ពេលឃើញប្រពន្ធខូចចិត្តដល់ថ្នាក់គេងយំ ទឹកភ្នែករហេមរហាម នាយនៅមិនសុខនោះទេ។ នាយចង់ស្ទុះទៅឱបគេយ៉ាងណែន ហើយបកស្រាយរឿងយល់ច្រលំគ្រប់យ៉ាង កុំឲ្យគេគិតតែឯងតែបើនិយាយចេញទៅ គេរឹតតែខូចចិត្ត។
ជេឃេលួចចូលបន្ទប់ថេយ៍ទាំងកណ្ដាលយប់ ដើម្បីឲ្យប្រាកដថាគេមិនបានកើតអី ដល់ពេលចូលទៅរកក៏ឃើញថាដំណក់ទឹកភ្នែកគេគឺនៅជាប់នឹងថ្ពាល់នៅឡើយ។ បើដឹងថាបែបនេះ នាយនឹងមិនទៅជួបក្មេងម្នាក់នោះទេ ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ ធ្វើឲ្យប្រពន្ធកូនពិបាកចិត្ត។
"សុំទោសៗ លើកលែងឲ្យយើងផងណា៎"
ម្ដងនេះនាយពិតជាខុសពិតមែនដែលទៅលួចជួបប្រុសផ្សេង។នាយគិតថាគ្រាន់តែជួបញ៉ាំអីមួយពេលប្រហែលជាមិនអីទេ នរណាទៅដឹងថាត្រូវអ្នកសារព័ត៌មានចាប់បាន ហើយសរសេរពន្លើសបែបនេះនោះ!
កុំឲ្យនាយចាប់បានឲ្យសោះថានរណាជាអ្នកសរសេរព័ត៌មាននេះឡើងមក មិនអ៊ីចឹងនាយនឹងប្ដឹងឲ្យក្រុមហ៊ុនពួកវារលំរលាយមិនខានទេ។
ក្រោយពីលួចសុំទោសនៅក្បែរត្រចៀករាងតូចរួច នាយក៏ឱនថើបថ្ពាល់គេថ្នមៗ មុននឹងដណ្ដប់ភួយឲ្យហើយដើរចេញទៅបន្ទប់ខ្លួនវិញ។
ព្រឹកឡើង នាយក៏ត្រឡប់ទៅធ្វើការដូចគ្មានរឿងអ្វីកើតឡើង តែការពិតក្នុងចិត្តបារម្ភតែពីប្រពន្ធនៅតែផ្ទះ។
"លោកប្រធាន មានអ្នកចង់ជួប"
"បើមិនចាំបាច់ទេ ដេញគេទៅវិញទៅ"
មនុស្សកំពុងតែអារម្មណ៍មិនល្អត្រូវប្រពន្ធមិននិយាយរកផង គ្មានចិត្តឯណាចង់ជួបភ្ញៀវអីទេ ណាមួយកំពុងតែឆាប់បង្ហើយការងារ អាងទៅផ្ទះមុនព្រលប់។
"តែគេ... ជាតារាប្រុសដែលលោកប្រធានជួបកាលពីថ្ងៃមុន"
"ហើយយ៉ាងម៉េច? យើងមានអីពាក់ព័ន្ធនឹងគេ?"
"គឺខ្ញូំគិតថា..."
"ឯងក៏គិតថាយើងទាក់ទងជាមួយគេដែរហេស?"
"បាទ"
ចប់មិនខានទេ! សូម្បីតែមនុស្សជំនិតក៏គិតអ៊ីចឹងដែរ ចុះទម្រាំប្រពន្ធរបស់នាយគេមិនរឹតតែគិតច្រើនទេហេស?
"ប្រាប់គេទៅ ថាយើងមិននៅក្រុមហ៊ុនទេ"
"បាទ លោក"
"លើកក្រោយបើហ៊ានមករកយើងទៀត ដេញគេចេញទៅ"
"បាទ!"
