ភរិយាអេតាស៊ីវិល - ភាគ២+៣
លោកស្រី ចន មិនបានចូលក្នុងបន្ទប់នាំឱ្យរំខានកូនប្រុសរបស់គាត់និងក្មេងស្រីដែលគាត់ពេញចិត្តទេ គាត់បែរខ្លួន មុននឹងចុះពីកាំជណ្តើរទៅជាន់ក្រោមវិញ ដើរទៅទាញទូរស័ព្ទចុចតេរវីដេអូខលទៅមិត្តរបស់គាត់ដែលកំពុងនៅអាមេរិក
"សួស្តី ស៊ូគី សុខសប្បាយទេ?" គាត់ផ្តើមសន្ទនាជាមួយមិត្តភក្តិរបស់គាត់
(ឯងក៏ដឹងហើយថាយើងមានជំងឺប្រចាំកាយ ថាសុខក៏ដូចជាមិនសុខ) ស៊ូគី គឺជាឈ្មោះរបស់មិត្តភក្តិអ្នកស្រី ចន គាត់កំពុងរស់នៅសហរដ្ឋអាមេរិក ដើម្បីព្យាបាលជំងឺរ៉ាំរ៉ៃប្រចាំកាយ គឺគាត់ធ្លាក់ខ្លួនឈឺចាប់តាំងពីបង្កើតកូនស្រីពៅរួច ក៏ត្រូវជនមិនស្គាល់មុខលួចយកទៅបាត់ គាត់ពិតជាសោកស្តាយកូនស្រីតែម្នាក់គត់របស់គាត់ខ្លាំងណាស់ រហូតដល់សព្វថ្ងៃគាត់នៅតែរង់ចាំកូនស្រីពៅរបស់គាត់ ត្រឡប់ទៅរកគាត់វិញ ទាំងដែលគ្មានសង្ឃឹមបន្តិចសោះ។
"យើងមានដំណឹងល្អចង់ប្រាប់ ឯងថាទៅមើល គឺដំណឹងអ្វី? គឺយើងបានជួបក្មួយ ស៊ូ ដោយចៃដន្យណា៎ យើងសប្បាយចិត្តណាស់" លោកស្រី ចន រៀបរាប់ប្រាប់មិត្ត ទាំងរំភើបចិត្តជំនួសមិត្ត កាលបើមិត្តនឹងបានជួបកូនស្រីពៅឆាប់ៗ
(ឯងកុំលេងសើច កូន ស៊ូ បាត់ទៅ តាំងពីជាទារក ឯងចាំមុខមាត់ក្មេងបានយ៉ាងម៉េច?) គាត់មិនបានសប្បាយចិត្តទេ ដោយសារគាត់គិតថាជារឿងដែលមិនអាចទៅរួច កូនស្រីរបស់គាត់ត្រូវគេលួចយកទៅតាំងពីយូរណាស់មកហើយ។
"ឥឡូវឯងសាកមកកូរ៉េពិនិត្យ ឌី.អិន.អេ ទៅដឹងហើយ ក្មេងស្រីដែលយើងនិយាយនោះ ពេលនេះនៅផ្ទះរបស់យើង"
(ឯងមិនបោកយើងទេណា៎?)
"ហ៊ើយ! ទៅបោកឯងធ្វើអី? ប្រញាប់រៀបចំចេញដំណើរមកឥឡូវមក"
(អូខេ)ថ្ងៃរសៀល..
