ជាច្រើនថ្ងៃហើយដែល Taehyung តាមមើលថែ KangMo តែគេមិនចចេសរឹងរូសច្រើននោះទេ ភាគច្រើនគឺសំងំនៅក្នុង Studio ថ្ងៃខ្លះក៏ទៅដើរលេងទិញអីវ៉ាន់ យូរៗម្ដងក៏ឆៀងចូលកន្លែងស្អាតៗ ដើម្បីថតរូប សម្រាប់ការតាំងពិព័រណ៍រូបភាពរបស់គេ ក្នុងឆ្នាំនេះ ខណៈពេលទស្សនាវដ្តីរបស់គេលក់ដាច់ដូចក្រដាស ក្នុងពេលមិនប៉ុន្មានម៉ោង ក៏លក់អស់ពីស្តុក គ្រប់គ្នាសរសើរមិនដាច់ពីមាត់ ថារូបភាពដែល KangMo ថតមានឥទ្ធិពលខ្លាំងណាស់ ធ្វើឱ្យអ្នកគយគន់មានអារម្មណ៍ថាស្ងប់និងនឹងនេជាងមុន រូបខ្លះទៀតទាក់ទាញអារម្មណ៍ឱ្យស្លុតហាក់ដូចបានទៅឃើញពិតៗផ្ទាល់ភ្នែក ចំណែក concept ក៏មានច្រើបបែបបទ ច្រើនទម្រង់ ធ្វើឱ្យមើលមិនចេះធុញភ្នែកទៀតផង។
"KangMo! ថ្ងៃនេះមិនទៅណាទេអ្ហេស៎?"
Taehyung ស្រែកសួរអ្នកម្ខាងទៀតដែលកំពុងឈ្ងោកមើលអេក្រង់កុំព្យូទ័រ បណ្តាលឱ្យគេផ្អាកការងារងាកមកគិតបន្តិច។
"ខ្ញុំមានគម្រោងទៅលេងសិស្សប្អូននៅបន្ទប់ហ្វឹកហាត់បន្តិច បងជួយទិញកាហ្វេឱ្យខ្ញុំប៉ុន្មានកែវបានទេ?"
"បាន!"
គ្រាន់តែទទួលបានចម្លើយភ្លាម កម្លោះ KangMo បកស្ករគ្រាប់ដាក់មាត់ហើយសម្លឹងកុំព្យូទ័របន្ត។ Taehyung សម្លឹងមើលនាយកម្លោះពីក្រោយ គេចូលចិត្តរបស់ផ្អែមណាស់ សូម្បីលើតុធ្វើការ ក្នុងទីរដាក់របស់ ថតទុក ក៏មានដាក់ស្ករគ្រាប់និងនំផ្អែមៗនៅក្នុងនោះដែរ។ គ្មានចេតនា តែ Tae បែរជាឃើញរូបថតជាច្រើនសន្លឹកនៅក្រោមស្ករគ្រាប់ក្នុងថតតុ។
"នេះជារូបនរណា?" Taehyung លើករូបថតក្មេងប្រុសវ័យជំទង់ សម្បុរសស្លេក កែវភ្នែកក្មេងខ្ចីប្រៀបដូចទារកទើបនឹងកើត គេមិនធ្លាប់ឃើញនរណាស្រស់ស្អាតដល់ថ្នាក់នេះទេ សូម្បីតែមនុស្សស្រី។
"ម្នាក់នោះ..." KangMo ស្ងាត់មានបន្តិចរួចងាកមុខចេញ ទើបតបតាមក្រោយ "ជាសង្សារចាស់របស់ខ្ញុំ?"
