ក្រោយពេលគេបានស្រួលខ្លួនឡើងវិញ រាងក្រាស់ក៏នាំប្រពន្ធកូនឡើងយន្តហោះត្រឡប់ទៅផ្ទះវិញដោយនាយមានការងារច្រើនជាប់ដៃជាប់ជើងផង ទើបមិនអាចកំដរកូនដើរលេងបានយូរ។
"ឌែតឌីទៅធ្វើការវិញហើយមែនទេប៉ាៗ?"
ជែតអង្គុយសំកុកនៅក្នុងបន្ទប់ទាំងអារម្មណ៍មិនសប្បាយចិត្តក្រោយពេលត្រឡប់មកវិញ ព្រោះតាំងតែពីព្រឹកដល់ពេលនេះ នាងមិនទាន់បានឃើញឌែតរបស់នាងនៅឡើយទេ សូម្បីអាហារពេលល្ងាចក៏មិនដឹងថាបានញ៉ាំជុំគ្នាឬអត់ដែរ។ វាធ្វើឲ្យនាងនឹកឃើញពេលវេលាដែលនៅអង់គ្លេស នាងកម្រទទួលបានភាពកក់ក្ដៅពីគាត់ណាស់ ដោយសារតែគាត់រវល់ច្រើន ដូច្នេះនាងក៏នៅតែក្នុងផ្ទះដ៏ធំទូលាយតែម្នាក់ឯង នឹកប៉ា នឹកប្អូនៗយ៉ាងណាក៏មិនអាចប្រាប់នរណាបាន មានតែលួចយំតែឯកឯងគ្មានអ្នកខ្វល់។
"បាទ តែឌែតឌីគង់តែមកវិញទេ ហើយចាំពួកយើងញ៉ាំបាយជាមួយគ្នា"
"ប៉ាៗកុហក ឌែតឌីមិនមកជួបកូននោះទេ"
បើមិនយប់ជ្រៅ ក៏ស្អែកទើបត្រឡប់មកវិញដែរ រឿងអស់នោះនាងធ្លាប់ជួបរូចមកហើយ នាងដឹងច្បាស់ណាស់ ហើយក៏មិនជឿទៀតឡើយ។
"ជែត! ឌែតឌីកូនមានការងារច្រើនណាស់ត្រូវធ្វើ គាត់អាចនឹងមិនសូវមានពេលមើលថែពួកកូននោះទេ តែឌែតឌីស្រលាញ់កូនៗណាស់ដឹងទេ?"
ថេយ៉ុងសិតសក់ឲ្យកូនស្រីបណ្ដើរនិយាយលួងលោមកូនបណ្ដើរ នាយក៏អាណិតកូនណាស់ដែរតែមិនដឹងធ្វើអ្វីបានក្រៅពីលួងកូន កុំឲ្យនាងគិតផ្ដេសផ្ដាស។
"មែនហេស?"
"បាទ ប៉ាមិនកុហកទេ។ កុំយំអីណា កូននៅមានប៉ា មានប្អូនប្រុសកូនទៀត ពួកយើងមិនឯកានោះទេ"
"ចុះបើកូនត្រូវត្រឡប់ទៅអង់គ្លេសវិញនោះ តើបាននរណានៅជាមួយកូនទៀត?"
"ព្រះអើយ! កូនប៉ា"
ត្រឹមលឺពាក្យសម្ដីកូននិយាយដូច្នោះ នាយតូចក៏ចាប់ផ្ដើមក្ដុកក្ដួលរកកលចង់យំដូចគ្នា ព្រោះនាយក៏នឹកកូនចង់បានកូនមកនៅជាមួយ មិនចង់ឈ្លាតគ្នាសូម្បីតែមួយថ្ងៃ។ កូនស្រីនាយតូចតែមួយ ឲ្យនាងទៅរស់នៅកណ្ដោចកណ្ដែងតែម្នាក់ឯងនៅទីនោះទៀត នាយធ្វើចិត្តមិនបានទេ។គ្រប់យ៉ាង វាពិតជាដូចកូននាយនិយាយមិនខុសមែន ទាល់តែហួសម៉ោងអាហារពេលល្ងាយទើបគេត្រឡប់មកផ្ទះវិញ តែក៏ល្អម្យ៉ាងដែលគេចេះទិញការ៉េមយកមកស្អំចិត្តកូនៗនិងនាយដែរ ប៉ុន្តែទោះយ៉ាងណាវានៅតែមានចំណុចឲ្យនាយចាប់បាន...
