ភាគ១៦+១៧(នាងជាអ្នកណាឱ្យប្រាកដ?)

1.7K 78 0
                                    

ភរិយាអេតាស៊ីវិល - ភាគ១៦+១៧

ថ្ងៃថ្មី..
សូរិយានាពេលវេលាថ្ងៃថ្មី បានបង្ហាញកាយយ៉ាងក្រហមឆ្អិនឆ្អៅនៅទិសខាងកើត ផ្ទៃមេឃស្រឡះចេសពណ៌ទឹកក្រូច ទឹកសមុទ្រពណ៌ផ្ទៃមេឃបោកបក់ច្រានរលកមុខទៅជាបន្តបន្ទាប់ កែវភ្នែកថ្លាមានពន្លឺសម្លឹងមើលទៅសមុទ្រឆ្ងាយដាច់កន្ទុយភ្នែក ខណៈដែលអង្គុយលើកៅអីក្បែរមាត់បង្អួចស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធបក់រវ៉ិចៗចេញពីសមុទ្រដែលឋិតនៅខាងក្រោយផ្ទះវីឡាមួយនេះចំងាយមិនលើស៤០ម៉ែត្រ។
ម្រាមដៃស្រឡូនចាប់វែកសក់ មុននឹងយកក្រាសសិតសក់តម្រែតម្រង់ឱ្យរៀបរយរមទម្យសមជាមួយឈុតសិស្សសាលា
"ស្អាតខ្លាំងណាស់អ្នកនាង" មីយ៉ុន ធ្លោយមាត់សរសើរ កាលបើតែងខ្លួន ផាត់មុខ សិតសក់ លាបក្រែម ឱ្យនាងតូច ស៊ូយ៉ុង បានស្អាតបាត បែបថ្លៃថ្នូរ។
"រួចហើយអ្ហ៎? ខ្ញុំចុះទៅក្រោមហើយណា៎" ស៊ូយ៉ុង សម្លឹងមើលមុខអ្នកម្ខាងទៀតបន្តិច មុននឹងងើបចេញពីកៅអីដើរតម្រង់ទៅទ្វារបន្ទប់ កាលបើទទួលបានការងក់ក្បាលយល់ព្រមពីអ្នកខាងនោះ ដៃស្រឡូនមួលគន្លឹះទ្វារបើកចេញទៅខាងក្រៅ។
"នេះប្រឹងទៅសាលាមែនក៏អីកូន?" លោកស្រី ចន សួរបញ្ជាក់ ខណៈដែលក្រលេកសម្លឹងឃើញស្រីតូច ដើរតម្រង់មកផ្ទះបាយក្នុងឈុតសិស្សសាលា ដោយសារមុននេះនាងប្រាប់គាត់ថាចង់ទៅសាលារៀន គាត់ក៏បានយល់ព្រមនឹងសំណូមពរមួយនេះ ដោយមិននឹកស្មានថានាងធ្វើវាពិតមែនទេ បើបណ្តោយឱ្យនាងទៅសាលាទាំងបែបនេះ មនុស្សក្នុងសង្គមខាងក្រៅប្រាកដជាមើលមកនាងដោយក្រសែភ្នែកពេបជ្រាយមិនខានទេ។
"ចាស៎.." ស៊ូយ៉ុង ឆ្លើយស្របនឹងសំណួរទាំងញោចស្នាមញញឹមស្រស់ប្រគល់ឱ្យស្ត្រីចំណាស់ មុននឹងដាក់បង្គុយលើកៅអីនៅតុអាហារដើម្បីស្រស់ស្រូបអាហារពេលព្រឹក។
"រៀនជាមួយពូក៏បានដែរ" អេឡិច ចូលមកដល់ផ្ទះបាយ ទាន់សម្តីដែលសន្ទនាគ្នាមុននេះ ក៏ចូលខ្លួនសុំធ្វើគ្រូបង្រៀននាងតូច។
"ក្រែងពូជាប់រវល់ធ្វើការអ្ហី? មិនបាច់លំបាកដោយសារខ្ញុំទេ ខ្ញុំអាចទៅសាលារៀនបាន"
"ស៊ូ មិនដូចក្មេងដទៃទេ បើ ស៊ូ ទៅខាងក្រៅច្បាស់ជាមិនល្អទេ" អេឡិច បារម្ភខ្លាចអ្នកដទៃសើចចំអកចំពោះភាពមិនដឹងអីរបស់នាង ទើបមិនចង់ឱ្យនាងប្រឡូកនឹងមជ្ឈដ្ឋានខាងក្រៅ។
"ហេតុអីទៅ?!" ស៊ូយ៉ុង ប្រើក្រសែភ្នែកស្រងូតស្រងាត់សម្លឹងលោកស្រី ចន និង អេឡិច ឆ្លាស់គ្នា ព្រោះតែមិនយល់ថាមានហេតុផល មករស់នៅទីនេះ១ខែជាងហើយ នាងកម្របានចេញទៅផុតពីផ្ទះណាស់ ពោលគឺនៅតែផ្ទះ ញ៉ាំអាហារ មើលរឿង គេង ធ្វើឱ្យនាងធុញថប់ ហើយខួរក្បាលរបស់នាងគ្មានការអភិវឌ្ឍសោះ។
