ភរិយាអេតាស៊ីវិល - ភាគ៤៩+៥០
យប់...
ក្រោយពីគ្រាហ៍ ជុងហ្គុក ឱ្យសម្រាករួច ស៊ូយ៉ុង បើកទ្វារចេញទៅក្រៅបន្ទប់ ដើរទៅឈរក្បែរបង្កាន់ដៃអគារសម្លឹងទៅមើលលើមេឃខ្មៅមានពន្លឺមិនសូវខ្លាំង
ក្រាក..
បន្ទប់លេខ៣០៦
ស៊ូយ៉ុង ក្រលេកទៅភ្លាម ចាប់អារម្មណ៍ឃើញបុរសម្នាក់ចូលទៅខាងក្នុងបាត់ទៅហើយ ប៉ុន្តែនៅសល់ស្រីម្នាក់ទៀត ដែលមិនទាន់ចូលទៅក្នុងផុត
“បងស្រី មីសូ?!” ស៊ូយ៉ុង ស្រែកហៅ ប៉ុន្តែអ្នកខាងនោះបានចូលទៅខាងក្នុងផុតទៅហើយ ធ្វើឱ្យក្នុងខួរក្បាលរបស់នាងកើតចម្ងល់យ៉ាងខ្លាំង ហេតុអី មីសូ មកទីនេះ? ឬក៏មិនមែន មីសូ?
ឈរគិតមួយសន្ទុះ សន្សើមនាពេលរាត្រីធ្លាក់ចុះប៉ះកាយ ធ្វើឱ្យម្ចាស់កាយមានអារម្មណ៍ថាព្រឺរងា ទើបរុញទ្វារចូលទៅខាងក្នុងវិញ។
ក្រលេកទៅមើលខាងក្នុងបន្ទប់លេខ៣០៦ រាងកាយស្ត្រីចំណាស់ដែលជាម្តាយរបស់ មីសូ ហាក់ស្គមស្គាំងខុសពីកាលពីមួយខែមុន ព្រោះជំងឺមហារីករបស់គាត់ឈានដល់ដំណាក់កាលចុងក្រោយមែនទែនហើយ ប៉ុន្តែគាត់នៅតែមានស្នាមញញឹមផ្អែម កាលបើដឹងថាកូនស្រីពៅរបស់គាត់ជិតរៀបការជាមួយបុរសល្អម្នាក់
“ម៉ាក់ជិតបានចៅពហើយ សប្បាយចិត្តទេ?” មីសូ សួរម្តាយតិចៗ ខណៈដែលគាត់លើកៅអីនិយាយជាមួយគាត់ រីឯ អេឡិច អង្គុយនៅកៅអីមួយទៀតញឹមៗតាមទម្លាប់
“អ្វីដែលរីករាយជាងគេក្នុងជីវិតនេះម៉ាក់ភ្លក្សអស់ហើយ ម៉ាក់រីករាយតាំងពីដឹងថាមានកូនមកចាប់ផ្ទៃ ម៉ាក់រីករាយថ្ងៃដែលកូនចេះហៅម៉ាក់ ម៉ាក់រីករាយថ្ងៃដែលកូនស្រីម៉ាក់ចូលរៀនថ្ងៃដំបូង ម៉ាក់រីករាយថ្ងៃដែលកូនស្រីម៉ាក់បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ម៉ាក់រីករាយថ្ងៃដែលកូនស្រីម៉ាក់មានការងារធ្វើ ម៉ាក់រីករាយកាន់តែខ្លាំងថ្ងៃដែលកូនស្រីម៉ាក់ជួបមនុស្សប្រុសដ៏ល្អម្នាក់នឹងរៀបការឆាប់ៗ ជូនពរឱ្យពួកកូននៅជាមួយគ្នាយូរអង្វែងណា៎” អ្នកម៉ាក់ក្រោកអង្គុយចាប់ទាញដៃកូនស្រីនិងអនាគតកូនប្រសាដាក់ក្រសោបចូលគ្នា ទាំងមានស្នាមញញឹមរីករាយបញ្ជាក់យ៉ាងច្បាស់ កូនៗទាំងពីរក៏ផ្តល់ស្នាមញញឹមប្រគល់ជូនគាត់ដូចគ្នា