"សង្សារចាស់?" រាងតូចសួរបញ្ជាក់។
គេមិនគួរគាស់រំលើងអតីតកាលរបស់ KangMo ឡើយ ទោះទឹកមុខនិងសម្លេងគេធម្មតា តែគេអាចទទួលដឹងថា សំណួរមុននេះប៉ះពាល់ដល់អារម្មណ៍របស់ KangMo ប៉ុណ្ណា។
"ខ្ញុំជាអ្នកដេញគេឱ្យទៅវិញ"
"សុំទោសដែលសួរ"
រាងតូចវាចាទាំងខ្លាចចិត្តខ្លាចថ្លើម តែម្ខាងទៀតមិនតប ទើបប្រញាប់ចេញទៅរកទិញកាហ្វេ ព្រោះមិនចង់បន្តនៅក្នុងបរិយាកាសទើសទាល់បែបនេះ។
Jungkook បន្តហ្វឹកហាត់រាំនិងច្រៀងតាំពីព្រឹកព្រលឹមដល់ថ្ងៃរសៀល។ នាយកម្លោះផ្ដួលខ្លួនលើការ៉ូព្រោះអស់កម្លាំង ននៀលបានបន្តិច ក៏រហ័សទៅរកកាហ្វេផឹក តែទឹកកករលាយអស់ សល់តែទឹកថ្លាពេញកែវ Jungkook ខឹងរុញកែវកាហ្វេសល់តែទឹកនោះចេញ តែមិនប្រយ័ត្នធ្វើឱ្យដួលរប៉ាត់រប៉ាយហូរទឹកពេញការ៉ូ។
"ព្រះអើយ... វាស្អីណាស់ណាទៅ?" រាងក្រាស់ក្រោកទាំងអស់ដៃអស់ជើងទៅរកក្រណាត់មកជូតលាងចេញ តែពេលបើកទ្វារក៏ឃើញកាហ្វេទុកនៅមាត់ទ្វារ។
"នរណាយកកាហ្វេមកទុកចោល?"
រាងក្រាស់មាំសួរហាក់ខឹង តែបែរជាគ្មានចម្លើយ មួយដង្ហើមក្រោយមកក៏ឮសម្រឹបជើងរត់ចេញកាន់តែឆ្ងាយ ទើបនាយធ្វើជាមិនខ្វល់ហើយយកកាហ្វេមកផឹក ប្រហែលជាបុគ្គលិកដែលចូលចិត្តគេ យកមកទុកឱ្យហើយ តែមិនហ៊ានបង្ហាញមុខដោយផ្ទាល់។
Taehyung រត់ចូលបន្ទប់ហ្វឹកហាត់របស់ក្មេងហ្វឹកហាត់ ទាំងដង្ហក់ខ្យល់។ គេភ័យស្ទលរស្លាប់ទៅហើយ ពេល Jungkook ចេញមកស្រែករកម្ចាស់កាហ្វេ គេគ្រាន់តែចៃដន្យសល់កាហ្វេមួយកែវហើយឃើញ Jungkook គ្មានអ្វីផឹកបន្ទាប់ពីហ្វឹកហាត់ ទើបយកទៅទុកឱ្យ ព្រោះមិនចង់បោះវាចោល តែគេបែរជាបញ្ចេញកាយវិការហាក់ខឹងទៅវិញ ចំមែនហើយ!។
"Taehyung-hyung រត់គេចពីនរណាឬទើបបែកញើសជោគខ្លួន?" ក្មេងម្នាក់និយាយលលេង តែ Tae បែរជាភិតភ័យមែនទែន បណ្តាលឱ្យផ្ទុះសំណើចខ្លាំងៗពេញបន្ទប់។
បន្ទាប់ពីសួរនាំនិយាយលេងជាមួយក្មេងៗហ្វឹកហាត់ហើយ KangMo ក៏សុំខ្លួនទៅសម្រាកគេងថ្ងៃបន្តិច ទុកឱ្យកម្លោះ Taehyung ដើរលេងពេញអគារក្រុមហ៊ុនតែម្នាក់ឯង វាធំនិងមានច្រើនជាន់ណាស់ ធ្វើឱ្យគេស្ទើរតែវង្វេង Jeon Alianora ពិតជានារីជោគជ័យពិតមែន មិនរៀបការ មិនទទួលប្រាក់ផ្គត់ផ្គង់ពីណាទាំងអស់ តែនៅអាចគ្រប់គ្រងផលិតកម្មធំមួយតែម្នាក់ឯង ក្នុងនាមជាម្ចាស់ភាគហ៊ុនធំបំផុត។
"Taehyung! មានការអ្វីមែនទេ? ហេតុអីមកនៅទីនេះ?" Yelenaបម្រុងបើកទ្វារចូលបន្ទប់ដាក់ឥវ៉ាន់តែបែរជាឃើញ Tae ដើរតែម្នាក់ឯងមកពីចម្ងាយ។
"បង Yelena! ខ្ញុំដើរលេងក្បែរៗនេះ បងមានអ្វីឱ្យខ្ញុំជួយទេ?"
