ភរិយាអេតាស៊ីវិល - ភាគ៣៤+៣៥
ដៃស្រឡូនចាប់ផ្តើមរុញកាយមាំចេញពីការឱបក្រសោប ប៉ុន្តែគេរឹតតែបន្ថែមរង្វង់ដៃឱបរឹតខ្លាំងលើសមុន រហូតដល់នាងទន់ខ្លួនខ្សោយកម្លាំងបញ្ឈប់ការរើបម្រះ
"កុំដេញបង! ទោះយ៉ាងណាអូនចេញពីបងមិនផុតនោះទេ" ជុងហ្គុក ស្រដីឡើងស្របពេលដែលនាងសម្ងំយំក្នុងទ្រូងទូលាយរបស់គេ ទទួលស្គាល់ថាគេអាត្មានិយមដែលបង្ខំនាងឱ្យនៅក្បែរ ប៉ុន្តែធ្វើម៉េចបើគេស្រឡាញ់នាងទៅហើយ
"លោកអាត្មានិយមណាស់! ដឹងអត់ថាខ្ញុំមិនចង់ក្បែរលោកសូម្បីតែមួយវិនាទី" សម្តីម៉ាត់ៗច្បាស់ៗចេញពីបបូរមាត់ក្រពុំមានប្រសិទ្ធភាពធ្វើឱ្យបេះដូងដែលកំពុងពេញស្រឡាញ់កើតក្តីឈឺចាប់ស្ទើរធ្លុះធ្លាយទ្រូងឆ្វេង
"អាត្មានិយមព្រោះស្រឡាញ់"
"ចុះសង្សារដែលលោកធ្លាប់ស្រឡាញ់នោះ? នាងខុសអី? ហេតុអីក្បត់នាង?" ស៊ូយ៉ុង ទាមទារឱ្យគេឆ្លើយសំណួររបស់នាង ទាំងដែលដឹងថាគេឆ្លើយសំណួរទាំងនោះមិនបាន
"បងមិនចង់ឈប់ស្រឡាញ់នាងទេ បងរឹតតែមិនចង់ស្រឡាញ់អូន ធ្វើម៉េចបើបេះដូងនេះវាទាមទារទៅហើយ?!" ជុងហ្គុក ព្រលែងនាងចេញពីការឱប មុននឹងនិយាយច្បាស់ៗ ស្របពេលដែលលើកដៃចង្អុលទ្រូងឆ្វេងដែលកំពុងឈឺចាប់ បង្ហាញឱ្យនាងឃើញពីចិត្តរបស់គេ
"..." ស្ងាត់
កាលបើនាងស្ងៀមស្ងាត់ ជុងហ្គុក ក៏ពោលមួយប្រយោគទៀត សួរបញ្ជាក់ច្បាស់ៗឱ្យនាងឆាប់យល់ពីបេះដូងដ៏ទន់ជ្រាយរបស់គេ៖
"អូនស្មានថាបងគ្មានអារម្មណ៍ថាខុសឬ? អូនគិតថាពាក្យបែកនិយាយត្រង់ៗនាងមិនឈឺឬ? អូនគិតថាបងសប្បាយចិត្តនឹងក្បត់ឬ?"
