ភាគទី 44

3.5K 201 0
                                        

រាងកាយតូចស្តើងនៃកម្លោះតូចត្រកូល Kim រហ័សរៀបចំឯកសណ្ឋានសាលាដែលនៅលើខ្លួនឱ្យបានលឿនតាមដែលអាចធ្វើបានព្រោះមានមនុស្សមកអង្គុយចាំដើម្បីទៅសាលាជាមួយគ្នាតាំងពីព្រលឹម។ Taehyung ទាញកាតាបមកស្ពាយហើយទាញទ្វារទូរសម្លៀកបំពាក់បិទតែក៏ប្រទះភ្នែកនឹងអាវពណ៌ខ្មៅរបស់ K ដែលគេពាក់នៅយប់នោះ ទើបប្រញាប់ទាញវាមកមើល ព្រោះយប់មិញគេយកអាវទៅសង K វិញហើយ ហេតុអីមានអាវនៅទីនេះទៀត?
« យកអាវទៅច្រឡំឱ្យទាល់តែបាន » រាងតូចឈរកាន់អាវដៃវែងពណ៌ខ្មៅនោះទាំងមិនអស់ចិត្ត។
យប់មិញដោយសារប្រញាប់ពេកទើបច្បរឡំយកអាវខ្លួនឯងទៅឱ្យ K ព្រោះអាវស្រដៀងគ្នាខ្លាំងពេកទើបមិនបានចាប់អារម្មណ៍ តែអាវមួយនោះជាអំណោយពីអ្នកម៉ាក់របស់គេផ្ទាល់ នៅលើដៃអាវមានប៉ាក់រូបផ្កាសាគូរ៉ារីកនិងអក្សរ Kim នៅលើនោះ ម៉ាក់របស់គេប៉ាក់ដៃអាវនោះដោយប្រើអំបោះសូត្រពណ៌ខ្មៅរលើប មើលទៅពិតជាថ្លៃថ្នូរខ្លាំងណាស់ មានឱកាសចាំទៅសួរយកពី K មកវិញ។
« Tae ហើយឬនៅ? Jungkook អង្គុយចាំយូរហើយណា៎ » ស្ត្រីចំណាស់ម្ចាស់ផ្ទះស្រែកហៅកូនប្រុសពីខាងក្រោម ខណៈអ្នកអង្គុយចាំនៅសាឡុងក្នុងបន្ទប់ទទួលភ្ញៀវសើចញឹមៗប្រាប់ថាមិនអីទេ អាចចាំបាន។
« រួចហើយ! » Taehyung ដាក់អាវទៅក្នុងទូរវិញវហើយរត់ចុះទៅក្រោមរក Jungkook ។
« តោះទៅ! អ្នកម៉ាក់ខ្ញុំទៅសាលាហើយ »
« លាហើយអ្នកមីង! » Jungkook អោនក្បាលដាក់ម៉ាក់របស់ Tae ហើយដើរចេញទៅតាមរាងតូចដែលដើរលឿនទៅមុន។
« អឹមម៎ ប្រយ័ត្នប្រយែងផង »

« បងកើតអី? ហេតុអីម្សិលមិញមិនទៅសាលា? ខ្ញុំបារម្ភខ្លាំងណាស់ » រាងក្រាស់និយាយបណ្តើររូតកាតាបយកដបទឹកដោះគោហុចឱ្យ Taehyung បណ្តើរ។
« បារម្ភតែក៏មិនទាក់ទងមក....? » រាងតូចទទួលយកដបទឹកដោះគោព្រមទាំងនិយាយខ្សឹបៗម្នាក់ឯង។
« បងខឹងមែនទេ? ឱ្យខ្ញុំសុំទោស! »