"អីញ្ចឹងជួយលើកប្រអប់ទាំងនេះជាមួយបងបន្តិចមក!" ស្ត្រីវ័យសាមសិបផ្លាយ បើកទ្វារឱ្យនាយរុញប្រអប់ដាក់របស់របរចូលបន្ទប់។
"នេះជាបន្ទប់ដាក់ឥវ៉ាន់ ទីនេះមានរបស់មានតម្លៃដែល Alianora ចូលចិត្តច្រើនណាស់ របស់មិនប្រើដែលនាងមិនដាច់ចិត្តបោះចោល ហើយយកមកស្តុកទុកទីនេះ"
Yelena លើកប្រអប់រៀបចំបណ្តើរនិយាយឱ្យស្តាប់បណ្តើរ Taehyung ដាក់ភ្នែកទៅឃើញ សម្លៀកបំពាក់តុក្កតាទន្សាយដែលដូចនឹងតុក្កតាមនុស្សពាក់ដែលឱ្យបាច់ផ្កាមកគេនៅថ្ងៃបញ្ចប់ការសិក្សា ព្រមទាំងលេខទូរស័ព្ទ Yelena ផង ពួកគេក៏បានថតរូបជាមួយគ្នាដែរ។
"បង Yelena នោះ-" Tae ឈប់និយាយបន្តិច ព្រោះទាក់ភ្នែកនឹងរូបថតមួយផ្ទាំងធំប៉ុនជញ្ជាំងនៅពីក្រោយ ធ្វើឱ្យគេភ្លេចពីតុក្កតាមួយនោះ "រូបនេះ..?"
"គឺ Kosuke Yuki ក្មេងហ្វឹកហាត់ដែល Alianora ពេញចិត្តបំផុតកាលពី3ឆ្នាំមុន ដោយសារគេលែងជាតារាក្នុងផលិតកម្មយើង ទើបយើងគ្មានសិទ្ធប្រើប្រាស់រូបរបស់គេ ស្រស់ស្អាតណាស់ត្រូវទេ?"
"គេលើសពីស្រស់ស្អាត មិនដឹងថាប្រើពាក្យមួយណាមកបរិយាយទើបស័ក្កសម គេជាសង្សារចាស់របស់ KangMo ត្រូវទេ?"
"KangMo ប្រាប់ឯងឬ?"
"អឹមម!!" Tae ងក់ក្បាលផ្ងក់ៗ។
"ត្រូវហើយ វ័យក្មេង ស្រស់ស្អាតទាំងក្នុងចិត្តនិងខាងក្រៅ បរិសុទ្ធដូចជាឈ្មោះដែលមានន័យថាព្រិល" (Yuki ភាសាជប៉ុនប្រែថាព្រិល)
"ចុះពេលនេះ Yuki នៅឯណា? ហេតុអីពួកគេបែកគ្នា?" Taehyung កាន់តែចង់ដឹងព្រោះបើតាមស្មានវាមិនអាចថា KangMo ឬ Yuki បែកចិត្តក្បត់គ្នាឡើយ។
"ហេតុអ្វីមិនសួរ KangMo ដោយផ្ទាល់? គេទុកចិត្តឯងណាស់ ថាមិនត្រូវគេអាចនឹងខ្ជាក់ការពិតប្រាប់ឯងក៏ថាបាន"
"KangMo ថាគេជាអ្នកដេញ Yuki ឱ្យត្រឡប់ទៅវិញ"
"ពិតឬ? តែបងចាំថា KangMo យំខ្លាំងណាស់ ថ្ងៃដែល Yuki យល់ព្រមបែកគ្នាហើយត្រឡប់ទៅជប៉ុនវិញ គេស្រែកយំដូចជាកូនក្មេងបន្ទាប់ពីត្រូវមិត្តភក្តិដណ្តើមស្ករគ្រាប់ទៅបាត់ វាជាលើកទីមួយដែលបងឃើញគេយំ តែបងឃើញថាពួកគេស្រឡាញ់គ្នាខ្លាំងណាស់"
"ចុះហេតុអ្វីទើបពួកគេក្លាយជាបែបនេះ?"
