តោះមកតាមដានស្នេហាដេតឌីនិងបេប៊ីបន្ត ហិហិ
ក្រសោបស្នេហ៍ចាស់
ភាគ01+02 ៖មិនអាច ឈប់ខ្វល់ខ្វាយពីអូនង៉ោង!
ខណៈយ៉ុនហ្គីនៅឯផ្ទះកំពុងតែគិតថានាងខុសប្លែក នាងឯណេះក៏កំពុងតែបង្ហាញអារម្មណ៍មិនល្អដល់គេដូចគ្នា តាំងតែចេញឆ្ងាយពីរង្វង់ដៃគេមក អ៊ីលីតាក៏អង្គុយចងចិញ្ចើម ធ្វើមុខហាក់ដូចជាមិនសប្បាយចិត្តទាល់តែសោះ នៅតែមានកំហឹង នៅតែគិតថាគេមានៈដាក់នាងមិនឈប់។
"អ៊ីលីតានៅតែព្យាយាមប្រាប់គេឲ្យឈប់ពីមន្ទីរពិសោធន៍នោះហ្អេស៎? នាងក៏ដឹងថាគេថ្នឹកនិងការងារនោះប៉ុណ្ណា" មិនថានាងតូចព្យាយាមរំងាប់ចិត្តប៉ុណ្ណា លឺតែនរណាម្នាក់រំលឹកពីមន្ទីរពិសោធន៍នោះ នាងក៏ត្រឡប់មកជាខឹងឆេះឆួលវិញភ្លាមៗតែម្ដង ដូចជានាងនិងកន្លែងនោះមានគំនុំជាមួយគ្នាមកតាំងពីពេលណាអញ្ចឹង។
"បងយ៉ុនក៏បដិសេធដូចតែរាល់ដង គាត់ប្រកែកធ្វើដូចជាខ្ញុំនិយាយចង់ឲ្យគាត់អាក្រក់អញ្ចឹង គិតដល់លើកណាក៏គួរឲ្យខឹងដែរ ហ៊ឹស" អ៊ីលីតាអង្គុយមិនចង់ជាប់និងកៅអី នាងលូកដៃចុចបើកកញ្ចក់ឡាន រួចបែរស្រូបខ្យល់អាកាសពីខាងក្រៅវិញ ភាពក្មេងខ្ចីនិងគួរឲ្យស្រឡាញ់របស់ក្មេងស្រីម្នាក់នេះមិនមែនអាចឆក់បានតែចិត្តរបស់កម្លោះយ៉ុនហ្គីទេ សូម្បីតែនាយដែលខំស្កាត់ពីចម្ងាយចោលការងារអស់នេះក៏គិតដូចគ្នាដែរ។
កម្លោះសង្ហាកូនកាត់ជប៉ុន មានច្រមុះស្រួច មុខមាត់ស្រស់ញញឹមលាយឡំនិងភាពសង្ហា សាកសមដែលគេគ្រប់គ្នាហើយនាយថាជាកែវភ្នែក ជាសរសៃឈាមរបស់ត្រកូលឡាក់តូហ្សុី... ដុងហា ឡាក់តូហ្សុី កម្លោះវ័យក្មេងដែលមានមុខជំនួញជាច្រើននៅក្នុង សម្បត្តិមហាសាលដែលស្រីណាឃើញក៏លួចគិតប្រាថ្នា តែគេមិនបានយកក្រសែភ្នែកមើល មិនបានបើកបេះដូងទទួលយកនរណាម្នាក់ ព្រោះអ្នកដែលទាក់ចំណាប់អារម្មណ៍គេទាំងអស់គឺនៅពីមុខគេនេះឯង។
"តាំងពីចេញពីវិហារមក នាងក៏កាន់តែខិលខូចណ៎នាងល្អិត" ដុងហារំលឹកចំចំណុច អ៊ីលីតាក៏ងាកមុខពីក្រៅ មើលមកចំគេ នាងទម្លាក់ការចងចិញ្ចើម ហាក់ដូចជានឹកឃើញដល់អ្វីម៉្យាងក្នុងចិត្ត រឿងដែលធ្វើឲ្យអារម្មណ៍ខឹងកញ្ជ្រោលរបស់នាងរសាយអស់មួយរំពេច។
អ៊ីលីតា ផារ៉េត ឈ្មោះមួយនេះមើលទៅដូចជាមានអំណាចនិងមានឫក តែតាមពិតវាជាត្រកូលដែលត្រូវគេបំភ្លេចចោលប៉ុណ្ណោះ អ៊ីលីតាធំធាត់ឡើងជាក្មេងកំព្រា គ្មានសាច់ញាតិណាម្នាក់ដែលនាងអាចពឹងពាក់បាននោះទេ នាងត្រដររស់ដើម្បីបន្តរក្សាត្រកូលរបស់នាង ជីវិតលំបាកវេទនារបស់នាងក៏រលាយបាត់ម្ដងបន្តិចៗ ពេលដែលនាងបានជួបជាមួយនិងយ៉ុនហ្គី។
