ភាគទី 62

3.1K 187 0
                                        

« ខ្ញុំជាអ្នកវាយ Kyosuke ទម្លាក់ទឹក! »       អ្នកជាម្តាយធ្លាក់ថ្លើមក្តុកដល់ដីពេលលឺសម្តីកូនប្រុសរបស់មិត្តភក្តិជិតស្និតដែលខំស្រឡាញ់ចាត់ទុកដូចកូនបង្កើតតាំងពីទើបនឹងកើតបាតជើងក្រហមរងៀលរហូតដល់ធំពេញវ័យប៉ុននេះ សារភាពយ៉ាងងាយស្រួលពីទង្វើឃោរឃៅដែលធ្វើដាក់កូនប្រុសរបស់នាង អាកប្បកិរិយារបស់គេសាមញ្ញរហូតដល់នាងមិនអាចមើលធ្លុះការគិតរបស់គេ ទឹកមុខរាបស្មើមួយនេះចង់បង្ហាញពីអ្វីឱ្យប្រាកដ? តើគេមិនមានអារម្មណ៍ថាខុសដែលធ្វើបែបនេះទេអ្ហេស៎?       « ហេតុអី? ហេតុអីឯងធ្វើបែបនេះ Simon? » Mizuki ស្រក់ទឹកភ្នែកដោយកំហឹងនិងភាពឈឺចាប់ក្នុងនាមជាម្តាយដែលយកកូនប្រុសមកផ្ញើនិងមិត្តភក្តិប្រៀបដូចយកកូនមកលេងសើចនិងសេចក្តីស្លាប់។       « .... » Simon អោនមុខចុះជាមួយភាពស្ងៀមស្ងាត់ ទឹកមុខនៅតែស្មើធេងដូចសព្វមួយដង ក្នុងនាមជាកូនប្រុសដ៏រឹងមាំ គេនឹងមិនយំនោះទេ។       « ហេតុអីស្ងាត់? ឆាប់ឆ្លើយនឹងមីងមក Simon »       « សុំទោស? » រាងក្រាស់អោនក្បាលចុះដោយក្តីសោកស្តាយនិងដឹងកំហុស តែត្រូវម្តាយរបស់គេទាញឱ្យងើបមុខហើយអង្រួនខ្លួនគេខ្លាំងៗ តើគេកំពុងបាត់សតិមែនទេ? នាងមិននឹកស្មានឡើយថា Simon គ្រោងនឹងស្លាប់ជាមួយ Kyosuke តើក្នុងខួរក្បាលក្មេងខ្ចីមួយនេះកំពុងគិតអ្វីខ្លះ?       « Simon ឯងកំពុងនិយាយអី មានដឹងខ្លួនទេ? »       « លែងគេទៅ Suhee ខ្ញុំចង់ឱ្យគេឆ្លើយដោយផ្ទាល់ថាហេតុអីទើបធ្វើបែបនេះ » Mizuki ចាប់ទាញដៃមិត្តសម្លាញ់ឱ្យថយក្រោយ ខណៈលោក Munakata មិននិយាយអ្វីក្រៅពីឈរនៅក្រោយភរិយាដោយស្ងៀមស្ងាត់ព្រោះគាត់ក៏ចង់ដឹងពីហេតុផលរបស់ Simon ដូចគ្នា។       « ខ្ញុំនិយាយថាខ្ញុំសុំទោស... ហើយខ្ញុំនឹងទទួលខុសត្រូវគ្រប់យ៉ាង »       ផាច់!!!       