ភរិយាអេតាស៊ីវិល - ភាគ៥១
ថ្ងៃថ្មី...
ពិធីបុណ្យសពបានប្រារព្ធឡើង សាកសពត្រូវបានបូជា ផ្សែងហុយចេញពីឡឡើងទៅលើបរិយាកាស , មីសូ សម្លឹងងើយឡើងលើមើលផ្សែងដែលហុយចេញទៅទាំងចិត្តស្រណោះអាល័យ ទឹកភ្នែកចេះតែហូរមិនដាច់ ជីវិតចុងក្រោយរបស់មនុស្សគឺសល់តែប៉ុណ្ណឹង គ្មានអ្នកណាអាចគេផុត។
អេឡិច ឈរក្បែរ មីសូ កាន់ស្មានាងឱបក្រសោបលួងលោមផ្លូវចិត្តទន់ជ្រាយ មិនឱ្យនាងមានអារម្មណ៍ថាឯកា។
ភ្ញៀវដែលចូលរួមរួមទាំងសាច់ញាតិនៃសពក្នុងកម្មវិធីបុណ្យស្លៀកពាក់ពណ៌ខ្មៅ ម្នាក់ៗសម្តែងទឹកមុខរំលែកទុក្ខសោករបស់គ្រួសារនៃសព
បរិយាកាសអាប់អួរបានកន្លងផុតទៅ ចុងក្រោយ មីសូ កាន់ធាតុម្តាយនិងរូបថតយកទៅតម្កល់ទុកទាំងក្តីស្រណោះអាលោះអាល័យមិនព្រមឈប់។
ក្រោយពីចេញពីកន្លែងតម្កល់សព មីសូ បានដើរទៅខាងមុខជាមួយនឹងបងស្រីបង្កើតរបស់ខ្លួន តម្រង់ទៅឡានរបស់ អេឡិច និង ឡានមួយគ្រឿងទៀតរបស់គ្រួសារ អេឡិច ដែលមាន ជុងហ្គុក ស៊ូយ៉ុង លោកស្រី ចន និង មីយ៉ុន
“ឈប់សិន មីសូ” ដើរទៅជិតដល់ឡាន មីសា ដែលជាបងស្រី រហ័សហៅឱ្យប្អូនឈប់
“មានអីឬបងស្រី?” មីសូ ឈប់ងក់ឈរនិយាយជាមួយបងស្រីដោយក្រសែភ្នែកស្លូតបូត
“រឿងដីដែលលោកប៉ាបន្សល់ទុកឱ្យនោះ ឯងគិតយ៉ាងម៉េច?”
“ខ្ញុំមិនទាន់ដឹងទេ”
“ឯងចង់លេបយកតែឯងឬ?”
“បង សា!! ហេតុអីបងនិយាយបែបហ្នឹង? បងក៏ដឹងដីមួយកន្លែងនោះបានមកដោយសារខ្ញុំខំធ្វើការដោះបំណុលធនាគាររាប់ឆ្នាំ ព្រោះវាជាកេរមត៌កតែមួយគត់ដែលប៉ាទុកឱ្យ” មីសូ លើកហេតុផលប្រាប់បងស្រីទាំងទឹកភ្នែក ធ្វើឱ្យអ្នកដែលសម្លឹងមកពីឡាន ទាំង អេឡិច ទាំង ជុងហ្គុក ទាំង ស៊ូយ៉ុង មានអារម្មណ៍ថាមិនស្រួលទើបប្រញាប់រត់មកមើល
“យ៉ាងណាបងក៏ជាកូនប៉ា ឯងគួរតែចែកឱ្យបងខ្លះ” មីសា នៅតែទាមទារចង់បាន
“បងយកទាំងអស់ចុះខ្ញុំឱ្យបង ខ្ញុំមិនចង់ឈ្លោះគ្នាជាមួយបងដោយសារតែទ្រព្យបន្តិចបន្តួចទេ ខ្ញុំខ្មាសគេ ខ្ញុំអាណិតម៉ាក់ប៉ាដែលស្លាប់ទៅ ខ្ញុំមិននឹកស្មានថាខ្ញុំមានបងស្រីដែលអាត្មានិយមដូចបងសោះ”
“បងមិនបានអាត្មានិយម! ព្រោះតាំងពីបងរៀបការ បងមិនដែលបានអ្វីសោះពីគ្រួសារយើង គ្រួសារខាងប្តីបងមើលងាយបងណាស់ ឯងដឹងទេ?”
“បងទ្រាំធ្វើអី? បើគេស្រឡាញ់បង គេឱ្យតម្លៃបង គេមកចូលរួមបុណ្យសពម៉ាក់ហើយ តែនេះអត់ទេ តែជាន់គេមិនមកជាន់ផង”
“ឯងកុំចេះដឹងរឿងគ្រួសារបង ថ្ងៃក្រោយមិនបាច់ធ្វើស្គាល់បងក៏បាន!!” និយាយប្រយោគចិត្តដាច់ គ្មានមនោសញ្ចេតនានេះរួច មីសា ក៏ដើរចេញទៅធ្វើដូចគ្មានរឿងអីកើតឡើងសោះ។
“បងស្រី! បង សា!” មីសូ ព្យាយាមស្រែកហៅ សង្ឈឹមថាបងស្រីនឹងបញ្ឈប់ដំណើរ តែអត់ទេ! តែងាកក្រោយមិនងាកផង
“អ្ហឹកៗ បងស្រី” មីសូ សម្ងំយំ ឈរទន់ជង្គង់សឹងតែដួល សាច់ញាតិតែម្នាក់គត់ដែលសេសសល់គឺបងស្រីរបស់នាង តែពេលនេះនាងលែងនៅសល់អ្នកណាហើយ
“យ៉ាងណាអូនទៅមានបង រឹងមាំឡើង” អេឡិច ចាប់ទាញក្បាលនាងតូចឱ្យផ្អែកលើទ្រូងរបស់ខ្លួន អង្អែលស្មានាងស្រាលៗជាការលួងលោម
“បងស្រី! បងនៅមានពួកយើងណា៎..” ស៊ូយ៉ុង លូកដៃទៅក្រសោបប្រអប់ដៃអ្នកដែលខ្លួនទុកជាបងស្រីអង្អែលថ្នមៗជាការលួងលោម
“រឹងមាំឡើង បងចង់ឃើញស្នាមញញឹមរបស់អូន ដូចកាលពីមុន” ជុងហ្គុក បានត្រឹមតែឈរស្ងៀមក្បែរកាយប្រពន្ធ និយាយលួងលោមអតីតសង្សារប៉ុណ្ណោះ ព្រោះនាយមើលមិនឃើញ
“អរគុណគ្រប់គ្នាខ្លាំងណាស់ អ្នកទាំងអស់មិនមែនសាច់ញាតិខ្ញុំផង តែផ្តល់ក្តីស្រឡាញ់ឱ្យខ្ញុំច្រើនលើសលប់ អរគុណខ្លាំងមែនទែន”

YOU ARE READING
🥀ភរិយាអេតាស៊ីវិល💗(Ss5)
FanfictionJeon Jungkook x Choi Sooyoung (SevenYoungTheSeries5) Written JuBin🐺