"បងដុងហាក៏នៅតែពូកែចាប់កំហុសដូចដើមអ៊ីចឹង" គ្រួសារដុងហាជាគ្រួសារតែប្រកាន់ជឿជាក់លើជំនឿកាតូលិក ដល់ថ្នាក់រៀងរាល់សប្ដាហ៍ ពួកគេក៏បញ្ជូនដុងហាទៅស្ដាប់ធម៌ព្រះជាម្ចាស់និងសុីសស្ទឺនៅទីនោះ ហើយវាក៏ជាមូលហេតុដែលដុងហានិងអ៊ីលីតាបានជួបគ្នាដែរ គេតែងតែនិយាយថាសុីនឌើរ៉េឡានិងជួបព្រះអង្គម្ចាស់នៅពេលណាមួយក្រោយនាងជួបភាពលំបាកលំបិន តែគេនិងដុងហាមិនអាចក្លាយជាបែបហ្នឹងទេ ក៏ព្រោះគេគ្មានថ្ងៃក្លាយជាព្រះអង្គម្ចាស់របស់នាងឡើយ ព្រោះនាងមានព្រះអង្គម្ចាស់នាងរួចទៅហើយ ទោះជាគេស្គាល់នាងមុនក៏ដោយ បើសិនជានាងស្រឡាញ់អ្នកមកក្រោយគេក៏មិនអាចជំទាស់។
"មកពីអូនតែងតែធ្វើឲ្យមានកំហុសទើបបងចាប់បាន"
"ឈប់ឡានទៅ!" អ៊ីលីតាបង្ហាញកាយវិការងក់ងរតាមទម្លាប់ ប្រកាសប្រាប់នាយឲ្យឈប់ឡានទាំងអន្ទះអន្ទែង។
"បងនិយាយលេងតើ កុំឆាប់ខឹងពេកមើល"
"ឈប់ឡានទៅ ហួសកន្លែងខ្ញុំចង់ទៅឥលូវហើយបងដុងហា"
ង៉ក់!
ឡានទំនើបកំពុងតែបង្វិលកង់លឿនមុននោះ ក៏ឈប់តាមបំណងរបស់នាង អ៊ីលីតាទាញយកកាបូបមកស្ពាយ ចំណែកដុងហាក៏អោនសំឡឹងមើលហាងដែលនាងបង្ខំឲ្យគេជាន់ហ្វ្រាំងឈប់សឹងតែសឹកថ្នល់នោះ។
"ហាងវ៉ាញ? នេះកូនក្មេងចង់ផឹកទាំងព្រលឹមអញ្ចឹងហេស៎?" អ៊ីលីតាមិនបានឆ្លើយតបជាមួយគេ នាងបើកទ្វារចុះពីឡាន ធ្វើដូចជាគេជាតាក់សុីជូននាងមកអញ្ចឹង ស្រីតូចបិទទ្វារគ្រឹប តែក៏នៅមានចិត្តអោនមើលមកដុងហាតាមបង្អួចឡាន។
"បងទៅវិញបានហើយ ហាមចូលតាមខ្ញុំទៅក្នុង bye" អ៊ីលីតាបង្វែរខ្លួនចេញ ព្រមជាមួយសំឡេងស្បែកជើងប៉ាតាបិបៗ បូកផ្សំនិងរាងកាយតូចល្អិត ធ្វើឲ្យដុងហាអត់មិនសើចមិនបាន នាងតែងតែមានចំណុចធ្វើឲ្យគេចាប់អារម្មណ៍ជាច្រើនតាំងពីក្មេងមក នាងលេងខ្លួនសុីវីល័យពិតមែន តែនាងក៏មិនចេះពាក់ស្បែកជើងកែង ទៅណាមកណានាងពាក់តែស្បែកជើងស៊កនិងប៉ាតាដូចជាកូនក្មេង នាងចម្លែកបែបហ្នឹងឯង ទើបគេនៅតែមិនអាចឲ្យនាងនៅក្រៅក្រសែភ្នែកគេបាន ទោះបីដឹងថានាងមានម្ចាស់ហើយក៏ដោយ។
"នាងចេញមកទាំងបែបនេះ លោកយ៉ុនហ្គីមិនគិតខ្វល់ទេហេស៎?" ដុងហាដាក់ការឆ្ងល់ភ្លាម ក៏ព្រោះតែពេលនាងចេញមកទាំងខឹង គេមិនបានឃើញស្រមោលគូដណ្ដឹងម្នាក់ហ្នឹងសោះ។
YOU ARE READING
ក្រសោបស្នេហ៍ចាស់
General Fictionស្នេហាគឺអាត្មានិយម.. បងអាត្មានិយម ព្រោះបងស្រឡាញ់អូនពេក