ភាគ៦០

1.6K 69 1
                                    

ភរិយាអេតាស៊ីវិល - ភាគ៦០

តុអាហារ..
សមាជិកគ្រួសារបានជួបជុំគ្នាញ៉ាំអាហារពេលល្ងាច លើកលែងតែអ្នកដែលទើបតែរៀបការថ្មីថ្មោង ព្រោះពួកគេបានទៅក្រេបទឹកឃ្មុំនៅឯក្រៅប្រទេសបាត់ទៅហើយ។
“ម្ហូបកូនប្រសាប៉ា ទំនងដល់ហើយនៀក” លោក ចន ដាក់បង្គុយចុះលើកៅអីភ្លាម ក៏លាន់មាត់សរសើរចំពោះអាហារដែលរៀបចំដាក់លើតុភ្លេត
“ដោយសារតែមានការជ្រោមជ្រែងពីកូនពៅប៉ាទេ ខិខិ” ស៊ូយ៉ុង សើចកខឹក ខណៈដែលក្រលេកទៅមើលមុខស្វាមី ដែលកំពុងធ្វើមុខស្មើ ព្រោះមិនទាន់ត្រូវរ៉ូវគ្នាជាមួយលោកប៉ាបង្កើតវិញ ហើយមួយវិញទៀតក៏មានអារម្មណ៍ថាខ្មាសនិងអៀនៗតិចតួច
“កូនពៅប៉ាឥឡូវចេះធ្វើម្ហូបទៀត ហើយទៅរៀនពីពេលណា ជុង..?” លោក ចន មានអារម្មណ៍ធម្មតាចំពោះកូន ព្រោះគាត់មិនបានខឹងស្អប់ឬគុំគួនកូន គាត់ដឹងពីកំហុសរបស់ខ្លួននៅឆ្នាំនោះ កូននៅក្មេងគាត់មិនគួរវាយទេ គាត់គួរតែស្ដីប្រដៅគេដោយសម្ដីល្អៗ និងអប់រំដោយទង្វើល្អៗ
“ខ្ញុំមិនចេះអីទេប៉ា” ជុងហ្គុក ស្ដីលោកប៉ាវិញទាំងមានអារម្មណ៍ថាអៀនមាត់ពេកក្រៃ ដោយសារតែរាល់ដងមិនដែលស្ដីរកប៉ា គឺគេចមុខពីគាត់រហូត។
“នេះកូនឈប់ខឹងលោកប៉ាហើយឬ?” លោកស្រី ចន សួរបញ្ជាក់ទាំងសប្បាយចិត្ត កាលបើកូនពៅរបស់គាត់ចេះបើកចិត្តទទួលយកលោកប៉ាបង្កើតវិញ
“គ..គឺ..ខ្ញុំគិតថារឿងអតីតកាលខ្លះមិនគួរចងចាំក៏លុបវាចោលទៅ សំខាន់ពេលបច្ចុប្បន្នត្រូវចំណាយពេលឱ្យមានតម្លៃជាមួយគ្រួសារនិងមនុស្សដែលខ្លួនឯងស្រឡាញ់” ជុងហ្គុក ប្រើគំនិតចាស់ទុំ ស្របពេលដែលនិយាយ នាយសម្លឹងមុខអ្នកមានគុណទាំងពីរទាំងញោចស្នាមញញឹមស្រទន់លើផ្ទៃមុខសង្ហា ខណៈដែលពួកគាត់ក៏ញញឹមត្រេកអរចំពោះឥរិយាបថចាស់ចិត្តចាស់គំនិតរបស់គេពេលនេះ