"អូនកើតអីទៀតហើយ?"
ជេឃេចាប់ដៃប្រពន្ធជាប់មិនឲ្យទៅណាក្រោយឃើញគេដូចព្យាយាមគេចពីនាយមិនដឹងមូលហេតុអ្វី។
"អូនក៏ដឹងថាយើងរវល់ប៉ុណ្ណា មិនមែនមកខឹងរឿងនេះទេដឹង"
"មិនមែនរឿងនោះទេ"
"ចុះរឿងអី ទើបមកងរង៉ក់ប៉ះមិនបាន?"
ពេលនាយមិនចង់ឈ្លោះ គេបែជាមកបបួលឈ្លោះគ្មានហេតុផល។ នៅសុខៗក៏ធ្វើជាកណ្ដើយៗ មិនស្ដី មិននិយាយរកឲ្យនាយខ្វល់ខ្វាយចិត្តទៅកើត។
"បងពិតជាទើបតែមកពីធ្វើការមែនហេស?"
"ប្រាប់រូចហើយតាស ថ្ងៃនេះយើងទៅញ៉ាំអាហារពេលល្ងាចជាមួយភ្ញៀវទើបមិនបានមកបាយជុំគ្នា"
"ទៅជាមួយភ្ញៀវ?"
"ថេយ៍! អូនចេះមកសួរដេញដោលរឿងការងាររបស់យើងតាំងពីពេលណា?"
គេប្លែកៗ ពីមុនមិនហ៊ានបែបនេះទេ ឬគិតថានាយកំពុងតែស្រួលជាមួយ ទើបហ៊ានមករាលដាលដល់រឿងការងាររបស់នាយ?
"អូនមិនបានចង់សួរនាំរឿងការងារដ៏ធំដុំរបស់បងទេ អូនកំពុងចង់សួររឿងក្លិនទឹកអប់លើខ្លួនរបស់បងទៅវិញទេ"
"អ៎ គឺ..."
"ប្រាប់មក ថាបងទៅជួបនរណា?!"
ដល់ពេលថេយ៉ុងចាប់ផ្ដើមតម្លើងសម្លេងស្រែកដាក់នាយបែបនេះ នាយក៏ចេះភ័យចាប់ផ្ដើមនិយាយអ្វីមិនចេញ ព្រោះមិនដឹងថាគួររកលេស ឬបកស្រាយបែបណាប្រាប់គេនោះទេ។
"យើង... យើងជាពិតជាទៅជួបភ្ញៀវមែន"
"ហឹស! បងប្រហែលគិតថាអូនល្ងង់ណាស់ហើយមើលទៅ"
ទោះស្បថទៀតក៏នាយមិនជឿនោះដែរ ក្លិននេះហើយគឺជាក្លិនតារាប្រុសម្នាក់នោះដែលបានដិតជាប់ខ្លួនរបស់គេកាលពីថ្ងៃមុន។ សញ្ជាតិញ្ញាណរបស់នាយចាំបានច្បាស់ខ្លាំងណាស់ វាគ្មានថ្ងៃខុសនោះទេ។ ភ្ញៀវឯណាបាញ់ទឹកអប់ដល់ឈ្លក់បែបនេះ ថែមទាំងជាប់ដល់អាវរបស់គេទៀតផង បើមិនទៅល្អូនល្អើននឹងគ្នា វាគ្មានរឿងបែបនេះទេ។
"ប្រពន្ធសម្លាញ់ ស្ដាប់ប្ដីសិនបានទេ?"