ទោះជាបានដំណឹងថាកំពូលអ្នកជំនួញដូចជាលោកដេវីលសុនមិននៅក្រុមហ៊ុនក៏ដោយ ក៏រាងតូចមីលីជំនះចង់ជួបគ្នាសាសងជាមួយគេទាល់តែបាន ទើបនឹកចង់ទៅលេងគេដល់ផ្ទះ ឲ្យដឹងគ្នាតែម្ដង។ នាយបើកឡានចូលទៅក្នុងផ្ទះរបស់មហាសេដ្ឋីអ៊ីតាលីទាំងគ្មានខ្លាចរអារ កាន់តែឃើញភាពធំស្កឹមស្កៃរបស់ផ្ទះនេះ នាយកាន់តែនឹកចង់បានគេលើសដើម ក្នុងចិត្តជឿជាក់ពេញទំហឹងថាគេក៏ចាប់អារម្មណ៍នឹងនាយដូចគ្នា។ មិនបានអី បានត្រឹមធ្វើកំណាន់ចិត្តគេ នាយក៏មានសំណាងណាស់ដែរ។
"ងាយខ្លាំងណាស់"
ឃើញថាទោះទីនេះមានមនុស្សយាមកាមតឹងតែង តែនាយតូចបែជាអាចចូលបានយ៉ាងងាយស្រួលដោយគ្រាន់តែកុហកគេថានាយជាមនុស្សរបស់លោកដេវីលសុន។ តែថានេះមិនមែនជាការកុហកទាំងស្រុងទេ មុននិងក្រោយវាគង់តែក្លាយជាការពិត។ និយាយអ៊ីចឹងមកដល់យូរហើយ គ្មាននរណាចេញមកទទួលសោះ ប្រហែលជាត្រូវសម្រុកចូលផ្ទះគេតែម្ដងហើយ។
"លោកពូជានរណា? មករកអី?"
គ្រាន់តែរកឈានជើងចូលទៅក្នុងផ្ទះ មីលីក៏ត្រូវរងក្រសែភ្នែកមើលងាយពីកូនប្រុសពៅរបស់ផ្ទះនេះ ធ្វើឲ្យនាយសើចលែងសម។
"គឺបងប្រុសមកជួបលោកដេវីលសុនហ្នឹងណា គាត់នៅជាន់ណាដែរ?"
នាយមិនខ្វល់ពីកូនប្រុសរបស់គេនោះទេ សំខាន់គឺចង់ជួបគេជាង បើបានដេតឌីគេនៅក្នុងដៃហើយ កូនចាំចាត់ការតាមក្រោយ។
"មានសិទ្ធិអីចូលផ្ទះខ្ញុំ?"
ម្ដងនេះ ជេយ៍ជាអ្នកចេញមុខវិញម្ដង មើលតែទឹកមុខរបស់គេក៏ដឹងដែរថាគេកំណាចមិនចាញ់ឪពុកគេនោះទេ។
"គឺខ្ញុំជាមិត្តរបស់ដេតឌីរបស់ពួកឯង មិនចាំទេហេស? ពួកយើងធ្លាប់ជួបគ្នានៅ..."
"ទោះជានរណាក៏ដោយ ឆាប់ទៅវិញទៅព្រោះខ្ញុំមិនអនុញ្ញាត!"
"ក្មេងនេះ! ដឹងទេ បើដេតឌីពួកឯងដឹងថាឯងដេញខ្ញុំចេញនោះ គេប្រាកដជាខឹងមិនខាន"
មើលទៅក្មេងៗអស់នេះ ប្រហែលជាគ្មានប៉ាប្រដៅមែនហើយបានជាម្នាក់ៗឈ្លើយយ៉ាងនេះ។ មិនអីទេ ទុកឲ្យនាយជាអ្នកលុតដំពួកគេ។
"អ្នកឯងខ្លាំងក្លាមកពីណា? ហ៊ានណាស់មកគម្រាមកូនខ្ញុំ!"