"ជុង?! ទៅណាហ្នឹង? មិនមកញ៉ាំបាយសិនទេឬ?" លោកស្រី ចន ក្រលេកឃើញកូនប្រុសតែងខ្លួនយ៉ាងបម្រុងនឹងដើរហួសបន្ទប់ទទួលភ្ញៀវ តម្រង់ទៅមាត់ទ្វារផ្ទះ ដូចជាចង់ចេញទៅខាងក្រៅ គាត់ក៏សួរដោយការហាមប្រាម ទើបមិនបានតបសម្តីដែល ស៊ូយ៉ុង ឆ្ងល់មុននេះ។
"សុំទោសម៉ាក់.. ខ្ញុំមានការសំខាន់ត្រូវទៅខាងក្រៅ" ជុងហ្គុក ទច់ដំណើរ មុននឹងងាកទៅតបសម្តីអ្នកម៉ាក់បន្តិច ក៏សម្លឹងចំនាងតូចដែលធ្វើខ្លួនកម្សត់គួរឱ្យអាណិត ទើបគេរហ័សងាកមុខចេញ គេចក្រសែភ្នែក ដោយឫកពាមានពិរុទ្ធ។
"ការងារសំខាន់ប៉ុណ្ណាក៏ដោយ មកញ៉ាំអាហារពេលព្រឹកសិនទៅ"
"ឱ្យគេទៅៗណាម៉ាក់ គេមានការសំខាន់ពិតមែន" អេឡិច ជួយនិយាយតវ៉ាជំនួសអ្នកដែលប្រុងនឹងចេញទៅក្រៅ ព្រោះនាយដឹងថាអ្នកម្ខាងទៀតចេញទៅក្រៅក្រោមហេតុផលអ្វី។
ជុងហ្គុក ងាកទៅសម្លឹងគ្រប់គ្នាម្តងទៀត មិនលើសពីបីខ្យល់ដកដង្ហើម នាយក៏បោះជំហានចេញពីមាត់ទ្វារផ្ទះដោយឫកពាសោះកក្រោះ គ្មានជាតិ។
"អ្ហឹមមម..." ស៊ូយ៉ុង ងាកសម្លឹងមើលដំណើរអ្នកសង្ហារហូតដល់គេដើរទៅផុតក្រសែភ្នែក ក៏ដកដង្ហើមធំបញ្ជាក់ភាពតានតឹង ខណៈដែលទឹកមុខប្រែជាស្រងូតស្រងាត់ដូចផ្កាក្រៀមស្វិតស្រពោន។
"ញញឹមបន្តិចមក កុំមិនសប្បាយចិត្តអី ចាំម៉ាក់សួរក្មួយពេទ្យ ក្រែងលោកូនអាចចេញទៅរៀនបាន" លោកស្រី ចន ក្រលេកឃើញទឹកមុខស្រពាប់ស្រពោនរបស់នាងតូច ក៏ព្យាយាមនិយាយលួងលោមនាចិត្តនាង។
"សួស្តី! សុំបាយមួយពេលផងបានទេ?" វត្តមានរបស់លោកពេទ្យរួមជាមួយស្នាមញញឹមលើផ្ទៃមុខស្រស់សង្ហាជះរស្មីទៅដល់ផ្ទៃមុខនាងតូច ឱ្យប្រែទៅជាញញឹមញញែមភ្លាមៗ ខណៈដែលនិយាយ៖
"ពូពេទ្យ!" នាងក្រោកចេញពីកៅអី រត់ទៅឱបដើមដៃនាយពេទ្យភ្លាមៗ ដោយឫកពាសប្បាយចិត្ត ហាក់ដូចជារីករាយរង់ចាំវត្តមានរបស់បុរសម្នាក់នេះ។
"មិនខឹងដែលពូទុកឯងចោលពេញមួយថ្ងៃទេឬ?"
"អត់ខឹងទេ! មកពីពូរវល់ការងារ ខ្ញុំយល់ពីពូណា៎"
"ក្មេងឆ្លាត ហិហិ" នាយលើកដៃអង្អែលសក់ក្បាលនាងតូចស្រាលៗ បង្ហាញសេចក្ដីពេញចិត្តចំពោះឫកពាគួរឱ្យស្រឡាញ់របស់នាង។
"ឆ្លាតអី ល្ងង់ដដែលហ្នឹង ខ្ញុំមិនចេះអក្សរទេ ខ្ញុំចង់ទៅសាលារៀន តែម៉ាក់យាយនិងពូ អេឡិច ថាខ្ញុំខុសពីក្មេងដទៃ មិនអាចទៅខាងក្រៅបានទេ"
"ចាំទៅសាលារៀនជាមួយពូណា៎ ពូនាំឯងទៅ"
"ម៉ាក់យាយ?!" ស៊ូយ៉ុង ប្រើក្រសែភ្នែកកម្សត់សុំក្តីមេត្តាពីលោកស្រី ចន មិនជឿថាគាត់ចិត្តដាច់ មិនឱ្យនាងចេញទៅខាងក្រៅទេ។
"ទៅៗ ក្មួយពេទ្យនាំទៅ ម៉ាក់ទុកចិត្តហើយ ញ៉ាំបាយសិនទៅ ចាំទៅ"
"ហិហិ អរគុណម៉ាក់យាយ"

🥀ភរិយាអេតាស៊ីវិល💗(Ss5)Where stories live. Discover now