"មិនចង់ស្ដាប់!"
រាងស្ដើងមិនចង់នៅស្ដាប់ការដោះសាររបស់គេទៀតឡើយ នាយជឿខ្លួនឯង មិនជឿការបកស្រាយផ្ដេសផ្ដាសរបស់គេនោះទេ។ នាយសម្រេចដើរគេចទៅរកកូនៗដែលកំពុងអង្គុយញ៉ាំការ៉េមមើលទូរទស្សន៍ មិនខ្ចីខ្វល់ពីការលន់តួរបស់គេនោះទេ។
"យើងពិតជារវល់ទៅជួបភ្ញៀវមែន មិនដូចអ្វីដែលអូនគិតទេ"
"..."
"ថេយ៍...?"
សុខៗរាងតូចស្រាប់តែឈរធ្មឹងលែងកម្រើក ពេលក្រលេកឃើញពត៌មានដែលគេចុះផ្សាយនៅលើទូរទស្សន៍។ វាជាពត៌មានរបស់ពួកតារាល្បីៗហៃសូដែលត្រូវអ្នកសារពត៌មានលួចប្រមាញ់បានប៉ុណ្ណោះ ប៉ុន្តែនាយឆ្ងល់ណាស់ ហេតុអីស្វាមីនាយនៅក្នុងនោះដែរ ក្រែងថាទៅជួបភ្ញៀវមិនអ៊ីចឹង? ហេតុអីត្រូវគេថតបាន ឃើញចេញញ៉ាំអាហារពេលល្ងាចជាមួយតារាប្រុសក្មេងខ្ចីនោះទៅវិញ។ មិនខុសទេ ក្មេងនោះជាមនុស្សតែមួយដែលមានរឿងអាស្រូវជាមួយស្វាមីរបស់នាយលើកមុន។
"ថេយ៍... តាមពិតគឺ..."
ព្រះអើយ! បបូរមាត់នាយឡើងញ័រអស់ហើយ នាយមិនធ្លាប់ភ័យខ្លាចរឿងអ្វី ជាងខ្លាចទឹកមុខប្រពន្ធខ្លួនឯងនៅពេលនេះនោះទេ។ កុហកហើយត្រូវគេចាប់ទាន់ជាន់កែងភ្លាមៗបែបនេះ វាជាលើកទីមួយហើយ។
"ប៉ាៗ... នេះ!"
ពួកគេបានស្ដាប់លឺសម្ដីដោះសារគ្រប់ម៉ាត់របស់ឌែតឌី ទើបម្នាក់ៗសម្លក់សម្លឹងទៅគាត់គ្រប់គ្នាបែបមិនពេញចិត្ត។ ឯជេយ៍ឆ្លៀតពេលនោះក៏ហុចខ្នើយនៅលើសាឡុងឲ្យទៅប៉ារបស់ខ្លួន ព្រោះមើលទៅគាត់ក៏កំពុងចង់រកអីមកបញ្ចេញកំហឹងដូចគ្នា។
"មនុស្សថោកទាប!"
"អូយ៎ អូនស្ដាប់យើងសិន"
ត្រូវមួយខ្នើយកណ្តាលមុខហើយក៏គេនៅតែមិនព្រមឈប់តាមថេយ៍ ទើបនាយតូចទាញតេលេទូរទស្សន៍ដែលជែកហុចឲ្យគប់ទៅគេវិញម្ដង តែក៏ត្រូវគេគេចទាន់។
"កុំមកជិតខ្ញុំ!"