« អត់ទេ បងមិនបានខឹងទេ.... » Tae ដើរទៅមុខយឺតៗហើយងាកមកសម្លឹងដបទឹកដោះគោក្នុងដៃខ្លួនឯងនិងដែល Jungkook កំពុងដោតទុយោរបឺត បន្ទាប់មកក៏ស្រែកឡើងខ្លាំងៗពេលឃើញថាវាជារសជាតិដែលគេចូលចិត្ត « Jungkook ឯងក៏ចូលចិត្តរសជាតិសូកូឡាដែរមែនទេ? »
« អត់ទេ » រាងក្រាស់គ្រវីក្បាលខណៈកំពុងបឺតទឹកដោះគោយឺតៗ។
« បើមិនចូលចិត្ត ឯងផឹកវាធ្វើអី? »
« ព្រោះវាជារសជាតិដែលបងចូលចិត្ត »
Jungkook និយាយបង្ហើរចោលតិចៗ តែប្រយោគដ៏សែនខ្លីរបស់គេបែរជាអាចធ្វើឱ្យអ្នកម្ខាងទៀតញញឹមពោរពេញដោយសេចក្តីសុខ។ គេគិតថាខ្លួនឯងនឹងត្រូវតាម Jungkook អស់មួយជីវិត ត្រូវបង្ខំខ្លួនឯងឱ្យមានចំណង់ចំណូលចិត្តដូចគេហើយធ្វើខ្លួនឱ្យគេចាប់អារម្មណ៍ ពេលនោះទើបអាចរក្សាទុកគេឱ្យនៅក្បែរខ្លួនជារៀងរហូត តែពេលនេះ ទើបដឹងថាការគិតរបស់គេគឺខុសទាំងស្រុង ស្នេហាមិនមែនជាការរត់តាមរកគ្នារហូតនោះទេ តែពេលខ្លះ បើមនុស្សពីរនាក់ព្រមយោគយល់និងស្វែងយល់ពីគ្នាទៅវិញទៅមក នោះស្នេហានឹងរត់មករកពួកគេដោយឯកឯង មិនអាចហាមប្រាមបាន។
« ចាប់ពីថ្ងៃនេះទៅ បងអាចទម្លាក់គ្រប់យ៉ាងចោលហើយសម្រាកនៅមួយកន្លែង ទុកឱ្យខ្ញុំជាអ្នករត់តាមបងវិញម្តង »
« Jungkook... »
Tae បែរទៅរក Jungkook ហើយអោបគេថ្នមៗ មុននឹងទឹកភ្នែករបស់គេស្រក់ចុះម្តងទៀត គេក៏ចង់ទម្លាក់អ្វីៗគ្រប់យ៉ាងចុះដែរ ហើយក៏ចង់ធ្វើជាអ្នកដែល Jungkook រត់តាមទៅគ្រប់ទីកន្លែង តើគេពិតជាអាចធ្វើបែបនោះបានដែរមែនទេ?
« ..... » Jungkook អោបតបទៅ Taehyung វិញទាំងខួរក្បាលចាប់ផ្តើមសួរសំណួរចម្លែកៗចេញមករញ៉េរញ៉ៃរកចម្លើយមិនឃើញ។ ហេតុអី្វគេធ្វើបែបនេះ? ហេតុអី្វគេស្ទាក់នឹងនឹងបន្តផែនការណ៍? ហេតុអ្វីទ្រូងខាងឆ្វេងគេស្រាប់តែឈឺខ្ទោកៗគ្រប់ពេលគេគិតដល់ទំនាក់ទំនងរវាងគេនិង Taehyung ដែលនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ? គេចង់បញ្ចប់គ្រប់យ៉ាងត្រឹមនេះហើយប្រើសមាសភាពក្លែងក្លាយបន្តនៅក្បែរ Taehyung ដូចពេលនេះ តែគេដូចជាដើរមកឆ្ងាយខ្លាំងពេកហើយ ឆ្ងាយរហូតដល់បកក្រោយលែងបាន។

