103 : ពួកយើងនឹងរៀបការ

2.7K 222 13
                                        

Jungkook ណែនាំម្តងទាំងអស់ ធ្វើឲ្យ Tae ឈរស្ងៀមឆ្កឹង គេស្តាប់ច្រឡំឬ Jungkook ពិតជាបានហៅ Jeon Alianora ថាជាម៉ាក់របស់គេ? តែឈប់សិន បុរសដែលគេណែនាំថាជាលោកប៉ាមិនមែនជាលោក Min ប្រធានាធិបតីបច្ចុប្បន្នរបស់ប្រទេសកូរ៉េខាងត្បូងទេអ្ហេស៎? ពិតឬ? គេមិនបានស្តាប់ច្រឡំទេមែនទេ? ចុះហេតុអ្វីគេមានម៉ាក់ដល់ទៅពីរ? ព្រះអើយ...ជួយ...!!
"សួ-សួស្តី! ខ្ញុំឈ្មោះ Kim Taehyung ជាអ្នកចាត់-"
"ជាមិត្តប្រុសរបស់ខ្ញុំ!" Jungkook ចាប់ទាញ Tae ឲ្យមកនៅក្បែរក្រោមក្រសែរភ្នែកសមាជិកគ្រួសារទាំងមូល ដោយមិនញញើតកោតខ្លាច "ពួកយើងនឹងរៀបការឆាប់ៗនេះ"
"Jungkook..." រាងតូចហៅអ្នកម្ខាងទៀតឲ្យគេរៀបសម្តីខ្លួនឯងឡើងវិញម្តងទៀត លើកនេះពួកគេមកសុំការអនុញ្ញាតដោយបើជំហរ គេមិនដឹងថាកាលពីមុនគ្រួសារមួយនេះប្រទះនឹងរឿងអ្វីខ្លះមកទេ តែពេលនេះគេចង់បង្ហាញភាពគួរសមខ្លាំងបំផុតតាមដែលអាចធ្វើបាន។
"ខ្ញុំគឺជាប៉ារបស់ Jungkook Min Seojoon" លោក Min ហិចដៃឲ្យ Tae ចាប់ជាការស្វាគមន៍ ញាំុងឲ្យអ្នកកម្លោះឱនក្បាលចុះយ៉ាងសុភាពរាបសារ។
"ខ្ញុំបានឃើញលោកជាច្រើនដងតាមរយៈទូរទស្សន៍ នឹងប្រព័ន្ធផ្សព្វផ្សាយ"
"ចំណែកនេះជាម៉ាក់ធំរបស់គេ" បុរសចំណាស់វ័យជ្រេលើកដៃបង្ហាញភរិយា "សួស្តី Taehyung..." គ្រាន់តែឮភ្លាមម្ចាស់ឈ្មោះឱនក្បាលភ្លាមលែងចង់ងើយឡើង។
"ម៉ាក់បង្កើតរបស់ខ្ញុំគឺ Jeon Alianora នៅខាងនោះ" រាងក្រាសនាំកម្លោះតូចទៅជួបម្តាយបង្កើត តែតាមចរិតឆ្មើងឆ្មៃ Alianora មិនបាននិយាយអ្វី ក្រៅពីងក់ក្បាលហើយញញឹមដាក់ Tae បន្តិចកុំឲ្យគេភ័យពេក ត្រូវជួបមនុស្សមានឥទ្ធិពលជាច្រើនក្នុងពេលតែមួយ ច្បាស់ណាស់ Jungkook មិនបានបង្ហើបអ្វីប្រាប់គេឡើយ។

"Jungkook មិនដែលប្រាប់ខ្ញុំពីរឿងនេះទេ!" Taehyung ចោទកម្លោះមុខមាំដែលយកស្រាក្រហមមកឲ្យគេ ពេលនៅតែពីរអ្នកលើយ៉ផ្ទះ។
"ក៏បងមិនបានសួរហ្នឹងណា៎!" Jungkook រកលេសដោះសារឲ្យរួចតែពីមាត់ តែបើអាចគេមិនចង់បង្ហាញទំនាក់ទំនងរញ៉េរញ៉ៃរបស់គ្រួសារគេឲ្យ Tae បានដឹងឡើយ។
"តែក៏ត្រូវប្រាប់ ត្រូវមកជួបមនុស្សថ្នាក់ខ្ពស់បែបនេះ ខ្ញុំភ័យណាស់ដឹងទេ?"
