Taehyung រត់យ៉ាងត្រដាបត្រដួសចូលក្នុងមន្ទីពេទ្យសម្តៅទៅបន្ទប់សង្គ្រោះបន្ទាន់នៅជាន់លើរហូតដល់ដង្ហក់ខ្យល់ ចំណែកអ្នករត់ក៏មកដល់មុខបន្ទប់គោលដៅដូចគ្នា។ រាងតូចរត់ហួសទៅអើតកមើលតាមកញ្ចក់ទ្វារតែមើលមិនឃើញដល់ខាងក្នុងទើបបែរក្រោយមករកអ្នកទាំងបីដែលស្ងាត់មាត់ឈឹងគ្មាននរណានិយាយអ្វី។ អ្នកមីង Suhee ប្រើកែវភ្នែកដក់ដាមដោយតំណក់ទឹកថ្លាៗទាំងគូសម្លឹងមើល Taehyung ដែលជ្រួលច្របល់បារម្ភពី Simon ខណៈ Annto អង្គុយស្ងៀមជាមួយទឹកមុខស្លេកស្លាំង ចំណែក Chisun ឈរផ្អែកខ្នងនឹងជញ្ជាំងក្បែរដៃ Annto ព្រោះខ្លាចថាអាល្អិចនេះភ័យខ្លាំងដល់ញ័រខ្លួនដូចថ្ងៃមុនទៀត។ « អ្នកមីង... » រាងតូចហៅឈ្មោះមនុស្សដែលសម្លឹងមកគេជាមួយទឹកមុខសោកសៅ។ « Tae អង្គុយចុះសម្រាកសិនមក ឯងបែកញើសជោគខ្លួនហើយ » ស្ត្រីវ័យកណ្តាលបក់ដៃហៅមិត្តភក្តិកូនប្រុសរបស់ខ្លួនឱ្យមកអង្គុយជិត ព្រោះបើឈររន្ធត់ចិត្តនៅត្រង់យូរទៀតវាក៏បានត្រឹមតែហត់ខ្លួនទទេរៗតែប៉ុណ្ណោះ។ « អ្នកមីងមានរឿងអីកើតឡើង? » « មីងក៏ទើបតែដឹងរឿង ប្រញាប់មកដូចគ្នា រឿងលម្អិតទាល់តែសួរ Chisun និង Annto ទើបច្បាស់ » Suhee និយាយបណ្តើរក្រឡេកទៅមើល Chisun បណ្តើរ តែទឹកមុខរបស់គេប្រាប់ថាគេកំពុងសម្តែងធ្វើជាស្តាប់មិនលឺ ពួកគេមានជម្លោះនឹងគ្នាឬ ទើបមិនចង់និយាយរកគ្នា? « Chisun ឯងនិយាយប្រាប់យើងបានទេ? » « ម៉ោងកីឡានៅសាលាកាលពីរសៀល Simon ប្រាប់ថាគេមិនស្រួលខ្លួនទើបគេចម៉ោង ពួកយើងក៏មិនដខឹងថាគេទៅណាដែរ តែមិនទាន់ដល់ពាក់កណ្តាលម៉ោងកីឡាផង ស្រាប់តែមានអ្នកអនាម័យស្រែកឱ្យហៅឡានពេទ្យពីក្នុងបន្ទប់អាងហែលទឹក ពេលគ្រប់គ្នាជ្រួលទៅមើល ឃើញ Simon និង Riv លិចចុះដល់បាតអាងតាំងពីពេលណាក៏មិនដឹង ឈាមដាបមាត់អាងនិងក្រហមត្រាពេញទឹកពួកយើងក៏មិនដឹងថាមានរឿងអីដូចគ្នា » Chisun រៀបរាប់ខណៈ Taehyung ស្តាប់ទាំងរន្ធត់ចិត្តរហូតដល់ខះកដូចខែរងារ។ « Simon របួសធ្ងន់ទេ? » « គេគ្មានរបួស តែឈាមដែលហូរក្រហមទឹកនោះ វាចេញពី Riv ទៅវិញទេ ក្បាលគេហូរឈាមច្រើនណាស់ » « Riv... » Taehyung និយាយអ្វីលែងចេញ ខួរក្បាលពោរពេញទៅដោយចម្ងល់រហូតដល់រកកន្លែងផ្ទុកចម្លើយមិនឃើញ នេះម្តងទៀតហើយដែល Simon និង Riv