Simon ដើរចេញពីផ្ទះសម្តៅផ្លូវធំដើម្បីឆ្លងទៅចំណតឡានក្រុងដែលនៅម្ខាងផ្លូវ។ រាងក្រាស់ឈរសម្លឹងភ្លើងស្តុបដែលកំពុងលោតភ្លើងពណ៌ក្រហមរួមជាមួយយានយន្តគ្រប់ប្រភេទដែលចរាចរណ៍ឆ្វែតឆ្វាត់ទៅមកលើផ្លូវធំ តែពេលស្ទាបម្រាមនាងដៃបែរជារកចិញ្ចៀនមិនឃើញ។
« ប្រហែលជាភ្លេចនៅបន្ទប់ទឹក! » Simon លើកដៃមើលហើយបម្រុងដើរបកត្រឡប់ទៅផ្ទះតែ Kyosuke ក៏រត់មកដល់ល្មម។
« ចិញ្ចៀនរបស់ឯង » Kyosuke ហុចចិញ្ចៀនប្រាក់អ៊ីតាលីពណ៌សភ្លឺនោះឱ្យ Simon ដែលកំពុងសម្លឹងមកគេទាំងមិនសូវពេញចិត្ត។
« ឯងឃើញវានៅឯណា? »
« នៅបន្ទប់ទឹករបស់ខ្ញុំ » រាងតូចធ្វើមុខស្មើ ព្រោះយប់មិញ Simon គេងក្នុងបន្ទប់គេពេញមួយយប់ ដល់ពេលព្រឹកងូតទឹករួចទើបត្រឡប់ទៅបន្ទប់គេវិញ។
« ..... » រាងក្រាស់មិនមាត់ គ្រាន់តែយកចិញ្ចៀនពីដៃអ្នកម្ខាងទៀតមកពាក់ តែមិនប្រយ័ត្នធ្វើឱ្យវាធ្លាក់រមៀលទៅលើផ្លូវធំ។
« ចង្រៃយ៎...! » Simon ងាកមើលទៅឡានដែលបើកលឿនស្លេវមកពីចម្ងាយ បើចិញ្ចៀននោះត្រូវឡានជាន់ច្បាស់ជាបាក់វៀចខ្ទេចមិនខាន។
« Simon កុំចូលទៅ »
Kyosuke ចាប់ទាញដៃ Simon ថយក្រោយខ្លាំងៗរហូតដល់គេត្រូវដួលផ្ងាកមកក្រោយ ឡានដែលបោះពួយលឿនស្លេវនោះក៏បើកកិនពីលើចិញ្ចៀនរបស់ Simon ពេញកម្លាំងធ្វើឱ្យវាវៀចខូចទម្រង់នៅចំពោះមុខម្ចាស់របស់វា។
« ឯងលែងចង់រស់ហើយមែនទេ? » រាងតូចស្រែកគំហកខណៈប្រឹងក្រោកឈរទាំងពីរនាក់។ បើមុននេះគេមិនទាញ Simon ថយក្រោយ ឡានមិនមែនកិនត្រឹមតែចិញ្ចៀននោះទេ តែ Simon ក៏អាចនឹងខ្ទេចខ្ទីទៅតាមចិញ្ចៀនដូចគ្នា។
« មិនមែនរឿងរបស់ឯងទេ! » Simon ហកមកវិញយ៉ាងលឿនមុននឹងដើរចេញសម្តៅទៅចិញ្ចៀនខូចទម្រង់មួយនោះ តែត្រូវ Kyosuke ទាញឱ្យងាកមកប្រឈមនឹងគេវិញ។
« នរណាជូនវាមកឯង? ហេតុអីដើម្បីចិញ្ចៀនមួយវង់សូម្បីជីវិតក៏ឯងមិនត្រូវការ? »
« ខ្ញុំប្រាប់ហើយថាមិនមែនរឿងរបស់ឯង ឯងស្តាប់យល់ដែរទេ? » រាងក្រាស់រលាស់ដៃអ្នកម្ខាងទៀតចេញ តែគេបែរជារត់ទៅរើសចិញ្ចៀនមួយវង់នោះឡើង។
« វាវៀចខ្ទេចរូបរាងទៅហើយ វាមានន័យអ្វីទៀត? បើព្រោះតែវាឯងលែងខ្វល់ពីខ្លួនឯង ខ្ញុំនឹងបោះវាចោល- »
ផាច់!
