ពេលវេលាជាច្រើនថ្ងៃបានកន្លងផុតទៅហើយទីបំផុតថ្ងៃសៅរ៍ក៏ចូលមកដល់ថ្ងៃបន្ទាប់ច្បាស់ជាបានដើរលេងមិនខាន ថេយ៉ុងនិងជុងវីនត្រូវជើងគ្នាល្អណាស់ពេលមកពីរៀនអស់ពីបង្រៀនក្មេងហើយក៏បបួលគ្នាទៅមើលទូរទស្សន៍រហូតដល់ជុងវីនគេងលក់ទើបថេយ៉ុងឡើងទៅអង្គុយកំដរជុងហ្គុកសុីញ៉េនិងពិនិត្យឯកសារវិញ។ មួយរយៈពេលនេះក៏មិនឃើញហ្វីយ៉ូណាកញ្ញាកូនលោករដ្ឋមន្ត្រីមករញ៉េរញ៉ៃជាមួយថេយ៉ុងនិងជុងហ្គុកដែរមិនដឹងថានាងដឹងខុសឬទៅរៀបគម្រោងលេងល្បិចអីក៏មិនច្បាស់។
"អាក្មេងឡប់នោះគេងហើយឬ?"ជុងហ្គុកដកភ្នែកចេញពីឯកសារសម្លឹងរាងតូចដែលទើបតែបើកទ្វារដើរចូលមកលើកដៃខ្ទប់មាត់ស្ងាបហបៗមិនឈប់ទើបត្រឡប់មកពិនិត្យឯកសារបន្តវិញ មើលថែតែក្មេងមនុស្សចាស់បែរជាមិនយកចិត្តទុកដាក់ ឆឹស! ខឹងហើយ!
"បងនិយាយអោយពិរោះបន្តិចបានទេ?"ថេយ៉ុងដើរមកទាញកៅអីអង្គុយក្បែរជុងហ្គុករួចលើកដៃច្រត់ចង្កាបើកភ្នែកភ្លឹះៗសម្លឹងមើលអ្នកម្ខាងទៀតដែលហាក់ធ្វើឫកមិនខ្វល់ខ្វាយមិនយកចិត្តទុកដាក់និងគេដូចរាល់ដងសោះ។
"ច្រណែនក្មេងហ៎?"ថេយ៉ុងញញឹមលួងចិត្តព្រមទាំងលូកដៃមកចាប់ច្បិចថ្ពាល់ទន់ៗរបស់ជុងហ្គុកស្រាលៗ។
"អត់ទេ"
"អញ្ចឹងញញឹមបន្តិចទៅ មើស៎! កុំមកង៉ក់"គេយកដៃបិទកុំព្យូទ័រដែលជុងហ្គុកកំពុងតែចុចហើយក្រោកទៅអង្គុយលើភ្លៅជុងហ្គុកជំនួសវិញ ប្រអប់ដៃតូចលូកក្រសោបផ្ទៃមុខមនុស្សប្រុសជាទីស្រលាញ់ ស្នាមញញឹមលួងចិត្តលួងបេះដូងកុំអោយខឹងង៉ក់ងរធ្វើអោយជុងហ្គុកទ្រាំស្ទើរមិនបាន។
"អូនស្រលាញ់បង"នាយកម្លោះតូចយកចុងច្រមុះទៅប៉ះជាមួយចុងច្រមុះជុងហ្គុកហើយបិទភ្នែកនិយាយដោយសម្លេងស្រាល ទោះជាគេរឹងទទឹងជាមួយជុងហ្គុកគ្រប់រឿង ពេលខ្លះខឹងមិនដឹងដើមទង ជួនកាលក៏ស្រែកឡូឡាដាក់និយាយមិនសូវត្រូវគ្នាហៅថាមិនចុះសម្រុងក៏បានក៏បេះដូងគេនៅតែទន់ភ្លន់សម្រាប់បុរសម្នាក់នេះ បុរសដែលមានឈ្មោះជាស្វាមីក្រៅច្បាប់របស់គេនេះឯង។