រឿង #ម្ចាស់បេះដូង
ភាគទី ០៤ព្រឹកព្រលឹមថ្ងៃថ្មី ព្រះអាទិត្យរះបញ្ចេញពន្លឺពាសពេញផ្ទៃមេឃខៀវស្រងាត់ឲ្យមានពន្លឺស្រស់ថ្លាគួរឲ្យគយគន់ ខ្យល់បក់វិចៗនាំភាពត្រជាក់ល្ហឹមនាពេលព្រឹក នាងល្អិត យ៉ាហ្វី ឈរស្រោចទឹកផ្កាដែលនៅរៀនហាលខាងមុខអមដោយស្នាមញញឹមស្រស់ថ្លាលម្អផ្ទៃមុខ នាងមានអារម្មណ៍ល្អស្រស់ថ្លា សប្បាយចិត្តជាងរាល់ថ្ងៃពេលដែលនាងនៅផ្ទះជាមួយនឹងមីងចិត្តអាក្រក់របស់នាងឆ្ងាយណាស់។ រាងស្តើងឈរស្រោចទឹកផ្កាដោយមិនដឹងថាមានកែវភ្នែកមួយគូរកំពុងតែភ្លឹកសម្លឹងបាញ់មករកនាងមិនដាក់នោះទេ រាងសង្ហាមាំទាំរបស់ជីមីនឈរពីផ្ទៃម្ខាងផ្អៀងផ្អកគយគន់សម្រស់ស្រីស្រស់ដែលតាំងពីគេជួបនាងមកមិនដែលឃើញនាងញញឹមបែបនេះទេមានតែភ័យខ្លាចនិងធ្វើមុខភ្លើៗតែនៅពេលដែលនាងញញឹមបែបនេះវាស្អាតរកថាមិនត្រូវហើយក៏ទាក់ទាញស្នាមញញឹមរបស់គេឲ្យលេចឡើងដោយឯកឯងផងដែរ
«លោក!! លោកត្រូវការញាំអាហារពេលព្រឹកទេខ្ញុំរៀបចំជូន»យ៉ាហ្វី ក្រឡេកឃើញនាយទើបរហ័សដាក់ធុងសម្រាប់ស្រោចទឹកផ្កាចុះដើរមករកគេយ៉ាងឱនគំនាប
«អឹម រៀបចំទៅ»នាយទាញអារម្មណ៍ដែលភ្លឹកភ្លាំងមុននេះមកវិញ រួចក៏សម្រួលអារម្មណ៍និយាយទៅកាន់នាងយ៉ាងធម្មតាបំផុតមុននឹងដើរចេញទៅតុអាហារ។ យ៉ាហ្វី រៀបចំអាហារដែលនាងបានធ្វើសម្រាប់គេដាក់ពាសពេញលើតុថែមទាំងមានកាហ្វេដែលនាងបានឆុងតាមបញ្ជារបស់គេផងដែរ
«លោក ថ្ងៃនេះខ្ញុំសុំទៅផ្ទះបានទេ?»ស្រីស្រស់វាចាទៅគេយ៉ាងសុភាពរាបសារជាការសុំក្តីអនុញ្ញាត្តពីចៅហ្វាយនាយ
«ទៅធ្វើអី?»ជីមីន ដួសបបរបង្គាដែលនាងបានធ្វើដាក់ចូលមាត់មួយម៉ាត់រួចក៏សួរទៅនាងដើម្បីចង់ដឹងពីហេតុផង
«គឺទៅយករបស់ខ្លះ ព្រោះពេលដែលមកក៏មិនបានយកអ្វីមកជាមួយទេ»យ៉ាហ្វី ស្រដីហេតុផលទៅកាន់គេតាមសំណួរដែលគេបានសួរ
«អឹម ទៅទៅ»