សម្ដីផ្អែមល្ហែមអូនបងអីគឺលែងមានទៀតហើយសម្រាប់មនុស្សមិនស្មោះត្រង់ម្នាក់នេះ។ រឿងអីហេតុអី គេហ៊ានទុកនាយនិងកូនចោល ហើយលួចទៅរកប្រុសក្មេងម្នាក់នោះ។ ប្រហែលជានឹកគ្នាណាស់ដែលបាត់គ្នាប៉ុន្មានថ្ងៃ បានជាមកវិញមិនទាន់បានប៉ុន្មានក៏ណាត់គ្នាចេញក្រៅបណ្ដើរពេញមុខពេញមាត់។
"នោះជាការយល់ច្រឡំទេ យើងគ្មានចេតនាឡើយ!"
"ប៉ាៗ យកអានេះវិញទៅ"
"..."
"អូន... អូនកុំធ្វើអ៊ីចឹងអីណា៎"
ជេឃេព្យាយាមចូលទៅរម្ងាប់អារម្មណ៍ប្រពន្ធ ពេលឃើញគេទទួលថូផ្កាពីជែតមកទុកក្នុងដៃ គេមិនមែនចង់យកវាមកគប់នាយទៀតទេមែនទេ?
"កោតតែបងហ៊ានធ្វើទៅរួច ទាំងដឹងហើយថាអូននិងកូនកំពុងតែរង់ចាំបងនៅក្នុងផ្ទះ"
នាយខំលួងលោមកូនឲ្យគិតល្អៗពីឌែតឌីរបស់ពួកគេ តែចុងក្រោយកូនៗក៏មកឃើញទង្វើរក្បត់របស់គេពេញៗភ្នែកតែម្ដង។ តើគេមានអាណិតចិត្តកូនដែរទេ?
ទឹកភ្នែកនាយស្រក់តក់ៗព្រោះឈឺចាប់ខ្លាំងពេក តែនៅតែមិនហ៊ានលើកដៃ ធ្វើបាបរាងកាយមនុស្សដែលខ្លួនស្រលាញ់ ទើបសម្រេចចិត្តដាក់ថូផ្កាចុះ រួចរត់ឡើងទៅលើបន្ទប់។
នាយមិនចង់ឈ្លោះវែកញែកនៅចំពោះមុខកូនតែគេនៅតែតាមដោះសារប្រាប់នាយមិនឈប់ តែវិនាទីនេះ នាយមិនចូលអ្វីទាំងអស់។
"ប្រពន្ធសម្លាញ់! មិនមែនបែបហ្នឹងទេ យើងគ្រាន់តែចៃដន្យជួបគេប៉ុណ្ណោះ"
រាងក្រាស់ចាប់ដៃគេជាប់ឃាត់មិនឲ្យគេចូលបន្ទប់ នាយចង់មានពេល និយាយគ្នាឲ្យដឹងខុសត្រូវ មិនចង់ឈ្លោះ ហើយកាន់តែមិនចង់ឲ្យមានការយល់ច្រលំ។
"បើចៃដន្យជួបគ្នា ហេតុអីក៏ឲ្យគេឡើងឡានជាមួយ? ហេតុអីជូនគេទៅដល់ខន់ដូរ ហឹកៗ?"
"សារព័ត៌មាននោះពន្លើសទេ យើងមិនបានហៅគេឡើងឡាន កាន់តែមិនបានជូនគេទៅខន់ដូរទៀត!"
"ចុះពីដំបូងបងទៅជួបគេ ទៅញ៉ាំបាយជាមួយគ្នាធ្វើអី?"
"យើងទៅជួបភ្ញៀវហើយចៃដន្យជួបគេក៏..."
"បានហើយៗ! មិនចង់ស្ដាប់ទៀតទេ ចេញទៅ!"
"ប្រពន្ធសម្លាញ់ កុំអ៊ីចឹងអី"
ទោះថេយ៉ុងចង់គក់នាយឲ្យធ្លាក់ថ្លើមទៀត ក៏នាយមិនព្រមដោះលែងគេដែល សុខចិត្ដក្រាញននៀលមិនព្រមទៅណាទេ។
ពាក្យសម្ដីគេគ្រប់ម៉ាត់ សុទ្ធតែមិនអាចយកជាការបាន។ ឲ្យនាយជឿបានយ៉ាងម៉េចថាពួកគេមិនបានឡើងឡានជាមួយគ្នា បើគេយកផ្សាយពេញប្រទេសទៅហើយ?