បរិយាកាសប្រែជាស្ងប់ស្ងាត់បន្ទាប់ពីសម្លេងនៃបាតដៃដែលស្ទុះទៅទះថ្ពាល់សស្លេកមួយនោះឱ្យឡើងក្រហមដូចលាបពណ៌ចំណែកម្ចាស់ថ្ពាល់ត្រូវផ្អៀងមុខទៅម្ខាងតាមកម្លាំងទះកន្លងផុតទៅ Mizuki ញ័រដៃតតាត់ភ្ញាប់ជាមួយកំហឹងស្របពេល Suhee ឈរត្រឹងមិនហាមឃាត់ ព្រោះកូនរបស់នាងជាអ្នកខុសពិតមែន គេមិនសមនឹងទទួលបានការកាន់ជើងឬជួយនិយាយយកត្រូវនោះទេ។       « ឯងនិយាយថាទទួលខុសត្រូវ ឯងចង់ទទួលខុសត្រូវបែបណា? » ស្រ្តីវ័យកណ្តាលក្តាប់ដៃគក់ទ្រូងខ្លួនឯងតិចៗ សម្លេងប្រែជាអណ្តឺតអណ្តកដោយភាពវេទនាក្នុងចិត្ត។       « ឯងអាចសងឈាមគ្រប់តំណក់ដែលហូរត្រាពេញទឹករបស់កូនប្រុសខ្ញុំមកវិញទេ? ឬក៏អាចទទួលរងភាពឈឺចាប់វេទនាដែលគេទទួលបានគ្រប់វិនាទីនៅពេលនេះជំនួសគេ?  ពាក្យសុំទោសនិងទំនួលខុសត្រូវរបស់ឯងអាចដាស់គេឱ្យភ្ញាក់ដឹងខ្លួនទេ? » នាងយំកាន់តែខ្លាំងធ្វើឱ្យស្ថានភាពកាន់តែតឹងតែងឡើង។       « ... »       « ឆ្លើយមក ហេតុអីឯងមិនឆ្លើយ? »        Simon នៅតែស្ងាត់មាត់មិនតបត សុខចិត្តខាំអណ្តាតឱ្យឈឺរហូតដល់ស្ពឹក សម្លឹងមើលទឹកភ្នែកអ្នកម្ខាងទៀតដែលស្រែកឱ្យគេខ្លាំងៗ តែគេដឹងច្បាស់ថាទោះជាស្រែកបែបនេះដល់ស្លាប់ក៏ភាពឈឺចាប់ក្នុងនាមជាម្តាយរបស់នាងមិនបានថមថយដែរ។       « ឯងឆាប់និយាយមកថាកូនប្រុសរបស់ខ្ញុំខុសអី ហេតុអីឯងធ្វើបាបគេ? តើឯងគ្មានភាពជាមនុស្សទេអ្ហេស៎? » Suhee វាយទ្រូង Simon ម្តងហើយម្តងទៀតព្រមទាំងស្រែកយំរហាមដូចកូនក្មេង នាងលែងខ្មាស់អៀនអ្វីទៀតហើយ។       « ...ខ្ញុំមានកូនប្រុសតែម្នាក់ប៉ុណ្ណោះ តាំងពីតូចខ្ញុំថ្នាក់ថ្នមគេខ្លាំងណាស់ ពេលបង្កើតគេខ្ញុំហូរឈាមអស់ទាំងថ្លុក ឈឺស្ទើរតែដាច់ដង្ហើមស្លាប់ម្តងៗ ពេលចិញ្ចឹមគេខ្ញុំដាក់ភាពអត់ធ្មត់ ក្តីស្រឡាញ់ និងកាយវិការថ្នាក់ថ្នម តែខ្ញុំមិនដែលទាំងហ៊ានទះកំភ្លៀងគេមួយដៃផ តើឯងជានរណាទើបហ៊ានធ្វើបែបនេះដាក់គេ? »       Mizuki វាយ Simon កាន់តែខ្លាំងនិងស្រែកយំរហូតដល់ផ្អើលគ្រូពេទ្យរត់ចូលមកមើលទើបលោក Munakata រហ័សចាប់ភរិយាឱ្យថយចេញពី Simon ដើម្បីឱ្យនាងស្ងប់ចិត្ត ខ្លាចរំខានដល់អ្នកជំងឺដទៃទៀត។       « Suhee នាំ Simon ទៅវិញសិនទៅ »       « បាន! » Suhee ងាកមើល Mizuki ដែលយំឡើងទន់ខ្លួនក្នុងរង្វង់ដៃស្វាមីហើយប្រញាប់អូសដៃកូនប្រុសត្រឡប់ទៅបន្ទប់វិញតាមសម្តីលោក Munakata ។       Simon កាន់តែស្ងប់ស្ងាត់បន្ទាប់ពីត្រឡប់មកដល់បន្ទប់វិញ រាងក្រាស់ទម្លាក់ខ្លួនដេកលើគ្រែហើយបែរខ្នងដាក់ម្តាយដែលឈរនៅម្ខាង។       « ម៉ាក់ថាដល់ពេលហើយដែលម៉ាក់ត្រូវដឹងហេតុផលគ្រប់យ៉ាង » Suhee ទាញកៅអីមកអង្គុយក្បែរគ្រែខណៈអ្នកម្ខាងទៀតនៅស្ងៀមដដែល។       « មិនចាំបាច់សំងំស្ងៀមទេ Simon លើកមុន Kyosuke ប្រកែកនឹងម៉ាក់មិនឱ្យប្រាប់ Mizuki តែម្តងនេះគេស្ទើរតែបាត់បង់ជីវិត ម៉ាក់មិនអាចអោបដៃឈរមើលគេត្រូវឯងធ្វើបាបម្តងហើយម្តងទៀតទេ »       « ដូច្នេះទើបអ្នកម៉ាក់មកវែកញែកកំហុសរបស់ខ្ញុំ ត្រូវទេ? » អ្នកជំងឺក្រោកអង្គុយបញ្ឈរជង្គង់អោបជើងហើយដាក់ចង្កាទៅលើជង្គង់។       « អត់ទេ ម៉ាក់គ្រាន់តែចង់ដឹងថាហេតុអីឯងស្អប់ Kyosuke ដល់ថ្នាក់នេះទាំងដែលគេសុខចិត្តឈឺខ្លួនដើម្បីការពារឯងមករហូត »       « អ្នកម៉ាក់... ក៏ស្អប់ខ្ញុំដែរឬ? »        អ្នកកម្លោះសួរតិចៗហាក់រំញោចបេះដូងរបស់អ្នកជាម្តាយឱ្យជ្រួតជ្រាបពីភាពឈឺចាប់របស់កូន នាងសម្លឹងមុខកូនប្រុសដោយក្តីអាណិតស្រឡាញ់ នាងខ្លោចផ្សាចិត្តបំផុតពេលដែលដឹងថាកូនគ្មានក្តីសុខ តើគេត្រូវរងទុក្ខខ្លាំងប៉ុណ្ណាដែលត្រូវទ្រាំទ្រនឹងជំងឺឆ្គួតឡប់បែបនេះតាំងពីក្មេង ខណៈដែលនាងមិនអាចជួយអ្វីបានក្រៅពីសម្លឹងមើលកូនស្ថិតក្នុងភាពឈឺចាប់ តើនាងអាចស្អប់គេបានយ៉ាងម៉េច ទោះមនុស្សលើលោកនេះស្អប់ខ្ពើមគេ ក៏នាងគ្មានថ្ងៃស្អប់គេឡើយ គ្មានសូម្បីតែគិត។       « Simon ម៉ាក់ម៉េចនឹងអាចស្អប់កូនបាននោះ? » Suhee សម្លឹងមុខកូនទាំងទឹកភ្នែកអួលដើមក។       « ខ្ញុំមិនបានស្អប់គេនោះទេ... » រាងក្រាស់អោនចុះដោយចង្កានៅជាប់នឹងក្បាលជង្គង់នៅឡើយ « ... ពេលនៅក្បែរគេ... អារម្មណ៍របស់ខ្ញុំប្រែជាជ្រួលច្របល់ រឿងរ៉ាវកាលពីក្មេងតែងតែមកខ្សឹបថាគេភ្លេចខ្ញុំហើយ គេស្អប់ខ្ញុំហើយ គឺព្រោះតែខ្ញុំគ្មានតម្លៃនឹងឱ្យគេចងចាំ ខ្ញុំខ្លាច.. ខ្លាចថានឹងត្រូវបាត់បង់គេ តែខ្ញុំបែរជាហាមខ្លួនឯងមិនបាន ខ្ញុំចង់វាយក្បាលរបស់គេឱ្យគេចងចាំឡើងវិញ... » Simon  អោនមុខយំធ្វើឱ្យដង្ហើមប្រែជាដង្ហក់ បបូរមាត់ប្រេះស្ងួតរបស់គេហើបយឺតៗទាំងញ័រតិចៗខណៈទឹកភ្នែកហូរស្រោចលើភាពរាំងស្ងួតទាំងនោះដូចទឹកភ្នែកស្រោចស្រពដីប្រេះក្រហែង។        « ខ្ញុំមិនចង់រស់នៅគ្មានគេនោះទេ ដូច្នេះទើបខ្ញុំចង់ឱ្យយគេស្លាប់ជាមួយខ្ញុំ ខ្ញុំមិនចង់លែងគេឱ្យទៅណាទៀតទេ... អត់ទេ!! »        « Simon ទប់អារម្មណ៍ឡើង Simon » Suhee ចុចកណ្តឹងសុំជំនួយពីគ្រូពេទ្យហើយរត់ទៅចាប់កូនប្រុសដែលកំពុងបាត់បង់សតិ។       រាងក្រាស់គ្រវីក្បាលស្រែកថា "ទេៗ" ឥតឈប់ហើយចាប់ទាញភួយខ្នើយបោះបោករញ៉េរញ៉ៃ អ្វីដែលនៅជិតដៃត្រូវខ្ទាតចេញខ្ចាត់ខ្ចាយ របូតម្ជុលទុយោរស៊ឺរ៉ូមចេញពីដៃអស់ បន្តិចម្តងៗគេប្រែជាគ្រប់គ្រងខ្លួនឯងលែងបាននិងស្រវេស្រវារកនេះរកនោះតែផ្តេសតែផ្តាសទោះជាម្តាយរបស់គេព្យាយាមចាប់និងហាមឃាត់ប៉ុណ្ណាក៏មិនស្តាប់ គេនៅតែរវើរវាយរហូតដល់គ្រូពេទ្យចូលមកដល់ហើយចាក់ថ្នាំរំងាប់អារម្មណ៍ឱ្យ ទើបគេទន់ដៃទន់ជើងសន្លប់លែងមានកម្លាំងរើរបម្រាស់។       Suhee ឈរសម្លឹងមើលស្នាមទឹកភ្នែកដែលដាមលើថ្ពាល់ Simon ចំណែកភ្នែករបស់គេឡើងហើបព្រោះយំខ្លាំងពេកនិងប្រហែលជាទៅត្រូវនឹងអ្វីម្យ៉ាងពេលរវើរវាយមុននេះ នាងត្រូវតែចាប់ផ្តើមព្យាបាលជំងឺរបស់គេនៅថ្ងៃនេះហើយ នាងមិនចង់ឃើញកូនក្នុងសភាពបែបនេះទៀតឡើយ។       ថ្ងៃបន្ទាប់...       Simon ចាប់ផ្តើមចាក់ថ្នាំដែលលោកដុកទ័រ Kang ធានាថានឹងអាចព្យាបាលជំងឺរបស់គេឱ្យជាសះស្បើយដោយចាក់ថ្នាំរៀងរាល់ពីរសប្តាហ៍ម្តងរហូតគ្រប់ 6ម្ជុល ហើយប្រើថ្នាំបន្តដើម្បីសង្កេតមើល 3ខែដំបូង បើគ្មានប្រតិកម្មចម្លែកអ្វីទេមានន័យថាសុខភាពរបស់គេអាចទទួលយកថ្នាំបាន ដូច្នេះបន្តពីនេះគឺត្រូវលេបថ្នាំឱ្យទៀងទាត់និងពិនិត្យមើលស្ថានភាពរៀងរាល់ 3ខែម្តង ការព្យាបាលអាចឈានចូលទៅដល់ 3ឆ្នាំយ៉ាងយូរ គេនឹងជាសះស្បើយយ៉ាងពិតប្រាកដ។       ងាកមកមើលគ្រួសារ Munakata វិញ ប្តីប្រពន្ធវ័យកណ្តាលកំពុងរង់ចាំការភ្ញាក់ដឹងខ្លួនរបស់កូនប្រុសទាំងអន្ទះសារ។ Kyosuke នៅតែមិនទាន់ដឹងខ្លួនបន្ទាប់ពីសន្លប់អស់ពេលមួយយប់មួយថ្ងៃ ដុកទ័រប្រាប់ថាប្រហែលមកពីគេហូរឈាមច្រើនពេក ដូច្នេះគេត្រូវការពេលបន្តិចដើម្បីបង្កើតកម្លាំងជំរុញឱ្យខ្លួនឯងអាចភ្ញាក់ឡើង មិនចាំបាច់អារម្មណ៍ឡើយ គេប្រាកដជាដឹងខ្លួនឡើងវិញ។       តុក.. តុក.. តុក..       