Taehyung ធ្វើមុខឆ្ងល់ ញ៉ាំងឱ្យ Yelena អស់សំណើច បើនាងប្រាប់គេ វាក៏គ្រាន់តែជាការប៉ាន់ស្មានរបស់នាងប៉ុណ្ណោះ យល់ល្អគេគួរតែសួរ KangMo ឬ Yuki ដោយផ្ទាល់ទើបប្រាកដចិត្ត។
"ឯងអាចឆែកមើលសំណុំឯកសារសម្ងាត់ក្នុងងកុំព្យូទ័រ KangMo បាន បើចង់ដឹង តែប្រយ័ត្នផងព្រោះគេអាចនឹងខឹងហើយលែងនិយាយរកឯងក៏ថាបាន"
"ដល់ម្លឹងអ្ហេស៎?"
"មែន!"
"មែនហើយ បើមាននរណាមកចងើដឹងចង់ឮរឿងរបស់ខ្ញុំដល់ថ្នាក់នេះ ខ្ញុំក៏ខឹងដូចគ្នា"
រាងតូចជួយរៀបចំរបស់របររួចរាល់ហើយ ទើបនាំគ្នាចេញទៅក្រៅវិញ តាមពិតទៅគេមិនគួររវីរវល់នឹងរឿងផ្ទាល់ខ្លួនរបស់ KangMo ឡើយ វាអាចនឹងរំខានអារម្មណ៍គេ ព្រោះមនុស្សម្នាក់ៗតែងតែមានអាថ៌កំបាំងផ្ទាល់ខ្លួនដែលមិនចង់ឱ្យអ្នកដទៃដឹង សូម្បីតែគេផ្ទាល់ក៏មាន។
Taehyung ត្រឡប់មក Studio វិញ ឃើញ KangMo គេងលក់លើសាឡុង អោបកូនតុក្កតាតូចមួយ នៅពេលដឹងពីរឿងរបស់ Yuki ទើបគេអាចចាប់ភ្លឹកថា KangMo មិនងាយញញឹមនោះទេ គេស្ងប់ស្ងាត់និងចម្លែក តែមិនដែលខ្វល់ខ្វាយពីអារម្មណ៍អ្នកដទៃនោះទេ គេនិយាយនិងធ្វើអ្វីតាមតែអារម្មណ៍ខ្លួនឯងប៉ុណ្ណោះ ដូចដែល Yelena និយាយ គេគ្រាន់តែធំធាត់រូបរាងខាងក្រៅ តែផ្នែកខាងក្នុងគ្រាន់តែជាក្មេងអាត្មានិយមម្នាក់ប៉ុណ្ណោះ ឃើញ KangMo ធ្វើឱ្យគេនឹកឃើញ Jungkook កាលពីមុន។
"ខ្ញុំគិតថាបងស្រស់ស្អាតណាស់ Taehyung!"
"ហេ៎!?" Tae ភ្ញាក់ក្រញាងព្រោះមិនដឹងថាក្មេងម្នាក់នេះភ្ញាក់តាំងពីពេលណា ហើយក៏មិនទម្លាប់នឹងពាក្យសរសើររបស់គេ "និយាយស្អីហ្នឹង?"
"បងចង់មកធ្វើជាម៉ូដែលឱ្យខ្ញុំទេ?" KangMo ក្រោកដើរសម្តៅកុំព្យូទ័រហើយចុចបើកអ្វីម្យ៉ាង។
(បើកអ្វី? ក្នុងសំណុំសម្ងាត់ក្នុងកុំព្យូទ័រនោះមានអ្វី?)
ВЫ ЧИТАЕТЕ
You're FAKE [Complete]
Любовные романыស្រឡាញ់អ្នក គឺជាកំហុសធំបំផុតក្នុងជីវិតខ្ញុំ " មនុស្សក្លែងក្លាយ!!! "
![You're FAKE [Complete]](https://img.wattpad.com/cover/208343607-64-k622850.jpg)