ស្រីតូចបានក្រោកពីគេងម្តងទៀតក៏ឃើញប្រុសកម្លោះសង្ហាអង្គុយលើគ្រែងោកក្បាលសឹងតែផ្គាប់មុខធ្លាក់ពីលើគ្រែ ទើបនាងប្រញាប់ក្រោកអង្គុយត្របោមជង្គង់លើពូក មុននឹងលើកដៃស្រឡូនទៅទប់ក្បាលរបស់គេភ្លាមៗ ហើយគេក៏ភ្ញាក់ល្មមចំពេលជាមួយគ្នានោះ ទើបគេមុខទៅសម្លឹងមុខនាង
"ហ៊ិ..ហ៊ិ" នាងដកដៃចេញ មុននឹងសើចដាក់គេតិចៗ យ៉ាងគួរឱ្យក្នាញ់ ចង់តែចាប់ក្រញិច
"នាងឈ្មោះអី?" តាំងពីនាងភ្ញាក់ដឹងខ្លួនលើកដំបូងក៏និយាយថាខ្លាច ទើបគេលួងឱ្យគេងវិញដោយមិនបានសួរនាំ ដល់ពេលឃើញនាងស្រួលអារម្មណ៍ទើបគេហ៊ានសួរនាង។
"អត់ដឹង" នាងតូចក្រវីក្បាល ធ្វើមុខជូរឱនមុខចុះ លើកដៃកេះក្រចកដៃតិចៗ ធ្វើឱ្យរាងសង្ហាដែលអង្គុយក្បែរលួចសើចនឹងឫកពាដូចកូនក្មេងរបស់នាងនៅក្នុងចិត្ត មើលចុះ សូម្បីតែអង្គុយក៏ដូចក្មេងស្រីតូច Cute cute។
"មានចាំអ្វីខ្លះទេ?" គេមិនយកទោសពៃរ៍នាងទេ ព្រោះកំពុងតែសង្ស័យថានាងបាត់បង់ការចងចាំ ទើបចេះតែបន្តសួរ។
"អ្ហឹមម..ចាំ" ស្រីតូចងក់ក្បាលធ្វើដូចជាកំពុងគិតដល់អ្វីដែលនាងបានចាំ ធ្វើឱ្យអ្នកសង្ហាញញឹមតិចៗ ប្រហែលជាមកពីនាងគេងលក់យូរទើបភ្លេចភ្លាំងហើយមើលទៅ នាយក៏បន្តសួរ៖
"ចាំអីខ្លះ?និយាយមក"
"គឺចាំបានថាពេលខ្ញុំភ្ញាក់ឡើងក៏ឃើញលោកពូ បន្ទាប់មកក៏គេងលក់ទៅវិញ ហើយក៏ឃើញលោកពូម្តងទៀត ហិហិ" នេះហើយជាការចងចាំដែលកំពុងមានក្នុងខួរក្បាលរបស់នាង ក្រៅពីនេះទទេស្អាតទាំងអស់។
"នាងហៅខ្ញុំពូ? នេះខ្ញុំចាស់ពេកដល់ថ្នាក់ធ្វើជាពូនាង?" ជុងហ្គុក លើកដៃចង្អុលខ្លួនឯង សួរបញ្ជាក់ តាមការមិនអស់ចិត្ត នេះគេឡើងក្មេងហើយថែមទាំងសង្ហា ស្រីៗណាឃើញក៏បាក់ចិត្ត តែនាងបែរជាហៅគេថាពូ មិនបាក់ចិត្តលង់ស្រឡាញ់គេក៏ណ្ហើយទៅចុះ តែកុំហៅពូ គេមិនទាន់អាយុ៣០ឆ្នាំទេ។
"អោវវ៎.. គួរហៅអ៊ំមែនទេ? ឬហៅលោកតា? បើមិនអ៊ីចឹងទេហៅដេតឌី? គួរហៅមួយណា?" រាងស្តើងព្រិចភ្នែកតិចៗសម្លឹងមើលគេបែបអត់ដឹងខ្យល់អីសោះ ដោយហេតុថាខួរក្បាលរបស់នាងគិតមិនដល់។
"ខ្ញុំមិនមែនជាពូឬជាអ៊ំឬជាតាឬដេតឌីរបស់នាងទេ! មិនឱ្យហៅទាំងអស់!!" ជុងហ្គុក ក្រោកឈរប្រកែកជាមួយស្រីតូចទាំងតឹងសរសៃក
"ចឹងជាតាទួត?"
"មិនមែន!"
"អ្ហ៎.. ជាបងប្រុសមែនទេ?"
