ស្នេហាគឺជារឿងមួយដ៏អស្ចារ្យខ្លាំងណាស់ ដែលអាចកើតឡើងលើជីវិតមនុស្ស វាអាចក្លាយជាថ្នាំកម្លាំងដ៏មានថាមពល ហើយក៏ជាថ្នាំពុលពោរពេញដោយពិសក្នុងពេលតែមួយ។ ជីវិតដ៏ស្រស់បំព្រងពណ៌សភ្លឺថ្លារបស់ក្មេងស្រីម្នាក់ ត្រូវប្ដូរមកពណ៌ស៊ីជម្ពូ ពេលនាងបានស្គាល់ស្នេហាក្នុងវ័យដ៏សែនក្មេងនិងភ្លើតភ្លើន។ វិញ្ញាណរបស់នាងបន្តរស់នៅក្នុងពន្លឺពណ៌ស មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ Rayflo ត្រូវបានមនុស្សជាច្រើនស្រឡាញ់ ហើយក៏ស្អប់ក្នុងពេលតែមួយ ព្រោះនាងប្រៀបដូចជាក្រដាស-សដែលគ្រប់គ្នាច្រណែន នៅពេលដែលមិនអាចក្លាយខ្លួនល្អដូចអ្នកដទៃ ភាពច្រណែនក៏ប្រែជាស្អប់។
Rayflo ប្រៀបដូចជាពន្លឺដែលបំភ្លឺជីវិតក្នុងតថភាពងងឹតរបស់បងស្រីចិញ្ចឹមរបស់នាង។ Jiko Hakai ប្រៀបដូចជាពិភពថ្មី ផ្ទុយពីពិភពរបស់ Rayflo នាងមានភាពរីករាយក្អាកក្អាយ វាយដំគ្នាច្រើន ភាពមានបាន រូបរាងស្អាតបាតនិងអំណាចក្នុងដៃបណ្ដាលអោយ Hakai មានភាពអំនួត នាងត្រូវបានមនុស្សម្នាខ្លបខ្លាច តែនាងមិនបានដឹងថាអំណាចទាំងនោះ អំនួតដែលនាងមាន នឹងបកមកវាយបំបាក់ជើងនាងនៅថ្ងៃណាមួយ។
«បងចូលចិត្តប្លង់មួយនោះ... ពេលអូនថើបផ្កា»
ដៃឆ្វេងលើកចង្អុលក្មេងស្រីក្នុងរូបរាងអាក្រាត ដែលគ្របក្រណាត់ស្បៃពណ៌សលើទ្រូង ហើយឆែកលើភ្លៅយ៉ាងទន់ភ្លន់ ហើយមានសៀតផ្កាពណ៌សលើត្រចៀកម្ខាងផង សក់ខ្មៅទឹករលក ស័ក្តសមឥតខ្ចោះនឹងទម្រង់មុខដូចជាព្រះនាងម្ចាស់ក្នុងរឿងព្រេង ខ្នងរលោងស្រិល បង្ហាញកណ្ដាលវាលក្នុងបន្ទប់គូរគំនូររបស់ Hakai នាងមិនមែននរណាឆ្ងាយក្រៅពី Rayflo នោះទេ។
Rayflo ជាកូនស្រីចិញ្ចឹមដែលឪពុកម្ដាយ Hakai រើសយកមកចិញ្ចឹមតាំងពីទើបនឹងកើតមកម្ល៉េះ នាងទទួលបានក្ដីស្រឡាញ់ស្មើរភាពប្រៀបដូចកូនបង្កើតដោយត្រូវថ្នាក់ថ្នមពីគ្រួសារទាំងមូល។
«អូនចង់ទៅសមុទ្របន្ទាប់ពីនេះ»
ម្ចាស់រាងកាយល្វត់ល្វន់និយាយស្រាលៗ ហាក់សុំឲ្យបងស្រីបំពេញបំណងខ្លួន ខណៈអង្គុយឱនឱបជង្គង់ធ្វើជាម៉ូដែលឲ្យគំនូររបស់ Hakai។
«បាន! តែពេលបងគូររួចរាល់សិន... ដូរប្លង់បន្តិចបានទេ?»