"ចេញ! ចេញទៅ អាប្ដីគម្រក់!"
"យើងមិនទៅណាទេរហូតទាល់តែអូនស្ដាប់ហេតុផលយើងសិន"
"មិនទៅហេស? មិនចេញទៅមែនទេ អ៊ីចឹងទុកឲ្យអូនជាអ្នកចេញ!"
មុខគេក៏នាយមិនចង់ឃើញទៀតដែរ បើគេមិនព្រមចេញពីបន្ទប់នេះទេ នាយចេញក៏បាន។
"យល់ព្រមៗ យើងចេញ យើងចេញក៏បាន"
បើគេចេញទៅដេកលើសាឡុងខាងក្រៅទៀតនោះវាមិនល្អដល់សុខភាពនិងរាងកាយទេ ទើបជេឃេសុខចិត្តចុះចាញ់ព្រមដើរចេញ ដើម្បីរម្ងាប់អារម្មណ៍រាងខ្លួន។
"កូនសុំគេងដែរមកប៉ាៗ"
មុននឹងបិទទ្វារកូនភ្លោះទាំងពីរក៏រត់មករកនាយ ចង់គេងជាមួយ ចង់ឱបប៉ាដូចរាល់ដង តែបែជាត្រូវនាយបដិសេធមិនឲ្យចូល។
"មិនឲ្យចូលទេ មុខហ្នឹងមុខខូចដូចឌែតឌីណាស់ ទៅគេងកន្លែងផ្សេងទៅ ឃើញមុខហើយខ្លាចអារម្មណ៍មិនល្អ នឹកឃើញដល់អ្នកខ្លះ"
ថេយ៍ខឹងនាយរហូតដល់ថ្នាក់កូនសុំគេងជាមួយក៏មិនឲ្យគេងដែរ?
"អ៊ីចឹង ជែតមុខដូចប៉ាៗ ប៉ាឲ្យជែតចូលទេ?"
"ហឺយ! មិនឲ្យ ដូចតែមុខតែចរិតដូចឌែតឌីក៏មិនចូលដែរ! *គ្រាំង"
ចុងក្រោយបួននាក់ឳកូនក៏ត្រូវគេដេញមិនឲ្យចូលបន្ទប់គ្រប់ៗគ្នា តែជេឃេដូចជាពិបាកជាងគេព្រោះសូម្បីតែកូនៗក៏ចាប់ផ្ដើមខឹងនាយ ម្នាក់ៗសម្លក់នាយមិនដាក់ភ្នែក។
"គឺ... ឌែត... ឌែតសុំទោសណា៎ "
"..."
"ជែត? ជេយ៍? ជែក?"
មានកូនបីនាក់តែគ្មាននរណាព្រមទទួលពាក្យសុំទោសពីនាយទេ ពួកគេនាំគ្នាដើរចេញទុកឲ្យនាយអង្គុយយាមមាត់ទ្វារបន្ទប់ប្រពន្ធតែម្នាក់ឯង។ សូម្បីតែគោះទ្វារក៏មិនហ៊ានគោះព្រោះខ្លាចរំខានគេគេង ខ្លាចគេខឹងកាន់តែខ្លាំង។
ហឺយ! ធ្វើយ៉ាងម៉េច ទើបប្រពន្ធឈប់ខឹង?To be continue 💗
ភាគនេះម៉េចដែរ អ្នកទាំងអស់គ្នា? រឿងនេះជិតចប់ហើយ admin កំពុងតែរៀបចំធ្វើជាសៀវភៅបណ្ដើរៗ 😛😛
![](https://img.wattpad.com/cover/335438589-288-k962231.jpg)
YOU ARE READING
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanficថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...