ចប់សម្ដី មីលីក៏ឃើញម្ចាស់សម្លេងដើរមកពីចម្ងាយជាមួយនឹងកូនស្រីរបស់គេម្នាក់ទៀត។ បើនាយស្មានមិនខុសទេ គេជាប្រពន្ធរបស់លោកដេវីលសុន? ពេលបានឃើញសម្រស់របស់គេពេញៗភ្នែកបែបនេះ ទើបជំនឿចិត្តរបស់នាយទាំងប៉ុន្មានត្រូវធ្លាក់ដល់សូន្យ។ ប្រពន្ធរបស់គេកូនបីហើយស្អាតដូចជាក្មេង១៨ឆ្នាំ តើនាយម៉េចនឹងអាចប្រៀបបាន?
"លោកគឺ..."
"ចេញពីផ្ទះរបស់ខ្ញុំ! មុននឹងខ្ញុំហៅមនុស្សឲ្យចាប់បោះអ្នកឯងចេញពីទីនេះ! កូនៗ តោះពួកយើងចូលទៅក្នុងវិញ"
"ខ្ញុំមិនទៅណា! លុះត្រាតែបានជួបលោកដេវីលសុនសិន"
ថេយ៉ុងសឹងទប់អារម្មណ៍លែងបានពេលបានលឺគេហៅឈ្មោះស្វាមីរបស់ខ្លួន។ បើកុំតែគិតថាកូនកំពុងនៅជាមួយទេនោះ នាយចង់តែចូលទៅបោចសក់គេខ្លាំងៗ ឲ្យភ្ញាក់រលឹក កុំឲ្យមករកប្ដីគេដល់ផ្ទះ ។
"ហឹស! មុខក្រាស់"
"ថា... ថាម៉េច?"
"ពួកឯង! ចាប់មនុស្សម្នាក់នេះចេញពីផ្ទះឲ្យឆាប់"
"នែ៎ពួកឯង! លែង... លែងខ្ញុំ!"
មនុស្សគ្មានកេរ្តិ៍ខ្មាសបែបនេះ នាយមិនចង់សូម្បីតែឈ្លោះជាមួយ ការដែលបណ្ដេញចេញវាជារឿងល្អបំផុត។ តែនរណាទៅដឹង ដល់ពេលនេះទើបអ្នកដែលបង្ករឿងលេចមុខ។
"មានរឿងអីហ្នឹង?"
ជេឃេត្រឡប់មកពីក្រុមហ៊ុនទាំងប្រញាប់ប្រញាល់ពេលលឺដំណឹងថាមានភ្ញៀវមករកនាយដល់ផ្ទះ ជាភ្ញៀវដែលនាយមិនបានអញ្ជើញទាល់តែសោះ។
"លោកដេវីលសុន?"
មីលីញញឹមរីកមុខរីកមាត់ក្រោយឃើញមនុស្សដែលខ្លួនរង់ចាំបានមកដល់ នាយខំតែគិតថា គេនឹងមកជួយនាយពីដៃប្រពន្ធកំណាចគេហើយ តែមិនស្មានថាក្នុងភ្នែកគេនាយប្រៀបដូចជាសម្រាម។
"ថេយ៉ុង? អូនមានកើតអីទេ?"
"មិនបាច់មកសួរទេ! ចាត់ការរឿងប្រុសកំណាន់របស់បងទៅ!"