«ចាស៎ អរគុណលោក»ស្រីស្រស់ អរគុណគេរួចទើបរហ័សចូលទៅក្នុងបន្ទប់ដើម្បីរៀបចំខ្លួនទៅផ្ទះដើម្បីយករបស់ប្រើប្រាស់ខ្លះ។នាងតូច យ៉ាហ្វី ដើរចូលមកក្នុងបរិវេនផ្ទះដែលនាងធ្លាប់រស់នៅកន្លងមកតែវាមិនដែលបានផ្តល់ភាពកក់ក្តៅឲ្យនាងម្តងណាឡើយមានតែភាពរងាឯកកាលោកសង្រែងតែប៉ុណ្ណោះ
«មកធ្វើស្អី?»សម្លេងស្រ្តីចំណាស់បន្លឺឡើងដោយមិនស្វាគមន៍ពេលដែលឃើញវត្តមានរបស់ក្មួយស្រីដែលខ្លួនបានលក់នាងដើម្បីលុយកាលពីម្សិលមិញនោះ
«មកយករបស់»យ៉ាហ្វី ក៏ឆ្លើយទៅគាត់ដោយគម្រោះគម្រើយដូចគ្នា គាត់ធ្វើបាបនាងច្រើនណាស់ គាត់មិនដែលឲ្យតម្លៃចាត់ទុកនាងជាក្មួយផងរឿងអីនាងត្រូវឲ្យតម្លៃគាត់វិញនោះ ម្យ៉ាងពេលនេះនាងក៏លែងនៅពាក់ពាន់ជាមួយគាត់ទៀតដែរ
«ឆឹស ទៅបានតែមួយថ្ងៃសោះមកវិញក៏ធ្វើជាសម្តីខ្លាំងជាមួយអញ នាងឯងនេះវាមិនខុសពីក្រពើពិតមែន»គាត់និយាយទាំងពេបមាត់ពេបកទៅកាន់ យ៉ាហ្វីដែលកំពុងតែដើរតម្រង់ទៅរកបន្ទប់របស់នាងដើម្បីប្រមូលរបស់នោះ ស្រីល្អិតបញ្ឈប់ដំណើរភ្លាមៗរួចក៏ងាកមកតជាមួយគាត់ដោយមិនចាំយូរ
«ខ្ញុំគ្មានហេតុផលអីត្រូវល្អជាមួយមីងពេកទេព្រោះខ្ញុំនិងមីងក៏លែងមានអ្វីពាក់ព័ន្ធគ្នាទៀតដែរ ហើយពាក្យថាក្រពើនោះវាសមប្រើជាមួយមីងច្រើនជាងខ្ញុំ»យ៉ាហ្វី តបតពាក្យដែលនាងគុំចង់និយាយចេញមកជាយូរ ពាក្យថាក្រពើសមប្រើជាមួយគាត់មិនមែននាងទេព្រោះបើមិនដោយសារតែបានគ្រួសារនាងម្ល៉េះពេលនេះគាត់ប្រហែលជាដេកតាមចិញ្ចើមផ្លូវផងមិនដឹង តែឥឡូវមើលអ្វីដែលគាត់សងមកគ្រួសារនាងវិញចុះ
«នាងហ្វី នាងឯង»ស្រ្តីចំណាស់ខឹងឡើងក្រហមមុខ គាត់យាដៃបម្រុងនឹងទះនាងទៅហើយតែពេលនេះគិតថានាងឲ្យគាត់វាយបានស្រួលដូចពេលមុនចឹងឬ?
«មីងសាកលមើលទៅ ជឿថាខ្ញុំទះមីងវិញទេ?»យ៉ាហ្វី យាដៃដាក់គាត់វិញទាំងមុខស្មើធេងមើលក៏ដឹងថានាងមិនបាននិយាយលេងទើបគាត់រហ័សទម្លាក់ដៃចុះវិញ គាត់ចាស់ហើយមានកម្លាំងឯណាទៅតទល់ជាមួយនាងនោះ។
YOU ARE READING
❦ម្ចាស់បេះដូង❦
Romanceសរសេរដោយ: ជូសសុី(ម៉ូរី) តួប្រុស: ផាក ជីមីន តួស្រី: លី យ៉ាហ្វី