"បន្តិចទៀតបងស៊ាំហើយ ម្យ៉ាងខ្ញុំនៅក្បែរបងរហូតបែបនេះមានអ្វីគួរឲ្យខ្លាចទៀត?" នាយកាន់ដៃមនុស្សជាទីស្រលាញ់ថ្នមៗ ហើយបន្តដោយងាកមើល ទៅមនុស្សដែលគេនិយាយសម្តៅទៅរក។
"បងអាចហៅអ្នកស្រី Min ថាម៉ាក់ធំបន្ទាប់ពីពួកយើងរៀបការ ហើយហៅលោក Min ថាលោកប៉ា ចំណែកម្តាយបង្កើតរបស់ខ្ញុំបងហៅគាត់ថាអ្នកស្រី Jeon ក៏បាន"
"ហេតុអ្វី Jungkook មានម៉ាក់ដល់ទៅពីរ? អ្នកស្រី Alianora មិនមែនភរិយាលោក Min ទេអ្ហេស៎?"
"គាត់មិនបានរៀបការជាមួយគ្នាទេ លោកតាលោកយាយផ្សំផ្គុំពួកគាត់តាំងពីតូច តែពេលធំឡើងគាត់ក៏រកមនុស្សដែលខ្លួនស្រលាញ់រៀងៗខ្លួន ដោយខ្លាចថាគ្មានទាយាទស្នងត្រកូល Jeon អ្នកម៉ាក់ក៏សម្រេចចិត្តផ្តល់កំណើតឲ្យខ្ញុំ ដើម្បីការពារមុខមាត់គាត់ខ្ញុំក៏ក្លាយជាក្មេងដែលគ្មានប៉ាម៉ាក់ហៅ រញ៉េរញ៉ៃណាស់ត្រូវទេ?"
"អត់ទេ!" Tae ក្រសោបមុខនាយកម្លោះថ្នមៗ កម្តៅក្នុងខ្លួនគេក៏ថយចុះ ម្រាមដៃក៏ត្រជាក់បន្តិចម្តងៗ បញ្ជាក់ថាគេកំពុងព្រួយបារម្ភ ចុះបើគ្រួសារទាំងមូលមិនព្រមទទួលយក Taehyung វិញនោះ? គេនឹងធ្វើយ៉ាងណា? "ខ្ញុំសរសើរ Jungkook ដែលនៅតែអាចឈរបានយ៉ាងនឹងនរ បន្ទាប់ពីរឿងរ៉ាវទាំងនេះកើតឡើង ខ្វះភាពកក់ក្តៅពីគ្រួសារមិនមែនក្មេងៗគ្រប់រូបអាចទទួលយកវានោះទេ ខ្ញុំរីករាយដែលបានទទួលដឹង ពីអម្រែកដែល Jungkook រែកមកតែម្នាក់ឯងរហូត"
"អរគុណ..." ស្នាមញញឹមពពេញដោយភាពរីករាយ វាជាអ្វីដែល Jungkook ប្រាថ្នាចង់បានជាទីបំផុត ហើយពេលនេះគេកំពុងតែទទួលបានវា។

ពិធីទទួលទានអាហារពេលល្ងាចជុំគ្នាត្រូវបានចាប់ផ្តើមឡើងមុនពេល Jungkook មានឱកាសនិយាយពីអ្វីដែលគេបានគិតទុក ម្យ៉ាងពេលគេប្រាប់ថា Tae ជាគូរlស្នេហ៍ គ្មាននរណាបង្ហាញប្រតិកម្មអ្វីនោះទេ វាអាចទៅរួចដែល Alianora បាននិយាយមុនរួចទៅហើយ ឬម្យ៉ាងទៀតគឺមកពីគ្រួសារទាំងមូលមិនបានគិតពីអនាគតរបស់គេតែម្តងទើបមិនខ្វល់ថាគេជ្រើសយកអ្វី។ រឿងជាច្រើនត្រូវបានយកមកនិយាយ តាំងពីចាប់ផ្តើមដល់បញ្ចប់ Jungkook រង់ចាំដល់ពេលចុងបញ្ចប់ទើបនិយាយ តែបែរជាត្រូវលោក Min និយាយមុន។
" Jungkook ប៉ាឮថាឯងចង់រៀបការនឹង Taehyung ត្រូវទេ?"
