ភាគទី57,58

257 17 1
                                    

ហេតុការណ៍ក្ដៅគគុកសម្រុកចូលមក តើនឹងត្រូវដោះស្រាយបែបណា? តើពួកគេនឹងជ្រើសយកវិធីមួយណា?

ក្រសោបស្នេហ៍ចាស់
ភាគទី57,58

"អ្នកនាងវីយូណាជាអ្នកក្រៅ មិនបានដឹងមិនបានឃើញហេតុការណ៍អ្វីទាំងអស់ អ្នកនាងក៏អាចនិយាយបាន"
"មិនមែនមកពីខ្ញុំជាអ្នកក្រៅ មិនមែនព្រោះតែខ្ញុំមិនបានឃើញទើបខ្ញុំនិយាយទេ ខ្ញុំនិយាយក្នុងនាមជាមិត្ត ជាមនុស្សជិតស្និតនិងទុកចិត្តអ៊ីលីតា ខ្ញុំជឿថាមិត្តរបស់ខ្ញុំនឹងគ្មានថ្ងៃធ្វើរឿងទាំងអស់នេះ ចុះលោក? ក្នុងនាមជាមនុស្សដែលប្រកាសក្ដែងៗពីមុនថាស្រឡាញ់នាង លោកទុកចិត្តនាងទេ?" វីយូណាមិនលាក់មាត់ មិនលាក់គំនិត នាងស្ដីថាឲ្យយ៉ុនហ្គីប្រាវៗពីមុខអ្នកគ្រប់គ្នា គ្មាននរណាម្នាក់ហ៊ាននិយាយអ្វីកាត់នោះទេ សូម្បីតែលោកម្ចាស់ជុនក៏លោកមិនកាត់សម្ដីភរិយា មានតែឈរស្ដាប់និងជួយវិនិច្ឆ័យគិតដូចគ្នាប៉ុណ្ណោះ។
"លោកទៅទាន់ពួកគេធ្វើសកម្មភាពជាមួយគ្នាទេ? លោកឃើញនាងចូលទៅទីនោះជាមួយគេដោយពេញចិត្តទេ? រឺក៏គ្រាន់តែទៅដល់ឃើញគេងដេកនៅលើគ្រែជាមួយគ្នា លោកក៏វិនិច្ឆ័យភ្លាម ចោទប្រកាន់ភ្លាមថានាងក្បត់លោក? នេះមែនទេចំណងស្នេហាដែលលោកនិងអ៊ីលីតាមានជាមួយគ្នារាប់ឆ្នាំមកហើយនោះ?" វីយូណាព្យាយាមទប់ជាទីបំផុត ក្នុងនាមជាអ្នកដែលធ្លាប់រងគ្រោះ ធ្លាប់ឈឺចាប់និងការចោទប្រកាន់ពីអតីត នាងយល់អារម្មណ៍ឈឺពើតផ្សារបស់អ៊ីលីតាច្បាស់។
"អ្នកនាងវីយូណាមិនយល់ទេ.." ខណៈគ្រប់គ្នាកំពុងតែតឹងសរសៃករដាក់គ្នា អ៊ីលីតាក៏នៅឈរស្ងៀមមិននិយាយអ្វីទាំងអស់ ព្រោះនាងហត់ ហត់និងការបកស្រាយជាទីបំផុត បើសិនជាអាចបញ្ចប់វាបានភ្លាមៗនាងនឹងធ្វើវាភ្លាម។
"មែនហើយ! ខ្ញុំមិនយល់ទេ រឹតតែមិនយល់អ្វីដែលលោកកំពុងតែធ្វើពេលនេះ រៀបការប្រពន្ធពីរនាក់ក្នុងថ្ងៃមួយ? លោកជាប្រុសបែបណាទើបគិតធ្វើបែបនេះទៅរួច? ទោះប្រពន្ធជាសោភិនីគួរឲ្យស្អប់ ក៏គ្មានបុរសម្នាក់ណានឹកឃើញដូចជាលោកពេលនេះទេ"
"បានហើយវីយូណា! ខ្ញុំគិតថាពួកយើងនិយាយតែប៉ុណ្ណឹងបានហើយ ទោះខំនិយាយបកស្រាយអ្វីទៀតក៏វាគ្មានបានការអ្វីនោះដែរ មានតែពាក្យថាឆ្អែតឆ្អន់ប៉ុណ្ណោះ" ទីបំផុតអ្នកដែលមានចំណែកក្នុងបញ្ហាក៏សម្រេចហាមាត់ហាមឃាត់វីយូណា អ៊ីលីតាលូកដៃចាប់ស្មាវីយូណា ប្រើប្រាស់ស្នាមញញឹមស្ងួតទៅកាន់នាង ក្រសែភ្នែកហាក់សុំអង្វរថាវីយូណានិយាយតែប៉ុណ្ណឹងបានហើយ។ នាងងាកបែរពីវីយូណារួចបែរមើលទៅដុងហាដែលនៅឈរមើលនាងពីជ្រុងម្ខាងឯណោះ នាងក៏មិនមានភាពខឹងស្អប់អ្វីជាមួយគេ មានតែក្ដីគោរពស្រឡាញ់ក្នុងនាមជាបងប្រុសដូចដើម ហើយនាងក៏អរគុណដែរ ដែលថ្ងៃនេះគេមានភាពក្លាហានចូលមកអះអាងជំនួសអ្វីដែលនាងព្យាយាមចង់និយាយកន្លងមក។