“ហិហិ.. ម៉ាក់” មីសូ ចូលទៅអង្គុយលើគ្រែឱបម្តាយទាំងញញឹម
“សូ.. កូនអាចតេរទៅបងស្រីកូនបន្តិចបានទេ? ម៉ាក់នឹក មីសា ណាស់ ខានជួបគ្នាយូរហើយ” ទឹកចិត្តជាម្តាយទោះបីជាកូនមិនដែលខ្វល់ខ្វាយឬក៏មកមើល ក៏គាត់នៅតែនឹករឭកនិងបារម្ភ ចង់ជួបជានិច្ច
“ចាស៎ម៉ាក់” មីសូ ឆ្លើយរួច អេឡិច បានយកទូរស័ព្ទហុចឱ្យ ភ្លាមនោះនាងចុចតេរទៅបងស្រីរបស់ខ្លួនភ្លាមៗ៖
“អាឡូបងស្រី”
(ឯងរកមករកងាប់ស្អីទាំងយប់? បានហើយ កុំខលមកទៀត យើងរវល់មើលប្តីមើលកូន) មីសូ ស្រងាកចិត្តបន្តិចកាលបើទទួលសម្តីគំរោះគំរើយពីបងស្រីបង្កើត តែមិនជាថ្វីទេនាងទទួលសម្តីនេះឡើងទម្លាប់ទៅហើយ។
“បងស្រីរវល់ណាស់ម៉ាក់ ចាំព្រឹកទៅ” នាងងាកទៅនិយាយជាមួយសម្លេងស្រទន់ប្រាប់ម្តាយ
“មិនអីទេ! សំខាន់ពេលនេះមានកូននៅក្បែរម៉ាក់”
“ស្រឡាញ់ម៉ាក់ជាងគេ” មីសូ បន្តឱបម្តាយយ៉ាងស្អិតរមួត
“ផ្ញើមើលថែស្រីពៅរបស់ម៉ាក់ផងណា អេឡិច”
“បាទ៎” មួយម៉ាត់យ៉ាងខ្លី គ្មានពាក្យសច្ចាវែងឆ្ងាយដូចប្រុសដទៃសោះ
“ខ្លីម៉េសកូនប្រុស?”
“ម៉ាក់...ថ្ងៃនេះម៉ាក់និយាយច្រើនម្ល៉េះ ឆាប់សម្រាកទៅ” មីសូ ឃើញម្តាយខ្លួនទាមទារឱ្យរាងសង្ហាសច្ចាវែងឆ្ងាយបូរបាច់ច្រើន ទើបប្រញាប់ប្រញាល់បង្វែរសាច់រឿង
“អីយ៉ា.. មីសូ កូនជាកូនពៅតែម្នាក់របស់ម៉ាក់ ម៉ាក់ត្រូវតែបារម្ភបន្តិចហើយ តាំងពីស្គាល់គេ មើលទៅគេមិនសូវផ្អែមល្ហែមដូចសង្សារចាស់កូនសោះ” កាលបើឮម្តាយខ្លួននិយាយដូច្នេះ ទើប មីសូ ឱនខ្សឹបក្បែរត្រចៀកគាត់៖
“គេមិនចេះញ៉ែស្រីទេ តែកក់ក្តៅណាស់”
“អូហ៍.. ស្មានតែដូចនំប៉័ងហើយតើ”
អេឡិច បានត្រឹមតែអង្គុយមើលម្តាយកូនទាំងពីរខ្សឹបខ្សៀវគ្នា គេមិនសូវហ៊ានសួរនាំទេ។

YOU ARE READING
🥀ភរិយាអេតាស៊ីវិល💗(Ss5)
FanfictionJeon Jungkook x Choi Sooyoung (SevenYoungTheSeries5) Written JuBin🐺