Hakai ក្រោកទៅទាញផ្ទៃមុខរបស់ម៉ូដែលឲ្យងើយឡើងបន្តិច មុខ-សរលោងជាមួយបបូរមាត់ពណ៌ផ្កាឈូកស្រាលមួយនេះ មិនដឹងថាបានពង្វក់នរណាខ្លះទេ នាងស្រស់់ស្អាតខ្លាំងណាស់ ដូចជាសុបិន្ត។
«នៅថ្ងៃអនាគត អូននឹងរៀបការទេ? »
សំនួររបូតចេញពីមាត់ដោយមិនបានគិត បើសិនជាអាច នាងចង់លាក់ទុកភាពស្រស់ស្អាតមួយនេះទុកតែម្នាក់ឯង ចាក់សោរនាងទុកលើប្រាសាទដ៏សែនខ្ពស់ ឲ្យនាងបានឃើញតែពន្លឺព្រះចន្ទដ៏ស្រទន់ប្រៀបដូចព្រះនាង Rapuzal។
«អូនគិតថា ខ្លួនឯងមិនយល់ពីស្នេហាប្រុសស្រី.. អូនមិនធ្លាប់ត្រូវមនុស្សណាម្នាក់ធ្វើឲ្យរំជើបរំជួល ប្រហែលជាអូននៅក្មេងពេក»
នាងក្រមុំសើចតិចៗតែត្រូវឈប់ពេលត្រូវម្រាមដៃ Hakai សង្កត់លើបបូរមាត់នាង។
«ចាំទុកណា Rayflo..... អូនរៀបការបានជាមួយបងតែម្នាក់ប៉ុណ្ណោះ អ្នកដទៃប៉ះពាល់អូន បងនឹងបំបាក់ជើងវាចោល ហើយបោះសាកសពវាឲ្យឆ្កែស៊ី ឮទេ?»
«ដូច្នេះបងនឹងរៀបការជាមួយអូន ត្រូវទេ?»
«ត្រូវហើយ... អូនត្រូវតែរង់ចាំបង»
« អូននឹងរង់ចាំថ្ងៃនោះមកដល់ នៅពេលដែលអូនអាចស្លៀករ៉ូបពណ៌សជាមួយផ្កាពណ៌ស!»
ស្នាមញញឹមស្រស់បំព្រងច្រាលឡើងលើផ្ទៃស្រស់ស្អាត វាជាលើកទីមួយដែលនរណាម្នាក់ ធ្វើឲ្យបេះដូងនាងញាប់ញ័រ ដោយក្ដីរំភើបនិងចង់ដឹងចង់ឮ នៅពេលដែលបបូរមាត់ក្រាស់របស់ Hakai ផ្ដិតលើបបូរមាត់ក្រហមរបស់នាងជាលើកដំបូង នាងក៏បិទភ្នែកទទួលហាក់យល់ព្រមប្រគល់គ្រប់យ៉ាងឲ្យគេ ពេលនោះ Rayflo បានជឿជាក់យ៉ាងមុតមាំថា នេះជាស្នេហា ស្នេហាដែលនាងមិនធ្លាប់បានយល់ទាល់តែសោះ។ រាងកាយស្រឡូនស្រឡៅហាក់ត្រូវបណ្ដាសារឲ្យនៅស្ងៀមឫទទួលយកក្ដីថ្នាក់ថ្នមពីមនុស្សដែលមិនធ្លាប់បាននិយាយថាស្រឡាញ់នាងសូម្បីម្ដង។
«Rayflo! ធ្វើអីហ្នឹងកូន?»