Kyosuke ងាកមុខទៅតាមកម្លាំងទះរបស់ Simon មុននឹងត្រូវគេឆក់យកចិញ្ចៀនមួយវង់នោះទៅកាន់ក្នុងដៃប្រៀបដូចរបស់មានតម្លៃដែលមិនអាចបាត់បង់។
« វាមានតម្លៃជាងមនុស្សបាត់ការចងចាំដូចជាឯងរាប់ពាន់រាប់លានដង ថ្ងៃក្រោយកុំប៉ះពាល់របស់់របរខ្ញុំទៀត » Simon សម្លឹងមុខអ្នកដែលទាបជាងជាមួយកែវភ្នែកខ្មៅល្អក់មុននឹងដើរចេញទៅបាត់ ទុកឱ្យ Kyosuke ឈរស្ងៀមនៅត្រង់នោះតែម្នាក់ឯង។
« ក្នុងភ្នែករបស់គេ ខ្ញុំគ្មានតម្លៃដល់ថ្នាក់នេះមែនទេ? »

បន្ទាប់ពីចេញពីសាលារៀន Jungkook នាំ Taehyung ទៅដើរលេងនិងញ៉ាំអីនៅផ្លូវធំនាកណ្តាលក្រុងសេអ៊ូល។ ទីនេះមានមនុស្សច្រើនកកកុញ បន្ទាប់ពីញ៉ាំអាហារតាមផ្លូវដ៏សាមញ្ញជាមួយគ្នារួចហើយ ពួកគេក៏នាំគ្នាដើរមើលក្រុមរាំដែលបំបែកជាក្រុមៗរាំតាមដងផ្លូវយ៉ាងអ៊ូអរ។
« យប់ណាស់ហើយ បងថាយើងត្រឡប់ទៅផ្ទះវិញទៅ » Taehyung កាន់ដៃ Jungkook បណ្តើរសម្លឹងមើលផ្លូវដើម្បីឆ្លងបណ្តើរ។
« បងចូលចិត្តទីនេះទេ? »
« ប្រាកដជាចូលចិត្ត ទីនេះអ៊ូអរហើយសប្បាយទៀតផង » Taehyung ងក់ក្បាលតិចៗព្រមទាំងអូសមើលរូបដែលថតជាមួយ Jungkook រាប់រយរូបឡើងពេញទូរស័ព្ទ ទើប Jungkook ដាក់ចង្កាមកលើស្មាគេថ្នមៗ
« ថ្ងៃក្រោយខ្ញុំនឹងនាំបងមកលេងម្តងទៀត »
« អឹមម៎! »
« Jungkook ប្រញាប់ទៅណា? » Charlotte រត់ពីចម្ងាយតាំងៗមកទាញដៃ Jungkook ចេញពី Tae យកទៅអោបដូចគូសង្សារ។
« ខ្ញុំជូន Taehyung ទៅផ្ទះ »
« អត់ទេណា៎ Taehyung លោកទៅតែម្នាក់ឯងទៅ ឱ្យ Jungkook នៅដើរលេងជាមួយខ្ញុំសិន »
« Jungkook- » Tae មិនទាន់បាននិយាយ Charlotte ក៏និយាយកាត់។
« Charlotte មកតែម្នាក់ឯងអផ្សុកណាស់ ហើយជាមនុស្សស្រីទៀត គេជាមនុស្សប្រុសទៅផ្ទះម្នាក់ឯងក៏មិនអីដែរ Jungkook...! » ស្រីស្អាតអង្វរកជាមួយទឹកមុខគួរឱ្យស្រឡាញ់។
« Jungkook បងមិន- »
« Taehyung បងទៅផ្ទះមុនទៅ ខ្ញុំនៅកំដរ Charlotte »
« .... » Tae ស្ងាត់មាត់មិននិយាយតប យប់បែបនេះគេមិនចង់ទៅផ្ទះតែម្នាក់ឯងនោះទេ គ្រប់ពេលដែលចេញមកក្រៅដើរលេងដល់យប់គឺមាន Simon Chisun និង Annto ដើរកំដរនិយាយគ្នាលេងជូនត្រឡប់ទៅដល់ផ្ទះ ទៅម្នាក់ឯងដូចជាកណ្តោចកណ្តែងបន្តិចហើយ តែមិនអីទេ គេអាចទៅបាន។