គេជាអ្នកសាង នាយនឹងទុកឲ្យគេជាអ្នកដោះស្រាយ។ នាយមិនចង់ព្រោះតែស្វាមីក្បត់ម្នាក់ទៅឈ្លោះដណ្ដើមជាមួយឆ្កែឆ្មានោះទេ។
"ពួកឯងចាត់ការក្មេងម្នាក់នេះឲ្យយើង ធ្វើយ៉ាងណាកុំឲ្យគេហ៊ានចូលមកអុកឡុកគ្រួសារយើងទៀត"
រាងក្រាស់បោះសម្ដីទាំងប៉ុន្មានទៅកូនចៅរបស់ខ្លួនដោយមិនខ្ចីសូម្បីតែងាកក្រោយមើលមុខរបស់មីលី។ នាយស្បថបានថានាយគ្មានចេតនា រឹតមិនបានតាំងចិត្តឲ្យរឿងនេះកើតឡើងទេ នាយមិនដឹងរឿងសូម្បីតែបន្តិច។
តែរឿងមកដល់ដំណាក់កាលនេះទៅហើយ តើថេយ៉ុងអាចនឹងជឿសម្ដីនាយដែរទេ?
"ប្រពន្ធសម្លាញ់? យើងមានរឿងចង់និយាយជាមួយអូន"
នាយខំតាមគេរហូតដល់ក្នុងផ្ទះតែគេមិនស្ដី មិនឆ្លើយតបអ្វីទាំងអស់ ពោលគឺគេកំពុងធ្វើជាមិនលឺសម្ដីនាយ។
"អូននិយាយអីបន្តិចមក យើងពិបាកក្នុងខ្លួនណាស់ពេលអូនកន្តើយៗដាក់យើងបែបនេះ"
"..."
នាយរហ័សទាញគេមកឱបជាប់ទ្រូង ចង់បកស្រាយការពិតប្រាប់នៅពេលនេះ ប្រាប់ថានាយគ្មាននរណាក្រៅពីគេទេ។
"យើងមិនដឹងថាគេមករករឿងអូនទេ យើងប្រាប់តាមត្រង់ យើងពិតជាគ្មានទំនាក់ទំនាក់ទំនងស៊ីជម្រៅអីជាមួយគេមែន"
"ហឹកៗ ចុះបងទៅជួបគេថ្ងៃនោះធ្វើអី? ម៉េចក៏បងឆ្លើយហាស?"
នៅសុខៗក៏ទៅណាត់ជួបគេស្ងាត់ៗ តើឲ្យនាយជឿយ៉ាងម៉េចថាមិនទាក់ទងគ្នា? នាយចង់ស្ដាប់ហេតុផលសមរម្យមួយចេញពីមាត់គេ តែគេនៅតែឆ្លើយមិនបាន។
"តើការលះបង់របស់អូននៅមិនទាន់គ្រប់គ្រាន់សម្រាប់បងទៀតមែនទេ? ហេតុអីក៏បងចាំបាច់ដាក់ទោសអូនដោយបែបនេះ? អូនឈឺចាប់ណាស់ពេលដឹងថាស្វាមីខ្លួនទៅរកគេ បងដឹងដែរទេ?"
មកដល់ដំណាក់កាលនេះ នាយលែងខ្មាសហើយទោះកូនៗនៅទីនេះទៀតក៏នាយនៅតែមានគំនិតដដែល គឺចង់លែងលះជាមួយគេ។
"អូនពិតជាចង់លែង..."
~ក្រឹប
ថេយ៍មិនទាន់ទាំងនិយាយចប់ផង រាងក្រាស់ក៏លុតជង្គង់ក្រឹបនៅចំពោះមុខរបស់នាយ។ គេមិនដែលបែបនេះ គេមិនដែលគិតថាខ្លួនឯងខុសម្ដងណា តើពេលនេះគេមកលន់តួនៅចំពោះនាយដើម្បីអ្វី?
"សូមអង្វរ កុំនិយាយពាក្យនោះចេញមកអី"
"បងចេះខ្លាច ចេះអង្វរអ្នកដទៃដែរ?"
"យើងដឹងយើងអាក្រក់ចំពោះអូន តែកុំគិតចង់លែងលះអី កូនៗយើងធំៗណាស់ហើយ ណាមួយ..."
"យ៉ាងម៉េច? មានតែរឿងកូនទេហេស?"