"ពួកយើងនឹងរៀបការឆាប់ៗនេះ ខ្ញុំគ្រាន់តែចង់ជម្រាបរឿងនេះឲ្យអ្នកគ្រប់គ្នាដឹងប៉ុណ្ណោះ"
"តាំងពីពេលណាដែលប្រទេសកូរ៉េខាងត្បូងបើកសិទ្ធឲ្យគូស្នេហ៍ភេទដូចគ្នារៀបការ?"
សម្តីរបស់លោក Min បណ្តាលឲ្យ Jungkook ហាក់ត្រូវបាញ់ចំកណ្តាលក្បាល ស្ទុះក្រោកពីកៅអីទាំងកំហឹង តែត្រូវ Taehyung ព្យាយាមសង្កត់គេចុះវិញ។
"សុំទោស...ខ្ញុំដឹងថាខ្ញុំមិនគួរលូកមាត់ក្នុងរឿងនេះ តែហេតុអ្វីលោកនិយាយបែបនេះ នៅពេលដែលលោកមិនធ្លាប់អើពើពីបញ្ហាមួយនេះក្នុងសង្គម? តើវាខុសបែបណាទៅនៅពេលមនុស្សម្នាក់ព្យាយាមរកសេចក្តីសុខឲ្យខ្លួនឯង?"
"វាខុសនឹងច្បាប់ធម្មជាតិ មនុស្សប្រុសនិងមនុស្សស្រីទើបអាចរស់នៅជាមួយគ្នាបាន-"
"លោកមានភស្តុតាងទេ?" Alianora ស្រាប់តែនិយាយកាត់ ព្រោះយល់ថាហេតុផលទាំងនេះគ្មាននរណាយកមកប្រើក្នុងសតវត្សទី21នេះទៀតទេ នៅជាមួយមនុស្សប្រុសឬមនុស្សស្រីវាដូចតែគ្នាទេ សំខាន់តើនៅជាមួយនរណាអាចផ្តល់សេចក្តីសុខឲ្យយើងច្រើនជាង "ច្បាប់ធម្មជាតិមួយណាដែល កំណត់ថាមនុស្សប្រុសត្រូវតែនៅជាមួយមនុស្សស្រី? ចុះហេតុអ្វីគេនៅតែមានអារម្មណ៍ជាមួយមនុស្សប្រុស ទាំងដែលមនុស្សស្រីជាច្រើនព្រមថ្វាយក្តីស្រលាញ់នឹងខ្លួនប្រាណឲ្យគេ?"
"នាងគាំទ្រគេបែបនេះទើបគេអាចធ្វើអ្វីបានតាមតែចិត្ត" Seojoon គ្រវាសកែវភ្នែកកំណាចដាក់អតីតភរិយា តែនាងមិនបានបង្ហាញភាពភ័យខ្លាចចេញមក។
"លោកប្រើនាមជាអ្វីមកនិយាយពេលនេះ?"
