Chapter 50

54 3 4
                                    

ឱបក្រសោបក្ដីស្រលាញ់ដែលមិនច្បាស់ការណ៍សោះទើបជារឿងឈឺចាប់ដែលយើងនឹកស្មានមិនដល់.. ទង្វើដែលប្រព្រឹត្តិដោយចេតនាឱ្យយើងអានមិនយល់ន័យ ឥរិយាបថ ប្រណីតដែលបង្ហាញដោយការបន្លំ គ្រាន់តែការព្យាយាមបង្កើតរូបភាពដែលបណ្ដោយឱ្យមានរំពឹងសែនខ្ពស់ ស្រមៃថាពិតអាចឈោងចាប់បាននៅចំណុចបញ្ចប់.. តែគ្រប់យ៉ាងត្រឹមជាការចាប់ផ្ដើមប៉ុណ្ណោះ.. គោលដៅដែលមិនអាចទៅដល់.. ជាប្រាថ្នាខ្ពង់ខ្ពស់ដែលរះក្បែរផ្កាយ ។

ប្រអប់ដៃស្រលនស្រាក់ក្រសោបស្មាទម្រង់តូច បណ្ដោយឱ្យរាងកាយផ្ដេកផ្ដួលទៅលើពូកទូលាយនៃបន្ទប់ឥតពន្លឺ.. គ្រប់យ៉ាងងងឹតឈឹង កំដរត្រឹមសម្លេងសសឹកនៃទឹកភ្នែកនាង.. ទ្រូងខាងឆ្វេងតឹងតែងក្រោមទម្ងន់សង្កត់ដោយពាក្យសម្ដី គ្រប់ចង្វាក់ដែលលោតឡើងពន្យុះឱ្យអួលណែនស្ទើរ ថប់ដង្ហើម.. ផ្កាយនៃពន្លឺចែងចាំងដែលនាងងើយសម្លឹងនៅទីសែនខ្ពស់ ពេលនេះរលត់បាត់បន្សល់ត្រឹមស្រមោលពណ៌ស្រអាប់ រុញច្រានកាយនាងទៅលើទីវាលងងឹតល្វឹងមើលមិនដឹងទិសយ៉ាងអហង្ការ.. នេត្រាងើយសម្លឹងផ្ទៃពិដានខណៈទឹកសន្សើមហូរសន្សឹមកាត់ប្រឡង់ភ្នែកដោយមិនសម្រាក.. នាងមានរំពឹងឆ្ងាយពីការពិតជ្រុលហួសហេតុពេក ទើបពេលរបូតធ្លាក់ចុះបន្សល់នាងក្នុងសភាពបែបនេះ ។

"Yuichaa's diary"

«ពេលណាទើបស្នេហាខ្ញុំមានគ្រប់គ្រាន់សមល្មមឱ្យបងមើលឃើញ?»

___><___

"Minghao's scenario"

   អ្នកសង្ហាច្រត់កែងដៃលើរបៀងនៃផ្ទះរបស់Jun ដៃខាងស្ដាំស្រាក់ពែងតែក្ដៅៗតាមទម្លាប់ទូទៅ ស្របពេលអ្នកជាមិត្តប្រាកដខ្លួនចូលមកអង្គុយទល់មុខដោយគំនិតមន្ទិលសម្លឹងមកគេជាប់

«ថ្ងៃនេះមានអារម្មណ៍ល្អយ៉ាងម៉េច ទើបមករកយើងដល់ផ្ទះ?»     ម្ចាស់ប្រយោគលើកពែងតែមកក្រេបយឺតៗក្រោមក្រសែភ្នែកពិចារណា
«ខ្ញុំមករកបងមិនបានទេ?» ចម្លើយត្រលប់តាមចរិតនៃទម្លាប់ ចម្លែកខ្លះដែរ ខណៈអ្នកសង្ហាមិនឧស្សាហ៍មករកដោយមិនបានប្រាប់មុនសោះបែបនេះទើបអ្នកជាមិត្តបង្ហាញភាពភ្ញាក់ផ្អើលបន្តិចបន្តួចដែរ
«បាន~ ប្រាកដជាបាន ឯងចង់ចេញចូលម៉ោងថ្មើរណាក៏បាន ដែរស្រេចតែចិត្ត» ប្រយោគស្រដីឡើងដោយសម្លេងបង្អូស ស្របពេលម្ចាស់ខ្លួនសើចស្រាលតិចៗដោយគ្មានចម្ងល់បន្ត

« Falling Down: to be loved by a star »Where stories live. Discover now