ចូលបន្ទប់សង្គ្រោះបន្ទន់ក្នុងពេលតែមួយ ទាំងដែលរបួសលើកមុនមិនទាន់សះស្បើយបានស្រួលបួលនៅឡើយ ម្តងនេះគឺព្រោះតែគេទៀតមែនទេ? តាមពិតមានរឿងអ្វីកើតឡើងរវាងពួកគេទាំងពីរ? តាំងពីបានជួបគ្នា នៅផ្ទះជាមួយគ្នា ពួកគេទាំងពីរស្ទើរតែយកមន្ទីពេទ្យធ្វើជាផ្ទះទៅហើយ វាអាចទេដែលព្រោះតែសម្តីរបស់គេកាលពីព្រឹកធ្វើឱ្យ Simon ក្លាយជាបែបនេះ? បើជាការពិត គេគ្មានថ្ងៃលើកលែងទោសឱ្យខ្លួនឯងនោះទេ។ សម្លេងខ្យល់ដង្ហើមនិងសម្លេងចេញពីឧបករណ៍វាស់ចង្វាក់បេះដូងបន្លឺឡើងខ្សាវៗហាក់ស្ថិតនៅឆ្ងាយពីខ្លួនរបស់ខ្ញុំ ទោះបីខ្ញុំមានអារម្មណ៍ថាអាចស្តាប់លឺ តែសម្លេងទាំងនោះនៅតែមិនអាចដាស់ឱ្យសតិនិងរាងកាយរបស់ខ្ញុំអាចកម្រើកឬបើកភ្នែកឡើងវិញបានឡើយ។ ខ្ញុំមិនទាន់ស្លាប់ទេឬ? ឬក៏ស្លាប់បាត់ហើយ តែនេះជាវិញ្ញាណរបស់ខ្ញុំ? ប៉ុន្តែខ្ញុំមិនអាចមើលឃើញអ្វីក្រៅពីភាពងងឹតនោះទេ តែមែនហើយ.. ហេតុអ្វីខ្ញុំស្លាប់? ស្លាប់ដោយសារអ្វី? អ្វីដែលសំខាន់នោះគឺ... ខ្ញុំជានរណា? ដោយមិនមានការចងចាំសូម្បីបន្តិច ទើបខ្ញុំស្ងប់ស្ងាត់មួយសន្ទុះរហូតដល់ការចងចាំទាំងអស់ត្រឡប់ចូលខួរក្បាលវិញ។ ខ្ញុំគឺ Simon មនុស្សប្រុសដែលមានជំងឺផ្លូវចិត្តតាំងពីក្មេង បេះដូងរបស់ខ្ញុំបានប្រែជាត្រជាក់និងចាប់ផ្តើមកករឹងនៅពេលមនុស្សដែលខ្ញុំស្រឡាញ់ចាកចេញទៅ ពួកយើងលែងទាក់ទងគ្នា ហើយគេក៏បំភ្លេចសន្យាគ្រប់យ៉ាងចោលខណៈខ្ញុំរង់ចាំគេពីមួយថ្ងៃទៅមួយថ្ងៃ ក្តីស្រឡាញ់ក៏កាន់តែកប់ជ្រៅទៅផ្នែកម្ខាងនៃបេះដូង ខ្ញុំប្រើពេលយូរខ្លាំងណាស់ទម្រាំអាចចាកចេញពីអារម្មណ៍សោកសៅទាំងនោះ ទាំងដែលពេលនោះខ្ញុំមានអាយុត្រឹមតែ 6-7 ឆ្នាំប៉ុណ្ណោះ តែស្នេហាបែរជាអាចកប់ជ្រៅដល់ថ្នាក់នេះទៅវិញ។ កន្លងទៅច្រើនឆ្នាំខ្ញុំគិតថាភាពឈឺចាប់នឹងអាចបញ្ចប់ទៅត្រឹមនេះ តែវាមិនងាយស្រួលដល់ថ្នាក់នេះទេ ខ្ញុំត្រូវធ្លាក់ក្នុងភាពងងឹតម្តងទៀតពេលបាត់បង់ Sihan ប្អូនប្រុសតែម្នាក់គត់ដែលខ្ញុំថ្នាក់ថ្នមតាំងពីតូច តែគេបែរជាស្លាប់ដោយត្រូវចាក់នឹងកាំបិតនៅចំពោះមុខខ្ញុំ ពេលឈាមរបស់ហូរដូចទឹក សម្លេងស្រែកដោយភាពឈឺចាប់មួយនោះនៅតែបន្លឺឡើងក្នុងខួរក្បាលខ្ញុំគ្រប់វិនាទី ដូច្នេះទើបខ្ញុំឆ្គួតតាំងពីពេលនោះមក