«កូនចម្អិនបបរ បងស្រីកំពុងផ្ដាសាយសម្រាកក្នុងបន្ទប់»
Rayflo រត់កាន់កាំបិតក្នុងផ្ទះបាយតែម្នាក់ឯង រាងកាយជំទង់ដ៏តូចល្វត់ល្វន់ នាងបារម្ភខ្លាំងណាស់ ពេលអ្នកម៉ាក់ប្រាប់ថា Hakai ឈឺ តែអ្នកម៉ាក់និងលោកប៉ាសុទ្ធតែរវល់ នាងចង់ធ្វើអ្វីជាប្រយោជន៍ខ្លះ។
«ប្រយ័ត្នផងកូន»
លោកប៉ាដើរកាត់ផ្ទះបាយស្រែកដាសតឿនកូនស្រី នាងនៅក្មេងមិនទាន់ស្គាល់ចង្ក្រាន ចាន ឆ្នាំងនៅឡើយទេ តែគាត់ក៏ហ៊ានបណ្ដោយ។
នាងក្រមុំបន្តចម្អិនបបរដោយមើលតាមវីដេអូក្នុងអ៊ីនធឺណេត សង្ឃឹមថាអាចញ៉ាំបានទៅចុះ។
«អ្ហាយ៎!»
Rayflo ស្រែកតែម្នាក់ឯង ពេលត្រូវទឹកក្ដៅកំពប់លើដៃឡើងក្រហមរងៀល រហ័សរត់ទៅស្អំទឹកត្រជាក់។ ដៃរបស់នាងមុតដោយសារចិតបន្លែឡើងសុះសាច់ម្រាមដៃទៅហើយ ឥឡូវមករលាកទៀត។
ជិតថ្ងៃត្រង់ទៅហើយទម្រាំ Rayflo ចម្អិនបបរបានញ៉ាំ នាងបានរៀបចំវាយ៉ាងស្រស់ស្អាតហើយលើកវាឡើងទៅជាន់លើឲ្យ Hakai ទាំងបង់រុំរបួសពេញដៃ។
«ឆ្ងាញ់ទេ? »
ម្ចាស់រាងកាយតូចដែលខំប្រឹងធ្វើការរហូតដល់សក់ត្រង់ស្លូតប្រែជារញ៉េរញ៉ៃ ប្រែជារីករាយពេលអ្នកជំងឺងក់ក្បាលតបថា វាពិតជាឆ្ងាញ់ណាស់។
«អូនធ្វើវាដោយផ្ទាល់ដៃ»
«របួសទាំងនេះ ព្រោះអូនធ្វើបបរនេះមែនទេ?»
Hakai គេចចេញពីការបញ្ចុកបបរហើយចាប់ដៃតូចៗ ដែលរុំដោយបង់សនោះមកមើល។
«របួសតិចតួច អូននឹងឧស្សាហ៍ធ្វើវាថ្ងៃក្រោយវាលែងមុតបែបនេះទៀតហើយ»
Rayflo និយាយបន្លប់ ពេល Hakai ស្រាយបង់រុំដៃចេញហើយប្រែជាខឹង។
«គ្រាន់តែបបរមួយចាន អូនឲ្យអ្នកបម្រើធ្វើក៏បាន បងនិយាយតាំងពីពេលណា ថាចង់ញ៉ាំអាហារដែលអូនធ្វើ? ថ្ងៃក្រោយមិនចាំបាច់ធ្វើទៀតទេ»
Hakai ប្រែជាក្រេវក្រោធកាន់តែខ្លាំង ពេលឃើញស្នាមរលាកទឹកក្ដៅដ៏ក្រហមលើប្រអប់ដៃនិងកដៃរបស់នាងសាច់ដ៏ល្អស្រស់ប្រែជាមានស្លាកស្នាមព្រោះតែបបរមួយចាន វាស័ក្ដិសមទេ?
«អូនមិនអីពិតមែន»
«បងមិនចូលចិត្តមនុស្សរឹងរូសទេ»
«អូនចង់ធ្វើវាឲ្យបង»
នាងក្រមុំឱនទៅឱបចង្កេះ Hakai ផ្ទប់ក្បាលនឹងពោះនាង ទើបអ្នកម្ខាងទៀតបបោះអង្អែលសក់នាងថ្នមៗ Rayflo តែងតែបែបនេះ បើនាងគិតដល់ខ្លួនឯងម្ដង វាស្លាប់មែនទេ?