"មិនមែន!"
"ចឹងជាអី?" នាងធ្វើមុខជូរម្តងទៀត ព្រោះគិតលែងចេញហើយ តើគេគួរតែត្រូវជាអ្វីនឹងនាង?
"ជាប្តី!" លោកស្រី ចន ឈរស្តាប់ពួកគេសន្ទនាបានបួនប្រាំប្រយោគក៏សន្និដ្ឋានដឹងថាកំពុងនិយាយពីអ្វី ទើបកាត់មុខកាត់មាត់ឆ្លើយនឹងសំណួរស្រីតូចជំនួសកូនប្រុស។
"ប្តីអ្ហ៎? ខ្ញុំនៅក្មេងយ៉ាងនេះក៏មានប្តីហើយ" នាងជ្រួញចិញ្ចើមឆ្ងល់
"ម៉ាក់ខ្ញុំនិយាយលេងទេ នាងកុំទុកក្នុងចិត្ត" ជុងហ្គុក ប្រញាប់ប្រកែក កុំឱ្យនាងតូចគិតច្រើន។
"មិនទុកក្នុងចិត្តស្រាប់ហើយ! ខ្ញុំឃ្លានណាស់ ចង់ញ៉ាំ លោកពូពខ្ញុំទៅញ៉ាំបាយបន្តិចមក" នាងមិនគិតច្រើន ព្រោះតែក្រពះកំពុងតែប្រគំភ្លេងលាន់ឮទ្រហឹង ដូច្នេះនាងត្រូវការញ៉ាំអាហារ ក៏លើកដៃត្រដាងឡើង បំណងឱ្យអ្នកសង្ហាពទៅញ៉ាំអាហារ តាមរបៀបកូនក្មេងតែងតែធ្វើ។
"ពនាង? នាងមិនមែន៥គីឡូទេណា៎" ជុងហ្គុក ប្រកែកតវ៉ា
"អ្ហឹកៗ ម៉ាក់យាយ មើលលោកពូអ្ហ៎ក.." មិនទាន់ស្គាល់គ្នាដឹងសេចក្តីផង នាងបានហៅលោកស្រី ចន ថាម៉ាក់យាយបាត់ទៅហើយ នៅធ្វើចរិតរំអួយទាមទារចំណាប់អារម្មណ៍ទៀត។
"អៀវប្អូនចុះទៅក្រោមទៅកូន" លោកស្រី ចន ក៏និយាយស្រួលជាមួយកូនប្រុស ឱ្យធ្វើតាមសំណូមពររបស់ស្រីតូច។
"តែម៉ាក់.."
"ឯងមិនឃើញនាងឈឺ ចាំអ្វីមិនបានទេអ្ហ៎? អៀវទៅ វាមិនអីទេ" អ្នកស្រី ចន កំពុងតែត្រូវការឱ្យកូនប្រុសរបស់គាត់ឆាប់ស្និទ្ធស្នាលជាមួយក្មេងម្នាក់នេះនឹងអាលបានស្រឡាញ់គ្នា រៀបការ បង្កើតចៅឱ្យកូន។
"អើ.. ជិះខ្នងមក ឱបកឱ្យជាប់ប្រយ័ត្នធ្លាក់បាក់កងាប់" ជុងហ្គុក ក្រោកឈរបែរខ្នង បំណងឱ្យស្រីតូចក្រោកឈរតោងកខ្លួន រួចអៀវចេញទៅ នាងឡើងជិះលើខ្នងគេ ច្រកគាវជើងគងនឹងចង្កេះមាំ លើកដៃស្រឡូនម្ខាងឱបកគេ ឯដៃម្ខាងទៀតទាញមួលស្លឹកត្រចៀកគេ ខណៈដែលនិយាយ៖