Simon គោះថ្នមៗជាការគួរសមមុននឹងបើកទ្វារចូលមកក្នុងបន្ទប់ដោយគ្មាន Suhee មកជាមួយ ព្រោះគេលួចមកតែម្នាក់ឯងបំណងថាមកសុំទោសឪពុកម្តាយ Kyosuke និងនិយាយគ្នាឱ្យបានច្បាស់លាស់។       « អ្នកមីងលោកពូ » Simon អោនក្បាលចុះជាការគំនាប់ហើយឈរនៅស្ងៀមមួយកន្លែងព្រមទាំងលួចសម្លឹង Kyosuke ដែលនៅលើគ្រែ គេមិនទាន់ដឹងខ្លួននៅឡើយទេ។       « អង្គុយចុះទៅ Simon » លោក Munakata ប្រាប់ដោយមិនបានខឹងក្រោធ គាត់មិនដឹងថាគួរបន្ទោស Simon បានយ៉ាងម៉េចនោះទេ ដរាបណាកូនប្រុសរបស់គាត់មិនទាន់ដឹងខ្លួន ស្តាប់តែម្ខាងមិនបានទេ។       « ខ្ញុំមកសុំទោស » រាងក្រាស់បន្លឺឡើងទាំងមិនទាន់ដាក់ខ្លួនអង្គុយចុះតាមការអញ្ជើញ។       « បើចង់សុំទោស មីងមិនហ៊ានទទួលទេ » Mizuki ដែលដូចជាស្ងប់ចិត្តបានច្រើននោះពោលឡើងតិចៗតាមទម្លាប់ « បើចង់សុំទោសគួរតែរង់ចាំដល់ Kyosuke ដឹងខ្លួន ព្រោះគេជាអ្នកឈឺ មិនមែនមីងនិងពូរបស់ឯងឡើយ ពេលនោះលទ្ធផលបែបណា ទុកឱ្យ Kyosuke គេសម្រេចដោយខ្លួនឯងចុះ »       « បាទ.. ខ្ញុំយល់ហើយ តែខ្ញុំអាចមកកំដរគេដែរបានទេ? » Simon ស្នើសុំទាំងអោនមុខគំនាប់មិនហ៊ានងើយ គេមិនដឹងថាខ្លួនឯងកំពុងនិយាយអ្វីនោះទេព្រោះតាមធម្មតាគេរឹងទទឹងណាស់តែម្តងនេះគេបែរជាចេះផ្គាប់ផ្គុននិងអង្វរក ដឹងត្រឹមតែថាបេះដូងគេបញ្ជាឱ្យធ្វើបែបនេះ។       « មិនចាំបាច់ទេ ពួកយើងអាចមើលថែគេបាន »       « អ្នកមីង តែមួយភ្លែតក៏បាន ខ្ញុំសុំពេលតែមួយភ្លែតប៉ុណ្ណោះ »       « មីងភ្លេចប្រាប់ ពេលគេដឹងខ្លួន បន្ទាប់ពីសុំទោស Kyosuke ហើយគេសម្រេចចិត្តរួចហើយ ឯងមិនបាច់មកជិតបន្ទប់នេះម្តងទៀតទេ ទៅវិញបានហើយ »       « អ្នកមីង- »       « Kyoji-kun ជូនដំណើរភ្ញៀវ! » Mizuki ងាកទៅប្រាប់ស្វាមីហាក់បណ្តេញ Simon ទើបគេគ្មានជម្រើសអ្វីផ្សេងក្រៅពីចាកចេញ ទោះនាងអាចស្ងប់ចិត្តជាងមុនបន្តិច តែនាងនៅតែមិនភ្លេចមុខមនុស្សដែលវាយកូនរបស់នាងស្ទើរតែស្លាប់នោះទេ នាងអាចលើកលែង តែនាងនឹងមិនបំភ្លេចចោលឡើយ។       « Mizuki អូនដូចជាឃោរឃៅចំពោះ Simon ពេកហើយ »       « អូនគ្រាន់តែចង់ការពារកូនរបស់អូនប៉ុណ្ណោះ តើការការពារនិងក្តីបារម្ភរបស់ម្តាយចំពោះកូនក៏ហៅថាឃោរឃៅដែរមែនទេ? »       « ..... »

You're FAKE [Complete]Место, где живут истории. Откройте их для себя