មួយរយៈក្រោយមក ម្ដាយរបស់ Hakai ក៏ធ្លាក់ខ្លួនឈឺ វាជាជំងឺដំណាក់កាលចុងក្រោយដែលមិនអាចព្យាបាលបាន តែបើវះកាត់ ទទួលបានជោគជ័យ អ្នកស្រីអាចនឹងមានពេលវេលារស់បន្តបានមួយរយៈទៀត។ ថ្ងៃនោះ Hakai ត្រឡប់មកពីសាលាជាមួយសម្លៀកបំពាក់រញ៉េរញ៉ៃបែកថ្ងាសហូរឈាមព្រមទាំងបែកមុខបែកមាត់ផង នាងដើរចូលក្នុងមន្ទីរពេទ្យជាមួយរាងកាយហាក់គ្មានវិញ្ញាណដោយមានកាតាបយួរនឹងដៃ។
«អ្នកម៉ាក់!»
«Hakai»
ស្ត្រីចំណាស់ក្រោកអង្គុយញញឹមដាក់កូនស្រី ពេលឃើញថ្ងាសនាងហូរឈាម គាត់ក៏តក់ស្លុត។
«កូនទៅត្រូវនឹងអីមកហ្នឹង? ឆាប់ទៅរកពេទ្យទៅ រង់ចាំបន្តិច ម៉ាក់ហៅពេទ្យមក»
«វាជាការពិតមែនទេ ដែល "Jiko Hakai" មានន័យថាបំផ្លាញខ្លួនឯង? »
«កូននិយាយអ្វីហ្នឹង? »
អ្នកស្រីទម្លាក់ទូរសព្ទចុះ តើ Hakai ទៅដឹងរឿងបែបនេះមកពីណាមក? ឈ្មោះមួយនេះ លោកតារបស់នាងបានដាក់ឲ្យនាងដោយផ្ទាល់ វាច្បាស់ជាគ្មានអត្ថន័យបែបនោះទេ។
«ដូច្នេះវាជាការពិត គ្រប់គ្នាចង់ឲ្យខ្ញុំចុងក្រោយបំផ្លាញខ្លួនឯងដូចជាឈ្មោះមួយនេះមែនទេ?»
Hakai ស្រែកគំហកលាន់ពេញបន្ទប់បណ្ដាលឲ្យអ្នកម្ដាយលើកដៃទប់ទ្រូងតក់ស្លុត។ នាងត្រូវសត្រូវនៅសាលាសើចចម្អករឿងឈ្មោះដ៏ល្ងីល្ងើមួយនេះ បន្ទាប់មកក៏វាយគ្នាបែកមុខ បែកក្បាល តែនាងគ្មានអារម្មណ៍ឈឺសូម្បីបន្តិច។ នៅពេលដឹងថាឈ្មោះ Jiko Hakai មានអត្ថន័យពិបាកស្ដាប់បែបនេះទៀត នាងក៏កាន់តែស្ពឹកខ្លួន គ្រាន់តែនាងទំនើងតាមចិត្តបន្តិច គ្រប់គ្នាបែរជាផ្ដល់ឈ្មោះបែបនេះឲ្យនាង ម្នាក់ៗច្បាស់ជាចង់ឃើញនាងរលាយបាត់ណាស់ហើយ។
«វាមិនពិតទេ Hakai វាគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ»
ស្ត្រីចំណាស់ក្រោកចេញពីគ្រែតែមិនប្រយ័ត្នក៏ដួលលើឥដ្ឋខាងក្រោម គាត់សល់ពេលមិនច្រើនទៀតទេ ហេតុអ្វី Hakai បែរជាដឹងរឿងនេះនៅពេលនេះ?