ចំណែកឯ ស៊ូយ៉ុង វិញ នាងញោចស្នាមញញឹមស្រទន់សម្លឹងមើលមុខស្វាមីពីចំហៀងទាំងសប្បាយចិត្តជាងអ្នកណាទាំងអស់ ព្រោះ ជុងហ្គុក បានផ្លាស់ប្ដូរគំនិតបើកចិត្តទូលាយជាងកាលពីមុន អ្វីដែលនាងចង់បាន គឺភាពស្មោះត្រង់ បុរសដែលនាងស្រឡាញ់ គេត្រូវតែជាបុរសកក់ក្ដៅជាមួយគ្រួសារនិងអ្នកជុំវិញខ្លួនផងដែរ ពេលនេះនាងទទួលបានវាចេញពីចិត្តពិតរបស់អ្នកដែលស្រឡាញ់នាង ហើយនាងក៏ស្រឡាញ់គេ គេគឺ ចន ជុងហ្គុក ជាស្វាមីបច្ចុប្បន្នរបស់នាងនិងតែម្នាក់គត់រហូតទៅ។
“ល្អណាស់ ប៉ារីករាយបំផុតហើយ” លោក ចន ញញឹមរលីងរលោងទឹកភ្នែក ព្រោះក្ដីរំភើបចិត្តឥតឧបមា
“សុំទោសកាលពីមុនមិនគោរពប៉ា ប៉ុន្តែចាប់ពីពេលនេះទៅកូននឹងឱ្យតម្លៃលោកប៉ានិងអ្នកម៉ាក់ឱ្យសមតម្លៃអ្នកមានគុណ” ជុងហ្គុក ក្រោកចេញពីកៅអី លត់ជង្គង់ចុះឱនគំនាប់គោរពក្បែរបាតជើងលោកប៉ានិងម៉ាក់ឱ្យសមគុណតម្លៃដែលគាត់ជាអ្នកធ្វើឱ្យគេមានជីវិតនៅលើផែនដីមួយនេះ។
“តាំងពីចុះអេតាស៊ីវិលមក កូនមិនទាន់បានក្រាបគំនាប់អ្នកទាំងពីរទេ ពេលនេះកូនសូមគោរពអ្នកទាំងពីរជាប៉ាម៉ាក់ក្មេក” ស៊ូយ៉ុង ក្រោកចេញពីកៅអី ដើរទៅបន្ទន់ជង្គង់ចុះទន្ទឹមស្វាមី មុននឹងលត់ជង្គង់ក្រាបលើកដៃទាំងគូគំនាបឱនក្បាលចុះក្បែរបាតជើងឪពុកម្តាយម្តាយក្មេកជាការគោរពដឹងគុណ
“ក្រោកមកកូន” ពួកគាត់ទាំងពីរក្រោកចេញពីកៅអី មុននឹងឱនចុះចាប់លើកកាយកូនប្រុសកូនប្រសាស្រីឱ្យក្រោកឈរពេញកម្ពស់
“ប៉ាឱ្យពរជ័យដល់កូនទាំងពីរ ចាប់ពីពេលនេះទៅចួបតែរឿងល្អៗ ចេះស្រឡាញ់គ្នា អត់ឱនឱ្យគ្នា ឱ្យតម្លៃគ្នា សុភមង្គលគឺឋិតលើឥរិយាបថកិរិយាមាយាទរបស់កូនទាំងពីរ ប្រព្រឹត្តល្អ ផលដែលទទួលបានក៏ល្អ” លោក ចន ឱ្យពរជ័យកូនៗ ស្របពេលដែលផ្គុំដៃកូនទាំងពីរចូលគ្នា
“ម៉ាក់ក៏ជូនពរកូនឱ្យស្រឡាញ់គ្នាយូរៗ យូរអើយ..សែនយូរ... យូររហូតដល់មានកូនរត់លេងពេញផ្ទះ មានចៅរត់លេងពេញដី មានចៅទួតរត់លេងជុំវិញផែនដី” លោកស្រី ចន ជូនពរកូនៗ បែបសប្បាយៗធ្វើឱ្យសាម៉ីខ្លួនទាំងពីរទប់សំណើចមិនជាប់ សើចឡើងកខឹកព្រមៗគ្នា
“អរគុណលោកប៉ាអ្នកម៉ាក់ ខិខិ”
