វីបានទៅ ខ្ញុំគ្មានអ្វីទៅតតាំងនៅពេលដែលគេមកពង្រាត់កូនចេញពីទ្រូងខ្ញុំឡើយ គិតស្មានថាខ្ញុំចង់ឆ្ងាយពីកូនឬ? ខំស្ពាយកូនជាប់ក្នុងពោះរត់គេចចេញឲ្យឆ្ងាយគិតស្មានថាបានក្តីសុខជាមួយកូនទៅហើយតែគេនៅតែចងកម្មចងពារ រៅឆានជីវិត មកបំបែកម៉ែកូនពួកខ្ញុំដដែល ខ្ញុំក៏ឈឺ ឈឺខ្លាំងណាស់»យ៉ាហ្វីឱនមុខចុះបង្ហូរទឹកភ្នែករៀបរាប់អ្វីដែលកប់ក្នុងចិត្តចេញមកគ្មានសល់ដោយគក់ទ្រូងខ្លួនឯងដឹបៗ នាងគ្រាន់តែចង់និយាយចេញមកខាងក្រៅប្រាប់មនុស្សស្រវឹងជោគជាំម្នាក់យ៉ាងណាពេលក្រោកឡើងគេក៏មិនចងចាំអ្វីដែរ តែបើសិនជានាងបៀមទុកតែម្នាក់ឯងនាងប្រាកដជាស្ទះស្លាប់ជាមិនខាន។
YOU ARE READING
❦ម្ចាស់បេះដូង❦
Romanceសរសេរដោយ: ជូសសុី(ម៉ូរី) តួប្រុស: ផាក ជីមីន តួស្រី: លី យ៉ាហ្វី