សំណួរមួយដែលខ្ញុំតែងតែរកចម្លើយមិនឃើញនោះគឺ តើខ្ញុំជាបងប្រុសប្រភេទណា? កន្លងផុតទៅជាយូរ ពេលវេលាដែលមិនបានរំពឹងទុកក៏បានមកដល់ នាំឱ្យខ្ញុំបានជួបមនុស្សដែលខ្ញុំស្រឡាញ់ម្តងទៀត តែគេប្រែប្រួលគ្រប់យ៉ាង សូម្បីតែរឿងរបស់ពួកយើងក៏គេមិនចងចាំដែរ។ ខ្ញុំតែងតែស្រមៃថាពេលជួបគ្នាម្តងទៀត Kyosuke នឹងរត់មកអោបខ្ញុំ ចំណែកម្រាមដៃរបស់គេនឹងពាក់ចិញ្ចៀនមួយរង់នោះ តែខ្ញុំខុសគ្រប់យ៉ាង គេលែងចងចាំស្នេហាក្មេងៗនិងមនុស្សគ្មានតម្លៃដូចខ្ញុំទៀតហើយ គិតដល់ចំណុចនេះ ខ្ញុំប្រែជាចង់យកដំបងទៅវាយក្បាលគេរហូតដល់គេអាចចងចាំឡើងវិញតាំងពីថ្ងៃដែលដឹងថាគេជា Kyosuke តែពេលនោះខ្ញុំគ្មានភាពក្លាហានគ្រប់គ្រាន់នឹងទទួលយកការពិត... កាពិតដែលបញ្ជាក់ថា គេលែងចងចាំខ្ញុំទៀតហើយ...។ វាស្តាប់ទៅធម្មតាណាស់ តែវាធ្វើឱ្យខ្ញុំឈឺ ខ្ញុំចង់បានគេមកនៅក្បែរ នៅក្បែរជារៀងរហូត តែពេល Taehyung លេចរូបរាងឡើងក្នុងខួរក្បាល មហិច្ឆតារបស់ខ្ញុំក៏ប្រែជាទន់ខ្សោយ ដូច្នេះទើបម្តងនេះខ្ញុំច្រានខ្លួនឯងឱ្យជាន់លើខ្សែរបន្ទាត់ស្លាប់រស់មួយ។ បើខ្ញុំស្រឡាញ់ Kyosuke និងចង់បានគេមកនៅក្បែរ ខ្ញុំនឹងវាយក្បាលគេឱ្យខ្លាំងដើម្បីរំញោចការចងចាំ តែបើខ្ញុំស្រឡាញ់ Taehyung ជាង ខ្ញុំនឹងចែកផ្លូវជាមួយ Kyosuke ឱ្យដាច់ស្រេច តែដូចដែលឃើញ ខ្ញុំវាយ Kyosuke រហូតដល់គេមិនអាចសូម្បីតែកម្រើកខ្លួន ពេលនោះខ្ញុំស្រាប់តែមិនចង់ឃើញគេឈឺចាប់ ដូច្នេះទើបសម្រេចចិត្តបោះគេចូលទៅក្នុងទឹកដើម្បីសម្លាប់គេ ក្រោយមកទើបលោតទឹកទៅស្លាប់កំដរគេ គួរឱ្យអស់សំណើតណាស់មែនទេ? តែបន្ទោសខ្ញុំមិនបាននោះទេ ព្រោះខ្ញុំធ្លាប់អានសៀវភៅមួយក្បាលដែលបានសរសេរថា "ពេលមនុស្សពីរនាក់ស្រឡាញ់គ្នាពិតប្រាកដហើយព្រមស្លាប់ជាមួយគ្នា វិញ្ញាណនិងក្តីស្រឡាញ់របស់ពួកគេនឹងបាននៅជាមួយគ្នារហូត" ពេលនេះខ្ញុំស្លាប់ហើយ តែបែរជាងងឹតសូន្យសុងគ្មានសូម្បីតែស្រមោលរបស់ Kyosuke បែបនេះពិតជាធ្វើឱ្យខ្ញុំស្តាយក្រោយណាស់។
YOU ARE READING
You're FAKE [Complete]
Romanceស្រឡាញ់អ្នក គឺជាកំហុសធំបំផុតក្នុងជីវិតខ្ញុំ " មនុស្សក្លែងក្លាយ!!! "
![You're FAKE [Complete]](https://img.wattpad.com/cover/208343607-64-k622850.jpg)