«អ្នកម៉ាក់ឲ្យឈ្មោះ Rayflo ទៅក្មេងចិញ្ចឹម គ្រប់គ្នាច្បាស់ជាស្រឡាញ់នាងណាស់ហើយ... ស្រឡាញ់នាងជាងខ្ញុំផងក៏មិនដឹង »
ទឹកមុខគ្មានមេត្តា Hakai ស្រាប់តែមានអារម្មណ៍ថាត្រូវមនុស្សជាទីស្រឡាញ់ក្បត់ វាជាអំពើផិតក្បត់ដ៏ឃោរឃៅរបំផុត នាងមិនធ្លាប់ឈឺចាប់នៅក្នុងទ្រូងដ៏ថ្នាក់នេះទេ។
នៅពេលជួប Rayflo នៅផ្ទះ Hakai នៅតែចង់ទៅថ្នាក់ថ្នមប៉ះពាល់រាងកាយមួយនោះ តែន័យនៃឈ្មោះ Jiko Hakai មិនធ្លាប់ចាកចេញពីខួរក្បាលនាង ដូច្នេះជាជាងរំលឹកការចងចាំដ៏ឈឺចាប់ នាងចាប់ផ្ដើមដាក់គម្លាតរវាងនាងនិង Rayflo។
«បងឈឺខ្លាំងទេ? ចាំអូនលាងរបួសឲ្យ»
«មិនចាំបាច់ទេ ចេញទៅ! »
គ្រវាសដៃហើយដេញចេញ Hakai អាចមើលឃើញទឹកមុខភ្ញាក់ផ្អើលរបស់ Rayflo តែនាងមិនបានប្រកែកអ្វីក្រៅពីធ្វើតាម។
«ឈប់សិន!»
ឮសម្ដីឲ្យឈប់ Rayflo ប្រែជាញញឹមប្រហែលជា Hakai មានអារម្មណ៍ល្អមកវិញមិនខាន។
«ខ្ញុំមិនចូលចិត្តឈ្មោះ Rayflo ទេ ស្ដាប់ទៅមិនទន់ភ្លន់.. ប្ដូរឈ្មោះចេញទៅ»
«អូន-» នាងតូចគាំងស្ងៀម ហេតុអ្វីសុខៗ ស្រាប់តែប្ដូរសព្វនាម? នេះមានអ្វីកើតឡើងទៅ?
«Hakai អូន-»
«កុំហៅឈ្មោះរបស់ខ្ញុំទៀត»
ផាំង!
សំឡេងបិទទ្វារបន្ទប់លាន់ឮចេញក្រៅខ្ទរពេញផ្ទះ Rayflo ហាក់មិនយល់ពីអ្វីដែលបានកើតឡើង តើនាងបានសាងកំហុសអ្វីមែនទេ?
វាជាលើកទីមួយដែលសម្ដីរបស់ Rayflo លែងអាចឈានចូលដល់ក្នុងបេះដូងរបស់ Hakai វាប្រៀបដូចជាមានរបាំងដែកដ៏ក្រាស់មួយផ្ទាំងគាំងជាប់ក្នុងចិត្ត ខ័ណ្ឌក្ដីស្រឡាញ់របស់អ្នកទាំងពីរជាប់។
Hakai ធ្លាក់ចុះទៅក្នុងពិភពងងឹតរបស់នាងកាន់តែជ្រៅបន្ទាប់ពីម្ដាយនាងស្លាប់ ឈ្មោះ Rayflo លែងឮពីមាត់ Hakai ម្ដងទៀតហើយ ទំនាក់ទំនងរបស់ពួកគេក៏លែងដូចដើម ម្ដងបន្តិចៗ Hakai បាត់បង់ភាពជាខ្លួនឯង ម្ដងបន្តិចៗ Rayflo ដែលប្ដូរឈ្មោះថ្មីមកជា Sulli ក៏ត្រូវអណ្ដែតកាន់តែឆ្ងាយ។
ស្របពេលបងគេចមុខពីអូន ដោយសង្ឃឹមថាពួកយើងនឹងល្អប្រសើរ បើនៅឆ្ងាយពីគ្នា អូនតែងតែចោទជាសំនួរ សួរខ្លួនឯងរាល់ថ្ងៃថា «តើមកពីអ្វី? អូនបានសាងកំហុសអ្វីទើបពួកយើងក្លាយជាបែបនេះ? បងផ្ដល់ចម្លើយមួយម៉ាត់បានទេ?»
«ឬក៏ចុងបញ្ចប់នៃពួកយើង បងត្រូវតែបញ្ចប់ទៅដោយការបាត់បង់អូនជារៀងរហូត? Hakai...»
ចប់
YOU ARE READING
You're FAKE [Complete]
Romanceស្រឡាញ់អ្នក គឺជាកំហុសធំបំផុតក្នុងជីវិតខ្ញុំ " មនុស្សក្លែងក្លាយ!!! "
![You're FAKE [Complete]](https://img.wattpad.com/cover/208343607-64-k622850.jpg)