"ខ្ញុំសុំទៅសម្រាកសិនហើយ ស្អែកត្រូវទៅរៀន" អ៊ីលីតាក៏អោនគំនាបលាលោកម្ចាស់ជុនដែលជាចាស់ទុំនៅទីនោះនាងក៏ព្រលែងដៃពីស្មាម្ខាងរបស់វីយូណារួចស្ពាយកាបូបចូលទៅខាងក្នុងបាត់។ នៅទីនេះក៏សេសសល់តែភាពស្ងប់ស្ងាត់ ភាពខឹងសម្បារ ភាពមិនច្បាស់លាស់និងអារម្មណ៍ខឹងស្អប់ វីយូណាងើយក្បាលឡើងទប់ទឹកភ្នែកខ្លួនឯង ស្វាមីនាងក៏លូកកាន់ស្មានិងអង្អែលក្បាលលួងលោមដល់នាងអាចប្រមូលស្មារតីបានរួចចោលភ្នែកមើលទៅអ្នកនៅខាងមុខ មិនមែនជាយ៉ុនហ្គី តែជាអេនហ្សុីឯណោះ។
"ខ្ញុំសង្ឃឹមថានាងនឹងនៅតែអាចបិទភ្នែកដេកលក់ស្រួលនៅពេលយប់ ក្រោយពីនាងបំផ្លាញស្នេហាមនុស្សពីរនាក់រួចមក ហើយលោកក៏ដូចគ្នាលោកយ៉ុន..មិនថាមានរឿងអ្វីកើតឡើងនៅថ្ងៃខាងមុខ កុំសុំជំនួយពីខ្ញុំឲ្យសោះ លោកមិនមានតម្លៃអ្វីឲ្យខ្ញុំនៅគិតគោរពទៀតនោះទេ ហើយខ្ញុំមកទីនេះក៏ព្រោះតែអ៊ីលីតាមិត្តរបស់ខ្ញុំដែរ អញ្ចឹងលោកដេកអោបភាពល្ងង់ខ្លៅនិងគំនុំនោះបន្តទៀតចុះ" វីយូណាក៏ព្រមធ្វើតាមការសុំរបស់អ៊ីលីតា នាងមិនបានឡូឡាអ្វីបន្ត តែនាងក៏និយាយទាំងភាពស្អប់ខ្ពើមដាក់ពួកគេទាំងពីរនាក់ រួចទើបចាកចេញទៅបាត់ជាមួយនិងស្វាមីបាត់។
ឡានប៉ុន្មានគ្រឿងចេញបាត់ នៅសេសសល់តែភ្ញៀវដែលមិនបានអញ្ជើញម្នាក់ទៀតដែលនៅទីនោះ ដុងហាទល់អណ្ដាតក្រហឹមព្រោះជ្រួតជ្រាបនិងពាក្យដែលវីយូណានិយាយមុននោះ។
ប្រោក!
ប្រអប់នៅនឹងដៃរបស់គេត្រូវទម្លាក់ចុះពីមុខយ៉ុនហ្គីនិងអេនហ្សុី នាងតូចក៏ងើបមើលមុខគេ តែក៏ប្រញាប់ងាកចេញវិញភ្លាមព្រោះខ្លាច ដុងហាងើយក្បាលក្ដាប់ដៃខ្លួនឯងបន្តិច រួចទើបចាប់ផ្ដើមនិយាយបន្ត។
"អ៊ីលីតាមិនដែលមានបំណងចង់ចាកចេញពីលោក មានអ្នកផ្សេងក្រៅពីលោកទេ ខ្ញុំនៅជាមួយនាង ស្គាល់នាងតាំងពីតូច នាងក៏មិនជ្រើសរើសខ្ញុំ តែនាងជ្រើសរើសលោក មនុស្សដែលមកក្រោយសោះ ខ្ញុំច្រណែន..ច្រណែនបំផុតដែលមនុស្សដូចជាលោកអាចទទួលបានការស្រឡាញ់មួយនោះ.."
"នេះជាកាដូដែលខ្ញុំបានផ្ញើស្រីម្នាក់នោះយកមកឲ្យអ៊ីលីតាក្នុងថ្ងៃកំណើតនាង តែវាក៏នៅក្នុងធុងសម្រាមជំនួសឲ្យការធ្លាក់ដល់ដៃរបស់នាងទៅវិញ តែខ្ញុំក៏មិនចម្លែកដែរដែលពួកលោកធ្វើបែបនេះដាក់អ៊ីលីតា ព្រោះថាសូម្បីតែថ្ងៃនេះជាថ្ងៃកំណើតអ៊ីលីតា លោកក៏មិនបានចងចាំដែរ" ដុងហានិយាយអស់ចិត្ត គេក៏ដើរចេញពីទីនោះ នាយក៏មិនភ្លេចងាកភ្នែកមើលទៅជាន់ខាងលើ ជាន់បន្ទប់ដែលអ៊ីលីតានាងតែងតែឈរស្រូបយកខ្យល់ពីទីនោះ តែពេលនេះក៏គ្មាននាង គេមិនបានគិតអ្វីបន្តក្រៅពីចាកចេញពីទីនោះ។
ពេលនេះម៉ោងនេះក៏មានតែយ៉ុនហ្គីប៉ុណ្ណោះដែលនៅឈរទ្រឹង ប្រឹងគិតពីសម្ដីចេញពីមាត់របស់ដុងហាទាំងអស់។
(ខ្ញុំនៅជាមួយនាង ស្គាល់នាងតាំងពីតូច នាងក៏មិនជ្រើសរើសខ្ញុំ តែនាងជ្រើសរើសលោក)
( តែខ្ញុំក៏មិនចម្លែកដែរដែលពួកលោកធ្វើបែបនេះដាក់អ៊ីលីតា ព្រោះថាសូម្បីតែថ្ងៃនេះជាថ្ងៃកំណើតអ៊ីលីតា លោកក៏មិនបានចងចាំដែរ)
ប្រឹប!
"បងយ៉ុន..បងគិតទៅណា?"
"បងយ៉ុន!!!!" យ៉ុនហ្គីឈរសុខៗនាយក៏ស្រាប់តែទាញឈើច្រត់រួចបែរចូលទៅខាងក្នុងភ្លាម អេនហ្សុីក៏មិនបានទៅតាមគេ នាងបានតែឈរក្ដាប់ដៃខ្លួនឯង ខាំធ្មេញខឹងដល់ថ្នាក់ស្រក់ទឹកភ្នែក។
"យើងស្អប់នាង អ៊ីលីតា!"