គេមានតែហេតុផលតែប៉ុណ្ណឹងតាំងពីដើមមក គេយកកូនមកចងនាយច្បាស់ណាស់។
"យើង... យើងក៏ត្រូវការអូនដែរ"
បើគ្មានថេយ៉ុងទេនោះ តើឲ្យនាយរស់យ៉ាងម៉េចបាន?
"យើងក្បត់អូនបានយ៉ាងម៉េច បើក្នុងចិត្តរបស់យើងមានតែអូនម្នាក់គត់តាំងតែពីជួបគ្នាលើកដំបូង"
ចម្លើយសារភាពរបស់គេធ្វើឲ្យរាងតូចរំជើបរំជួលណាស់ដែរ តែនៅតែមិនទាន់អាចលើកលែងទោសឲ្យគេភ្លាមៗ។
"ជាងដប់ឆ្នាំមកនេះ តាំងពីមានអូន យើងមិនដែលប៉ះពាល់នរណា មិនដែលសូម្បីតែគិត។ យើងជួបគេព្រោះតែរឿងមួយប៉ុណ្ណោះ គឺ..."
និយាយហើយនាយក៏លូកយកប្រអប់កាំម្ញីពណ៌ក្រហមចេញពីហោប៉ៅអាវធំរបស់ខ្លួន បើកបង្ហាញទៅកាន់រាងតូច។
"យើងបានចាប់អារម្មណ៍លើឈុតខ្សែកពេជ្រនិងចិញ្ចៀនដែលគេបានពាក់នៅពិធីជប់លៀង ហើយក៏ចង់ទិញវាទុកឲ្យអូនតែចៃដន្យអីត្រូវអ្នកផ្សេងកក់ទុកហើយ ទើបយើងជួបគេ សួរនាំអ្នកដែលទិញទៅអាងទិញយកមកវិញ"
"បងនិយាយពិតមែន?"
ដឹងថារាល់ដងឲ្យតែគេទៅណាមកណា មិនភ្លេចឡើយ ទិញរបស់មានតម្លៃជូននាយ។ មើលទៅមួយឈុតដ៏មានតម្លៃនេះ ប្រហែលជាគេតាំងចិត្តទិញឲ្យនាយមែន។ តែទោះរបស់នោះថ្លៃប៉ុណ្ណា ក៏វាគ្មានន័យសម្រាប់នាយទៀតដែរ។
"ពិតណាស់! គេយល់ច្រលំហើយចង់តាមតោងយើងដោយខ្លួនឯង អូនកុំជឿគេ កុំជឿពត៌មានទាំងអស់នោះអី"
"ហឹកៗ អូនល្ងង់ណាស់ បងនិយាយតែបន្តិច អូនចិត្តទន់ហើយ ល្ងង់ដែលជឿបងទាំងដែលបងមិនដែលជឿអូន"
ពាក្យដែលគេនិយាយចេញមក វាក៏ធ្វើនាយឈឺចាប់ដូចគ្នា។ មែន! នាយមិនធ្លាប់ជឿជាក់គេម្ដងណា ថ្នាក់ហាមគេមិនឲ្យចេញពីផ្ទះហើយ នៅក្នុងផ្ទះក៏ចាត់មនុស្សឲ្យយាមកាម ដើរតាមគ្រប់ពេលវេលា។ សម្ដីគេ នាយកាន់តែមិនយកត្រចៀកស្ដាប់ នាយជឿតែភ្នែកខ្លួនឯង មិនជឿគេ។
"បងមិនចាំបាច់អង្វរអូនដល់ថ្នាក់ហ្នឹងទេ ទោះអូនខូចចិត្ត អូនខឹងបង អូនចង់លែងលះ ក៏អូនមិនអាចធ្វើបានដែរ"
រាល់ដងគេតែងតែប្រើអំណាចមកគម្រាមនាយ។ ទោះនាយក៏ខុសក៏នាយទទួលទោស គេខុសក៏នាយទទួល ធ្វើយ៉ាងម៉េចបើខ្លួនមិនអាចចាកចេញពីផ្ទះនេះបាន។
"ចង់ខឹង ចង់ស្អប់ក៏តាមចិត្ត ហាមដាច់ខាតចាកចេញពីនេះ!"