"សម្តីអាក្រក់ បើខ្ញុំស្លាប់ទៅ ខ្ញុំមិនទុកពូឱ្យនៅរស់ទេ"
"នែ៎! ឈឺណា៎.." ជុងហ្គុក ប្រើដៃម្ខាងចាប់ទាញដៃស្រឡូនចេញពីត្រចៀករបស់ខ្លួន ឯដៃម្ខាងទៀតចាប់កាន់ជើងនាងឱ្យទ្រជាប់លើចង្កេះរបស់គេ ថ្ងៃទីមួយសោះ នាងជិះជាន់គេដូចបាវខ្សាច់ទៅហើយ។
"ទ្រខ្ញុំឱ្យជាប់ ប្រយ័ត្នធ្លាក់ខ្ញុំពីលើផ្ទះ ម៉ាក់យាយខឹង" នាងបញ្ឈប់ការតោងករបស់គេ មុននឹងលើកដៃទាំងគូចាប់ដោះកាន់ខ្សែកដែលគេកំពុងតែពាក់ យកទៅគ្រវីគ្រវាត់លេងតាមចំណង់របស់ក្មេង។
ជុងហ្គុក ខាំមាត់សង្កត់ចិត្ត បន្តអៀវនាងចុះពីលើផ្ទះទៅជាន់ក្រោម ដោយមិនដឹងថានាងលួចដោះខ្សែកគេលេងនោះទេ។
កាលបើដល់ផ្ទះបាយគេដាក់ឱ្យនាងអង្គុយលើកៅអីថ្នម ហើយក៏អង្គុយនៅកៅអីមួយផ្សេងទៀតក្បែរនាង
"មីយ៉ុន! យ៉ុនមី! ចាក់ថ្នាំឱ្យយើងផឹក" ជុងហ្គុក ស្រែកហៅអ្នកបម្រើដែលជាបងប្អូនភ្លោះស្រីឱ្យយកទឹកចាក់ឱ្យខ្លួនផឹក។
"យកអីឱ្យខ្ញុំញ៉ាំផង!" នាងតូចស្រែកបន្ទរតាមក្រោយមនុស្សធំ ធ្វើដូចនាងជាម្ចាស់ផ្ទះមួយនេះ ទាំងដែលការពិតនាងមិនដឹងមកពីទិសតំបន់ណាផង។
"លោកស្រី! ក្មេងស្រីម្នាក់នេះជាអ្នកណា?" មីយ៉ុន សួរឡើង កាលបើឃើញលោកស្រី ចន ដើរមកដល់ផ្ទះបាយល្មមចំពេលដូចគ្នា។
"ជាអនាគតកូនប្រសាយើង! ប្រញាប់ទៅលើកអីមកឱ្យនាងញ៉ាំឱ្យលឿនទៅ" លោកស្រី ចន និយាយដោយភាពជឿជាក់ ធ្វើឱ្យ ជុងហ្គុក ប្រញាប់ងាកទៅមុខគាត់ ដោយនិយាយ៖
"ម៉ាក់.. ម៉ាក់គិតអីហ្នឹង?"
"គិតឱ្យពួកឯងឆាប់រៀបការហ្នឹងហើយ យ៉ាងម៉េច?"
ផឹប! ព្រូង!
នាងតូច ស៊ូយ៉ុង មិនបានស្តាប់ការសន្ទនារបស់អ្នកណាទេ នាងកំពុងតែជក់លេងខ្សែករូបបន្តោងបេះដូងមួយនោះ គ្រវីគ្រវាត់លេងមិនប្រយ័ត្នក៏ធ្វើឱ្យជ្រុះចូលទៅក្នុងកែវទឹកដែល យ៉ុនមី ចាក់ទុកតាមការសំណូមពររបស់ ជុងហ្គុក។ កាលបើឮសម្លេងមិនស្រួលគ្រប់គ្នាក៏ងាកទៅសម្លឹងមើលប្រភពសម្លេង ធ្វើឱ្យ ស៊ូយ៉ុង ភ័យក្តុកក្តួល ព្រោះនាងកំពុងតែបង្កើតកំហុសហើយ
"សុំ..ទោស" នាងពោលឡើងស្រាលៗ ខណៈដែលងើយមុខព្រិចភ្នែកតិចៗដាក់គ្រប់គ្នា សុំក្តីអាណិត
"មិនអីទេ! មិនខុសទេកូន" លោកស្រី ចន ញញឹមដាក់អនាគតកូនប្រសាស្រី ខណៈដែលដើរទៅជិតនាង លើកដៃវែកសក់ឱ្យនាង ឱ្យស្រឡះមុខស្រឡះមាត់។
"មិនខុសយ៉ាងម៉េចម៉ាក់..? នេះជាខ្សែករបស់ខ្ញុំហាស៎ នាងគ្រវីគ្រវាត់លេងឡើងខ្ទេច ហើយបោះចូលកែវទឹកផឹកទៀត ឯណាទៅសីលធម៌?" ជុងហ្គុក ដូចជាហួសចិត្តបន្តិច កាលបើអ្នកម៉ាក់របស់ខ្លួន កាន់ជើងក្មេងស្រីទើបតែស្គាល់មិនទាន់បានមួយថ្ងៃ ដោយមិនដឹងខុសត្រូវបែបនេះ។
"មកពីខ្សែកឯងគ្មានគុណភាព ខ្ទេចខ្ទីបែបនេះត្រូវហើយ"
"ដាច់ខ្សែកអស់មួយហើយ ត្រូវទៀត? ត្រូវយ៉ាងម៉េច? អ្នកម៉ាក់.."
"បើម៉ាក់ថាត្រូវ ត្រូវហើយ"
"ម៉ាក់យាយថាត្រូវ គឺត្រូវហើយ" ស៊ូយ៉ុង បន្ទរតាមក្រោយដោយភាពមានអំណួត ខណៈដែលលើកដៃឱបស្ត្រីចំណាស់ដែលកំពុងតែឈរនិយាយ ហើយឆ្លៀតលានអណ្តាតឌឺ ជុងហ្គុក ទៀតផង
"កាត់អណ្តាតចោលឥឡូវហើយ" ជុងហ្គុក ស្រែកគំរាម
"ចាស់ហើយចង់ធ្វើបាបក្មេង អ៊ែកៗ" 🙄😝
ជុងហ្គុក អង្គុយខាំមាត់ក្រឺតក្នាញ់នឹងឫកពារបស់រាងស្តើងដែលកំពុងតែឌឺខ្លួន បើកុំតែយល់ថាមិនដឹងខ្យល់អី កុំអីគេចាប់បឺតមាត់ឱ្យរាងចាលតែម្តង។
"អូខេ! មិនឈ្លោះជាមួយក្មេងទេ" នាយសម្រេចចិត្តឱ្យស្រីតូចឈ្នះ ហើយក្រោកចេញពីតុអាហារបម្រុងនឹងដើរចេញទៅក្រៅលេងសប្បាយតាមទម្លាប់ ប៉ុន្តែក៏ត្រូវទច់ដំណើរ ព្រោះសម្តី៖
"ចង់ទៅណាទៀតហើយ? ម៉ាក់មិនឱ្យឯងទៅទេ!"