តុប!តុប..
ការបោះជំហានឈានរបស់យ៉ុនហ្គីក៏កាន់តែលឿន គ្រាន់តែមកដល់ជាន់ខាងលើភ្លាម គេក៏បោះឈើច្រត់ទៅម្ខាង ដៃលូកចាប់គន្លឹះទ្វារអ៊ីលីតា តែវាក៏ត្រូវចាក់ពីខាងក្នុងជាប់ នាយព្យាយាមបំបុកតែក៏មិនបានផល ចុងក្រោយមានតែឈរគោះទ្វារនាង។
តុក!តុក..
(អ៊ីលីតា...)
(អ៊ីលីតាបើកទ្វារឲ្យយើង..លឿន)
ទ្វារត្រូវគោះមួយទំហឹងសឹងតែរបើក តែវាក៏មិនបានរង្គោះរង្គើអ្វីដល់អ្នកខាងក្នុងទេ សូម្បីតែផ្លូវចិត្តរបស់នាង។ អ៊ីលីតាទម្លាក់ខ្លួនអង្គុយផ្អែកនិងមាត់ទ្វារស្ដាប់សំលេងនាយហៅនាង ដៃម្ខាងក៏លូកទាញដែកកេះមករួចកេះអុជទៀនមួយដែលនាងដោតចំពីលើនំឆូកូខេកតូច ត្របកភ្នែកស្ដើងបិទចុះបួងសួង មុននឹងបបូរមាត់ហើបចុះរួចផ្លុះវា។
"ឯងល្អបំផុតណា អ៊ីលីតា! ជីវិតសេសសល់ទាំងប៉ុន្មានវាជារបស់ឯង ឯងត្រូវធ្វើឲ្យវាល្អបំផុត"

ក្រសោបស្នេហ៍ចាស់Where stories live. Discover now