« បាន ដើរលេងឱ្យសប្បាយចុះ »
« Jungkook គួរឱ្យស្រឡាញ់ជាងគេ »
Charlotte សើចហើយទាញ Jungkook ទៅថើបមាត់នៅចំពោះមុខ Tae ចំណែក Jungkook ក៏មិនបានរើបម្រាសចេញក្រៅពីឈរឱ្យនាងថើបមាត់រហូតដល់ Tae ត្រូវក្រលាស់ខ្លួនបែរមុខចេញព្រោះទ្រាំមើលតទៀតមិនបាន។
រាងតូចដើរឆ្លងផ្លូវទៅម្ខាងយឺតៗ ពេលឆ្លងផុតហើយទើបងាកក្រោយមើល Jungkook និង Charlotte បន្តិច តែពួកគេបៅតែបន្តថើបមាត់គ្នាដដែល។ Tae បោះជំហានញាប់ៗដោយប្រាប់ខ្លួនឯងថាត្រូវតែដើរទៅមុខហាមងាកក្រោយដើម្បីឱ្យឆាប់ផុតពីទីប្រជុំជននេះ បើដឹងថាងាកក្រោយធ្វើឱ្យឈឺចាប់ដូច្នេះកុំងាកឱ្យសោះ ឈឺប៉ុននេះល្មមគ្រប់គ្រាន់ហើយ។
Tae ខំប្រឹងដើរទៅមុខទាំងទឹកភ្នែកកំពុងស្រក់ចុះឥតឈប់ ទោះបីលើកដៃជូតប៉ុន្មានលានដងវាក៏នៅតែមិនព្រមឈប់ស្រក់ ដូច្នេះទើបគេបណ្តោយឱ្យវាស្រក់តាមតែអំពើចិត្ត ទោះបីត្រូវអ្នកដំណើរជុំវិញនោះសម្លឹងមើលមកដោយកែវភ្នែក ការយល់ឃើញទីទៃៗពីគ្នាក៏គេមិនចាប់អារម្មណ៍។ ស្នេហាមួយនេះធ្វើឱ្យគេលះបង់គ្រប់យ៉ាង លែងមានភាពអៀនខ្មាសក្នុងខ្លួន លែងខ្វល់ខ្វាយពីសម្តីអ្នកដទៃ លះបង់សូម្បីតែមិត្តភាពរាប់ឆ្នាំ តែហេតុអីគេនៅតែមិនស័ក្តិសមនឹងស្នេហាមួយនេះ? ហេតុអីគេនៅតែមិនអាចបានវាមកគ្រប់គ្រង់? ឬមួយគេនៅមិនទាន់លះបង់ច្រើនគ្រប់គ្រាន់ទេ?
រាងតូចយំរហូតទន់ជើងអង្គុយចុះកណ្តាលផ្លូវដែលពោរពេញទៅដោយមនុស្សម្នាដើរឆ្លងកាត់ទៅមកឥតដាច់។ គ្រប់គ្នាដែលដើរកាត់សម្លឹងមកគេដោយកែវភ្នែកអាណិតអាសូរ អ្នកខ្លះក៏លួចសើចចំអកពេលឃើញក្មេងប្រុសវ័យជំទង់ដូចជាគេអង្គុយយំនៅកណ្តាលផ្លូវដូចមនុស្សបាត់បង់សតិ តែគេពិតជាមិនអាចដើរទៅមុខបន្តទៀតពិតមែន ជើងរបស់គេមិនអាចកម្រើកបាននោះទេ ភ្នែកក៏ដូចជាស្រវាំង ខួរក្បាលក៏ប្រែជាទទេរស្អាតលែងចងចាំថាផ្ទះនៅឯណា ទៅតាមផ្លូវមួយណា ឬផ្ទះមានរូបរាងបែបណា គេលែងចងចាំរឿងទាំងនេះទៀតហើយ។
« ខ្ញុំខុសអីទើបអ្នកទាំងអស់គ្នាដាក់ទោសខ្ញុំធ្ងន់ធ្ងរដល់ថ្នាក់នេះ? »

You're FAKE [Complete]Where stories live. Discover now