"ទៅរកស្រី យ៉ាងម៉េចម៉ាក់ចង់បិទសិទ្ធិអ្ហ៎?" ជុងហ្គុក ឆ្លើយតបវិញដោយសម្តីឈ្លើយដាក់អ្នកម៉ាក់ ព្រោះតែនាយមិនចូលចិត្តឱ្យមានមនុស្សមកគ្រប់គ្រងសិទ្ធសេរីភាពដើរហើររបស់នាយទេ តែជារឿយៗម៉ាក់របស់គេតែងតែមិនចង់ឱ្យគេដើរដាច់យប់ ប៉ុន្តែហាមគេមិនបាន ព្រោះគេក្បាលរឹងណាស់។
"ទៅរកស្រីឯណាទៀត? ស្រីនៅហ្នឹងមួយគំនរហើយ" ស៊ូយ៉ុង ងាកទៅតបសម្ដីរបស់អ្នកសង្ហា តាមរបៀបចេះដឹងរឿងច្រើន រប៉ិលរប៉ូចខូចដូចកូនស្វា។
"នែ៎! ក្មេងដូចនាងចេះដឹងស្អី? កុំលូកមាត់" ជុងហ្គុក ស្រែកគំហកឱ្យវីញ ក្នុងចិត្តថាហាមមិនឱ្យឈ្លោះជាមួយនាងទេ ប៉ុន្តែនាងចេះតែធ្វើឱ្យគេចង់ឈ្លោះ ហើយចង់តែចាប់គ្រញិចនាងខាំថ្ពាល់ឱ្យណាណី។
"អោវវ៎! អូននិយាយខុសអ្ហ៎? តាមឃើញក្នុងផ្ទះនេះមិនមានមនុស្សប្រុសផង មានតែស្រីៗហ្នឹង" នាងតូចតបវិញតាមភាពមិនដឹងអី ដោយសម្ដីចាក់ទឹកមិនលេចរបស់នាង ជឿជាក់ថាគេនឹងអស់ពាក្យតបដោយសារភាពមិនដឹងខ្យល់របស់នាងមិនខានទេ។
"ត្រូវហើយ! មិនខុសទេ ស្រីនៅទីនេះច្រើននាក់ណាស់ មិនបាច់ចេញទៅក្រៅទេ" ជុងហ្គុក ខាំថ្គាមស្ញេញធ្មេញមួយអស់ជើងធ្មេញដាក់រាងស្តើង ខណៈដែលដើរទៅដាក់បង្គុយក្បែរនាងវិញ មុននឹងលើកទឹកនៅកែវមកផឹកឱ្យរំសាយអារម្មណ៍ តែក៏ត្រូវព្រួសចេញមកក្រៅ ក្រោយពីដឹងថាក្នុងទឹកមានខ្សែកធ្លាក់ចូល
"នេះកន្សែងជូតមាត់" ស៊ូយ៉ុង យកកន្សែងជូតតុហុចទៅឱ្យអ្នកសង្ហាយ៉ាងរហ័ស ព្រោះដឹងថាគេប្រាកដជាត្រូវការវា អ្នកសង្ហាទទួលយកកន្សែងទៅជូតមាត់ចេញក៏ស្បើយអារម្មណ៍ខឹងបន្តិចព្រោះគិតថានាងមិនមានចេតនា។ មើលទៅចៅហ្វាយដូចជាជូតមាត់ស្និទ្ធ ដូចមិនដឹងថាជាកន្សែងជូតតុ
យ៉ុនមី បង្ហើបតិចៗប្រាប់ចៅហ្វាយ៖
"អ្នកប្រុស! វាជាកន្សែងជូតតុទេ" គ្រាន់តែឮបែបនេះភ្លាម ជុងហ្គុក ក៏រហ័សគប់កន្សែងចោល មុននឹងក្រោកចេញពីកៅអី ដើរតម្រង់ទៅជណ្តើរឡើងទៅខាងលើផ្ទះ សឹងតែជាន់មិនត្រូវកាំជណ្តើរ ព្រោះមានអារម្មណ៍ថាអាម៉ាស់មុខពេញទទំហឹងហើយ នៅមិននៅឱ្យក្មេងធ្វើបាបបាន។
"ហឺសៗ" លោកស្រី ចន ខ្ទប់មាត់លួចសើចនឹងឫកពារបស់កូនប្រុសខ្លួន ព្រោះមិនដែលឃើញគេបែបនេះពីមុនមកទេ ឥទ្ធិពលមិនដឹងខ្យល់អីរបស់ ឆយ ស៊ូយ៉ុង ពិតជាមិនធម្មតាមែន។