"ប្រាកដណាស់ ព្រោះខ្ញុំជាឪពុករបស់គេ-"
"តែខ្ញុំមិនធ្លាប់ទទួលប្រាក់គ្រួសារ Min ទៅចិញ្ចឹម Jungkook ទេ លោកនៅចង់ត្រួតត្រាជីវិតគេ ទាំងដែលទង្វើរបស់លោកមិនធ្លាប់ទុកគេជាកូនពិតប្រាកដនោះមែនទេ?" Alianora គំហកដាក់ Seojoon អ្នកស្រី Min ក៏ចាប់ដៃនាងថ្នមៗ។
"កុំឈ្លោះគ្នាអី និយាយគ្នាមួយៗទៅ"
"បងមិនយល់ទេព្រោះគាត់ល្អចំពោះបងនិង Yoongi ណាស់ តែ Seojoon ខ្ញុំសួរលោក.." ស្រ្តីវ័យកណ្តាលខាំមាត់យ៉ាងណែន សម្លឹងមុខម្ចាស់ឈ្មោះដែលនាងរំលឹកមុននេះ "..តាំងពី Jungkook នៅក្មេងរហូតទល់ពេលនេះ លោកធ្លាប់បើកឡានទៅចាំទទួលគេពេលចេញពីសាលាម្តងទេ? នៅពេលគេឡើងថ្នាក់មធ្យមហើយខ្ញុំលែងមានពេលឲ្យគេលោកនៅឯណា?"
Taehyung ងាកមើលមុខ Jungkook ដែលឱនមុខចុះ ហើយចាប់ក្រសោបប្រអប់ដៃរបស់គេដើម្បីលួងលោម។ Jungkook ប្រហែលជាគិតថាគ្មាននរណាយកចិត្តទុកដាក់នឹងភាពឯការបស់គេ តែគ្រប់គ្នាបានឃើញ គ្រាន់តែពេលខ្លះក្នុងនាមជាម្តាយ Alianora មិនអាចផ្តល់ភាពកក់ក្តៅពេញលេញឲ្យកូនបាន ក្នុងវិស័យការងារដ៏ស្វិតស្វាញនេះ។
"បើខ្ញុំមិនធ្លាប់គិតថាគេជាកូនប្រុស តើពេលនេះខ្ញុំខ្វល់ពីគេធ្វើអ្វីទៅ? បាន..." បុរសចំណាស់ចោលកន្ទុយភ្នែករក Jungkook គាត់ដឹងថាវាកន្លងមកការងារជាន់កខ្លាំងពេក ទើបគ្មានពេលឲ្យគេ តែ Yoongi ប្រហែលជាកក់ក្តៅបន្តិចព្រោះពេលខ្លះបានជួបឪពុកនៅផ្ទះ ទើបរាល់ដងគាត់មិនធ្លាប់តឹងតែងលើជីវិតដែល Jungkook រើស តែពេលនេះគេជាតារាល្បីមានអ្នកគាំទ្រជាច្រើន អ្នកចាំជាន់បន្លិចក៏ច្រើន គាត់បានឃើញសភាពរបស់ Sulli ម្តងរួចទៅហើយ ទោះមិនមែនជាឪពុកល្អដូចអ្នកដ៏ទៃ តែគាត់ក៏បារម្ភមិនចង់ឲ្យអ្នកដ៏ទៃមើលងាយកូនប្រុស "ឯងអាចធ្វើអ្វីក៏បាន តែកុំបង្ហាញវាជាសារធារណៈ កុំរៀបការ យល់ទេ?"