“ម្ហូបត្រជាក់អស់ហើយ ឆាប់ញ៉ាំទៅ” លោក ចន និយាយប្រយោគនេះចប់ ម្នាក់ៗសម្រួលឥរិយាបថ ដើរទៅដាក់បង្គុយចុះលើកៅអីតាមកន្លែងរៀងៗខ្លួនវិញ
“បរិយាកាសរីករាយបែបនេះគួរតែផឹកស្រាអបអរ ត្រូវទេ?” លោកស្រី ចន ស្រដីឡើងឱ្យដំណឹងដល់អ្នកគ្រប់គ្នា រួចស្រែកប្រាប់ មីយ៉ុន៖
“មីយ៉ុន អ្ហា៎.. យកស្រាឱ្យអ៊ំបន្ដិច”
“ចាស៎លោកស្រី”
ឮភ្លាម មីយ៉ុន ក៏យកស្រាក្រហមមួយដបធំនិងកែវស្រា៤មកដល់លើតុភ្លាម
លោកស្រី ចន ចាត់ការចាក់ស្រាឱ្យគ្រប់កែវទាំងបួន ហុចឱ្យស្វាមីនិងកូនប្រុស រួចហុចឱ្យកូនប្រសាស្រីចុងក្រោយគេ បន្ទាប់មកក៏លើកកែវជល់គ្នា តែស្រាប់តែ ស៊ូយ៉ុង លើកកែវទឹកទៅជល់ រួចផឹក ធ្វើឱ្យគាត់មានការងឿងឆ្ងល់ ទើបសួរ៖
“ហេតុអីកូនមិនញ៉ាំស្រា?”
“គឺកូនទើបតែញ៉ាំស្រាហើយប៉ុន្មានថ្ងៃមុន ញ៉ាំញឹកពេកមិនល្អទេ កូនខ្លាចក្ដៅក្នុង ទារកមិនចាប់កំណើត” ស៊ូយ៉ុង ឆ្លើយតបធម្មតា តែអ្នកដែលស្ដាប់សម្ដីរបស់នាងយល់ថានាងយកចិត្តទុកដាក់ចំពោះសុខភាព ហើយថែមទាំងគិតគូរដល់កូនដែលមិនទាន់ចាប់ផ្ទៃទៀតផង
“កូនប្រសាម៉ាក់គិតគូវែងឆ្ងាយណាស់នៀក”
“ខ្លាចគ្មានចៅឱ្យម៉ាក់ពនោះអី ខិខិ”
“បងច្រឡំញ៉ាំស្រាបាត់ហើយ ប្រពន្ធសម្លាញ់អើយ ធ្វើម៉េចនឹងមានកូនទៅ” ជុងហ្គុក លេបស្រាចូលក្នុងពោះអស់ ក៏និយាយឡើង ព្រោះនាយមិនបានគិតគូររឿងនេះ
“ឃើញទេ? អូនគ្មានកូនដោយសារបងហ្នឹង” ស៊ូយ៉ុង ងាកទៅបើកភ្នែកធំៗសម្លក់ប្ដី ថែមទាំងលូកដៃក្ដិចភ្លៅរបស់គេទៀតផង
“អូយ! អ្នកណាដឹងថាអូនចង់បានកូន”
“បងមិនចង់មានកូនជាមួយអូនទេឬ?” ស៊ូយ៉ុង បន្ថែមកម្លាំងដៃក្ដិចមួលថែមទៀត
“អ្នកណាថា?”
“ទង្វើ! កាយវិការ!”
“បងឈឺ លែងដៃសិនទៅ”
“មិនលែង!”
“ម៉ាក់អើយប៉ាអើយជួយកូនផង”
“ហឺសៗ” លោកប៉ាអ្នកម៉ាក់បានត្រឹមតែសើច កាលបើឃើញកូនៗលេងសើចញ៉ោះគ្នា តាមរបៀបគួរឱ្យស្រឡាញ់។

🥀ភរិយាអេតាស៊ីវិល💗(Ss5)Where stories live. Discover now