ភាគទី 23 : ឆាប់ជា...!

3.4K 221 1
                                    


       ទិដ្ឋភាពប្រចាំថ្ងៃដើរទៅមុខដូចធម្មតា អ្វីៗកន្លងផុតទៅយ៉ាងរលូន មនុស្សម្នាប្រកបរបររកស៊ីនិងបំពេញតួនាទីរៀងៗខ្លួន ក៏ដូចគ្នានឹងសិស្សនិស្សិតដែលទៅសាលារៀនតាមកាលវិភាគដូចធម្មតា
       Kyosuke ត្រឡប់មកផ្ទះនៅពេលល្ងាចបន្ទាប់ពីចេញពីសាលា យប់នេះ K មិនបានជួបជុំកូនចៅនោះទេ ដូច្នេះគេក៏គ្មានអ្វីត្រូវធ្វើដែរ ក្រៅពីត្រឡប់មកសម្រាកនៅផ្ទះ
       « Kyosuke ឡើងទៅងូតទឹកទៅ មីងធ្វើម្ហូបជិតរួចហើយនឹងអាលបានញ៉ាំជុំគ្នា » Suhee លើកម្ហូបដែលចម្អិនហើយពីរចានមកដាក់លើតុ គាប់ជួន Kyosuke ក៏ដើរចូលមកល្មម
       « បាទ! អ្នកមីង... » គេបម្រុងឡើងកាំជណ្តើរតែបែរជាងាកមកវិញ
       « Simon គេត្រឡប់មកផ្ទះហើយមែនទេ? »
       មិនដឹងថាហេតុអីត្រូវសួរពីអាម្សៀរ៍នោះ តែតាំងពីព្រឹកឃើញទឹកមុខគេមិនសូវល្អ ហើយថែមទាំងគេចម៉ោងចុងក្រោយមិនចូលថ្នាក់រៀនទៀត គេអាចកើតអីមែនទេដឹង?
       « Simon នៅគេងក្នុងបន្ទប់ មីងមិនដឹងថាហេតុអីទេ តែមកដល់ផ្ទះក៏មិនព្រមនិយាយរកមីងសូម្បីមួយម៉ាត់ សួរអ្វីក៏មិនឆ្លើយ យ៉ាប់មែនកូនម្នាក់នេះ » ស្ត្រីវ័យកណ្តាលគ្រវីក្បាលហើយលើកដៃវាយស្មាក្មួយប្រុសពីក្រោយថ្នមៗ
       « ខ្ញុំ... ខ្ញុំគិតថាគេមិនស្រួលខ្លួនព្រោះទឹកមុខគេមិនសូវល្អប៉ុន្មានទេពេលនៅសាលា »
       « បើបារម្ភពីគេយ៉ាងនេះ ហេតុអីមិនទៅមើលគេដោយខ្លួនឯង? » នាងសើចញឹមៗធ្វើឱ្យអ្នកម្ខាងទៀតបង្ហាញទឹកមុខឡេឡឺចេញមក មិនមែនបែបនោះទេ បើគេបង្ហាញមុខពេល Simon កំពុងខឹងឬមិនស្រួលខ្លួននោះ គេគេចមិនផុតពីស្លាប់ទេ ហើយស្លាប់យ៉ាងវេទនាទៀតផង
       « គេ.. គេមិនសូវចូលចិត្តខ្ញុំទេ បើទៅមានតែធ្វើឱ្យគេខឹងប៉ុណ្ណោះ ខ្ញុំ... ខ្ញុំទៅងូតទឹកហើយ! » កម្លោះតូចប្រកែកទាំងរដាក់រដុបហើយប្រញាប់រត់ឡើងទៅក្នុងបន្ទប់បាត់ គេប្រហែលជាខ្លាច Simon ពិតមែនហើយ ចង្រៃយ៎អើយ! ខ្លាចនេណាមិនខ្លាច ហេតុអីមកខ្លាចអាមុខសត្រជាក់ដូចទឹកកកនេះទៅវិញ?
       Kyosuke ប្រើពេល 15នាទីដើម្បីចាត់ចែងលើការងូតទឹកនិងរៀបចំខ្លួន បន្ទាប់ពីស្លៀកពាក់រួចហើយក៏ប្រញាប់ទាញទូរស័ព្ទមកមើល តែសម្លេងគោះទ្វារក៏បន្លឺឡើងល្មម
       តុក...តុក...តុក...!
       « មានការអី? » ម្ចាស់បន្ទប់ហកសួរយ៉ាងលឿនដូចព្យុះកំបុតត្បូងបន្ទាប់ពីឃើញថាអ្នកគោះទ្វារជា Simon
       « ម៉ាក់ហៅញ៉ាំបាយ! » រាងក្រាស់និយាយតែមួយឃ្លាក៏ត្រឡប់ខ្លួនដើរចេញទៅវិញបាត់ ដោយមិនខ្វល់ថាអ្នកស្តាប់ ស្តាប់បានឬអត់ទេ ព្រោះកិច្ចការគេចប់ត្រឹមនេះចង់ទៅញ៉ាំក៏ទៅ មិនចង់ទេក៏ហីទៅ
       « ... » Kyosuke មិនមាត់តែក៏ប្រញាប់ដើរទៅតាមក្រោយ មិនដឹងថាគេគិតដោយខ្លួនឯងឬអត់ទេ តែមានអារម្មណ៍ថា Simon កំពុងគេចមុខពីគេ ឬមួយអាភ្នែកបួនម្នាក់នេះដឹងកំហុសដែលវាយធ្វើបាបគេជិតស្លាប់ហើយ? តែ Simon ក្អេងក្អាងបែបនេះ ប្រហែលមិនអាចទេដឹង?

You're FAKE [Complete]Donde viven las historias. Descúbrelo ahora