"ហេតុអីទៅ ហេតុអីអូនគ្មានសិទ្ធិសូម្បីតែចាកចេញពីបង?"
"ព្រោះបងស្រលាញ់អូន! ទើបបងហួងហែង មិនចង់លែងលះ មិនចង់បាត់បង់អូន! បងខុសខ្លាំងណាស់មែនទេ បងគ្រាន់តែខ្លាចថាថ្ងៃណាមួយអូននឹងចាកចេញពីបងប៉ុណ្ណោះ"
"ការស្រលាញ់បងអាត្មាភាពនិយមណាស់!"
ទោះកូនៗនៅក្នុងបន្ទប់ហើយក្ដី ក៏បានលួចស្ដាប់លឺឪពុកម្ដាយរបស់ខ្លួនឈ្លោះគ្នា។ ទោះមិនដឹងថាមានអីក៏ឡើងពីដំបូងតែមានអារម្មណ៍ថាអាណិតទាំងប៉ាអាណិតទាំងដេតឌី។
"ត្រូវហើយ! បងអាក្រក់ បងចង់បានអូនពេកទើបចាប់អូនមកអ៊ីតាលី! បងស្រលាញ់អូនពេកទើបបងបង្ខំឲ្យអូនមានកូន! ហើយព្រោះចង់មានគ្រួសារពេញលេញជាមួយអូន ទើបបង... បងធ្វើបាប គម្រាមអូន ឃុំឃាំងអូននៅទីនេះ"
ថេយ៉ុងឈរស្តាប់ពាក្យសារភាពរបស់គេទាំងរាងកាយញ័រទទ្រើត ទឹកភ្នែកស្រក់ហូរមិនឈប់មិនឈរ។ នាយតែងចង់ដឹងពីចិត្តគេ ចង់ឲ្យគេស្រលាញ់តែពេលដឹងថាការឈឺចាប់របស់ខ្លួនប៉ុន្មានឆ្នាំមកពីកើតឡើងពីការស្រលាញ់របស់គេ នាយក៏សឹងទទួលយកលែងបាន។
"អូនកុំទៅអី អូនក៏ធ្លាប់ដឹងដែរថាបើអូនចាកចេញ បងនឹងប្រែជាឆ្កួតប៉ុណ្ណា? បងត្រូវការអូនណាស់ បងដឹងថាគ្មាននរណាស្រលាញ់បងដូចអូនទេ"
កុំថាឡើយអង្វរគេប៉ុណ្ណេះ ទោះត្រូវលត់ជង្គង់ចំពោះមុខគេទល់ភ្លឺក៏នាយស្ម័គ្រចិត្ត ឲ្យតែគេលើកលែង បញ្ឈប់គំនិតចង់លែងលះជាមួយនាយ។ តើគេអាចលើកលែងឲ្យស្វាមីគម្រក់ម្នាក់នេះទេ?
"អូន... អូនមិនអាចអាធ្យាស្រ័យឲ្យបងទេ បើអាចធ្វើបាន អូននៅតែចង់លែងលះ"
"ថេយ៍? ប្រពន្ធសម្លាញ់?"
ធ្វើបែបណា ទើបអូនព្រមអភ័យទោសឲ្យបងទៅ?To be continue 💗
មកវិញហើយ🥹🥹 មួយរយៈនេះ ឈឺផង គាំងគំនិត សរសេរអត់ចេញ ឥឡូវទើបនឹកឃើញ ❣️ អ្នកទាំងអស់គ្នា ពឹងជួយ like page admin ម្នាក់មួយផង ក្រែងលោគិតចង់ផុសរឿងក្នុងផេកវិញ👇 😛🫶
https://www.facebook.com/profile.php?id=100043699033837&mibextid=ZbWKwL
YOU ARE READING
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanficថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...