"ពួកយើងអរគុណខ្លាំងណាស់-"
"ខ្ញុំមិនព្រមទេ!" រាងក្រាស់និយាយអារកាត់សម្តី Taehyung គេដឹងថា Tae មិនចង់បានអ្វីលើសពីនេះ តែគេចង់ផ្តល់ក្តីស្រលាញ់ពេញលេញមួយឲ្យ Tae "ខ្ញុំនឹងរៀបការដល់ពេលនោះលោកប៉ាចង់ចូលរួមក៏បានមិនចង់ក៏បាន ខ្ញុំមិនបានមកសុំការអនុញ្ញាតទេ គ្រាន់តែមកជូនដំណឹង" Jungkook អូសដៃ Taehyung ឲ្យក្រោកឈរហើយអោនក្បាលគោរពលា លោកយាយនិងម៉ាក់ធំក៏បន្តញញឹមលើកទឹកចិត្តក្មេងៗ ខណៈ Seojoon និង Alianora ពាក់មុខយក្សដាក់គ្នាមិនឈប់ "ពួកយើងលាទៅវិញហើយ"
បន្ទាប់ពីក្មេងៗចាកចេញ លោក Min ក៏បន្ធូរដង្ហើមធំមួយយ៉ាងវែង។
"ពេញចិត្តហើយមែនទេ ដែលឃើញខ្ញុំត្រូវកូនស្តីឲ្យរឹងមុខបែបនេះ" ក្នុងចិត្តក៏គិតឆ្ងល់ថា តើទៅហាម Jungkook ធ្វើអ្វី បើដឹងច្បាស់ហើយថាគេនឹងមិនស្តាប់។
"គេក៏ដូចលោកឃើញទេ? ពេលលោកប្រកែកមិនរៀបការនឹងខ្ញុំ" និយាយហើយសើច Alianora ទើបតែនឹកឃើញថា ពេលនេះនាងចាស់ណាស់ទៅហើយ ក៏យល់អារម្មណ៍មនុស្សចាស់ដែលតែងតែហាមនាងគ្រប់ជំហានកាលនៅពីក្មេង។
"នាងក៏ប្រកែកដូចគ្នាកុំបន្ទោសតែខ្ញុំ" សម្លេងសើចគិលគ្រប់គ្នារំសាយក្តីបារម្ភចំពោះ Jungkook ដោយយល់ថាគេនឹងមានក្តីសុខ ដោយរកឃើញមនុស្សដែលហ៊ានក្រោកឈរដើម្បីគេនៅចំពោះមុខគ្រួសារគេ ហើយក៏សង្ឃឹមថា Taehyung អាចបំពេញចន្លោះខ្វះខាតក្នុងបេះដូងគេ ស្របពេលគ្រួសារទាំងមូលមិនអាចប៉ះប៉ូវឲ្យគេបាន។

ដើរដល់ចំណតឡានខាងក្រៅវីឡា Jungkook ប្រែជាញ័រដៃហើយឱនមុខផ្ទប់នឹងស្មារ Tae គេពិតជាបារម្ភណាស់ គេអាចនឹងបង្ករជម្លោះបើពេលនោះ Alianora មិនក្រោកឈរជំនួសគេ ជាពិសេស Taehyung គេស្រាប់តែក្លាហានហ៊ាននិយាយពាក្យទាំងនោះ គេពិតជាត្រេកអរណាស់បើគេមិនល្ងីល្ងើនៅពេលនោះ ពួកគេច្បាស់ជានៅជាមួយគ្នារហូត4-5ឆ្នាំនេះទៅហើយ វាឆ្គួតខ្លាំងណាស់។
"ពេលលោកប៉ានិយាយពាក្យទាំងនោះ ខ្ញុំគិតថាបងនឹងលែងដៃខ្ញុំទៅហើយ" សម្លេងគ្រងួរហាក់ធុញថប់ក្នុងចិត្តរបស់ Jungkook បន្លឺឡើងរងំក្នុងត្រចៀក Tae។
"វាគ្មានថ្ងៃកើតឡើងទេ..." Tae អោបខ្នងរាងក្រាសយ៉ាងណែន ដើម្បីដាសគេមកស្តាប់អ្វីដែលខ្លួនចង់និយាយ "សុំទោសដែលមិនធ្លាប់ឃើញអ្វីដែល Jungkook ឆ្លងកាត់កន្លងមក ពេល Jungkook ស្រក់ទឹកភ្នែកខ្ញុំក៏ធ្វើអ្វីមិនបានក្រៅពីឈរមើល"
"អត់ទេ! ចាប់ពីពេលនេះតទៅបងនឹងលែងឃើញសភាពបែបនេះរបស់ខ្ញុំទៀតហើយ...ពួកយើងនឹងនៅជាមួយគ្នា បងនឹងមិនបណ្តោយឲ្យខ្ញុំនៅតែម្នាក់ឯងទៀតទេ ត្រូវទេ?" រាងក្រាស់ងើបមុខហើយឱបតបទៅ Tae វិញ។
"រឿងនេះ ប្រាកដណាស់"

You're FAKE [Complete]Tempat di mana cerita hidup. Terokai sekarang