"ដោះលែងខ្ញុំ ទៅយកនាងចុះ រវាងពួកយើងចាត់ទុកវាជាសុបិនដ៏មិនគួរឱ្យចងចាំមួយទៅចុះ" ស៊ូយ៉ុង និយាយប្រយោគចិត្តដាច់ ស្របពេលដែលប្រើក្រសែភ្នែកទទេស្អាត គ្មានសូម្បីតែមនោសញ្ចេតនាបន្តិចបន្តួច សម្លឹងទៅកាន់អ្នកសង្ហា រួចងើបឈរដើរចេញទៅ ដើរបានពីរជំហាន នាងបានងាកសម្លឹងគេ ដោយបន្ថែមប្រយោគ៖
"ខ្ញុំទៅ សេអ៊ូល វិញហើយ អ្នកដែលស្រឡាញ់ខ្ញុំ គេរង់ចាំទៅទីនោះ លាហើយ មិនបាច់ជួបគ្នាទៀតទេ" និយាយចប់ភ្លាម ស៊ូយ៉ុង លើកដៃជូតទឹកភ្នែកឱ្យស្អាតពីថ្ពាល់ទាំងសងខាង ស្របពេលដែលបន្តជំហានរបស់ខ្លួន ដើរចេញទៅដោយគ្មានចិត្តស្រណោះអាឡោះអាល័យសោះ
"ស៊ូមី?!" ដើរចេញពីចំណតរថយន្តបំណងនឹងដើរចូលទៅក្នុងមន្ទីរពេទ្យស្រុកទៅហើយ ប៉ុន្តែបានប្រទះឃើញនាងតូចដើរចេញពី ជុងហ្គុក ទាំងមុខស្មើ ទើប ជេហ៊ុន ស្រែកហៅនាមដែលនាងធ្លាប់ប្រើកាលពីមុន
"ហេតុអីហៅនាមខ្ញុំបែបនេះ?"
"មិនចូលចិត្ត?"
"អត់ទេ!" ស៊ូយ៉ុង បញ្ឈប់ដំណើរឈរនិយាយជាមួយលោកពេទ្យបានប៉ុន្មានម៉ាត់ក៏មានអារម្មណ៍ថាអស់អ្វីដែលគួរនិយាយ
"សង្ឃឹមថាអ្នកនាងនឹងរីករាយជាមួយជីវិតកាលពីមុនវិញ ខ្ញុំរង់ចាំស្នាដៃបន្តរបស់អ្នកនាងពីចម្ងាយណា៎" ជេហ៊ុន ញោចស្នាមញញឹមផ្តល់កម្លាំងនិងឱ្យតម្លៃទៅលើការងារដែលនាងតូចធ្លាប់ធ្វើកន្លងមក ធ្វើឱ្យនាងមានអារម្មណ៍ថាកក់ក្តៅយ៉ាងខ្លាំងទើបញោចស្នាមញញឹមស្រាលៗតបវិញ មុននឹងនិយាយ៖
"អរគុណ! លោកដឹងចិត្តខ្ញុំណាស់ លាហើយ មានឱកាសជួបគ្នាទៀត" និយាយចប់ ស៊ូយ៉ុង ដើរចេញទៅឈរបក់ដៃហៅតាក់ស៊ី មុននឹងឡើងជិះចេញទៅផុតទៅ។
"នាងទៅហើយ" ជេហ៊ុន បន្តដំណើរទៅ រហូតដល់បានជួបមិត្តរួមថ្នាក់ទើបនិយាយប្រយោគនេះ ធ្វើដូចជាគេមិនដឹងថានាងចេញទៅយ៉ាងអ៊ីចឹង ចង់បញ្ឈឺមែនទេ?
"ហេតុអីឯងដឹងពីនាងច្រើនជាងយើង?" ជុងហ្គុក សួរត្រង់ៗ កាលបើឈរស្តាប់ឮប្រយោគសន្ទនាគ្នារវាង ស៊ូយ៉ុង និង ជេហ៊ុន មុននេះ។
"ព្រោះយើងយកចិត្តទុកដាក់ជាមួយនាងជាងឯងទេដឹង?!" ជេហ៊ុន និយាយបញ្ឆិតបញ្ឆៀង ព្រោះគេក៏មិនយល់ដូចគ្នា ហេតុអីគេត្រូវដឹងរឿងរបស់ ស៊ូយ៉ុង ច្រើនជាង ជុងហ្គុក?
"ហ៊ឹះ!"
YOU ARE READING
🥀ភរិយាអេតាស៊ីវិល💗(Ss5)
FanfictionJeon Jungkook x Choi Sooyoung (SevenYoungTheSeries5) Written JuBin🐺