ចំណែកឯ យ៉ុនមី និង មីយ៉ុន ក៏លួចសើចនឹងឫកពារបស់ចៅហ្វាយខ្លួនដូចគ្នា មិនដឹងថាប៉ុណ្ណាទេមិញហ្នឹង រីឯ ស៊ូយ៉ុង វិញគ្រាន់តែសម្លឹងមើលផែនខ្នងអ្នកដែលដើរចេញបន្តិចក៏ងាកមុខមកតុអាហារវិញ ដោយរំពឹងថានឹងមានរបស់ញ៉ាំយ៉ាងច្រើន ប៉ុន្តែមិនឃើញមានអីសោះ ទើបស្រែកឮៗ៖
"ឯណារបស់ញ៉ាំ? ខ្ញុំឃ្លានសឹងតែបែកពោះស្លាប់ទៅហើយនៀក៎" មិនត្រឹមតែស្រែកដោយសម្លេងដូចកញ្ចែរទេ ថែមទាំងងើយមុខទៅសម្លក់ មីយ៉ុន និង យ៉ុនមី ដូចចង់ស៊ីសាច់ទាំងរស់ទៀតផង ធ្វើឱ្យបងប្អូនភ្លោះទាំងពីរនាក់មិនចូលចិត្តចរិតរបស់នាងឡើងមកភ្លាមៗ ទើបតែមកនៅផ្ទះនេះថ្ងៃទីមួយសោះក៏ញ៉ិញដាក់គ្រប់គ្នាទៅហើយ។
"ឆាប់ទៅធ្វើទៅ មិនឮក្មេងស្រែកទេអ្ហេស៎?!" លោកស្រី ចន ស្រែកឡើង កាលបើអ្នកបម្រើបងប្អូនភ្លោះមិនព្រមទៅ គិតតែពីឈរសម្លក់សម្លឹងនាងតូចពីចុងជើងដល់ចុងសក់ដោយក្រសែភ្នែកពេបជ្រាយ។
"ចាស៎ទៅហើយលោកស្រី" ថារួច យ៉ុនមី និង មីយ៉ុន ប្រញាប់ប្រញាល់ស្ទុះស្ទាទៅទាញចានទាញឆ្នាំងចាត់ការមុខម្ហូបសម្រាប់សមាជិតថ្មីទាំងថ្ងៃរសៀលជ្រេ។
"ញ៉ាំផ្លែឈើកំដរមាត់សិនទៅទម្រាំតែម្ហូបឆ្អិន" លោកស្រី ចន ដើរទៅបើកទូរទឹកកកយកផ្លែឈើដាក់ចានរួចដាក់លើតុនៅចំពោះមុខស្រីតូច។ នាងសម្លឹងមុខគាត់បន្តិចមុននឹងលូកដៃយកផ្លែប៉ោមមកខាំមួយម៉ាត់ដោយមិនបានចិតសំបក ធ្វើឱ្យលោកស្រី គីម បារម្ភចំពោះភាពមិនដឹងខ្យល់អីរបស់នាង ក៏និយាយ៖
"ចិតសំបកសិនកូន"
"អ្ហ៎.. ត្រូវចិតទៀតឬ?"
"ចាំម៉ាក់ចិតឱ្យមើល" លោកស្រី ចន ទាញផ្លែប៉ោមមួយផ្លែនិងកាំបិតមួយដើម ចាប់ផ្តើមចិតសំបកផ្លែប៉ោមមួយឱ្យរាងតូចមើលដោយយកចិត្តទុកដាក់។
"ពេលញ៉ាំបាយរួច កូនត្រូវងូតទឹក ផ្លាស់សម្លៀកបំពាក់ ហើយចូលគេង ស្តាប់បង្គាប់ណា៎" លោកស្រី ចន បន្តនិយាយលួងលោមនាង ដើម្បីឱ្យនាងឆាប់យល់និងស្តាប់សម្តីរបស់គាត់។
"ចាស៎" ស៊ូយ៉ុង ងក់ក្បាល ខណៈដែលញោចស្នាមញញឹមផ្អែមដាក់ស្ត្រីចំណាស់តាមរបៀបស្តាប់បង្គាប់។
YOU ARE READING
🥀ភរិយាអេតាស៊ីវិល💗(Ss5)
FanfictionJeon Jungkook x Choi Sooyoung (SevenYoungTheSeries5) Written JuBin🐺